ក្លិប​បាល់​ទាត់​ព្រះខ័នរាជស្វាយរៀង បានសម្រេច​នាំ​យក​ខ្សែ​ប្រយុទ្ធ​​ប្រេស៊ីល២នាក់​ទៀត មក​​ជួយ​ដល់​ក្រុមទាំងការ​ប្រកួត​លីគកំពូល​កម្ពុជា និងការ​ប្រកួតវគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​​ពាន​រង្វាន់ AFC Challenge League ប៉ុន្តែ​ក្លិប​មានមូល​ដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​មួយនេះ នៅតែ​​រក្សា​ទុក ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Pablo Augusto ទោះ​ពេល​នេះរូបគេ​មិនទាន់​អាច​ចូល​លេង​បាន ដោយសារ​បញ្ហា​របួស។

តាម​​ការ​ជូនដំណឹង​ចំនួន​២​​ផ្សេង​គ្នា គឺ​ក្លិប​ព្រះ​ខ័ន​រាជស្វាយរៀង បាន​សម្រេច​ចុះ​កិច្ចសន្យា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ប្រេស៊ីល Breno Caetano កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ហើយ​កាល​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ក្លិប​មួយនេះ បានស​ម្រេច​នាំ​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​Matheus Moresche មក​ម្នាក់​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​កីឡាករ​ប្រេស៊ីល នៅក្នុង​ក្រុមស្វាយរៀង មាន​រហូត​ដល់​៥នាក់ រួមជាមួយ​កីឡាករជប៉ុន​២នាក់ និង​ឡាវ​១​នាក់។

តែទោះបីជា​យ៉ាងណា ចំពោះ​វត្តមាន​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​​២នាក់ចុងក្រោយ​នេះ គឺ​​ក្លិប​​ព្រះខ័នរាជស្វាយរៀង បាន​​ចុះ​កិច្ចសន្យា​ជាមួយ​កីឡាករ Breno Caetano ​សម្រាប់​លេងតែ​​នៅ​ក្នុង​ពាន​រង្វាន់ AFC Challenge League ​ទេ ចំណែក Matheus Moresche ត្រូវ​​ចូល​លេងជំនួស​ខ្សែ​ប្រយុទ្ធ Pablo នៅ​ក្នុង​ការ​ប្រកួត​លីគកំពូល​កម្ពុជា ដែល​នៅសេសសល់។

ក្លិប​ព្រះខ័នរាជស្វាយរៀង បាន​ជូនដំណឹងដល់អ្នកគាំទ្រ កាលពី​ល្ងាច​ថ្ងៃចន្ទ​ថា៖ «Pablo កំពុងស្ថិតក្រោមការស្តានីតិសម្បទាសម្រាប់របួសរបស់គាត់ ដោយត្រូវការរយៈពេលយ៉ាងតិច៦សប្តាហ៍ ហេតុនេះ​កីឡាករ Matheus នឹងជំនួស Pablo សម្រាប់ការប្រកួតដែលនៅសល់ក្នុងលីគកំពូលកម្ពុជា។ ប៉ុន្តែ Pablo នៅតែជាកីឡាកររបស់យើង​ ហើយគាត់នឹង​ចូល​រួម​ប្រកួតក្នុងពានរង្វាន់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​ពានរង្វាន់ AFC Challenge League»។

បន្ថែម​លើ​នេះ ក្រុម​​ព្រះខ័នរាជស្វាយរៀង ក៏បាន​ដាក់​ខ្សែ​ប្រយុទ្ធ​កម្ពស់ ១,៨០​ម៉ែត្រ Matheus Moresche ឱ្យ​ចូលរួម​ប្រកួត​វគ្គ​៨​ក្រុមចុងក្រោយ​​នៃ​ពានរង្វាន់ AFC Challenge League ផង​ដែរ ដោយក្រុមស្វាយរៀង ត្រូវ​​ប្រកួត​២ជើង​ជាមួយ​​ក្រុម Shan United របស់​មីយ៉ាន់ម៉ា នៅ​ក្នុង​ខែមីនា ឆ្នាំ​២០២៥។

