គ្រូបង្វឹកក្រុមបាល់ទះក្រសួងមហាផ្ទៃ បានអះអាងថា បញ្ហារបួសគ្រេចកជើងរបស់ស្មាត់ធំជំនាញវាយបាល់ក្រៅប្រអប់ មឿន ម៉េងឡាយ បានក្លាយជាក្តីកង្វល់យ៉ាងធំ សម្រាប់ក្រុមទាំងមូល ក្នុងការឈានទៅដណ្តើមយកតំណែងជើងឯក ក្នុងការប្រកួតកីឡាបាល់ទះ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥ ដែលនឹងធ្វើការប្រកួតជុំទី២ នៅចុងសប្តាហ៍នេះ ដើម្បីរកក្រុមខ្លាំងទាំង៤ឡើងទៅប្រកួតវគ្គខ្វែងពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចយកក្រុមឈ្នះឡើងទៅប្រកួតគ្នា នៅវគ្គផ្តាច់ព្រ័ត្រ។
លោក អ៊ូ សុផល បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃពុធនេះថា៖ «យើងមានការបារម្ភខ្លាំង ព្រោះបើអត់ មឿន ម៉េងឡាយ យើងពិបាកប្រកួតប្រជែងជាមួយគេណាស់ ដោយសារគាត់ជាកីឡាករស្នូលសំខាន់របស់ក្លិប»។
តាមរយៈការប្រកួតសន្សំពិន្ទុក្នុងជុំទី១រវាងក្រុមទាំង៨ ដែលទើបបានបញ្ចប់កាលពីថ្ងៃទី២៦ ខែមករា ក្រុមក្រសួងមហាផ្ទៃ ធ្វើបានយ៉ាងល្អបំផុត ដោយពួកគេបានឈ្នះចំនួន៦ប្រកួត និងបានចាញ់តែក្រុមវិសាខាមួយទេ ដើម្បីឈរនៅកំពូលតារាង ដោយមាន១៩ពិន្ទុ តាមពីក្រោយដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស មាន១៥ពិន្ទុ ក្រុមវិសាខា មាន១៥ពិន្ទុ និងចំនួន៣ទៀត ខណៈក្រុមស្នងការនគរបាលខេត្តតាកែវ និងខេត្តពោធិ៍សាត់ ដែលឈរនៅលេខ៧ និងលេខ៨ ត្រូវបានកាត់ចេញហើយ។
រំឭកដល់ការប្រកួតជុំទី១នេះ លោក អ៊ូ សុផល បានកោតសរសើរដល់កីឡាករក្រសួងមហាផ្ទៃ ជាកូនក្រុមរបស់លោក ដែលបានយកបទពិសោធន៍ប្រកួតជាមួយក្រុមខ្លាំងៗ រួមទាំងភាពឈឺចាប់ ចំពោះការចាញ់នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ និងពានរង្វាន់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ មកអភិវឌ្ឍសមត្ថភាពខ្លួនឯងកាន់តែប្រសើរឡើង។
តែទោះបីជាយ៉ាងណា គ្រូបង្គោលក្រុមក្រសួងមហាផ្ទៃ លោក សុផល បានអះអាងថា ការប្រកួត «តេជោគលីគ» នៅជុំទី២ ដែលនឹងធ្វើនៅថ្ងៃទី៧ ទី៨ ទី៩ និងទី១៥ ខែកុម្ភៈ ខាងមុខនេះ នឹងកាន់តែមានភាពតានតឹងខ្លាំង ហើយវារឹតតែមានសម្ពាធខ្លាំង ចំពោះក្រុមក្រសួងមហាផ្ទៃ នៅពេលកីឡាករសំខាន់ មឿន ម៉េងឡាយ មានរបួស។
