
កីឡាករកម្ពុជា ឡៅ ចន្ទ្រា ត្រូវប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់លើ៧៨គីឡូក្រាម នៅលើទឹកដីខេត្តតាកែវ នាថ្ងៃទី២៣ ខែកុម្ភៈនេះ។ រូបថត ទទក
កីឡាករជាម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចន្ទ្រា បានចាត់ទុកការប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់លើ៧៨គីឡូក្រាម ជាមួយជើងខ្លាំងចាស់វស្សា សៃយុគ (Saiyok Pumpanmuang) នៅលើទឹកដីខេត្តតាកែវ នាថ្ងៃទី២៣ ខែកុម្ភៈ ខាងមុខនេះ ជាពេលវេលាដែលរូបគេ ត្រូវបង្ហាញពីសមត្ថភាពប្រកួតដ៏ល្អមួយ ដើម្បីស្តាមុខមាត់ និងប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ។
ឡៅ ចន្ទ្រា បានទទួលស្គាល់ថា សមត្ថភាពរបស់គេប៉ុន្មានឆ្នាំចុងក្រោយនេះ មានការធ្លាក់ចុះ គឺខុសប្លែកឆ្ងាយពីការប្រកួតកាលពី៧ទៅ៨ឆ្នាំមុន ដោយកាលនោះ រូបគេបានក្លាយជាជើងខ្លាំង ដែលពិបាករកគូប្រកួតបានណាស់ ហើយរាល់ការប្រកួតធំៗ ឡៅ ចន្ទ្រា តែងតែទទួលបានជោគជ័យ គឺភាគច្រើនបានផ្តួលដៃគូឱ្យសន្លប់ដោយជង្គង់ និងបច្ចេកទេសវាយកែងដ៏ល្អរបស់គេ។
រំឭកទៅដល់ប្រវត្តិនៃការប្រកួតដ៏អស្ចារ្យ កាលពីអតីតកាលនោះ ឡៅ ចន្ទ្រា បានបង្ហាញអារម្មណ៍តាមការបង្ហោះសាររបស់ខ្លួនបែបនេះថា៖ «ខ្ញុំពិតជាស្ដាយសមត្ថភាពរបស់ខ្ញុំពេលនោះណាស់ គិតមកដល់ពេលនេះមានរយៈពេល៨ឆ្នាំហើយ បើសួរខ្ញុំថា ពេលនោះវ៉ៃបានលុយប៉ុន្មានចម្លើយ គឺមិនដូចពេលនេះទេ»។
ឡៅ ចន្ទ្រា បានទម្លាយថា ការប្រកួតពីមុន គឺ១ប្រកួតអាចរកចំណូលបាន៣០០ ទៅ៤០០ដុល្លារអីទេ ប៉ុន្តែឥឡូវសម្រាប់កីឡាករដែលកម្រិតខ្ពស់ គឺ១ប្រកួតអាចបានដល់៥០០០ទៅ៦០០០ដុល្លារ ហើយរឿងនេះ វាកំពុងក្លាយជាចលករដ៏សំខាន់ ក្នុងការជំរុញដល់ ចន្ទ្រា ឱ្យខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឡើងវិញ ដោយរូបគេបានបញ្ជាក់ថា៖ «ស៊ូបន្តទៀតទើបជីវិតមានន័យ ប្រឹងហាត់ឱ្យខ្លាំងក្រែងយកវាមកវិញបានខ្លះ»។
ជាមួយការកំណត់គោលដៅពង្រឹងសមត្ថភាពខ្លួនឯង ឱ្យមានសមត្ថភាពខ្លាំងឡើងវិញនេះ ឡៅ ចន្ទ្រា បានកំណត់យកការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយជើងខ្លាំងចាស់វស្សារបស់ថៃ សៃយុគ លើកនេះ ជាឱកាសដ៏ល្អដែលរូបគេ ត្រូវបង្ហាញឱ្យអ្នកគាំទ្របានឃើញ ដើម្បីស្តាមុខមាត់ និងប្រជាប្រិយភាពឡើងវិញ។
