
ម្ចាស់មេដាយមាសស៊ីហ្គេេម ដែលធ្លាប់ខ្សែបានខ្សែក្រវាត់ច្រើនស្ថាប័ន បឺត សង្ឃឹម បានអះអាងថា នៅស្រុកខ្មែរ មិនខ្វះកីឡាករប្រកួតជាមួយអ្នកប្រដាល់ជប៉ុន ហ៊ីសៃ តៃម៉ូ នោះទេ។ រូបថត សហការី
ការបន្តយកឈ្នះលើជើងខ្លាំង ឈុត សេរីវ៉ាន់ថង ដោយពិន្ទុ ដើម្បីក្រសោបយកខ្សែក្រវាត់ត្រឡប់ទៅស្រុកវិញ ពីសំណាក់ជើងខ្លាំងវ័យក្មេងរបស់ជប៉ុន ហ៊ីសៃ តៃម៉ូ (Hisai Taimu) បានក្លាយជាប្រធានបទក្តៅ ដែលធ្វើឱ្យពិភពប្រដាល់គុនខ្មែរ កំពុងក្រឡាប់ចាក់ខ្លាំង ព្រោះម្នាក់ៗបារម្ភខ្លាចមិនអាចរកកីឡាករ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម មកប្រកួតជាមួយកីឡាករជប៉ុននេះបាន នាំឱ្យប៉ះពាល់ដល់ប្រជាប្រិយភាព «គុនខ្មែរ»។
អ្នកគាំទ្រភាគច្រើន រួមទាំងគ្រូបង្វឹកមួយចំនួនផងនោះ បានលើកជាយោបល់ថា កីឡាករគុនខ្មែរ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដែលអាចប្រកួតជាមួយ តៃម៉ូ មានមិនច្រើនទេ ហើយបើប្រកួតបាន ក៏អាចនឹងចាញ់ដោយសន្លប់ផងដែរ ព្រោះសមត្ថភាពរបស់ តៃម៉ូ ពេលនេះល្អជាងពេលដែលរូបគេវ៉ៃជើងខ្លាំង ពេជ្រ សម្បត្តិ ឱ្យសន្លប់ក្នុងទឹកទី៣ នៅលើទឹកដីជប៉ុនទៅទៀត។
ការលើកសរសើរកីឡាករជប៉ុន ហ៊ីសៃ តៃម៉ូ ឡើងផ្អើលពេញស្រុកខ្មែរនេះ បានធ្វើឱ្យជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាល បឺត សង្ឃឹម អស់សំណើចចំពោះការធ្វើព្យុះភ្លៀងនេះ ហើយបានចេញមុខមកអះអាងថា នៅស្រុកខ្មែរ មិនខ្វះកីឡាករ ប្រកួតជាមួយ តៃម៉ូនោះទេ។
បឺត សង្ឃឹម បាននិយាយតាមរយៈវីដេអូខ្លីរបស់ខ្លួន កាលពីថ្ងៃអង្គារថា៖ «ត្រឹម តែម៉ូ ម្នាក់សោះកក្រើកស្រុកខ្មែរប៉ុណ្ណឹងហើយ ចុះទម្រាំអ្នកខ្លាំងរបស់គេជាងហ្នឹងទៀត ម៉េចទៅ? យើងនិយាយការពិត ដើម្បីឱ្យមើលឃើញទាំងអស់គ្នា គឺនៅស្រុកខ្មែរអត់ខ្វះទេ កីឡាករដែលអាចវ៉ៃជាមួយ តែម៉ូ បាននោះ»។

ជើងខ្លាំងរបស់ជប៉ុន ហ៊ីសៃ តៃម៉ូ បានស្ពាយខ្សែក្រវាត់ ដែលរូបគេទើបដណ្តើមបានពីការប្រកួតជាមួយ ឈុត សេរីវ៉ាន់ថង នៅលើទឹកដីកម្ពុជា កាលពីសប្តាហ៍មុន។ រូបថត សហការី
