ក្រុម​ស្នងការ​នគរ​បាល​ខេត្ត​ស្វាយរៀង បាន​នឹងកំពុង​ធ្វើព្យុះ​ភ្លៀង នៅ​ក្នុងការ​ប្រកួត​កីឡាបាល់​ទះ «តេជោលីគ» រដូវ​កាល​ទី​២ ឆ្នាំ​២០២៥ តាម​រយៈការ​​ការ​ដណ្តើម​បានជ័យជម្នះ​លើ​ក្រុម​ខ្លាំងៗ ដើម្បី​ឈរ​នៅ​កំពូល​តារាង ក្នុងជុំទី​២ ជាបណ្តោះ​អាសន្ន។

បើ​ទោះបីជា​ក្រុម​ស្វាយរៀង បានត្រឹមចំណាត់​ថ្នាក់លេខ​៥ សម្រាប់ការ​ប្រកួត​ជុំទី​១ ដែល​មាន​៨​ក្រុម ដោយការ​ឈ្នះ​៣ និងចាញ់​ដល់​៤​ប្រកួត ប៉ុន្តែ​​ក្រុមមួយនេះ បែរ​ជាអាចកែ​ប្រែ​ស្ថាន​ភាពលេង​បាន​យ៉ាង​ល្អបំផុត នៅ​ក្នុងការ​ប្រកួត​ជុំ​ទី២នេះ ដោយ​ពួក​គេ​បាន​យក​ឈ្នះ​ក្រុមការពារ​តំណែង​ជើងឯក បញ្ជាការ​ដ្ឋានអង្គរក្ស ក្រុមជើងឯក​រង វិសាខា និងក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ ដោយ​លទ្ធផល៣សិត​ដាច់ (៣-០) ដូចគ្នា។

ចំពោះកម្រិត​លេង​របស់​ក្រុមខេត្តស្វាយរៀង នៅពេលនេះ គឺមានភាព​ល្អ​ប្រសើរ​ខ្លាំង​ជាង​ការ​ប្រកួត​ជុំ​ទី​១ ហើយ​អ្វី​ដែលគេចាប់អារម្មណ៍បំផុត​នោះ គឺ​វត្តមាន​កីឡាករ​​ឥណ្ឌា R.Ashwal និង S.Praful ដោយ​អ្នកទាំង​២នេះ មានគុណ​ភាព​ទាំងការ​វាយ​ប្រយុទ្ធ និងការ​ធ្វើ​ជា​រនាំង​។

ម្ចាស់អាវ​លេខ​១១ R.Ashwal និងម្ចាស់អាវ​លេខ​៧ S.Praful ​បាននឹង​កំពុង​​បង្ហាញពីគុណ​ភាព​លេងយ៉ាង​ល្អ​បំផុត ក្នុងការ​ប្រកួត​តេជោលីគ ក្នុងជុំទី​២នេះ ជាពិសេស R.Ashwal ព្រោះ​​ការ​យក​ឈ្នះ​​ក្រុម​បញ្ជា​ការ​ដ្ឋានអង្គរក្ស ក្រុមកងពល​ធំអន្តរាគមន៍​លេខ​៣ និង​​​ក្រុម​វិសាខា កន្លងមកនេះ ស្មាត់ធំ​របស់​ឥណ្ឌា​ម្នាក់នេះ បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អប្រចាំ​ការ​ប្រកួតទាំង​៣នេះតែម្តង។

តារាងចំណាត់ថ្នាក់ការប្រកួតជុំទី២ នៃការប្រកួតបាល់ទះ «តេជោលីគ» រដូវកាលទី២ ឆ្នាំ២០២៥។

ចំណែក​កីឡាករ​របស់គុយបា Herrera Cabrera ក៏ជា​ផ្នែកមួយ​យ៉ាងសំខាន់ ក្នុងការ​ជួយ​ឱ្យក្រុម​ខេត្តស្វាយរៀង ទទួលបានជ័យជម្នះ៣លើកជាប់ៗ​គ្នា​នេះ​ផងដែរ គឺ​កីឡាករ​បរទេស​ទាំង៣នេះ កំពុង​បង្កើតឱ្យមានការ​ភ្ញាក់ផ្អើល​ខ្លាំង ក្នុង​ការលើក​​កម្ពស់គុណ​ភាព​លេង​របស់​ក្រុមខេត្តស្វាយរៀ ឱ្យត្រដែតលើគេ ក្រោមការ​លើក​បាល់​យ៉ាងស្ទាត់ជំនាញ​​​របស់អតីត​អ្នក​លើក​បាល់​ដៃទី​១នៃ​ក្រុម​​ជម្រើសជាតិ សួន ចាន់ណារ៉ូ។

