ខណៈ​ដែល​មនុស្ស​គ្រប់​រូប សុទ្ធតែ​បានបង្ហាញ​ពី​រូប​ភាព​ជួបជុំ​ជាមួយក្រុម​គ្រួសារ និង​មិត្តភក្តិ​​យ៉ាងសប្បាយ​រីក​រាយ នៅ​ក្នុង​ថ្ងៃ​កំណើត​នោះ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បែរជា​បង្ហោះ​រូប​ភាពដ៏កម្សត់ ដែល​​កំពុង​ដេក​នៅលើ​គ្រែ​ពេទ្យ ហើយ​បានជូនពរ​ខ្លួនឯង សូមឱ្យ​អ្វីមិនល្អទៅតាមឆ្នាំចាស់ និង​សូមលាភជ័យចូលមកក្នុងឆ្នាំថ្មី។

រូបភាពនេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​មានការ​អាណិតអាសូរ​ខ្លាំង​ដល់ ចាន់​ វឌ្ឍនាកា ខណៈ​ខ្សែ​ប្រយុទ្ធ​ធ្លាប់មាន​ឈ្មោះបោះសំឡេង​ខ្លាំង​​របស់​​ក្រុមជម្រើសជាតិ​កម្ពុជា​រូបនេះ បានជួប​ហេតុការណ៍​​អាក្រក់ជាលើក​ទី​២ គឺ​​របួស​ដាច់​សរសៃពួរ​​(ACL)ជង្គង់​ឆ្វេង និងដាច់បែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ (meniscus) ហើយទើប​បាន​វះកាត់​រួចរាល់ កាល​ពីថ្ងៃ​ព្រហស្បតិ៍។

ជាមួយ​រូប​ភាព​កំពុងដេកព្យួរសេរ៉ូម នៅ​​លើ​គ្រែពេទ្យ ចាន់ វឌ្ឍនាកា បាន​បង្ហាញ​សារ​ដ៏គួរឱ្យសង្វេគ​បែប​នេះ កាលពីថ្ងៃព្រហស្បតិ៍​ថា៖​ «រយៈ​ពេល​១​ម៉ោង​២០​នាទី ការវះកាត់សរសៃពួរ (ACL) និង​ទ្រនាប់ឆ្អឹងខ្ចីជង្គង់ (meniscus) របស់ខ្ញុំ ត្រូវបានរួចរាល់។ រីករាយថ្ងៃកំណើតរបស់ខ្ញុំនៅថ្ងៃនេះ សូមឱ្យ​អ្វីមិនល្អទៅតាមឆ្នាំចាស់ សូមលាភជ័យចូលមកក្នុងឆ្នាំថ្មីនេះផង អរគុណដល់​គ្រប់​គ្នា​ដែល​បារម្ភ និង​ជូនពរខ្ញុំ»។

គួរ​រំឭក​ថា កីឡាករ​របស់​ក្លិបបឹងកេត ចាន់ វឌ្ឍនាកា បានរងរបួសអំឡុងពេលប្រកួត​ជាមួយ​ក្រុមបាល់ទាត់ខេត្តកំពង់ចាម នៅទីលានវិទ្យាល័យ​ព្រះសីហនុ ខេត្តកំពង់ចាម កាលពីថ្ងៃទី​១៤ ខែ មករា ឆ្នាំ ២០២៥ ហើយ​ត្រូវបានប្តូរចេញភ្លាមៗ នៅនាទី៤០។ ក្រោយការ​ថតស្កេន​ បាន​បង្ហាញ​ថា វឌ្ឍនាកា បាន​រងការដាច់សរសៃ​ពួរជង្គង់ខាងឆ្វេង និង​ដាច់បែកទ្រនាប់ឆ្អឹងខ្ចីជង្គង់ ឆ្វេង​ផង​ដែរ។

នេះជា​លើក​ទី​២​ហើយ​ដែល ចាន់ វឌ្ឍនាកា បាន​ទទួល​រងរបួស​ដាច់​សរសៃជង្គង់ (ACL) ព្រោះ​កាលពី​ឆ្នាំ​២០២២ ម្ចាស់អាវ​លេខ​១១​រូបនេះ បាន​រងរបួស​ដាច់សរសៃពួរ​ជង្គង់​ស្តាំ ក្នុងជំនួបជាមួយ​ក្រុម​វិសាខា ក្នុងការ​ប្រកួត​ពានរង្វាន់ Prince Beer Pre-season Cup នៅ​កីឡដ្ឋាន​ព្រីនស៍ កាល​ពី​ថ្ងៃទី២៦ ខែមករា។

