ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិ ស្វាគមន៍ក្រុម PSM Makassar FC របស់ឥណ្ឌូនេស៊ី នៅយប់ម៉ោង ៧:៣០ ថ្ងៃពុធនេះ ដើម្បីប្រជែងគ្នាយក៣ពិន្ទុ ក្នុងការប្រកួតសន្សំពិន្ទុប្រចាំពូលAនៃពានរង្វាន់ ASEAN Club Championship Shopee Cup 2024/2025។
គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានមើលឃើញថា ការប្រកួតលើកនេះ អាចស្វិតស្វាញខ្លាំង ព្រោះ PSM ជាក្រុមខ្លាំង ដែលមានទម្រង់លេងបានល្អទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ ហើយក្រុមនេះ ក៏កំពុងឈរនៅលើកំពូលតារាងប្រចាំពូលA ជាបណ្តោះអាសន្នដែរ ដោយ២ប្រកួតមកនេះ ពួកគេមាន៤ពិន្ទុ ស្មើជាមួយក្រុម BG Pathum United របស់ថៃ និងក្រុម Dong A Thanh Hoa របស់វៀតណាម ខណៈក្រុមស្វាយរៀង ឈរនៅលេខ៤ មាន៣ពិន្ទុ។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ប្រេស៊ីល Pablo Augusto ដែលតែងតែរកបានគ្រាប់បាល់ឱ្យក្រុមព្រះខ័នរាជស្វាយរៀងនោះ ក៏ត្រូវអវត្តមាន ចំពោះការប្រកួតជាមួយក្រុម PSM លើកនេះដែរ ដោយសាររូបគេ ទើបតែមានរបួស ក្នុងពេលហ្វឹកបហាត់កម្តៅសាច់ដុំ ពេលប្រកួតជាមួយក្រុមណាហ្គាវើលដ៍ កាលពីថ្ងៃទី៣ ខែមករា ហើយខ្សែប្រយុទ្ធ គឹម សុខយុទ្ធ និងកីឡាករមួយចំនួនទៀត ក៏មិនទាន់ជាពីរបួសនោះដែរ។
ជុំវិញបញ្ហានេះ លោក Pep Munoz បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា៖«យើងមានកីឡាករខ្លះឈឺ និងខ្លះទៀតមានរបួស ហើយកីឡាកររបួសចុងក្រោយគឺ Pablo ដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមយើងផងដែរ ព្រោះ Pablo តែងធ្វើបានល្អ ហើយយើងត្រូវការគាត់ ពេលប្រកួតអន្តរជាតិបែបនេះ»។
យ៉ាងណាក៏ដោយ នៅក្នុងស្ថានភាពដ៏ចាំបាច់បែបនេះ លោក Pep Munoz បានផ្តល់ការទុកចិត្តទៅលើកីឡាករផ្សេងទៀត ដែលមានគុណភាពក្នុងការលេង ជាពិសេសកីឡាករខ្មែរមួយចំនួនដែលមិនសូវបានលេង ក្នុងការប្រកួតអន្តរជាតិនេះ ដោយសារ ក្រុមស្វាយរៀង តែងប្រើកីឡាករបរទេសច្រើន អ៊ីចឹងនេះជាឱកាសមួយ សម្រាប់ពួកគាត់ ត្រូវបង្ហាញពីកម្រិតលេង។
គ្រូបង្វឹកជនជាតិអេស្ប៉ាញ លោក Pep បានបញ្ជាក់ថា៖ «យើងមិនចង់គិតពីផលអវិជ្ជមានរបស់កីឡាកររបួស ហើយមិនផ្តោតលើការប្រកួតនោះទេ គឺសំខាន់យើងផ្តោតទៅលើកីឡាករដែលមាន និងផ្តោតលើការប្រកួត ព្រោះកីឡាករខ្មែររបស់យើង សុទ្ធតែមានគុណភាពលេងនៅក្នុងកម្រិតអន្តរជាតិបាន»។
លោកបន្ថែមថា៖ «PSM Makassar ជាក្រុមមួយដ៏ខ្លាំង ដែលសម្បូរដោយកីឡាករមានគុណភាព ជាពិសេសកីឡាករប្រេស៊ីល លេងនៅតំបន់ការពារ និងកីឡាករជប៉ុនលេងនៅតំបន់បម្រើប៉ុន្តែយើងចង់បង្ហាញពីអត្តសញ្ញាណនៃកម្រិតលេងរបស់យើង ក្នុងការរក្សាបាល់ បង្កើតឱកាស និងទប់ស្កាត់ឱកាសរបស់គេ។ យើងចង់បាន៣ពិន្ទុ គឺនៅក្នុងវគ្គជម្រុះតាមពូលនេះ យើងចង់ឈ្នះ ដើម្បីបានឡើងទៅវគ្គបន្តទៀត»។
ចំណែកលោក Bernardo Tavares គ្រូបង្គោលក្រុម PSM Makassar បានទទួលស្គាល់ថា ព្រះខ័នរាជស្វាយរៀង មានកម្រិតលេងខ្ពស់ ហើយមានភាពបត់ប៉ែនខ្លាំងទៅលើការរៀបចំក្រុម ដែលពិបាកក្នុងការទប់ទល់ ប៉ុន្តែលោកមានការជឿជាក់ថា កូនក្រុមរបស់លោក នឹងធ្វើបានល្អទៅតាមការរៀបចំ ដើម្បីទទួលបាន៣ពិន្ទុត្រឡប់ទៅវិញ។
លោកបានថ្លែងថា៖ «វាអាចមានការពិបាក ក្នុងការដណ្តើមយក៣ពិន្ទុ នៅលើដីកម្ពុជា ប៉ុន្តែសំខាន់យើងត្រូវមានការផ្តោតអារម្មណ៍លើការប្រកួត ថាតើយើងត្រូវធ្វើអ្វី នៅពេលបាត់បាល់ និងពេលគ្រប់គ្រងបាល់ ព្រោះ ស្វាយរៀង ជាក្រុមដែលតែងតែរក្សាបាល់បានច្រើន និងមានការផ្លាស់ប្តូរទាំងប្រព័ន្ធលេង និងការដាក់ទីតាំងឱ្យកីឡាករលេង ហេតុនេះយើងត្រូវត្រៀមឱ្យបានល្អទាំងការការពារ និងប្រយុទ្ធ ដើម្បីទទួលបានលទ្ធផលល្អ»៕