ក្រុមជម្រើសជាតិ​បាល់​ទាត់​កម្ពុជា នឹងមាន​​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​មួយ​ទៀត នៅលើ​ទឹក​ដី​ខ្លួន​ឯង ក្នុង​ខែមីនា​ខាងមុខ​នេះ គឺ​​បន្ថែម​ទៅលើការ​​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​វៀតណាម ដែល​ធ្វើ​នៅក្នុងខែមីនា​ដូចគ្នា ប៉ុន្តែ​ក្តីសង្ឃឹម​របស់​កម្ពុជា ​ក្នុងការ​ទទួល​បានឱកាស​ទៅ​លេង​ក្នុងពាន AFC Asian Cup ជំនួស​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន នោះ ហាក់​គ្មាន​ផ្លូវ​ទៀត​ទេ។

តាម​ការ​ប្រកាស​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) នៅព្រឹក​ថ្ងៃសុក្រ​នេះ បាន​បញ្ជាក់ថា កម្ពុជា បាន​សម្រេច​អញ្ជើញ​ក្រុមជម្រើសជាតិអារូបា (Aruba) ដែល​មកពីទ្វីបអាមេរិកខាងត្បូង ដើម្បី​ធ្វើ​ការប្រកួតមិត្តភាពអន្តរជាតិ Minebea Mitsumi ជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥។

តាមការ​ប្រកាស​នេះ គឺ​មានន័យ​ថា ក្រុមជម្រើស​ជាតិ​កម្ពុជា នឹង​មានការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិចំនួន​២ នៅ​ក្នុងខែ​មីនា​ខាង​មុខ​នេះ  ព្រោះកាលពី​ពេលថ្មីៗនេះ សហព័ន្ធ​កីឡាបាល់​ទាត់​វៀតណាម ក៏បានអញ្ជើញ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទៅ​ប្រកួតជាមួយ​ក្រុមជម្រើសជាតិ​​របស់​ខ្លួន​ ដែលជាម្ចាស់ជើងឯក​ពាន​រង្វាន់ ASEAN Mitsubishi Electric Cup 2024 នៅ​ខេត្ត Binh Duong នា​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២៥នេះ​ផងដែរ។

ជាមួយ​គ្នានេះ ​គ្រូ​បង្វឹកជនជាតិជប៉ុន​​លោក Koji Gyotoku ដែល​ត្រូវ​បាន​ផ្តល់​ទំនុក​ចិត្ត​ឱ្យ​បន្ត​ដឹកនាំ​ក្រុមជម្រើសជាតិ​កម្ពុជា សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ទាំង​២​ក្នុងខែមីនា ខាងមុខ​នេះ ក៏​កំពុង​តែ​​ពិនិត្យ​មើលពីគុណ​ភាព​លេង​របស់​កីឡាករ​នៅតាមបណ្តា​ក្លិប​នីមួយៗ មុនឈាន​ទៅ​ដល់​ការ​ជ្រើស​រើស​យក​អ្នក​មានសមត្ថ​ភាពមក​​ចូលរួម​លេងតំណាងឱ្យ​កម្ពុជា​ ក្នុង​ការ​ប្រកួត​ខាងមុខ​នេះ។

ការ​ប្រកួត​រវាងក្រុមជម្រើសជាតិ​កម្ពុជា និងក្រុមទីម័រខាងកើត ក្នុង​ពាន ASEAN Mitsubishi Electric Cup 2024 នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២៤។ រូប​ថត FFC

ចំណែក​លោក កែវ សារ៉េត អគ្គលេខាធិការ FFC បាន​ឱ្យ​ដឹង​ថា ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ សម្រាប់​ក្រុមជម្រើសជាតិ​កម្ពុជា នៅក្នុង​កាលវិភាគ​នៃការប្រកួតអន្តរជាតិរបស់ FIFA (FIFA Calendar)​នេះ គឺ​ត្រូវបាន​ធ្វើ​ឡើង ដើម្បីបំពេញទៅតាមការ​ចង់​បាន​របស់​ម្ចាស់​ឧបត្ថម្ភ និង​អ្នកគាំ​ទ្រ ជាពិសេស​ផ្តល់​ឱកាស​ឱ្យក្រុម​ជម្រើសជាតិកម្ពុជា បាន​ប្រកួតប្រជែង​ជាមួយក្រុម​ផ្សេងៗ ដើម្បី​ពង្រឹង​សមត្ថភាពលេង។

