​ភ្នំពេញ៖ មាន​មនុស្ស​តិច​ណាស់​ដែល​ដឹងថា ​កម្ពុជា​បាន​អនុវត្ត​កីឡាស្ទួយ​ដល់​បរិស្ថាន​​អំឡុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជាម្ចាស់​ផ្ទះ​​។​

​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ចូលរួម​ចំណែក​ដោយ​​លោក ផាណាធុន ចាយសុន ថុង​​ មន្ត្រីការទូត​កីឡា​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​តួអង្គ​សំខាន់​ក្នុងការ​រួមបញ្ចូល​សក​ម្ម​ភាព​ជួយ​បរិស្ថាន​ទៅក្នុង​កីឡា​។​

​ចំណាប់អារម្មណ៍​របស់លោក ​ថុង ​ចំពោះ​សកម្មភាពបរិស្ថាន​​បាន​បង្កើតឡើង​ក្នុងអំឡុងពេល​សិក្សា​ក្រោយ​ឧ​ត្ត​ម​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។​

លោក ថុង បាន​និយាយថា នៅ​ឆ្នាំ ២០២២ និង​ខណៈពេលដែល​កំពុងធ្វើកា​រ​សម្រាប់ព្រឹត្ដិការណ៍​​ស៊ី​ហ្គេម​លើក​ទី ៣២ នៅ​កម្ពុជា លោក​បាន​មើលឃើញ​នូវ​ឱកាស​មួយ​ដើម្បី​បញ្ចូល​ចំណង់​ចំណូលចិត្ត​​ចំពោះ​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព​ជាមួយនឹង​អាជីព​​ក្នុងការ​គ្រប់គ្រង​កីឡា​។​

ពេលវេលា​គឺ​ល្អឥតខ្ចោះ ខណៈដែល​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ទើបតែ​បាន​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​រួមមាន​គំនិត​ផ្តួចផ្តើម​កីឡា​សម្រាប់​សកម្មភាព​អាកាសធាតុ​។ ក្នុងនាម​ជា​ហត្ថលេខី លោក ថុង មាន​ភារកិច្ច​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ក្នុង ​គណៈកម្មាធិកា​រ​ជាតិ​។​

លោក ថុង បាន​និយាយ​ថា៖ «​​មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣​ យើង​បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ ដើម្បីអនុវត្ដ​គំនិត​ផ្តួចផ្តើម​និរន្តរភាព​អាកាសធាតុ លើកកម្ពស់​ការយល់ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ និង​សារៈសំខាន់​របស់​វា​»។​

សកម្មភាព​អាកាសធាតុ​គឺជា​បញ្ហា​សកល មិន​កំណត់​ចំពោះ​ប្រទេស​អភិវឌ្ឍន៍ ឬ​ប្រទេស​កំពុងអភិវឌ្ឍន៍​នោះទេ​។ វា​ប៉ះពាល់​ដល់​មនុស្ស​គ្រប់គ្នា ដែល​​ត្រូវតែ​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​របស់​វា​។​

ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ចក្នុង​​ការផ្លាស់​ប្តូរ​​ទៅ​ចាប់​យក​ជម្រើស​​​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដូចជា​ការ​វេច​ខ្ចប់​ដែល​​ប្រើ​ប្រាស់​​ប្លា​ស្ទិ​ក​មាន​តម្លៃ​ថោក​​។​

Pañathun Jayson Thong មន្ត្រីការទូតកីឡានៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអ្នកដឹកនាំដ៏សំខាន់ក្នុងការរួមបញ្ចូលសកម្មភាពអាកាសធាតុទៅក្នុងកីឡា។ Yousos Abdoulrashim

លោក ថុង ដែល​ជា​ឯកអគ្គរដ្ឋទូត​យុវជន​អង្គការសហប្រជាជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​​នោះ​គឺជា​ពេលដែល​ខ្ញុំបាន​យល់ច្បាស់​ និង​ទទួលយក​ទំនាក់ទំនង​រវាង​កីឡា និង​ការប្រែប្រួល​អាកាសធាតុ​»។​

គម្រោង​ដ៏​លេចធ្លោ​មួយ​គឺ​ការដាក់ឱ្យ​ប្រើប្រាស់​កង់​អគ្គិសនី ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Voltra Company Limited​។​

​លោក​បាន​បន្ដ​ថា តាមរយៈ​ការបរិច្ចាគ និង​ឧបត្ថម្ភ​កង់​អគ្គិសនី​ប្រមាណ ៥០ គ្រឿងក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ​ជា​មជ្ឈមណ្ឌល​សំខាន់​ពីរ​សម្រាប់​កន្លែង​កីឡា​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម សមាជិក​បុគ្គលិក និង​មន្ត្រី​បច្ចេកទេស​អាច​ប្រើប្រាស់​កង់​ទាំងនេះ​សម្រាប់​ការងារ​របស់​ពួកគេ​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​នេះ​។​

លោក ថុង​ បាន​កត់សម្គាល់ថា៖ «​​សូម្បីតែ​នាយកដ្ឋាន​របស់ខ្ញុំ​ក៏​ពឹងផ្អែក​លើ​កង់​ទាំងនេះ​ដើម្បី​ផ្លាស់​ទី​រវាង​កន្លែង​នានា ដោយ​កាត់បន្ថយ​​កាបោន​​​យ៉ាងខ្លាំង»។​

