ការ​ព្យាយាម​រក្សាទីតាំងកំពូល​តារាងនៃ​លីគកំពូល​កម្ពុជា របស់​ក្រុម​ភ្នំពេញក្រោន តាំង​ពី​​សប្តាហ៍ទី​៤​មក​នោះ ​ត្រូវបានបញ្ចប់ត្រឹម​សប្តាហ៍ទី​២១ ដោយ​​ទីតាំង​លេខ​១​នេះ បាន​ធ្លាក់ទៅលើ​កណ្តាប់​ដៃ​ក្រុមព្រះខ័នរាជស្វាយរៀង វិញ​ម្តង ហើយវា​ក៏ជា​លទ្ធផល​ធ្វើ​ឱ្យ​ ភ្នំពេញក្រោន ត្រូវ​ដេញតាមពី​ក្រោយ​​ក្រុម​ស្វាយរៀង​វិញ ដើម្បី​ប្រជែង​គ្នា​យកពាន​ នៅ​រដូវកាលនេះ​ផងដែរ។

ការ​បាត់បង់​ទីតាំងកំពូល​តារាង​របស់​ក្រុម​ភ្នំពេញ​ក្រោន បាន​កើតឡើង​កាលពី​ថ្ងៃអាទិត្យ គឺ​បន្ទាប់​ពី​ពួកគេ បានត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ អង្គរ​ថាយហ្គឺរ ស្របពេល​ក្រុមព្រះខ័នរាជស្វាយរៀង ដណ្តើម​បាន​៣ពិន្ទុ​បន្ថែម តាម​រយៈ​ការ​យក​​ឈ្នះលើ​ក្រុម​ឡាយហ្វ​ខេត្តព្រះសីហនុ (Life FC) ​ដោយ​លទ្ធផល ៣-១ នោះ។

លោក Pep Munoz បាន​សម្តែងការ​រីក​រាយខ្លាំង ចំពោះការ​ដណ្តើម​បាន​៣ពិន្ទុ​ដ៏មានន័យ​ពី​ក្រុម​ឡាយហ្វ​ខេត្ត​ព្រះសីហនុ លើក​នេះ ដែលបានជួយ​ឱ្យក្រុម​​ព្រះខ័នរាជស្វាយរៀង​របស់​លោក មាន​១ពិន្ទុ​លើស​ក្រុម​ភ្នំពេ​ញក្រោន​វិញ គឺ​៤៩ទល់​នឹង​៤៨ពិន្ទុ ហើយជា​លទ្ធផល ដែល​ធ្វើ​ឱ្យគ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​ខ្លាំង និងកោតសរសើរ​ដល់ក្រុមស្វាយរៀង ដែលបាន​តាមប្រជែង​​ភ្នំពេញ​ក្រោន តាំងពីមាន​គម្លាត​ពិន្ទុ​ដាច់ពី​គ្នា​៦ពិន្ទុ រហូតមាន​ពិន្ទុនាំ​មុខ​​វិញ​នា​ពេលនេះ។

លោក Pep Munoz បាននិយាយ ក្រោយ​យក​ឈ្នះក្រុម Life FC​​ បែបនេះថា៖ ​«​នេះជា​ការ​ប្រកួតដ៏​ល្អមួយ ជាពិសេស​នៅរយៈពេល​១៥នាទី​ដំបូង យើងពិតជា​ធ្វើ​បាន​ល្អមែនទែន ហើយគួរ​តែ​រក​បាន​១ទៅ​២​គ្រាប់បន្ថែម​ទៀត ​តែ​យើងបែរ​ជា​របូត​១​គ្រាប់វិញ ដោយសារ​កំហុស​របស់​យើង ដែលទាត់បាល់ផ្តាច់​ចេញ​ទៅក្រៅមិន​បាន»។

គ្រូ​បង្គោលក្រុមស្វាយរៀង​រូបនេះ បានបន្ថែម​ថា៖ «​យើង​ឃើញ​ហើយ​ថា Life ជា​ក្រុមធ្វើការ​ខ្លាំង និងដាក់សម្ពាធ​ខ្លាំង​រាល់​ការ​ប្រកួត ហើយខ្ញុំ​ចង់​អបអរ​ដល់​ពួកគាត់​ត្រង់​ចំណុច​នេះដែរ ហេតុនេះ​បើ​សិនជា​យើងមិនអាច​បញ្ចប់​ទី​​បានសម្រេច​ទេ ពិត​ណាស់​យើងនឹង​ជួបបញ្ហា​ នៅ​ក្នុងការ​ប្រកួតនេះ»។​

តាម​រយៈការ​ប្រកួត​កាលពីថ្ងៃអាទិត្យ​នោះ កីឡាករ​ឡាវ Bounphachan Bounkong រក​បានគ្រាប់បាល់នាំមុខ​ឱ្យក្រុម​ស្វាយរៀង នៅនាទីទី​១៣ ប៉ុន្តែ​​ អ៊ុក ដេវីន បាន​អូស​បាល់រំលង​ខ្សែ​ការពារ​ទាំង​២​នាក់​របស់​ស្វាយរៀង ទាំង​ត្រដាប​ត្រដួស ដើម្បី​ស៊ុត​​បញ្ចូល​ទី ជួយ​ឱ្យ​ក្រុម Life FC តាម​ស្មើ​​នៅនាទីទី​១៦ វិញ។