លោកបញ្ជាក់​​ថា៖​ «​ស្របពេល​ដែល​ក្រុម​ជម្រើសជាតិរបស់​ប្រទេស​​ផ្សេងៗ ​ត្រៀម​​ប្រកួតផ្លូវ​ការ និង​ប្រកួត​​មិត្ត​ភាព ក្នុង​កម្មវិធី FIFA Calendar អ៊ីចឹង​ដើម្បី​ទទួល​បានផល​ចំណេញ ក៏ដូចផ្តល់​ឱកាស​ឱ្យក្រុមជម្រើសជាតិ​របស់​យើង បានប្រកួត​បង្កើន​កម្រិតបច្ចេក​ទេស​ យើងក៏បាន​រៀបចំ​ឱ្យមាន​ការ​ប្រកួតដែរ គឺ​ទី​១ ​ខាង​វៀតណាម ​បាន​អញ្ជើញ​ក្រុម​យើង​ទៅ​ប្រកួត និង​ទី​២ យើង​បានអញ្ជើញ​ក្រុម​​អារូបា មក​ប្រកួត​នៅលើ​ទឹក​ដី​យើងវិញ​»។

សម្រាប់ការ​អញ្ជើញ​ក្រុមជម្រើសជាតិអារូបា មក​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ក្នុង​កម្មវិធី FIFA Calendarនេះ ក៏ដោយសារ​​តែ​ក្រុម​ជម្រើសជាតិ​កម្ពុជា មិនមានការ​ប្រកួត​ផ្លូវ​ការ​ក្នុង​ពានរង្វាន់ ​​ឬព្រឹត្តិការណ៍​អ្វី​ទៀតនោះ​ទេ ព្រោះ​ក្រុមកម្ពុជា បាន​ធ្លាក់ចេញ​ពី​គ្រប់កម្មវិធី​ប្រកួតអស់​ហើយ។

ចំណែក​ការ​ដាក់​ក្តី​សង្ឃឹម​ក្នុងការ​ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​ក្នុងពូល​E នៃ​​ពាន​រង្វាន់ AFC Asian Cup 2025 ជំនួស​ក្រុមជម្រើសជាតិ​ប៉ាគីស្ថាន ដែល​បានដក​ខ្លួន​ចេញ​នោះ ក៏​​គ្មាន​ផ្លូវ​ទៀត​នោះ​ដែរ ព្រោះ​គិត​មក​ដល់​ពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) មិន​បាន​ផ្តល់​នូវ​ត​ម្រុយណាមួយមក​ដល់ FFC នោះ​ទេ ខណៈការ​ប្រកួតជម្រុះ​ប្រចាំពូល​Eនេះ នឹងចាប់ផ្តើម ពី​ថ្ងៃទី​២៥ ខែមីនា ខាងមុខ​នេះតទៅ​​ហើយ។

ជុំវិញ​បញ្ហា​នេះ លោក កែវ សារ៉េត បាន​ប្រាប់​ថា៖ ​«ខាង AFC មិន​បានទាក់ទងមក​យើង​ទេ អ៊ីចឹង​មិនសង្ឃឹម​ថា យើង​បាន​ទៅជំនួសគេ (​ក្រុមប៉ាគីស្ថាន)​ឡើយ ព្រោះ​បើ​ខាង AFC ឱ្យ​យើង​ជំនួស ច្បាស់ជា​គេ​ទាក់​ទង​មក​យើង​ហើយ តែ​នេះស្ងាត់​ជ្រាប រីឯ​ពេល​វេលា​​ប្រកួត​ក៏ខ្លីហើយ​ដែរ អ៊ីចឹងគេ​អាច​ឱ្យក្រុមដែល​ត្រូវជួប​ក្រុមប៉ាគីស្ថាន ​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ ឬក៏​អាច​មាន​លក្ខខណ្ឌ​ផ្សេងពីនេះទៀត ទៅតាម​ការកំណត់​របស់ AFC ដើម្បី​រក​ក្រុម​ឈ្នះឡើង​ទៅ​វគ្គបន្ត»៕