នៅ​ទី​បំផុតកំណត់​ត្រា​មិន​ស្គាល់ការ​ចាញ់​សោះ ​របស់ក្រុម​ភ្នំពេញ​ក្រោន ត្រូវបាន​បំផ្លាញ​ដោយ​ក្រុម​​ព្រះខ័នរាជស្វាយរៀង ស្របពេល​ពួកគេ នៅ​សល់សមាជិក​ត្រឹម​១០​នាក់ នៅលើ​ទីលាន​ ខណៈជំនួប​រវាង​ក្រុមទាំង២នេះ មាន​ការប៉ះទង្គិច​គ្នា​ខ្លាំង នាំ​ឱ្យ​​លោកអាជ្ញាកណ្តាល អ៊ីវ ទីណា ​បាន​ពិន័យ​កាត​ចំនួន​១១​សន្លឹក គឺ​កាត​ក្រហម​២ និងកាត​លឿង​ចំនួន​៩ ទៅ​ដល់​ក្រុមទាំង​២នេះ។

គ្រូ​បង្គោល​ក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បាន​បង្ហាញការ​សាទរខ្លាំង ចំពោះការ​ដណ្តើមបាន​៣ពិន្ទុ​ដ៏មានន័យ ពី​ក្រុម​ភ្នំពេញក្រោន សម្រាប់ការ​ប្រកួតក្នុង​ទឹក​ដី​ខ្លួន​ឯង តាម​រយៈការ​យក​ឈ្នះ​ ៣-១ នៅកីឡដ្ឋាន​ខេត្តស្វាយរៀង កាលពី​យប់​ថ្ងៃអាទិត្យ ព្រោះ​លទ្ធផល បាន​ធ្វើឱ្យគម្លាតពិន្ទុ​រវាងក្រុម​ទាំង​២ខុស​គ្នាតែ​១ពិន្ទុ​ទេ គឺ​ភ្នំពេញ​ក្រោន បន្តឈរនៅលេខ​១ មាន​៤៤ពិន្ទុ និងស្វាយ​រៀង ឈរនៅលេខ​២ មាន​៤៣ពិន្ទុ។ 

លោក Pep Munoz បាន​និយាយ​ក្រោយការ​ប្រកួត​​ថា៖ ​«យើងសប្បាយ​ចិត្ត សម្រាប់​ការ​ប្រកួតថ្ងៃ​នេះ ដោយ​​នៅ​ក្នុង​រយៈពេល​២៥​នាទី ក្នុងតង់ទី​១ យើង​ធ្វើបានល្អមែន​ទែន គឺ​យើង​មានឱកាស​ច្រើន ក្នុងការ​ទាត់បញ្ចូលទី​ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា គុណ​ភាព​កីឡាករ​របស់​ភ្នំពេញក្រោន ល្អ។ ពួកគេ​បានដាក់សម្ពាធមក​លើ​យើង និង​​​បង្កើតឱកាស​​រកបាន​គ្រាប់បាល់​តាមស្មើ នៅចុងតង់ទី​១វិញ»។

ចំណែកការ​ប្រកួតនៅតង់ទី​២ លោក Pep បាន​អះអាង​ថា កូន​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ ដោយពួកគេ​មានការ​យល់​កាន់​ច្រើនពី​របៀប​លេង​របស់លោក ហើយ​គួរតែ​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើនជាង​ហ្នឹងទៀត ក្រោយ​ពេល​កីឡាករ​របស់​ក្រុម​ភ្នំពេញ​ក្រោន ទទួល​បានកាត​ក្រហម នៅនាទីទី​៥៥ និងបន្ទាប់ពីខ្សែ​ប្រយុទ្ធ​ទើបជាពីរបួស Pablo Agusto បានស៊ុតបាល់ពិន័យ​១១​ម៉ែ​ត្រ បានស្រេច​នៅនាទីទី​ ៩០+២ ក្នុងការ​បន្ថែមម៉ោងចំនួន​៨នាទី។ 

គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ លោក Pep Munoz បានបញ្ជាក់ថា៖ «បន្ទាប់ពីបាល់​ប៉េណាល់​ទី​ហើយ យើងគួរតែ​រក​បាន​គ្រាប់បាល់​បន្ថែម​ទៀត ហើយ​យើងសប្បាយ​ចិត្ត​ដែល Pablo បាន​វិល​ត្រឡប់មក​ចូលរួមជាមួយក្រុម​វិញ គឺ​យើងសប្បាយ​ចិត្តមែនទែន ជាពិសេសយើង​សប្បាយ​ចិត្ត​​ជាមួយ​អ្នកគាំ​ទ្រ​របស់យើង»។

