
ក្រុមកីឡាករ និងគ្រូបង្វឹករបស់ក្រុមគិរីវង់សុខសែនជ័យ បានបង្ហាញអាវរបស់កីឡាករ រី លាភផេង នៅក្រោយការប្រកួតជាមួយក្រុមទ័ព ដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់អាវលេខ៣២រូបនេះ ឱ្យឆាប់បានជាសះស្បើយ។ រូបថត ក្រុមគិរីវង់
ក្រុមកងយោធពលខេមរភូមិន្ទ(ទ័ព) មិនអាចយកប្រៀបក្នុងនាមជាម្ចាស់ផ្ទះ ដើម្បីបន្តយកឈ្នះលើក្រុមគិរីវង់សុខសែនជ័យ ក្នុងជុំទី២ នៃលីគកំពូលកម្ពុជា ដូចទៅនឹងការប្រកួតជុំទី១ ដែលពួកគេបានឈ្នះ ៧-១ ទៀតនោះទេ ហើយជំនួបលើកនេះ ក៏បានជួបហេតុការណ៍ដ៏រន្ធត់មួយផងដែរ ខណៈកីឡាករ រី លាភផេង បានរងរបួសរហូតត្រូវបានដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែតនោះ។
តាមរយៈការប្រកួតនៅកីឡដ្ឋានស្តាតចាស់ កាលពីព្រលប់ថ្ងៃចន្ទ កីឡាកររបស់ក្រុមគិរីវង់សុខសែនជ័យ រី លាភផេង បានលោតតែតបាល់ត្រូវក្បាលជាមួយខ្សែការពារ វ៉ន ផល្លា របស់ក្រុមទ័ព ពេញមួយទំហឹង និងបានធ្លាក់បោកខ្លួនទៅនឹងដីមួយទំហឹង ធ្វើឱ្យបាត់បង់ស្មារតី។ ក្រុមគ្រូពេទ្យប្រចាំទីលាន បានធ្វើការសង្រ្គោះបឋមដល់ លាភផេង ប្រមាណ២នាទី រួចក៏សម្រេចឱ្យឡានពេទ្យបើកចូលទីលាន ដើម្បីដឹកម្ចាស់អាវលេខ៣២រូបនេះទៅកាន់មន្ទីរពេទ្យតែម្តង ខណៈរូបគេ នៅតែមានស្មារតីមិនប្រក្រតីនោះ។
ស្ថានភាពរបស់ រី លាភផេង បានធ្វើឱ្យគ្រប់គ្នា នៅក្នុងហេតុការណ៍នោះ មានការរន្ធត់ និងបារម្ភខ្លាំងដល់កីឡាកររបស់ក្រុមគិរីវង់សុខសែនជ័យម្នាក់នេះ។ ពួកគេ បានធ្វើការបួងសួង សុំឱ្យ លាភផេង គេចផុតពីគ្រោះអាក្រក់មួយនេះ។

ការលោតតែតបាល់ពីលើកំហអាកាសរបស់កីឡាករ រី លាភផេង និងខ្សែការពារ វ៉ន ផល្លា ដែលបណ្តាលឱ្យ លាភផេង មានរបួសធ្ងន់រហូតត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅមុន្ទីរពេទ្យ។ រូប CPL
យ៉ាងណាក៏ដោយ បន្ទាប់ពីការទៅសួរសុខទុក្ខដោយផ្ទាល់ដល់កីឡាករ រី លាភផេង នៅមន្ទីរពេទ្យពីសំណាក់លោក សុខ សប្បាយណា អនុប្រធានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ រួមជាមួយក្រុមការងារ និងតំណាងពីក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រួចមក ក្លិបគិរីវង់សុខសែនជ័យ បានឱ្យដឹងថា ស្ថានភាពរបួសរបស់ លាភផេង ស្ថិតក្នុងភាពវិជ្ជមានទេ។
ក្លិបគិរីវង់សុខសែនជ័យ បានបង្ហោះសារបែបនេះថា៖ «បន្ទាប់ពីកីឡាករ លាភផេង ត្រូវបានបញ្ចូនទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យក៏បានបញ្ចូនអ្នកជំងឺទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ហើយបានធ្វើការ ស្កែន ខួរក្បាល លលាដ៍ក្បាល ព្រមទាំងធ្វើការថតមើលសួត និងឆ្អឹងដងខ្លួនផងដែរ ដើម្បីប្រាកដថា កីឡាករបានពិនិត្យគ្រប់ជ្រុងជ្រោយ»។
