ក្រុមអ្នកជិះកង់មកពី​៩រាជធានី​-ខេត្ត បានចុះ​ឈ្មោះ​ជាមួយ​សហព័ន្ធ​កីឡាទោចក្រយាន​កម្ពុជា​រួច​ហើយ ដើម្បី​ចូលរួមក្នុង​ព្រឹត្តិការណ៍ «ជិះកង់ភ្នំពេញ-បាត់ដំបង» លើ​ចម្ងាយ​ផ្លូវ​សរុប​២៩២គីឡូម៉ែត្រ ដើម្បី​រួម​គ្នា​​រៃអង្គាស​ថវិកា​ជួយ​ដល់​ក្មេងៗក្រីក្រ នៅ​អង្គការមូលនិធិនៃ​ក្តីសង្ឃឹម​កុមារ​កម្ពុជា ​(HOPE) នៅទីរួម​​ខេត្តបាត់បង។

កម្មវិធីសប្បុរសធម៌​ជិះកង់​ដើម្បី​កុមារ​កម្ពុជា​នេះ នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​ខាងមុខ​នេះ ហើយ​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធកីឡាទោចក្រយានកម្ពុជា បាន​ឱ្យ​ដឹង​ថា កម្មវិធីនេះ​ មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ចំនួន​​៨០នាក់ មកពី​រាជធានី-ខេត្ត​ចំនួន​៩ គឺ​ខេត្ត​កណ្តាល កំពត កំពង់ស្ពឺ កំពុង​ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមាននជ័យ ខេត្តសៀម​រាប និង​ក្រុមជិះកង់​នៅ​រាជធានី​ភ្នំពេញ។

អ្នក​ចូលរួម​ភាគច្រើន និង​អ្នកគាំ​ទ្រ នឹង​មកជួបជុំ​គ្នា​នៅ​មុខវិមាន​រដ្ឋធម្មនុញ (វិមានឯក​រាជ) នា​ម៉ោង​៤ទៀបភ្លឺ នា​ថ្ងៃទី​១៥ ខែកុម្ភៈ ដើម្បី​ជិះកង់​រួមគ្នា​ចេញពី​ចំណុចនេះ នៅ​ម៉ោង​ ៤:៣០ ហើយ​​ក្រុម​ម៉ូតូធំ BMW ចំនួន​១០​គ្រឿង​ នឹងជិះអម​ក្បូន​ជិះកង់មួយនេះតាំងពី​ភ្នំពេញ រហូត​ដល់​ទី​រួមខេត្តបាត់ដំបង ​ចំណែក​អ្នក​ជិះ​ផ្សេង​ៗ​ទៀត អាច​រង់ចាំ​ជិះ នៅតាម​ទីតាំង​សម្រាក និងចេញ​ដំណើរ​បន្តចំនួន​៥​កន្លែង នៅ​ក្នុង​​ខេត្តមួយ​ចំនួន ដែលបានជិះ​​ឆ្លងកាត់។

តាមគម្រោង​ ​ក្បួនជិះកង់​រៃអង្គាស​ថវិកា​បែប​សប្បុរសធម៌នេះ នឹង​ធ្វើ​ដំណើរទៅ​ដល់​គោលដៅ​អង្គការ HOPE ទីរួមខេត្ត​បាត់ដំបង នៅ​ម៉ោង​៥​រសៀល​​ ហើយនេះជា​លើក​ទី​១​ ដែលសហព័ន្ធកីឡាទោចក្រយាន​កម្ពុជា បាន​បង្កើត​ឱ្យមានកម្មវិធីជិះកង់​ទៅ​កាន់​ខេត្តបាត់​ដំបង ដើម្បីការងារ​សប្បុរសធម៌។

លោក នូ ចំរើន បាន​​បញ្ជាក់​ថា៖ ​«គោលបំណង​ធំ​របស់សហព័ន្ធ ដែល​រៀបចំព្រឹត្តិការណ៍នេះ​ឡើង គឺ​ដើម្បី​រៃអង្គាស​សម្ភារ និង​ថវិកា​មួយចំនួន​យក​ទៅជួយ​ដល់អង្គការ​ HOPE ដែល​មានការ​ខ្វះ​ខាត ហើយ​មួយ​ទៀត យើងចង់កៀរគរ​អ្នក​ជិះកង់ទាំង​អស់ ​ឱ្យចូលរួមជិះកង់​ពី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង ដើម្បី​បំផុស​ចលនា​កីឡាជិះកង់​ផង និង​ផ្សព្វផ្សាយ​វិស័យទេសចរណ៍​នៅកម្ពុជា​ផង ដែល​សម្បូរ​ទៅ​ដោយតំបន់ទេសចរណ៍​ទាំងនៅ​រាជធានី និង​ខេត្តនានា»។