លោកបានបញ្ជាក់ថា៖ «នៅជុំទី២នេះ កាន់តែតានតឹងខ្លាំង ព្រោះ៦ក្រុមចុងក្រោយនេះ សុទ្ធតែជាក្រុមខ្លាំង។ សូម្បីក្រុមកងពលធំអន្តរាគមន៍លេខ៣ ដែលឈរនៅលេខ៦ ក៏យើងមិនអាចមើលរំលងដូចគ្នា គឺក្រុមមួយៗ សុទ្ធបានសម្រួចគោលដៅ និងចង់បានជ័យជម្នះដូចគ្នា ហើយគេបានចំណាយលុយច្រើនណាស់ ក្នុងការទិញកីឡាករបរទេសមកជួយដល់ក្រុម»។
លោក អ៊ូ សុផល បានបន្ថែមថា៖ «ទិសដៅរួមរបស់ក្លិប គឺយើងចង់ប្រជែងឡើងឱ្យដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែបញ្ហារបួសរបស់ ម៉េងឡាយ ជាបន្ទុកធំ ធ្វើឱ្យយើងមានការបារម្ភកាន់តែខ្លាំង ព្រោះក្លិបយើងប្រើកីឡាករខ្មែរសុទ្ធ ហើយគម្លាតកីឡាករបម្រុងដែលអាចជំនួសកន្លែង ម៉េងឡាយ បាន គឺមិនទាន់មានកីឡាករណាមានកម្រិតលេងប្រហាក់ប្រហែលគាត់នោះទេ»។
គួរបញ្ជាក់ថា ម្ចាស់អាវលេខ១៤ មឿន ម៉េងឡាយ បានរបួសគ្រេចកងជើងឆ្វេង និងមានរបួសកជើងស្តាំផងនោះ នៅពេលក្រុមក្រសួងមហាផ្ទៃ ប្រកួតឈ្នះក្រុមស្នងការនគរបាលខេត្តស្វាយរៀង ដោយលទ្ធផល ៣-១ កាលពីថ្ងៃទី២៦ ខែមករា ហើយក្រោយការថតស្កេនពិនិត្យរួចមក ម៉េងឡាយ បានឱ្យដឹងថា របួសគ្រេចកជើងឆ្វេងរបស់គេ មានការប៉ះពាល់សរសៃខ្លាំង។
ម៉េងឡាយ បាននិយាយថា៖ «លោកគ្រូពេទ្យបានប្រាប់ថា របួសគ្រេចកជើងរបស់ខ្ញុំ អត់ប៉ះពាល់ដល់ឆ្អឹងទេ តែប៉ះពាល់សរសៃខ្លាំង ដែលអាចចំណាយពេលព្យាបាលយូរដែរ។ ខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូន ដែលបារម្ភ និងបានឆាតមកសួរពីបញ្ហារបួសខ្ញុំ គឺពេលនេះខ្ញុំរាងប្រសើរបន្តិចហើយ តែមិនទាន់ដឹងថា ពេលជាពីរបួសនេះ ខ្ញុំនឹងអាចរក្សាទម្រង់លេងបានល្អ១០០ភាគរយដូចមុនឬយ៉ាងណានោះទេ!»។
ជាមួយគ្នានេះ មឿន ម៉េងឡាយ បានបង្ហើបឱ្យដឹងថា របួសរបស់គេ អាចនឹងជាសះស្បើយហើយអាចចូលលេងបានវិញ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី២ ក្នុងជុំទី២នេះ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ប៉ុន្តែរូបគេផ្ទាល់ក៏មិនច្បាស់ថា អាចលេងបានក្នុងកម្រិតណានោះទេ ខណៈលោក អ៊ូ សុផល គិតថា ម៉េងឡាយ អាចលេងបានត្រឹម៨០ភាគរយអីទេ។
លោកបញ្ជាក់ថា៖ «បើ ម៉េងឡាយ ចូលមកទីលានវិញ ក៏មិនអាចលេងបានពេញ១០០ភាគរយដែរ អាចបានត្រឹម៧០ទៅ៨០ភាគរយអីទេ ដោយសារគាត់អាចនូវរអានឹងរបួសជើងរបស់គាត់ ហេតុនេះទាំងខ្ញុំ និងថ្នាក់ដឹកនាំក្លិប មានការបារម្ភខ្លាំង ប៉ុន្តែទោះបានលទ្ធផលបែបណា ក៏យើងទទួលបានដែរ ព្រោះយើងជាក្រុមប្រើកីឡាករក្នុងស្រុកសុទ្ធ ដែលកើតចេញពីការបណ្តុះបណ្តាលផ្ទាល់របស់ក្លិប»៕