មន្រ្តីជំនាញ​របស់​សហព័ន្ធកីឡាទោចក្រយានកម្ពុជា អះអាង​ថា ការប្រកួតកីឡាទោចក្រ​យាន​​ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានលើក​យក​មក​ធ្វើ​នៅ​ខេត្ត​កំពត ពី​ថ្ងៃទី២៤ ដល់​ទី​២៦ ខែមករា ឆ្នាំ២០២៥នេះ ជា​ការ​ប្រកួត​ធ្វើ​តេស្ត​យ៉ាងសំខាន់​ដល់​ក្រុម​អត្តពលិក​ចូលរួមទាំងអស់ ជាពិសេស​ក្រុម​ជម្រើសជាតិ​ទាំង​ប្រភេទកង់​ភ្នំ និងកង់គួក ដើម្បីត្រៀម​ចូលរួមការ​ប្រកួត​ស៊ីហ្គេម លើកទី​៣៣ នៅ​ប្រទេស​ថៃ នា​ចុង​ឆ្នាំ​នេះ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន​កម្ពុជា បានឱ្យ​ដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៤​នេះ មានសមាគម/ក្លិបចូលរួមជាង​២០ គឺ​ថយចុះ​១០ក្លិប បើធៀប​នឹងឆ្នាំ​២០២៣ ដោយសារឆ្នាំនេះ សហព័ន្ធ បានរៀបចំលើផ្លូវ ដែលមានស្ថានភាពលំបាក និងជាការប្រកួតជ្រើសរើសកីឡាករប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ​២០២៥ នៅប្រទេសថៃ។

លោកបានចាត់​ទុក ការប្រកួតថ្នាក់ជាតិលើកនេះ ជាការធ្វើតេស្ដសមត្ថភាពក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤ ដើម្បីវាយតម្លៃសមត្ថភាពួកគេ។ ជាលទ្ធផលសហព័ន្ធ បានមើលឃើញពីការខិតខំរបស់កីឡាករ កីឡាការិនីទាំងអស់ ពិសេសការជិះឡើងភ្នំ ដែលជាការឆ្លើយតបទៅ​នឹងការត្រៀមប្រកួតលើស្ថានភាពផ្លូវលំបាកដូចគ្នា ក្នុងស៊ីហ្គេម​ចុងឆ្នាំនេះ។

លោក នូ ចំរើន ​បាននិយាយ​ថា៖ «តាមរយៈការប្រកួតជើងឯក​ថ្នាក់ជាតិ​នេះ យើងឃើញថា កម្រិតសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ កីឡាការិនីយើង មានការរីកចម្រើន ជាពិសេសកីឡាករជម្រើសជាតិ ដែលបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤។ ពួកគាត់​មានកម្រិតបច្ចេកទេសកើនឡើងគួរឱ្យ​កត់សម្គាស់ ពិសេសការជិះ​ឡើងភ្នំបូកគោ គឺពួកគាត់ធ្វើបានល្អជាងឆ្នាំមុន»។

យ៉ាងណាក៏​ដោយ អគ្គលេខាធិការ​សហព័ន្ធកីឡាទោចក្រយានកម្ពុជា លោក នូ ចំរើន បាន​អះអាង​ថា កម្រិតសមត្ថ​ភាព និង​ថិរវេលា​ដែលក្រុមជម្រើសជាតិ​ទោចក្រយាន​កម្ពុជា​ធ្វើ​បាន នៅពេល​នេះ វា​នៅមិនទាន់​​អាច​ឆ្លើយតប​ សម្រាប់​ការ​ឆ្ពោះ​ទៅ​ដណ្តើម​យកមេដាយ នៅស៊ីហ្គេម ឆ្នាំ​២០២៥​ទេ ដោយសហព័ន្ធ នឹង​ធ្វើ​ការ​បោះជំរំហ្វឹកហាត់​ និង​ចូលរួម​ប្រកួត​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុមជម្រើសជាតិឱ្យបានកាន់តែ​ល្អ។

សកម្មភាព​ប្រកួតកង់ភ្នំ ក្នុង​​ព្រឹត្តិការណ៍​កីឡាទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤ ដែល​ធ្វើ​នៅ​ខេត្ត​កំពត ពី​ថ្ងៃទី​២៤ ដល់ទី​២៦ ខែមករា ឆ្នាំ​២០២៥។ រូប​ថត សហព័ន្ធ

