ក្រុមកីឡាការិនី​​ខេត្តពោធិ៍សាត់ បាន​ក្លាយជា​ក្រុម​បាល់​ទះនារី​ដំបូងគេ ដែល​បាន​ឈ្នះ​ពាន​ពីការ​ប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ ប៉ុន្តែ​ក្រុមបុរស​របស់​​ក្រសួងមហាផ្ទៃ នៅតែបន្តជួបការ​ខក​ចិត្ត ខណៈ​ពួកគេ​មិន​អាច​រក្សា​ឱកាស​ដណ្តើម​​យក​​ពានពី​​ក្រុមវិសាខា បាន​នោះ។

តាម​រយៈការ​ប្រកួត​ផ្តាច់ព្រ័ត្រ ដែល​ធ្វើ​នៅ​វិមាន​ពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ព្រលប់​ថ្ងៃអាទិត្យ​ ​ក្រុមក្រសួងមហាផ្ទៃ បានយក​ឈ្នះ​លើ​ក្រុម​វិសាខា ចំនួន​២​សិត​មុន ជាមួយ​ពិន្ទុ ២៥-២០ និង ៣៤-៣២ ប៉ុន្តែ​ក្រុម​វិសាខា បាន​វាយបក​យក​ឈ្នះ​៣​សិត​វិញ ជាមួយពិន្ទុ ២៥-២៣ ២៥-២០ និង ១៥-១២ ដើម្បី​​​លើក​ពាន​យ៉ាងរំភើបបំផុត រីឯ​ក្រុម​ស្នងការ​ដ្ឋាន​នគរ​បាលរាជធានី​ភ្នំពេញ បាន​យក​ឈ្នះក្រុមបញ្ជា​ការដ្ឋាន​អង្គរក្ស ៣-០ ដើម្បី​ទទួល​បាន​លេខ​៣។

ចំពោះ​ការ​ចាញ់​ក្រុម​វិសាខា ៣-២ នេះ បានធ្វើ​ឱ្យក្រុមក្រសួងមហាផ្ទៃ ជួបការ​ខក​ចិត្តជាមួយ​ថ្មី​ម្តង​ទៀត គឺ​​ដូចគ្នា​ទៅនឹងការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើមពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៤ កាលពីថ្ងៃទី​២៣ ​ខែធ្នូ​ដែរ ដោយ​កាល​នោះ ក្រុមក្រសួង​មហាផ្ទៃ បាន​យក​ឈ្នះ​ក្រុមស្នងការនគរបាល​ខេត្ត​ស្វាយរៀង ចំនួន​២សិត​មុន តែ​បានចាញ់​​៣សិត​វិញ ​ធ្វើ​ឱ្យពួក​គេ បាន​ត្រឹម​​ស្រក់ទឹក​ភ្នែក​ទទួល​យក​ចំណាត់ថ្នាក់លេខ​២។  

សម្រាប់ការ​ប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥​នេះ ក៏មាន​ការ​ដាក់​ឱ្យ​​ប្រកួតលើ​វិញ្ញាសា​បាល់​ទះនារី ជា​លើកដំបូង​ផងដែរ ហើយជា​លទ្ធផល​ក្រុមកីឡាការិនី​​ខេត្តពោធិ៍សាត់ បានក្លាយជាម្ចាស់​ជើងឯក បន្ទាប់ពីពួកគេ​បាន​យក​ឈ្នះក្រុម​​​ខេត្តកណ្ដាល ដោយលទ្ធផល ៣-១ រីឯ​ក្រុម​​នារី​រាជធានីភ្នំពេញ បានយក​ឈ្នះក្រុម​ក្រសួង​មហាផ្ទៃ ៣-០ ដើម្បី​ទទួលបានលេខ៣ សម្រាប់​ការ​ប្រកួត ដែលមាន​៨​ក្រុមចូលរួម​នេះ។

ជុំវិញការ​ដាក់ឱ្យមានការ​ប្រកួត​ផ្នែក​នារី ក្នុងពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ ជា​លើកដំបូងនេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បាន​អះអាង​ថា វាជា​ផែន​ការ​យុទ្ធសាស្រ្ត​របស់​សហព័ន្ធ ដែល​ត្រូវចាប់​ផ្តើម​បំផុស​បាល់​ទះនារី ចាប់ពី​ឆ្នាំ​នេះ​ទៅ តាម​រយៈការ​ដាក់​ឱ្យមាន​វិញ្ញាសាបាល់​ទះ​នារី នៅ​​ក្នុង​​​ព្រឹត្តិការណ៍​បាល់​ទះ​ផ្នែក​បុរស ដើម្បី​ឱ្យ​ក្រុមបាល់ទះនាទី​កម្ពុជា អាច​មាន​លទ្ធផល ទៅ​ប្រកួត​ប្រជែង​ថ្នាក់​តំបន់បាន។