ខណៈដែល​ឧបសគ្គ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បានធ្វើឱ្យ​គោលដៅ​និរន្តរភាព​​​ពិបាកសម្រេច​​ ការខិតខំ​ប្រឹងប្រែង​ត្រូវបាន​ធ្វើឡើង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​។ ទោះជា​យ៉ាងណាក៏ដោយ បញ្ហា​ប្រឈម​នៅតែ​កើតឡើង​​ ​ដូចជា​ ការគ្រប់គ្រង​កាកសំណល់​ជាដើម​។​

លោក ថុង បាន​រៀបរាប់ថា ការរួមបញ្ចូល​អាកាសធាតុ និង​វប្បធម៌​ទៅក្នុង​គណៈកម្មាធិការ​តែមួយ បានធ្វើ​ឱ្យមាន​ការពិបាក​ក្នុងការ​ផ្តោតលើ​គោលបំណង​អាកាសធាតុ​។​

លោក​បាន​ស្នើថា គណៈកម្មាធិការ​ដាច់ដោយឡែក​សម្រាប់​អាកាសធាតុ និង​និរន្តរភាព នឹង​ជួយ​លើកកម្ពស់​ការយល់ដឹង និង​ចូលរួម​ដៃគូ​ឯកជន​កាន់​តែមាន​ប្រសិទ្ធភាព​។

​ក្នុងអំឡុង​ស៊ី​ហ្គេម តួនាទី​សំខាន់​របស់លោក​​គឺ​នៅក្នុង​គណៈកម្មាធិការ​ទំនាក់ទំនង​អន្តរជាតិ ហើយ​​លោក​​ក៏​គាំទ្រ​គណៈកម្មាធិការ​វប្បធម៌ និង​អាកាសធាតុ​ផងដែរ​។​

លោក ថោង ថ្លែងថា ក្នុងពេលកំពុងបំពេញការងារសម្រាប់ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា លោកបានឃើញឱកាសមួយដើម្បីបញ្ចូលគ្នានូវចំណង់ចំណូលចិត្តរបស់គាត់ចំពោះការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពជាមួយនឹងអាជីពរបស់គាត់ក្នុងការគ្រប់គ្រងកីឡា។ Supplied

លោក​បាន​កត់សម្គាល់ថា ពួកគេ​ខ្វះ​ពេលវេលា និង​ធនធាន​ដើម្បី​ផ្តល់​អាទិភាព​យ៉ាង​ពេញលេញ​នូវ​និរន្តរភាព​។ លោក ថោង បាន​សង្កត់ធ្ងន់ថា ខណៈពេលដែល​សកម្មភាព ​ដូចជា ​ការសម្អាត​សំរាម និង​ការដាំ​ដើមឈើជាសកម្មភាព​ប្រកបដោយ​គុណតម្លៃ​​​នោះ ចាំបាច់​ត្រូវមាន​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ទូលំទូលាយ​បន្ថែមទៀត​។​

លោកបាន​ទទួលស្គាល់ថា​៖ «​ឱកាស​មួយ​ក្នុងចំណោម​ឱកាស​ដែល​ខកខាន​ធំ​បំផុត​របស់​យើង​គឺ​ការ​ចែកចាយ​ទឹក​»។​

ខុសពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស ដែលមានទីកន្លែង​ច្រកទឹកបន្ថែម​ជាច្រើន​ ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​ដប​ទឹក​ប្លា​ស្ទិ​ក​​​ប្រើតែ​មួយដង ដែលនាំឱ្យ​មានការ​ខ្ជះខ្ជាយ​យ៉ាងច្រើន​។​

ថ្មីៗ​នេះ លោក ថុង បាន​ដឹកនាំ​អត្ត​ព​លិ​ក​កម្ពុជា​ទៅ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស និង​បាន​សង្កេតមើល​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​និរន្តរភាព​សំខាន់ៗ​នៅ​ទីនោះ​។​

​ភូមិ​អត្ត​ព​លិ​ក​មិនមាន​ម៉ាស៊ីនត្រជាក់​ ដែលជា​​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ ខណៈពេលដែល​បន្ទប់​ទ​ទួល​ទាន​អាហារបាន​ប្រើ​ប្រាស់​ប្រភេទ​ម្ហូប​សម្បូរ​បន្លែ ​ដើម្បី​កាត់បន្ថយ​កម្រិត​កាបោន​។ លោក​បាន​កត់សម្គាល់ថា វិធានការ​ទាំងនេះ​អាច​ជាការ​បំផុសគំនិត​សម្រាប់​ព្រឹត្តិការណ៍​កីឡា​កម្ពុជា​នាពេល​អនាគត​។​

លោក ថុង បានបញ្ជាក់ថា​៖ «​យើង​មានការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣៣​នៅ​ប្រទេស​ថៃ​ក្នុង​ខែធ្នូ​នេះ​។ ដូច្នេះ​វា​នឹង​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​ការរៀន​ពី​មិត្ត​ភក្តិ និង​ដៃគូ​ក្នុង​តំបន់ ​​មើលថា ​តើ​ពួកគេ​កំពុង​ធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​អាកាសធាតុ​ទាំងនេះ​យ៉ាងពិត​ប្រាកដ​»​៕