ចំពោះ​របួសដាច់សរសៃពួរ​ជង្គង់ស្តាំ​នោះ វឌ្ឍនាកា បាន​​​ទទួល​ជោគ​ជ័យ ក្នុងការ​វះ​កាត់ ហើយ​រូបគេ​បានវិល​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​ជា​ផ្លូវការ​វិញ ក្នុងពេល​ក្រុមបឹងកេត បាន​យក​ឈ្នះក្រុម​កងយោធពលខេមរភូមិន្ទ ៤-៣ នៃ​ការ​ប្រកួត​​ពានរង្វាន់​ខេម​បូ​ឌាន​លីគ​ខាប់ (Cambodian League Cup) កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៣។ 

ចាន់ វឌ្ឍនាកា បានព្យាយាមអូសបាល់រំលង​កីឡាករ​របស់ក្រុម​ខេត្តកំពង់ចាម ក្នុងការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២៥ កាលពី​ថ្ងៃពុធ។ រូប​ថត បឹងកេត

មានន័យ​ថា ចាន់ វឌ្ឍនាកា បានចំណាយ​ពេល​​១​ឆ្នាំ ១ខែ និង​៨​ថ្ងៃ ដើម្បី​ព្យាបាលរបួសដាច់សរសៃជង្គង់ស្តាំ​របស់​ខ្លួនឱ្យបានជាសះស្បើយ​១០០​ភាគ​រយវិញ ប៉ុន្តែ​សម្រាប់​ការ​វះ​កាត់​​របួស​ដាច់​សរសៃពួរ​​ជង្គង់​ឆ្វេង និងដាច់បែកទ្រនាប់ឆ្អឹងខ្ចីជង្គង់លើក​នេះ ក្លិប​បឹងកេត មិន​បាន​បង្ហាញ​​ថា វឌ្ឍនាកា ត្រូវចំណាយពេល​យូរប៉ុនណា ដើម្បី​​ព្យាបាលរបួស​នេះ​ឱ្យបាន​ជាសះស្បើយ​វិញ​១០០​ភាគ​រយ​នោះ​ទេ។

ក្លិបបាល់​ទាត់​​បឹងកេត បានត្រឹម​ប្រកាស​ព័ត៌​មានជា​បឋម កាលពី​ថ្ងៃ​ព្រហស្បតិ៍​​បែបនេះ​ថា «កីឡាករ ចាន់ វឌ្ឍនាកា បានទទួលការវះកាត់​របួសជង្គង់ឆ្វេងរបស់ខ្លួនប្រកបដោយជោគជ័យហើយ ដោយនឹងត្រូវការពេលវេលា​សម្រាប់ការសម្រាកព្យាបាល»។ 

យ៉ាងណា​​ក៏​ដោយចំពោះ ចាន់ វឌ្ឍនាកា ផ្ទាល់​នៅតែ​ប្រកាន់​ជំហរ​ច្បាស់លាស់ ក្នុងការ​ជម្នះ​ហេតុការណ៍​ដ៏​អាក្រក់​ជា​លើក​ទី​២​នេះ ដើម្បីអាច​វិល​ត្រឡប់មក​កាន់​ទីលាន​ប្រកួត​វិញ ហើយ​ជាមួយ​គ្នា​នេះ គ្រប់គ្នានៅក្លិបបឹងកេត បាន​ជូនពរឱ្យ ចាន់ វឌ្ឍនាកា ឆាប់ជាសះស្បើយ និង​​ត្រឡប់មក​ជួយក្រុម​ឆាប់ៗវិញ។

តាម​រយៈ​ក្លិប​បឹងកេត ចាន់ វឌ្ឍនាកា បានបញ្ជាក់​ថា៖​ «ខ្ញុំមានអារម្មណ៍ថា សោកស្តាយដែលត្រូវមកជួបរឿងនេះម្តងទៀត ប៉ុន្តែ​​បាល់ទាត់គឺបែបនេះ ខ្ញុំនឹងព្យាយាមឱ្យបានឆាប់ជាសះស្បើយ ១០០ភាគរយ ដើម្បីអាចចូលទីលានវិញបានលឿន»៕