ក្រុមបាល់ទះស្នងការនគរបាលខេត្តតាកែវ និងខេត្តពោធិ៍សាត់ សុទ្ធតែរកឃើញការឈ្នះ ក្នុងការប្រកួតសន្សំពិន្ទុ សម្រាប់សប្តាហ៍ចុងក្រោយនៃព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ (TECHO Volleyball Cambodia League) ប៉ុន្តែជ័យជម្នះនេះ វាយឺតពេលទៅហើយ ក្នុងការជួយឱ្យក្រុមទាំង២នេះឡើងទៅជុំទី២។
ចំណែកការបង្ហាញភាពខ្លាំងឡើងវិញរបស់ក្រុមវិសាខា ក៏យឺតពេលក្នុងការដណ្តើមយកទីតាំងកំពូល ពីក្រុមក្រសួងមហាផ្ទៃ និងបញ្ជាការដ្ឋានអង្គរក្សដូចគ្នា។
សម្រាប់ការប្រកួត២លើកចុងក្រោយ ក្នុងជុំទី១ នៅវិមានពហុកីឡដ្ឋានជាតិ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមស្នងការនគរបាលខេត្តតាកែវ បានយកឈ្នះក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយលទ្ធផល ៣-២ មុនពេលចាញ់ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-០ ចំណែកក្រុមខេត្តពោធិ៍សាត់ បែរអាចយកឈ្នះលើក្រុមកងពលធំអន្តរាគមន៍លេខ៣ នៅក្នុងការប្រកួតចុងក្រោយរបស់ខ្លួន ដោយលទ្ធផល ៣-២។
លទ្ធផលនេះ បានជួយឱ្យក្រុមខេត្តតាកែវ និងខេត្តពោធិ៍សាត់ បានបញ្ចប់ការប្រកួតជុំទី១ ដោយរកឃើញការឈ្នះត្រឹម១ប្រកួតដូចគ្នា បន្ទាប់ពីក្រុមទាំង២នេះ បានចាញ់ចំនួន៦លើកដូចគ្នា ហើយការមានត្រឹម៣ពិន្ទុដូចគ្នានេះ ធ្វើឱ្យក្រុមខេត្តតាកែវ និងខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងតំបន់កាត់ចេញ ដោយគ្មានឱកាសបានឡើងទៅលេង នៅជុំទី២ទេ។
ដោយឡែកក្រុមវិសាខា ដែលប្រមូលផ្តុំដោយក្រុមជម្រើសជាតិនោះ ពិតជាធ្វើបានល្អបំផុត ក្នុងការប្រកួត២លើកចុងក្រោយ ដោយពួកគេបានធ្វើឱ្យក្រុមក្រសួងមហាផ្ទៃ ស្គាល់ការបរាជ័យជាលើកដំបូង តាមរយៈការយកឈ្នះ ៣-២ ជាមួយគ្រាប់បាល់ ១៨-២៥ ២៥-២១ ១៦-២៥ ២៥-២២ និង ១៥-១១។
បន្ថែមលើជ័យជម្នះនេះ ក្រុមវិសាខា បានបន្តយកឈ្នះក្រុមខ្លាំង បញ្ជាការដ្ឋានអង្គរក្ស ដោយលទ្ធផល ៣-២ ជាមួយគ្រាប់បាល់ ២១-២៥ ២៥-២១ ២១-២៥ ២៥-១៨ និង ១៥-៨ ដូចគ្នា ហើយការដណ្តើមបានជ័យជម្នះលើកក្រុមក្រសួងមហាផ្ទៃ និងបញ្ជាការដ្ឋានអង្គរក្សនេះ បានបង្ហាញថា ក្រុមវិសាខា បានវិលទៅរកភាពខ្លាំងវិញហើយ បន្ទាប់ពីពួកគេ ធ្វើមិនសូវបានល្អ ចំពោះការប្រកួត៥លើកកន្លងមក ដោយបានឈ្នះ៣ និងចាញ់២លើក គឺក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ៣-២ និងចាញ់ក្រុមកងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-២ ដូចគ្នា។
យ៉ាងណាក៏ដោយ ការបង្ហាញភាពខ្លាំងរបស់ក្រុមវិសាខា នៅក្នុងការប្រកួតសប្តាហ៍ចុងក្រោយនេះ វាមិនអាចជួយឱ្យពួកគេ ដណ្តើមបានលេខ១ និងលេខ២ ពីក្រុមក្រសួងមហាផ្ទៃ និងក្រុមបញ្ជាការដ្ឋានអង្គរក្សនោះទេ ដោយពួកគេ បានត្រឹមលេខ៣ នៅក្នុងជុំទី១នេះ ហើយត្រូវឡើងទៅប្រកួតជុំទី២ ចំណែកក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមកងពលធំអន្តរាគមន៍លេខ៣ ក៏ដណ្តើមបានកៅអីឡើងទៅជុំទី២ផងដែរ។
ជុំវិញរូបមន្តនៃការប្រកួតជុំទី២នេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ធ្លាប់បានបញ្ជាក់ថា ក្រុមទាំង៦ ត្រូវប្រកួតសន្សំពិន្ទុឡើងវិញ និងចាត់ចំណាត់ថ្នាក់ជាថ្មី ដោយមិនបញ្ចូលលទ្ធផលការប្រកួតជុំទី១ទេ ហើយការធ្វើបែបនេះ ត្រូវបានលោកអះអាងថា ដើម្បីធ្វើឱ្យការប្រកួតកាន់តែទាក់ទាញ និងជកចិត្តខ្លាំង ចៀសវាងក្រុមមានពិន្ទុច្រើន នៅជុំទី១ លេងបែបបន្ធូរដៃនៅជុំទី២។
លោក អាំង សិរីពិសិដ្ឋ បានថ្លែងថា៖ «សម្រាប់ការប្រកួតនៅជុំទី២ យើងចាប់ផ្តើមគិតពិន្ទុសារថ្មី ដោយក្រុមទាំង៦ ត្រូវប៉ះគ្នាទាំងអស់ ហើយក្រុមដែលទទួលបានលេខ១ ដល់លេខ៤ ត្រូវឡើងទៅប្រកួតខ្វែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ មានន័យថា ក្រុមដែលឈរនៅលេខ៣ ដល់លេខ៦ នៅជុំទី១ ក៏គាត់អាចមានឱកាសទៅជាលេខ១ នៅជុំទី២វិញដែរឱ្យតែពួកគាត់ធ្វើបានល្អ អ៊ីចឹងការប្រកួតរបស់យើងកាន់តែរន្ថើន និងស្វិតស្វាញខ្លាំងថែមទៀត»៕