លោក​បញ្ជាក់ថា៖​ «​តាម​អ្វីដែល​ក្រុមអត្តពលិក​របស់យើង​ធ្វើ​បាន ក្នុង​ការ​ប្រកួត​ថ្នាក់ជាតិ​លើកនេះ គឺ​ពួកគាត់ នៅតែ​រក្សាបាននូវសិទ្ធផល​ល្អ ប៉ុន្តែ​យើងមិនគិត​ថា វា​គ្រប់​គ្រាន់ សម្រាប់ការ​ត្រៀម​ស៊ីហ្គេម នៅ​ថៃ​នោះ​ទេ។ យើង​ត្រូវ​ពង្រឹង​សមត្ថភាព​របស់​ក្រុមជម្រើសជាតិ​យើង​ថែម​ទៀត ជាពិសេស​ប្រភេទ​កីឡាកង់​ភ្នំ ដែល​យើង​ធ្លាប់​ឈ្នះបាន​មេដាយប្រាក់​១ និងសំរឹទ្ធ​១ នៅស៊ីហ្គេម ឆ្នាំ​២០២៣»។

តាមគម្រោង សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា នឹង​បញ្ជូនក្រុម​ជម្រើសជាតិ ទៅចូល​រួម​ការ​​ប្រកួត​ ដែល​រៀបចំដោយម្ចាស់​ផ្ទះ​​ថៃ ដើម្បី​ធ្វើ​ឱ្យពួកគេ កាន់តែ​មានភាព​​សម​ទៅនឹង​​ទី​លានប្រកួត​នៅ​ប្រទេស​ថៃ និងមាន​សង្ឃឹម ក្នុងការ​ឈាន​ទៅ​ដណ្តើម​បាន​មេដាយ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៥ ខណៈ​​ការ​ប្រកួត​ស៊ីហ្គេម នៅកម្ពុជា កាលពី​ឆ្នាំ​២០២៣​ កីឡាករ ឃីម ម៉េងឡុង ជា​អ្នក​ដណ្តើម​បានមេដាយប្រាក់​១ និងសំរឹទ្ធ​១ លើប្រភេទ​កីឡាកង់ភ្នំ ជា​ប្រវត្តិសាស្រ្ត​លើកដំបូងឱ្យ​កម្ពុជា។

មន្រ្តី និងអ្នកពាក់ព័ន្ធ ដែលបានចូលរួួម​នៅក្នុងពិធីបើកការ​ប្រកួត​ង​​កីឡាទោចក្រយាន​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២៤ ដែល​ធ្វើ​នៅ​ខេត្ត​កំពត កាលពី​ថ្ងៃទី​២៤ ដល់ទី​២៦ ខែមករា ឆ្នាំ​២០២៥។ រូប​ថត សហព័ន្ធ

ជាមួយគ្នានេះ សហព័ន្ធកីឡា​ទោចក្រយានកម្ពុជា ក៏បានជ្រើស​រើស​ខេត្តកំពត ជាកន្លែង​បោះ​ជំរំ​ហ្វឹក​ហាត់សម្រាប់​ក្រុមជម្រើសជាតិ សម្រាប់​ត្រៀម​ស៊ីហ្គេម ឆ្នាំ​២០២៥​ ខណៈ​ការ​ប្រកួត​ថ្នាក់ជាតិលើក​​នេះ លោក នូ ចំរើន បាន​កោតសរសើរ​ទៅ​ដល់​​រដ្ឋបាល​​ខេត្ត​កំពតដែលបាន​សហការ​យ៉ាង​ល្អជាមួយ​សហព័ន្ធ ក៏ដូចជា​ដៃគូឧបត្ថម្ភ Miracle City World Group, ភេសជ្ជៈទឹកប្រទាលកន្ទុយក្រពើ​ Zummer និងក្រសួងអប់រំ យុវជន និង​កីឡា ធ្វើ​ឱ្យការ​ប្រកួត​ថ្នាក់ជាតិនេះ បានបញ្ចប់​ដោយជោគ​ជ័យ។

ចំពោះ​លទ្ធផល​រួម នៃ​ការប្រកួតកីឡាទោចក្រ​យាន​​ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤នេះ ក្រុម​អត្តពលិក​របស់​ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២ នៅ​ក្នុងចំណោមការ​ប្រកួតទាំង​៨​វិញ្ញាសា ដើម្បី​ឈរ​នៅចំណាត់​ថ្នាក់លេខ​១ តាមពីក្រោយ​ក្លិបកង់គិរីរម្យ ឈ្នះមេដាយមាស ២ និងប្រាក់ ១ រីឯ​ក្លិប Electro Racing ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៣ ក្លិបកង់កំពត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខ៤ និងក្លិប Cambodia Biking ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿង៕