កីឡាករ បឺត សង្ឃឹម មិនបានចុចឈ្មោះកីឡាករក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដែលអាចប្រកួតជាមួយ តៃម៉ូ នោះទេ ប៉ុន្តែរូបគេផ្ទាល់ ក៏មានចិត្តចង់ប្រកួតជាមួយ តៃម៉ូ ផងដែរ ស្របពេលដែលអ្នកគាំទ្រមួយចំនួនយល់ថា បឺត សង្ឃឹម អាចជាជម្រើសដ៏ស័ក្តិសមជាងគេ ក្នុងការជួបកីឡាករជប៉ុនម្នាក់នេះ ខណៈ តៃម៉ូ ផ្ទាល់ ក៏មានបំណងចង់ប្រកួតជាមួយ បឺត សង្ឃឹម ដូចគ្នា។
បឺត សង្ឃឹម បាននិយាយថា៖ «ត្រឹមវ៉ៃគ្នាសោះ មានអីខ្លាច! បើបងប្អូនយល់ថា ខ្ញុំអាចវ៉ៃបាន គឺខ្ញុំវ៉ៃបាន ព្រោះខ្ញុំមិនមែនមនុស្សមិនចេះវ៉ៃឯណា! ហើយកីឡាករប្រភេទ៦០គីឡូក្រាម នៅស្រុកខ្មែរ ខ្វះណាស់ឬ? អត់ខ្វះទេ គ្រាន់តែថា ឱ្យតម្លៃពួកខ្ញុំអត់?»។
នៅក្នុងចំណុចនេះ បឺត សង្ឃឹម ចង់ឱ្យម្ចាស់ស្ថានីយ ឬអ្នករៀបចំកម្មវិធីប្រកួត ត្រូវផ្តល់ដំណឹងនៃការប្រកួតជាមួយ តែម៉ូ ឱ្យបានមុន ដើម្បីឱ្យកីឡាករកម្ពុជា មានពេលវេលាហ្វឹកហាត់បានល្អ ជាពិសេសត្រូវផ្តល់រង្វាន់ធំ សម្រាប់អ្នកដែលត្រូវប្រកួតជាមួយ តៃម៉ូ ព្រោះ បឺត សង្ឃឹម មួយនឹង តៃម៉ូ បាន។តជាមួយនឹង តែ់រជឿជាក់ថា ទឹកចិត្តកីឡាករ និងការប្រយុទ្ធ គឺចង់បាន និងចង់ឈ្នះដូចគ្នា អ៊ីចឹងការប្រឹងប្រែងក៏មកតាមហ្នឹងដែរ។
បឺត សង្ឃឹម បានបញ្ជាក់ថា៖ «បើចង់ឱ្យវ៉ៃជាមួយ តែម៉ូ ត្រូវប្រាប់មុន ឧទាហរណ៍ដូចជាខ្ញុំ ឬអ្នកណាផ្សេង គឺត្រូវផ្តល់ពេលវេលា និងត្រៀមរង្វាន់មួយសម្រាប់ពួកគាត់ និងខ្ញុំដូចគ្នា ព្រោះមិនខ្វះទេ អ្នកដែលវ៉ៃជាមួយ តែម៉ូ បាន ហើយអ្នកខ្លះក៏មានក្បាច់គុនអាចឈ្នះ អ្នកខ្លះក៏អាចចាញ់ ព្រោះកីឡាមើលមិនឃើញទេ ប៉ុន្តែសួរថា មានអ្នកវ៉ៃជាមួយ តែម៉ូ បានទេ? គឺមានច្រើនណាស់»។
ក្រៅពី បឺត សង្ឃឹម គ្រូបង្វឹកមួយចំនួន ក៏បានចុចឈ្មោះកីឡាករ សុខ ធី និង ចំរើន គុនខ្មែរ ផងដែរ ខណៈបេក្ខភាពទាំង២នេះ សុទ្ធតែបានអះអាងពីការចូលខ្លួនមកប្រកួតជាមួយជើងខ្លាំង ហ៊ីសៃ តៃម៉ូ បើសិនជាមានការរៀបចំឱ្យពួកគេប្រកួតក្នុងព្រឹត្តិការណ៍ធំជាមួយអ្នកប្រយុទ្ធរបស់ជប៉ុនម្នាក់ហ្នឹងមែននោះ៕