សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បានចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​ជាបន្ទាន់​មួយ កាលពី​ថ្ងៃអាទិត្យ ដើម្បីបញ្ជាក់ពីឯក​រាជ្យ​ភាព និងគោលជំហរ​​របស់​ខ្លួន ក្នុង​ការអនុវត្តការងារ ក៏ដូចជា​រៀបចំការ​ប្រកួត​ប្រដាល់គុនខ្មែរ​ទាំង​ថ្នាក់ជាតិ និងអន្តរជាតិ ដោយមិន​ស្ថិតក្រោម​សហព័ន្ធ​គុនខ្មែរអន្តរជាតិ​នោះ​ទេ។

ការចេញ​សេចក្តី​ប្រកាស​​បែប​នេះ គឺ​ដើម្បី​ឆ្លើយ​តប​ទៅនឹង​សេចក្តីណែនាំ​​របស់​សហព័ន្ធគុនខ្មែរ​អន្តរជាតិ ដែល​​តម្រូវ​​ឱ្យ​សហព័ន្ធ​កីឡាគុនខ្មែរជាតិ ប្រចាំប្រទេស​នីមួយៗ ​ត្រូវស្នើ​សុំ​អាជ្ញាបណ្ណពីសហព័ន្ធ​គុនខ្មែរ​អន្តរជាតិ ទើប​​អាច​​រៀបចំ​​ការ​ប្រកួត​​កីឡា​ប្រដាល់​គុនខ្មែរ​ និង​គុនខ្មែរ​​អាជីព​ជា​លក្ខណៈ​​អន្តរជាតិ​​គ្រប់​ទម្រង់ លើសពី​៥​ប្រទេស​ឡើងទៅបាន។

សហព័ន្ធកីឡាប្រដាល់​គុនខ្មែរ ក្រោម​ការដឹកនាំ​របស់​លោក ខូវ ឆាយ បានបញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​របស់ខ្លួន​ថា៖ «សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ  មិនស្ថិត​នៅ​ក្រោម​សហព័ន្ធគុនខ្មែរ​អន្តរជាតិ​ឡើយ សហព័ន្ធមិនដែល​បាន​ធ្វើ​លិខិត​ជាលាយល័ក្ខ​អក្សរ​ស្នើ​សុំ​ចូលជា​សមា​ជិក​​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ​ម្តងណា​ទេ»។

ជាមួយ​គ្នានេះ សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ ​បានបង្ហាញ​ពីវិសាល​ភាព​​របស់​ខ្លួន ក្នុងនាម​ជា​សហព័ន្ធ​​កីឡា​ជាតិ ដែល​​ត្រូវ​បានបង្កើត​ឡើងតាំងពី​ឆ្នាំ​១៩៨០ ហើយ​ការ​អនុវត្តការងារ សកម្ម​ភាព​ ឈរ​លើ​បេសកកម្ម​របស់​ខ្លួន​​រហូត​ដល់​អាណត្តិទី​៨នេះ  គឺ​សហព័ន្ធ មានសមាគម​កីឡា​ប្រដាល់គុនខ្មែរ​ ក្រសួង រាជធានី-ខេត្ត ជាសមាជិក​​ចំណុះ​ចំនួន​២៣ និង​ក្លិប​ចំណុះ​ឱ្យ​សមាគម​​ចំនួន​១៤៤​ក្លិប។

សេចក្តីប្រកាស​ដដែលនេះ បាន​បន្ថែម​ថា យោងតាមប្រការ​៦ ជំពូក​ទី​៣ នៃ​លក្ខន្តិកសហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ បានចែង​យ៉ាង​ច្បាស់​អំ​ពីបេ​សកកម្មរបស់​សហព័ន្ធ មានសិទ្ធិ​គ្រប់​គ្រាន់​ក្នុងការ «ដឹកនាំ គ្រប់​គ្រង អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​កីឡា​ប្រដាល់គុនខ្មែរ​ នៅ​ទូទាំងព្រះ​រាជាណាចក្រ​​កម្ពុជា និង​នៅលើ​សកល​លោក» ត្រូវ​បានអនុម័ត​​ដោយអង្គមហាសន្និបាត នា​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៥ ទទួល​ស្គាល់​ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជា​សេនាធិការ​ជូនរាជរដ្ឋាភិបាល​កម្ពុជា។