លោក សិរីពិសិដ្ឋ មានការ​ភ្ញាក់​ផ្អើល ដែល​វិញ្ញាសា​បាល់​ទះនារី ទទួលបានការគាំ​ទ្រ​ខ្លាំង សម្រាប់ការ​ប្រកួត​លើកនេះ។ លោក​ថ្លែង​ថា៖ ​«គ្មាន​នរណា​នឹក​ស្មាន​ដល់​ថា ​បាល់​ទះនារី​យើង ទទួលបានការគាំ​ទ្រ​ខ្លាំងបែបនេះ​ទេ ចំណែក​ក្រុម​​អត្តពលិកជា​នារី​របស់យើង បាន​ប្រាប់ខ្ញុំ​ថា នេះជា​លើក​ដំបូង​ហើយ ដែល​អាជីពបាល់​ទះ​របស់គាត់ មានអ្នកគាំ​ទ្រពេញស្តាត ហើយ​សកម្មភាពនេះ ជាចលក​ជំរុញ​ឱ្យ​ពួកគាត់​មកចូលរួម​​ប្រកួត​នៅ​ឆ្នាំ​ក្រោយៗ​ទៀត»។ 

ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​វិសាខា (ពណ៌ខៀវ) និងក្រុម​ក្រសួងមហាផ្ទៃ នៅ​វិមាន​ពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃអាទិត្យ។ រូប​ថត សហព័ន្ធ

តាម​រយៈការ​ទទួលបានជោគ​ជ័យ សម្រាប់ការ​ដាក់ឱ្យមាន​វិញ្ញាសា​បាល់ទះនារី​នេះ លោក អាំង សិរីពិសិដ្ឋ បាន​បញ្ជាក់ថា៖ «ខ្ញុំ​ជឿជាក់ថា ចាប់ពីពេលនេះ​ទៅ វិញ្ញាសា​បាល់​ទះនារី​របស់យើង នឹង​ងើប​ឡើង​វិញ ហើយ​សម្រាប់​ទិសដៅ​ទៅ​ថ្ងៃអនាគត គឺ​យើងចង់ឃើញ​​ក្រុមបាល់​ទះនារី​​យើង អាច​ទៅប្រកួត​ប្រជែង​ជាមួយប្រទេសជិតខាង​របស់​យើង​បាន នៅ​ថ្ងៃណាមួយ»។

តែទោះបីជា​យ៉ាងណា លោក សិរីពិសិដ្ឋ បាន​ទម្លាយ​ថា ការ​អភិវឌ្ឍកីឡាបាល់​ទះនារី​កម្ពុជា ត្រូវ​ការ​ការវិនិយោគ​រយៈពេលវែង គឺ​ដូចគ្នា​ទៅនឹងការអភិវឌ្ឍ​ក្រុមបាល់​ទះ​បុរស​ដែរ ដែល​លោក ស សុខា ប្រធានសហព័ន្ធកីឡាបាល់​ទះកម្ពុជា និងភរិយា បានបណ្តាក់ទុន ក្នុងការបណ្តុះ​ធាន​ធាន​កីឡាករ ​នៅ​ក្នុង​ក្រុមវិសាខា តាំងពី​ឆ្នាំ​២០១២ ហើយ​រហូត​ដល់​ឆ្នាំ​២០២១ ទើប​​កីឡាករ​ភាគ​ច្រើន​របស់វិសាខា ដណ្តើម​បានមេដាយ​សំរឹទ្ធ​ស៊ីហ្គេម ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងនាមជា​ក្រុមជម្រើសជាតិកម្ពុជា និងបន្ត​ឈ្នះបានមេដាយប្រាក់ ពេល​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាងក្រុម​នារី​ខេត្តពោធិ៍សាត់ និង​​ក្រុម​ខេត្តកណ្តាល ក្នុង​ការប្រកួតពានរង្វាន់កីឡាបាល់ទះឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥។ រូប​ថត សហព័ន្ធ

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា៖​ «ការ​វិនិយោគ​ទៅលើ​ក្រុម​អត្តពលិក​ផ្នែកនារី​នេះ មិន​មែន​ជារឿងសាមញ្ញ​នោះ​ទេ គឺ​យ៉ាង​ហោចណាស់​ក៏​ពី៥​ទៅ​១០​ឆ្នាំ ទើប​បាន​លទ្ធផល។ វាប្រៀប​ដូច​ឯកឧត្តម​អភិ​សន្តិបណ្ឌិត ស សុខា និង​លោកជំទាវ ដែល​​បានបណ្តាក់​ទុន​​លើ​វិស័យបាល់​ទះ​ផ្នែកបុរស​តាំងពី​ឆ្នាំ​២០១២ ហើយ​​១០​ឆ្នាំ​ក្រោយ​មក ទើប​យើង​ទទួលបានលទ្ធផល»។

«ចំណែកក្រុមនារី​ក៏​ដូចគ្នានេះ​ដែរ គឺ​​​បើ​សិនជា​បងប្អូន​ជនរួមជាតិ នៅតែ​បន្តគាំ​ទ្រ​ខ្លាំងបែបនេះ ខ្ញុំ​គិត​ថា ​វាអាច​លឿនជាង​នេះ គឺ​មិន​ដល់​១០​ឆ្នាំ​ទេ យើងនឹងមាន​កីឡាការិនី​ល្អៗ អាច​ប្រកួត​ប្រជែង​ជាមួយគេ​បាន»។ អគ្គលេខាធិការ​សហព័ន្ធកីឡាបាល់​ទះកម្ពុជា​រូបនេះ លោក អាំង សិរីពិសិដ្ឋ បានបន្ថែម៕