យ៉ាងណា​ក៏​ដោយ ការ​បង្កកំហុស​របស់​អ្នកចាំទី Georgino Dasilva ដែល​ធ្វើ​ឱ្យ Bounphachan Bounkong ដួល​នៅ​ក្នុងប្រអប់ទី​នោះ នាំឱ្យអាជ្ញាកណ្តាល​ផ្តល់​បាល់ពិន័យ​១១​ម៉ែ​ត្រ​ទៅឱ្យ​ក្រុមស្វាយរៀង នៅនាទីទី​៣៦ តែ​ខ្សែការពារជា​ប្រធាន​ក្រុម Takashi Odawara ស៊ុតមិនផុត​ដៃ​អ្នកចាំទី  Georgino Dasilva។

តែទោះយ៉ាងណា នៅ​ក្នុងតង់ទី​២ Bounphachan Bounkong ស៊ុតបាន​គ្រាប់​ទី​២​របស់ខ្លួន នាទីទី​៤៨ ហើយខ្សែ​ប្រយុទ្ធ ញាណ ស៊ុស៊ីដាន បាន​ទាត់បាល់​ហ្រ្វីឃីក​បញ្ចូលទី​១​គ្រាប់​ទៀត នៅនាទីទី​៨០ ដើម្បី​ជួយ​ឱ្យក្រុមស្វាយរៀង ឈ្នះ​ក្រុម​ Life FC ៣-១។

ចំណែក​​ការ​ជួបគ្នា​រវាង​ក្រុម​ម្ចាស់​ផ្ទះអង្គរ​ថាយហ្គឺរ និង​ភ្នំពេញក្រោន បាន​ក្លាយជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញបំផុត ដោយក្រុមទាំង​២នេះ មានឱកាសច្រើន​ដូចគ្នា ប៉ុន្តែ​រក​បាន​ត្រឹម​ម្នាក់​១​គ្រាប់​ទេ ដោយក្នុង​នោះ​ខ្សែ​ប្រយុទ្ធហូឡង់ Jelle Joost Goselink រក​បានគ្រាប់​បាល់នាំមុខ​ឱ្យ​ភ្នំពេញ​ក្រោន នៅនាទីទី​១៩ ប៉ុន្តែ​ការបង្ក​កំហុស​របស់អ្នកចាំទី សាវែង សំណាង នាំ​ឱ្យ​អាជ្ញាកណ្តាល​ផ្តល់បាល់​ពិន័យ​ឱ្យក្រុម​អង្គរ​ថាយហ្គឺរ ហើយកីឡាករ​ជប៉ុន Nagashima ជាអ្នកធ្វើ​បានសម្រេច​នៅនាទីទី​៦០។

ការដណ្តើម​បាន​ត្រឹម​១ពិន្ទុនេះ បាន​ធ្វើ​ឱ្យក្រុម​ភ្នំពេញក្រោន បាត់បង់ទីតាំង​កំពូល​តារាង​របស់​ខ្លួន ដោយ​​ធ្លាក់ទៅ​ឈរ​នៅលេខ​រៀង​ទី​២វិញ ហើយក្រុម​ស្វាយរៀង ឡើង​មក​ឈរ​នៅលេខ​១ មាន​​៤៩ពិន្ទុលើស​​​ភ្នំពេញក្រោន១ពិន្ទុវិញ (​៤៨ពិន្ទុ) ហើយ​តាម​ពីក្រោយ​ក្រុម​វិសាខា ដែល​មាន​៤១ពិន្ទុ និងក្រុម​អង្គរ​ថាយហ្គឺរ មាន​៣៤ពិន្ទុ សម្រាប់ការ​ប្រកួតចំនួន​១៩​លើក​ដូចគ្នា។

ចំណែក​ក្រុមណាហ្គាវើលដ៍ បាន​យក​ឈ្នះក្រុមម្ចាស់​ផ្ទះ​​ក្រសួងមហាផ្ទៃ ២-១ កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ ដើម្បីឈរ​នៅលេខ​៥ ​មាន​៣៣ពិន្ទុ​ ហើយក្រុមបឹង​កេត បាន​លត់​ក្រុម ISI ដង្កោសែន​ជ័យ រហូត​ដល់ ៨-១ សម្រាប់ការ​ប្រកួត​ប្រជែង​គ្នា​យក​តំបន់កំពូល​តារាង​ទាំង​៦ (Top6) កាលពី​ថ្ងៃសៅរ៍។

មាន​ន័យ​ថា បឹងកេត មានសុវត្ថិភាពហើយ សម្រាប់​ការ​រក្សា​ទីតាំង​លេង​នៅ Top6  តែ​ក្រុមមាន​២៤ពិន្ទុ ISI ​ត្រូវ​ធ្លាក់​ទៅលេង​នៅក្រុមចំណាត់ថ្នាក់ក្រោម​គេ​ទាំង​៥ (Bottom5)៕