តាម​រយៈការ​ប្រកួត​យ៉ាងស្វិតស្វាញ និងក្តៅគគុក កាលពី​យប់​ថ្ងៃអាទិត្យ​នោះ ខ្សែ​ប្រយុទ្ធ ញាណ សុស៊ីដាន ជាអ្នក​ស៊ុតគ្រាប់បាល់នាំ​មុខ​ឱ្យក្រុម​ម្ចាស់​ផ្ទះ ព្រះ​ខ័នរាជស្វាយរៀង នៅនាទីទី​៥ ប៉ុន្តែ​ខ្សែប្រយុទ្ធ Jelle Joost Goselink ស៊ុត​តាមស្មើ​ឱ្យ​ក្រុម​ភ្នំពេញក្រោន វិញ នៅនាទីទី​៣៦។

ការ​ប្រកួត​រវាងក្រុម​ភ្នំពេញក្រោន (ក្រហម) និងក្រុមព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃអាទិត្យ ដោយ​ភ្នំពេញក្រោន ចាញ់ជា​លើកដំបូង ក្រោយ​សល់សមាជិក​ត្រឹម​១០នាក់។ រូប​ថត ភ្នំពេញក្រោន

យ៉ាងណាក៏​ដោយ ភាពក្តៅក្រហាយ​របស់​ក្រុម​ភ្នំពេញក្រោន បានកើតមាន​ឡើង នៅពេល​លោកអាជ្ញាកណ្តាលលោក អ៊ីវ ទីណា បានសម្រេច​ផ្តល់​កាត​ក្រហម​ទៅ​ឱ្យខ្សែការពារ យ៉ើ មូស្លីម នៅនាទីទី​៥៥ បន្ទាប់ពី​រូបគេ​បាន​ជ្រុល​រុញ​កីឡាករ ថេឡរ ឌឿន នីកូឡាស ឱ្យ​ដួល​នៅក្បែរ​គំនូស​ស។

ជាមួយការ​នៅសល់​សមាជិក​ត្រឹម​១០នាក់​នៅលើទី​លាន​នេះ បាន​ធ្វើ​ឱ្យ ​ភ្នំពេញ​ក្រោន រងសម្ពាធ​ខ្លាំង​ពីការ​វាយ​លុក​របស់​ក្រុម​ស្វាយរៀង ហើយអ្វីៗ​កាន់តែ​ពិបាក នៅពេលខ្សែ​ប្រយុទ្ធ Gabriel Silva Costa រក​បាន​គ្រាប់បាល់​ទី​២ ឱ្យក្រុម​ម្ចាស់​ផ្ទះ នៅនាទីទី​៧១ ​ខណៈ​​ជំនួយ​ការគ្រូ​បង្វឹក​របស់​ក្រុម​ភ្នំពេញ​ក្រោន គឺ​​លោក Anatolii Bondarenko ក៏​ត្រូវ​បានអាជ្ញាកណ្តាល​ពិន័យកាត​ក្រហម​ នៅនាទីទី​៧៥​ទៅ​ទៀត។

បន្ថែមលើ​នេះ លោកអាជ្ញាកណ្តាល អ៊ីវ ទីណា បានសម្រេច​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ ទៅឱ្យក្រុមស្វាយរៀង នៅនាទីទី​៩០+២ បន្ទាប់ពី​ប្រធាន​ក្រុម អ៊ន ចាន់ប៉ូលីន បានបុក​ឱ្យខ្សែ​ប្រយុទ្ធ Cristian Roque ​ដួល​នៅក្នុងតំបន់គ្រោះ​ថ្នាក់នោះ។ ខ្សែ​ប្រយុទ្ធ​ទើបជា​ពី​របួស Pablo Agusto ជាអ្នកស៊ុតបាល់ពិន័យ​នោះ បានសម្រេច។

លោក Pep Munoz ពេល​ប្រតិកម្មតវ៉ា​ជាមួយ​អាជ្ញាកណ្តាល ពេលលោកដឹកនាំ​ក្រុមស្វាយរៀង យក​ឈ្នះក្រុម​ភ្នំពេញក្រោន ៣-១ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង។ រូប​ថត CPL