អគ្គលេខាធិការ​រូបនេះ បានឱ្យ​ដឹង​ទៀត​ថា ការ​ជិះកង់​ពី​ភ្នំពេញ​ទៅកាន់​ខេត្តបាត់ដំបងនេះ ជា​ព្រឹត្តិការណ៍​ជិះ​កង់​ដំបូង​គេ ​ប្រចាំ​​ឆ្នាំ​២០២៥ ចំណែក​​ការ​រៀបចំកម្មវិធី «ជិះកង់ពី​ភ្នំពេញ​ទៅ​ខេត្ត​សៀម​រាប» កាលពី​ឆ្នាំ​២០២៤ សហព័ន្ធ ប្រមូល​បានថវិកា​តាមការ​បរិច្ចាគ​ផ្សេងៗ​សរុប​២១​លាន​រៀល និងសម្ភារ​មួយចំនួន​ទៀត យក​ទៅ​ជូន​ដល់មន្ទីរពេទ្យ​កុមារអង្គរ។ ប៉ុន្តែ​ចំនួនថវិកា​រៃអង្គាស សម្រាប់​យក​ទៅ​ជួយ​ដល់អង្គការ HOPE នៅ​ទីរួមខេត្ត​បាត់ដំបង​ខាងមុខ​នេះ ទើបតែ​បាន​​ជាង​១ពាន់​ដុល្លារ​ទេ។

លោក នូ ចំរើន បាន​និយាយ​ថា៖ ​«ចំនួន​​ថវិកា​ដែល​យើង​ប្រមូល​បាន​តាម​រយៈ​ការ​​បរិច្ចាគ​របស់​អ្នក​ចូលរួម ក៏​ដូចជា​​តាម​រយៈ​ Page និង​​អ្នក​គ្រប់​គ្រង​កម្ម​វិធី​របស់យើង បាន​ជាង​១ពាន់​ដុល្លារ​ហើយ ហើយសហព័ន្ធ ក៏មានជាសម្ភារដូចជា​នំ ទឹកដោះគោ និង​ដប​ទឹក​មួយចំនួន​ទៀត ហេតុ​នេះ​យើងខ្ញុំសូមអំពាវនាវ​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​យើង​ផ្សេងៗ​ទៀត មេត្តា​​ចូលរួម​បរិច្ចាគបន្ថែម ដើម្បី​យើងបាន​ថវិកា​ច្រើនជាងនេះ យក​ទៅ​ជួយ​​ដល់​អង្គការ HOPE»។

យ៉ាង​ណាក៏ដោយ លោក ធី សុធឿន នាយក​អង្គការ HOPE នៅ​ទីរួម​ខេត្តបាត់ដំបង បានបង្ហាញ​ភាព​សប្បាយ​រីករាយ​ខ្លាំង ដែល​អង្គការ​របស់លោក បានបង្កើតទំនាក់​ជាមួយសហព័ន្ធ​កីឡជាតិ ដើម្បី​យើងអាច​មាន​លទ្ធភាព​ទិញឯកសណ្ឋាន និងកង់ ​ជួយ​ដល់​ក្មេងៗជិត​១០០​នាក់ នៅក្នុងការសហគមន៍ ដែលកំពុងមានការ​ខ្វះ​ខាត។

លោក​បានថ្លែង​ថា៖​ «​យើងអាច​ដឹង​ថា ថវិកា ដែលយើង​នឹងទទួលបានតាម​រយៈ​កម្មវិធីជិះកង់នេះ មានចំនួន​មិនច្រើន ដូច​​​អ្វី​ដែល​យើង​ទទួលបាន​មកពី​ក្រៅ​ប្រទេសមក​នោះ​ទេ​ ប៉ុន្តែ​យើងពិតជា​សប្បាយចិត្តខ្លាំង ដែលបានកសាង​ទំនាក់ទំនង​ជាមួយសហព័ន្ធ​កីឡាជាតិ ហើយយើងនឹង​រៀបចំ​ស្វាគមន៍​ឱ្យបាន​ល្អបំផុត ដើម្បីជា​ការ​ដឹងគុណ​ដល់​ពួក​គាត់»។

លោកបាន​បន្ថែម​ថា៖ «ខ្ញុំ​ជឿជាក់ថា តាម​រយៈ​កម្មវិធីនេះ នឹងជួយ​បណ្តុះគំនិត​ឱ្យក្មេងៗ​របស់​យើង​ចេះ​ជួយគ្នា​ទៅ​វិញ​ទៅមក ហើយ​ដោយសារ​អ្នកជិះកង់មក​នេះ សុទ្ធតែ​ជាជនជាតិ​ខ្មែរអ៊ីចឹង​អារម្មណ៍​នៃ​ការ​ទំនាក់ទំនងផ្ទាល់​របស់​ក្មេងៗយើង វាអាច​មាន​តម្លៃ​ជាង​ឃើញ​បរទេស​ជួយដល់ពួក​គេ ហើយសកម្មភាព​ខ្មែរជួយ​ខ្មែរ​នេះ ក៏នឹង​ជួយបំផុសគំនិត​ដល់អាណាព្យាបាល​ ក៏ដូចជា​ក្មេងៗ​របស់យើង ឱ្យបន្តការ​សិក្សា​បាន​វែង​ឆ្ងាយ​ផងដែរ»៕