លោក ខូវ ឆាយ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានបែបនេះ​ថា៖ «សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ មានបុព្វ​សិទ្ធិ និង​ស្វ័យ​ភាព​ពេញ​លេញ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​រៀបចំរាល់​ការ​ប្រកួតកីឡា​ប្រដាល់​គុនខ្មែរ ​គ្រប់​ទម្រង់ ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ ដោយមិន​អនុញ្ញាត​ឱ្យ​សហព័្ធ​គុនខ្មែរ​អន្តរជាតិ​មក​ជ្រៀត​ជ្រែក​ជា​ដាច់​ខាត»។

គួររំឭក​ថា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ កន្លងមកនេះ លោក មាម រ៉ា ប្រធាន​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ បានចេញ​សេចក្តីណែនាំមួយ ឱ្យ​​សហព័ន្ធ​កីឡាគុនខ្មែរជាតិ ប្រចាំប្រទេស​នីមួយៗ ទាំង​៦៥​ប្រទេស​ អនុវត្ត​តាម​ ទី​១ ការ​រៀបចំ​​ការ​ប្រកួត​​កីឡា​ប្រដាល់​គុនខ្មែរ​ជា​លក្ខណៈ​អន្តរជាតិ និង​ប្រកួតគុនខ្មែរ​​អាជីព​ជា​លក្ខណៈ​​អន្តរជាតិ​​គ្រប់​ទម្រង់លើសពី​៥​ប្រទេស​ឡើង នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ត្រូវស្នើ​សុំ​អាជ្ញាបណ្ណ និងសេចក្តី​​សម្រេច​​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ ហើយ​ត្រូវ​ប្រើ​ប្រាស់​​អាជ្ញាកណ្តាលចៅ​ក្រម​អន្តរ​​ជាតិ​របស់​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ។

ចំណុចទី​២ កីឡាករ កីឡាការិនី​​គុនខ្មែរ ជាតិ និង​អន្តរជាតិ​ ដែល​ចូលរួម​ប្រកួតកីឡា​គុនខ្មែរជា​អន្តរជាតិ ត្រូវ​មាន​អាជ្ញាបណ្ណ​កីឡា (Fighter License) ពី​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ ទើប​អាច​​ចូលរួម​​ជា​ផ្លូវ​ការ​​របស់​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ​បាន ហើយ​ទី​៣ សមាជិកពេញ​សិទ្ធិ គ្រប់​ប្រទេស​របស់​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ​ នឹង​ទទួលបាន​ជំនួយ​បច្ចេក​ទេស​ និងសិទ្ធិ​ស្របច្បាប់​ ក្នុងការ​រៀបចំ​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ ពីសហព័ន្ធគុនខ្មែរ​អន្តរជាតិ។

ប៉ុន្តែ​រាល់​​សេចក្តី​ណែនាំ​ទាំង​អស់​របស់​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ ត្រូវ​បានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ច្រាន​ចោល ហើយបានបញ្ជាក់​ជាចុងក្រោយ​ថា៖ «សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ មិនមែនជាសមាជិក​សហព័ន្ធគុនខ្មែរ​អន្តរជាតិ​នោះ​ទេ។ រាល់​សេចកក្តី​សម្រេច​ ឬការ​ចាត់​តាំងណាមួយ​ ចេញ​ដោយ​សហព័ន្ធគុនខ្មែរ​អន្តរជាតិ​ គឺ​មិនមាន​អនុភាពអនុវត្តលើ​​សមាគម​ និង​ក្លិប​ដែល​ជា​សមាជិក​​របស់សហព័ន្ធកីឡា​ប្រដាល់គុនខ្មែរ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ»។

ការ​ប្រកាន់ពីគោលជំហរ​យក​ត្រូវរៀងៗខ្លួន​​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​ទាំង​២នេះ ​​វាកំពុង​ក្លាយជាអណ្តាត​ភ្លើង​នៃ​ការ​​វិវាទ​ដ៏គួរ​ឱ្យបារម្ភ​ ដែលអាច​នឹងប៉ះពាល់​ដល់​ការពង្រីកសក្តានុពល «គុនខ្មែរ» ទៅកាន់​ឆាក​អន្តរជាតិ​ផងដែរ បើសិនជា​បញ្ហានេះ មិនត្រូវបាន​ដោះស្រាយ​ដោយសន្តិវិធី ពីស្ថាប័ន​ជាសេនាធិការរបស់រាជរដ្ឋាភិបាលទេនោះ៕