នៅនាទីទី​ ៩០+៤ ខ្សែ​ប្រយុទ្ធទើប​ដាក់​ឱ្យ​ចូល​លេង មិន រតនៈ ​បាន​​ស៊ុតបញ្ចូលទី​ឱ្យ​ក្រុម​ស្វាយរៀង​១​គ្រាប់តែ ប៉ុន្តែ​ត្រូវបាន​បដិសេធ​ដោយអាជ្ញាកណ្តាល ដោយសម្អាង​ថា ជាបាល់អកហ្ស៊ឺ ខណៈ​ជំនួប​នេះ មាន​ការប៉ះទង្គិច​គ្នា​ខ្លាំង នាំ​ឱ្យ​លោកអាជ្ញាកណ្តាល អ៊ីវ ទីណា ​​ពិន័យ​កាត​ចំនួន​១១​សន្លឹក គឺ​កាត​ក្រហម​២ និងកាត​លឿង​៦ ​ទៅឱ្យ​​ក្រុម​ភ្នំពេញក្រោន និង​កាត​លឿង​ចំនួន៣​ទៀត ​ទៅលើ​កីឡាករ​ក្រុមស្វាយរៀង។

ជុំវិញការ​កាត់សេចក្តី​នេះ លោក Pep Munoz បាន​​និយាយ​ថា៖ «សម្រាប់​​មន្រ្តី​អាជ្ញាកណ្តាល​ថ្ងៃនេះ គាត់​ធ្វើ​បាន​ល្អ ក្នុងការគ្រប់​គ្រង​ការ​ប្រកួតមួយដែល​ល្អ ហើយ​វា​ក៏ពិបាក​ដែរ ក្នុង​ការ​សម្រេច​ចិត្ត ចំពោះ​ការ​ប្រកួត​បែបនេះ ហើយ​បើ​សិនជា​មាន​ជំនួយ​ការ​អាជ្ញាកណ្តាល​ បាន​ជួយ​ដល់​គាត់ ក្នុងការ​សម្រេច​ចិត្តមួយចំនួនទៀត ប្រហែល​ជា​​ប្រសើរ​ជាង​ហ្នឹង»។

ការ​លើកឡើង​បែប​នេះ ព្រោះលោក Pep បាន​មើលឃើញ​ថា ការ​កាត់​សេចក្តី​មួយចំនួន​របស់ក្រុមន្រ្តី​អាជ្ញាកណ្តាល នៅមានការ​ខ្វះ​ខាតដែរ ​ធ្វើ​ឱ្យក្រុមស្វាយរៀង ខាត​បង់​ដូចគ្នា ហើយចំពោះសកម្មភាព​របស់ អ៊ន ចាន់ប៉ូលីន ដែលរត់ទៅបុក Cristian Roque ឱ្យដួល គួរតែ​ត្រូវបានបណ្តេញ​ចេញ ដោយការពិន័យកាត​លឿងជាលើក​ទី​២ ព្រោះ ចាន់ប៉ូលីន ទទួលកាត​លឿង​នៅនាទីទី​៦០​ម្តង​ហើយ។

លោកបានសង្កត់​ធ្ងន់​ថា៖ «នៅតង់ទី​២ អាជ្ញាកណ្តាល​បាន​​លើកទង់​​​អកហ្ស៊ឺ​២ទៅ​៣បាល់​​ទាំង​បាល់​​អត់អកហ្ស៊ឺ​ទេ ជាពិសេស​គ្រាប់បាល់ស៊ុត​បញ្ចូល​ទី​របស់ មិន រតនៈ គឺ​អត់អក​ស្ស៊ឺ​ឡើយ ហើយ​ចំពោះ ចាន់ប៉ូលីន គួរតែ​ទទួលបានកាត​លឿង​ទី​២ ស្មើនឹង​​កាត​ក្រហម»។ លោក​បន្ថែម​ថា៖«ឱ្យ​បាល់​ប៉េណាល់ទី​ជា​រឿង​មួយ​ហើយ តែត្រង់នេះជាកំហុស​កាតលឿង ឬ​កាត​​ក្រហម​ទៀត ​ប៉ុន្តែ​អាជ្ញាកណ្តាល មិនពិន័យកាត​ទេ។ ​នេះ​គ្រាន់តែ​កំហុស១ទៅ​២ចំណុច​ទេ តែ​​ជារួមគាត់​ធ្វើបាន​ល្អហើយ»៕