ឡៅ ចន្ទ្រា បានបញ្ជាក់បែបនេះថា៖ «ចង់សួរបងប្អូនថា បើសិនជាខ្ញុំប្រឹងហាត់ឱ្យបាន៧០ភាគរយនៃពីមុនវិញ បងប្អូនគាំទ្រទេ? តស់អ្នកតាកែវ ចាំជួបគ្នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ះសៃយុគ ខ្ញុំនឹងធ្វើឱ្យបងប្អូនឃើញថា ចន្ទ្រា ពីមុនមកវិញ! ទោះមិនបាន១០០%ក៏បាន៧០%នៃពីមុនដែរ»។
ចំណែកជើងខ្លាំងចាស់វស្សារបស់ថៃ សៃយុគ ក៏បានបោះពាក្យសំដីបែបឌឺដងដាក់ ឡៅ ចន្ទ្រា តាមរយៈការបង្ហោះវីដេអូខ្លី ដោយគេបាននិយាយថា៖ «ឡៅ ចន្ទ្រា ប្រឹងប្រែងហ្វឹកហាត់ផងត្រៀមជួបខ្ញុំ ប្រយ័ត្នមិនប្រឹងហ្វឹកហាត់ណា! តែបណ្តោយខ្លួនមិនប្រឹងហាត់ ប្រយ័ត្នយូរៗទៅឡើងទម្ងន់ វាយលែងកើតហើយ»។
ការឌឺដងគ្នារវាង ឡៅ ចន្ទ្រា និង សៃយុគ បានធ្វើឱ្យការប្រកួតដណ្តើមខ្សែក្រវាត់របស់អ្នកទាំង២ កាន់តែមានការចាប់អារម្មណ៍ខ្លាំង ហើយកីឡាករកម្ពុជាមានសមត្ថភាពល្អៗជាច្រើនទៀត ក៏ត្រូវបានរៀបចំរួចជាស្រេច សម្រាប់ឡើងប្រកួតមិត្តភាពជាតិ និងអន្តរជាតិ នៅលើទឹកដីខេត្តតាកែវ នាថ្ងៃទី២២ និងទី២៣ ខែកុម្ភៈនោះដែរ។
ជាមួយគ្នាកីឡាករ និងគ្រូបង្វឹកមួយចំនួន ចាប់ផ្តើមធ្វើការព្យាករចំពោះការជួបគ្នារវាង ឡៅ ចន្ទ្រា និង សៃយុគ ដោយអ្នកខ្លះគាំទ្រដល់ ចន្ទ្រា និងខ្លះទៀតគាំទ្រដល់ សៃយុគ ព្រោះកីឡាករចាស់វស្សារបស់ថៃម្នាក់នេះ នៅតែមានសមត្ថភាពខ្លាំង ហើយការមកប្រកួតនៅលើទឹកដីកម្ពុជា ចំនួន២លើក កាលពីឆ្នាំ២០២៤ គឺលើកទី១ សៃយុគ បានទាត់ចូលកញ្ចឹងកបណ្តាលឱ្យ ធន់ រិទ្ធី សន្លប់ធំ និងលើកទី២ អ្នកទាំង២នេះបានស្មើពិន្ទុគ្នា។
យ៉ាងណាជាក៏ដោយ បើតាមសម្ទុះគាំទ្រជារួម ត្រូវបានលោក ម៉ុល នី ប្រធានផ្គូផ្គងការប្រកួតចាំសង្វៀនប្រដាល់ទទក និយាយថា៖ «ដោយសារមួយរយៈនេះ ឡៅ ចន្ទ្រា រាងធ្លាក់ អ៊ីចឹងអ្នកគាំទ្រងាកទៅគាំទ្រដល់ សៃយុគ ច្រើនជាង ប៉ុន្តែលទ្ធផលយ៉ាងណានោះ វាអាស្រ័យលើការប្រកួតជាក់ស្តែង។ ខ្ញុំមើលឃើញថា ឡៅ ចន្ទ្រា មានតែមជាងបន្តិចផ្នែកកម្ពស់ ហើយលើកនេះគេខំប្រឹងហាត់ខ្លាំងណាស់»៕