ទោះដឹងថា ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង កំពុងមានកម្រិតលេងខ្លាំង ហើយទើបបានយកឈ្នះក្រុមវិសាខា ១-០ ដើម្បីឡើងទៅឈរនៅលេខរៀងទី២ នៃលីគកំពូលកម្ពុជា បន្ទាប់ពីក្រុមកំពូលតារាង ភ្នំពេញក្រោន ប៉ុន្តែគ្រូបង្វឹក និងកីឡាកររបស់ក្រុមណាហ្គាវើលដ៍ បានតាំងចិត្តដណ្តើមយកលទ្ធផលល្អ ពីក្រុមស្វាយរៀង សម្រាប់ការជួបគ្នាល្ងាចនេះ ដើម្បីស្រោចស្រង់ស្ថានភាពក្រុមឱ្យល្អប្រសើរវិញ បន្ទាប់ពីបានចាញ់ក្រុមបឹងកេត រហូតដល់ ៥-១ កាលពីថ្ងៃអាទិត្យ។
សម្រាប់ការបើកទ្វារកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្វាគមន៍ក្រុមព្រះខ័នរាជស្វាយរៀង នាល្ងាចម៉ោង៦ ថ្ងៃសុក្រនេះ គ្រូបង្គោលក្រុមណាហ្គាវើលដ៍ ឃឹម បូរី បានមើលឃើញថា នឹងក្លាយជាការប្រកួតដ៏តាងតឹងមួយ ព្រោះស្វាយរៀង ធ្លាប់បានយកឈ្នះក្រុមណាហ្គា ២-០ សម្រាប់ការជួបគ្នា ជើងទី១ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ម្តងហើយ ខណៈពេលនេះ ស្វាយរៀង មានកម្រិតលេងកាន់តែល្អ។
តែទោះបីជាយ៉ាងណា ឃឹម បូរី តាំងចិត្តដណ្តើមឱ្យបានលទ្ធផលពីក្រុមស្វាយរៀង ដោយលោកបានបញ្ជាក់ក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា៖ «នេះជាការប្រកួតដ៏តានតឹងមួយដែលយើងត្រូវជួបក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ប៉ុន្តែវាក៏ជាការប្រកួតដ៏សំខាន់សម្រាប់យើង ដែលយើងត្រូវការទទួលបានលទ្ធផលល្អ ដោយសារការប្រកួតចុងក្រោយរបស់យើង (ជាមួយបឹងកេត) យើងធ្វើអត់សូវបានល្អ»។
សម្រាប់ការប្រកួតជាមួយក្រុមបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមម្ចាស់ផ្ទះ ណាហ្គាវើលដ៍ បានចាញ់ក្រុមបឹងកេត រហូតដល់ ៥-១ ធ្វើឱ្យ១៣ប្រកួតរបស់ណាហ្គា មានត្រឹម២២ពិន្ទុ និងកំពុងឈរនៅលេខ៥ ចំណែកការជួបស្វាយរៀង ល្ងាចនេះ ណាហ្គា ក៏បាត់ខ្សែការពារដ៏សំខាន់ម្នាក់ គឺម្ចាស់អាវលេខ៧៥មកពីប្រេស៊ីល Mateus Martins Da Conceicao ផងដែរ។
ចំពោះបញ្ហានេះ ឃឹម បូរី បានបញ្ជាក់ថា៖ «ការអវត្តមានកីឡាករ Mateus វាជាក្តីបារម្ភមួយផងដែរសម្រាប់ពួកយើង ប៉ុន្តែយើងមានកីឡាករផ្សេង ដើម្បីជំនួសតំណែងរបស់គាត់ ហើយខ្ញុំមានការជឿជាក់ទៅលើកីឡាករទាំងអស់នៅក្នុងក្រុម។ ខ្ញុំគិតថា វាអត់មានក្តីបារម្ភទេ ព្រោះគ្រប់កីឡាករ គាត់អាចធ្វើបាន»។
ចំណែកអ្នកចាំទី រ៉េត លីហេង របស់ក្រុមណាហ្គាវើលដ៍ បាននិយាយថា៖ «ដូចដែលយើងបានដឹងហើយថា ព្រះខ័នរាជស្វាយរៀង ជាក្រុមខ្លាំង ដែលមានកីឡាករមានគុណភាពច្រើន ប៉ុន្តែក្រុមទាំងមូល ត្រៀមខ្លួនបានល្អហើយ សម្រាប់ការប្រកួតនេះ»។
ដោយឡែក គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Jose Munoz ក៏គិតថា ការជួបក្រុមណាហ្គាវើលដ៍ លើកនេះមានការពិបាកផងដែរ។ បើទោះបីជា ក្រុមណាហ្គា ទើបចាញ់ក្រុមបឹងកេត ៥-១ ក្នុងទឹកដី ប៉ុន្តែលោកបានមើលឃើញថា ក្រុមទាំង២នេះ មានកម្រិតលេងប្រហាក់ប្រហែលគ្នា និងមានឱកាសដូចគ្នា គ្រាន់តែការស្វែងរកគ្រាប់បាល់របស់ ណាហ្គា មានការពិបាកជាង។
លោក Jose Munoz បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍ថា៖ «កីឡាករបរទេស នៅតំបន់ប្រយុទ្ធរបស់ក្រុមណាហ្គា សុទ្ធតែមានគុណភាពខ្ពស់ ហើយកីឡាករក្នុងស្រុក ក៏ធ្វើបានល្អ នៅតំបន់ការពារ អ៊ីចឹងវានឹងក្លាយជាការប្រកួតប្រជែងដ៏លំបាកមួយទៀត សម្រាប់យើង»។
តែទោះបីជាយ៉ាងណា លោក Jose Munoz បានកត់សម្គាល់ថា ក្រុមណាហ្គាវើលដ៍ តែងតែបង្ហាញការលេងមិនសូវបានល្អនៅក្នុងទឹកដីខ្លួនឯង ហើយនេះចំណុចអាទិភាពមួយចំពោះក្រុមស្វាយរៀង ក្នុងការដណ្តើមយកជ័យជម្នះ ព្រោះការលេង នៅលើតារាងស្មៅសិប្បនិម្មិតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ គឺក្រុមស្វាយរៀង មានភាពស្ទាត់ជំនាញ ចំពោះស្ថានភាពលេងបែបនេះ។
លោក Jose Munoz បញ្ជាក់ថា៖ «នៅរដូវកាលនេះ ណាហ្គា ធ្វើអត់សូវបានល្អនៅក្នុងដីខ្លួនឯង អ៊ីចឹងយើងនឹងយកចំណុចនេះ ធ្វើជាអាទិភាពសម្រាប់ក្រុមយើង ហើយម្យ៉ាងទៀត ស្មៅសិប្បនិម្មិតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ជាស្មៅមានគុណភាពខ្ពស់ ដែលវាមិនមានបញ្ហាចំពោះយើងនោះទេ ព្រោះយើងជាក្រុមមួយ ដែលចូលចិត្តរក្សាបាល់ច្រើនក្នុងការប្រកួតបែបនេះ។ យើងមានកីឡាកររបួស៤ទៅ៥នាក់ ប៉ុន្តែយើងនៅសល់កីឡាករ២០នាក់ទៀត ដែលអាចលេងបាន»៕