ជាមួយគ្នានេះ Matheus Moresche ដែល​ធ្លាប់លេង​នៅលីគ​ប្រទេស​ប្រេស៊ីល លីគ​ប្រទេសបេឡារុស (Belarusian Premier League) លីគ​កំពូល​សិង្ហបុរី ( Singapore Premier League) លីគ​ប្រទេស​អូស្រ្តាលី (A-League Men) និង​លីគ​ប្រទេស​ចិន (China League One) បានបង្ហាញ​ភាពសប្បាយ​រីក​រាយ សម្រាប់​ការ​មក​លេង​នៅលីគ​កំពូល​កម្ពុជា ជា​លើកដំបូង ជាមួយក្រុមស្វាយរៀង លើកនេះ។

Matheus បាន​​អះអាង​ថា រូបគេ​​ពិតជា​មានការ​ភ្ញាក់​ផ្អើល​មែន​ទែន​ជាមួយ​ប្រទេស​កម្ពុជា ជាមួយក្រុមព្រះខ័នរាជស្វាយរៀង និង​កន្លែង​ហ្វឹក​ហាត់​ផងដែរ។ «ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​បាន​មក​ទីនេះ ដើម្បី​ចូលរួមជាមួយ​ក្រុម​ ហើយ​ខ្ញុំ​ព្យាយាម​ធ្វើ​ឱ្យ​បាន​ល្អ​ ដើម្បី​ជោគ​ជ័យជាមួយ​ក្រុម»។

ខ្សែ​ប្រយុទ្ធវ័យ​២៦​រូបនេះ បានបន្ថែម​ថា៖ «ក្លិប​ព្រះខ័ន​រាជស្វាយរៀង ពិតជា​អស្ចារ្យណាស់ គឺជា​ក្រុម​មួយ​ដ៏​ល្អនៅលីគ ហើយក្រុមទាំង​មូល មានទម្រង់​លេង​មួយ​ដែល​ល្អ ជាពិសេស​លោក​គ្រូ Pep ក៏​មកពី​ប្រទេស​អេស្ប៉ាញ​ អ៊ីចឹង​​នេះ​ជាមូល​ហេតុ​ដែល​ខ្ញុំ​មក​ទី​នេះ គឺ​​ល្អ​សម្រាប់កីឡាករ ដែល​ចូល​ចិត្ត​​គ្រប់​គ្រង​បាល់​ច្រើន»។​

យ៉ាងណា​ក៏​ដោយ Matheus Moresche បានឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា ​មានអាកាសធាតុក្តៅ​ ជាពិសេស​នៅក្នុងខែ​មេសា ប៉ុន្តែ​ដោយសារ​រូបគេ​ធ្លាប់លេង​នៅ​ប្រទេសប្រេស៊ីល និង​សិង្ហបុរី ហេតុ​នេះ​វាមិនជាបញ្ហា​សម្រាប់​រូបគេ ក្នុង​ការសម្រប​ខ្លួន​នោះ​ទេ ហើយម្ចាស់​អាវលេខ​៩៨​រូបនេះសង្ឃឹម​ថា រូបគេ​នឹង​ធ្វើ​បាន​ល្អជាមួយ​ក្រុមទាំង​មូល​ ដើម្បី​ទទួល​បាន​ជោគ​ជ័យទាំង​អស់​គ្នា​។

Matheus ​បានបញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ព្យាយាម​១០០​ភាគ​រយ! ទោះបីជាពេល​នេះ ​ខ្ញុំ​មិន​ទាន់​រួច​រាល់​១០០​ភាគ​រយ​ក៏​ពិតមែន ប៉ុន្តែ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​រួចរាល់​ក្នុង​ពេល​មួយ​អាទិត្យទៀត​។ ខ្ញុំ​នឹង​ព្យាយាម​ទាត់​បញ្ចូល​ទី​ឱ្យបាន​ច្រើន តាម​ដែលអាច​ធ្វើ​ទៅ​បាន និងលេង​ឱ្យ​បាន​ល្អ​ជាមួយកីឡាករ​ប្រេស៊ីល​ដទៃទៀត​ ដោយ​ខ្ញុំ​សង្ឃឹម​ថា គ្រប់​យ៉ាង​នឹង​ល្អ​​តាម​ផែន​ការ​របស់​យើង»៕