ក្លិបបានបន្ថែមថា៖ «ក្រោយការធ្វើការពិនិត្យរួចរាល់ពីក្រុមគ្រូពេទ្យជំនាញ លទ្ធផលចេញមក គឺវិជ្ជមានសម្រាប់ លាភផេង គឺមិនមានបញ្ហាអ្វីជាអវិជ្ជមាននោះទេ។ តាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ លាភផេង នឹងស្នាក់នៅមន្ទីរពេទ្យកាល់ម៉ែតចំនួនពីរថ្ងៃជាបណ្តោះអាសន្នសិន ដើម្បីតាមដានបន្ថែម»។
ចំពោះហេតុការណ៍អាក្រក់នៃការតែតបាល់បុកក្បាលគ្នារវាងកីឡាករ រី លាភផេង និង វ៉ន ផល្លា នៅនាទីទី៧នោះ គឺក្រុមអាជ្ញាកណ្តាល បានសម្រេចពន្យាពេលការប្រកួតរហូតដល់នាទី២៣ ដើម្បីឱ្យក្រុមទាំង២ បានសម្រួលអារម្មណ៍បានល្អវិញ ហើយក្នុងនោះខ្សែការពារ វ៉ន ផល្លា ក៏ត្រូវបានប្តូរចេញផងដែរ។

លោក សុខ សប្បាយណា អនុប្រធានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ពេលទៅសួរសុខទុក្ខកីឡាករ រី លាភផេង នៅមន្ទីរពេទ្យកាល់ម៉ែត។ រូបថត ក្រុមគិរីវង់
ជាលទ្ធផលនៃការប្រកួតនោះ កីឡាករ សៅ វ៉ៃហ្វី បានស៊ុតបាល់បញ្ចូលទី ជួយឱ្យក្រុមភ្ញៀវ គិរីវង់សុខសែនជ័យ នាំមុខក្រុម ១-០ នៅនាទីទី៣៤ ប៉ុន្តែកីឡាករជប៉ុន Konishita Reiya រកបាន១គ្រាប់វិញឱ្យក្រុមទ័ព នៅនាទីទី៥៩ ដែលធ្វើឱ្យការប្រកួតនេះ បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ គឺខុសពីការជួបគ្នាកាលជុំទី១ ដែលក្រុមទ័ព បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវ់ង់សុខសែនជ័យ រហូតដល់ ៧-១។
តាមរយៈការចែកគ្នាម្នាក់១ពិន្ទុលើកនេះ បានជួយឱ្យក្រុមគិរីវង់សុខសែនជ័យ ឡើងមកឈរនៅលេខរៀងទី១០ ជាលើកដំបូង ក្រោយឈរនៅបាតតារាង ចាប់តាំងពីបើករដូវកាលមក ព្រោះការការទទួលបាន១ពិន្ទុពីការប្រកួតលើកទី២០ និងជាការប្រកួតចុងក្រោយក្នុងជុំទី២នៃលីគកំពូលកម្ពុជារបស់ពួកគេនេះ ធ្វើឱ្យក្រុមគិរីវង់ មាន៦ពិន្ទុ លើសក្រុមក្រសួងមហាផ្ទៃ ចំនួន១ពិន្ទុ។
ចំណែកក្រុមទ័ព ឈរនៅលេខ៨ មាន១៩ពិន្ទុ ហើយយោងតាមលទ្ធផលនេះ គឺក្រុមទ័ព និងគិរីវង់សុខសែនជ័យ ត្រូវធ្លាក់មកប្រកួតក្នុងចំណោមក្រុមចំណាត់ថ្នាក់ក្រោមគេទាំង៥ (Bottom5) ជាមួយក្រុម ISI ដង្កោសែនជ័យ ក្រុមឡាយហ្វខេត្តព្រះសីហនុ និងក្រុមក្រសួងមហាផ្ទៃ ចំណែកក្រុមឈរនៅលេខ១ ព្រះខ័នរាជស្វាយរៀង ក្រុមលេខ២ ភ្នំពេញក្រោន ក្រុមលេខ៣ វិសាខា ក្រុមលេខ៤ អង្គរថាយហ្គឺរ ក្រុមលេខ៥ ណាហ្គាវើលដ៍ និងក្រុមកំពុងឈរនៅលេខ៦ បឹងកេត ត្រូវឡើងទៅលេងនៅតំបន់កំពូលតារាងទាំង៦ (Top6) ក្នុងជុំទី៣ ដើម្បីប្រជែងគ្នាយកពាន៕