យ៉ាងណាក៏​ដោយ អតីតអ្នក​លើក​បាល់​ដៃទី​១​របស់ក្រុម​វិសាខា សួន ចាន់ណារ៉ូ បាន​អះអាង​ថា រូបគេ​ផ្ទាល់ និងមិត្ត​រួម​ក្រុម​ផ្សេង​ទៀត ហាក់នៅមិនទាន់អាចសម្រប​ការ​លេង​ឱ្យបាន​ល្អ​១០០​ភាគ​រយ ​ជាមួយ​ស្មាត់​ធំមកពីឥណ្ឌា R.Ashwal និង S.Praful នៅឡើយទេ ព្រោះទើប​តែ​បាន​លេងជាមួយគ្នា​៥ទៅ​៦​ប្រកួត​ នៅតេជោលីគ​នេះ​ទេ ហេតុនេះត្រូវតែ​ពង្រឹង​គុណ​ភាពលេង​ជាក្រុម​បន្ថែម​ទៀត។

សួន ចាន់ណារ៉ូ បានប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​បែប​នេះ​​ថា៖ ​«ពួកគាត់ (Ashwal និង Praful) ជាកីឡាករ​​លំដាប់​ខ្ពស់​នៅប៉ែក​​អាស៊ី ដែល​ធ្លាប់​លេង​ឱ្យ​ក្រុមជម្រើសជាតិ​។

ពួកគាត់មានគុណ​ផល​​ល្អ​ ប៉ុន្តែសម្រាប់​​យើងនៅ​មិនទាន់​អាច​សម្រប​​ការ​លេង​ឱ្យត្រូវជាមួយគាត់​​ប៉ុន្មាន​​ទេ អ៊ីចឹង​​​យើងនឹង​​​​​ប្រឹង​ប្រែង​សម្រប​ការ​លេង​បន្ថែម​ទៀត ដើម្បី​ឱ្យក្រុម​យើង​លេង​កាន់តែ​បាន​ល្អ»។

ការប្រកួតរវាងក្រុមបញ្ជាការដ្ឋានអង្គរក្ស (ពណ៌ក្រហម) និងក្រុមក្រសួងមហាផ្ទៃ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃអាទិត្យ។ រូបថត សហព័ន្ធ

ចំណែកក្រុម​ក្រសួងមហាផ្ទៃ ដែលទទួល​បាន​លេខ​១ ក្នុងការ​ប្រកួត​ជុំទី​១​នោះ ក៏នៅតែ​រក្សា​ភាពខ្លាំង​របស់ខ្លួន ដោយពួកគេ​បាន​ឈ្នះទាំង​៣​ប្រកួត នៅជុំទី​៣នេះ​ គឺ​ការ​យក​ឈ្នះក្រុម​កងពល​ធំ​អន្តរាគមន៍លេខ​៣ ដោយ​លទ្ធផល ៣-១ ហើយ​​ឈ្នះក្រុម​​បញ្ជការ​ដ្ឋាន​អង្គរក្ស និងក្រុមស្នងការនគរ​បាល​រាជធានីភ្នំពេញ ៣-០ ដូចគ្នា។

លទ្ធផលនេះ​បានជួយ​ឱ្យក្រុម​ក្រសួងមហាផ្ទៃ ឈរនៅលេខ​២​ជាបណ្តោះអាសន្ន ដោយមាន​៩ពិន្ទុ​ស្មើជាមួយក្រុមខេត្ត​ស្វាយរៀង ហើយក្រុមទាំង​២​នេះ បាន​ឈ្នះ​កៅអី​ឡើង​ទៅ​ប្រកួត​វគ្គ​ខ្វែង​៤​ក្រុមចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​ហើយ បើទោះ​បីជា​ការ​ប្រកួតវិលជុំ​សន្សំពិន្ទុ​ក្នុងជុំទី​២នេះ នៅ​សល់​២​ប្រកួត​ទៀត។

ដោយឡែកក្រុមស្នងការនគរបាលរាជធានីភ្នំពេញ បាន​ឈ្នះ​២ និងចាញ់​១​ប្រកួត កំពុង​ឈរ​នៅលេខ​៣ មាន​៦ពិន្ទុ រីឯ​​ក្រុម​ការពារ​តំណែង​ជើងឯក បញ្ជាការដ្ឋាន​អង្គររក្ស ធ្វើ​មិនសូវបាន​ល្អទេ សម្រាប់ការ​ប្រកួត​ជុំទី​២នេះ ដោយ​៣​ប្រកួតមក​នេះ ​បាន​ឈ្នះ​​១​ និងចាញ់​២​ប្រកួត កំពុ​ង​ឈរ​នៅលេខ​៤មាន​៣ពិន្ទុ ប៉ុន្តែ​ប្រសើរជាង​ក្រុម​ធ្លាប់មានគុណ​ភាព​លេង​ល្អ​ផ្តាច់គេ វិសាខា ដែលកំពុង​ឈរនៅតំបន់កាត់​ចោលជាមួយក្រុម​កងពល​ធំ​អន្តរាគមន៍លេខ​៣ ដោយ​បានចាញ់ទាំង​៣​ប្រកួត​ដូចគ្នា៕