
ការប្រកួតលើវិញ្ញាសារត់ប្រណាំងក្នុងព្រឹត្តិការណ៍ជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថានខេមអេដ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ រូបថត ឈន ណន
លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានស្នើឱ្យគ្រប់ស្ថាប័នទាំងអស់ បង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្ម នៅតាមស្ថាប័នរបស់ខ្លួនឱ្យបានរៀងរាល់ឆ្នាំ ដូចទៅនឹងវិទ្យាស្ថានខេមអេដ ដែរ ដើម្បីរួមចំណែកបំផុតចលនាកីឡា ជាពិសេសបណ្តុះធនធានអត្តពលិកឱ្យបានកាន់តែច្រើន សម្រាប់បន្តវេននៅក្នុងក្រុមជម្រើសជាតិ។
ការលើកឡើងបែបនេះ ក៏ព្រោះតែលោក ដួង មាសចំរើន បានមើលឃើញថា សម្ទុះនៃការចូលរួមរបស់ក្រុមនិស្សិត ក្នុងការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថានខេមអេដ ប្រចាំឆ្នាំ២០២៥ ដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃអាទិត្យ មានការកើនឡើងខ្លាំង ហើយនេះជាចលនាយ៉ាងសំខាន់មួយ ក្នុងការបំផុសសកម្មភាពលេងកីឡា នៅតាមសាកលវិទ្យា ដើម្បីបណ្តុះបានធនធានអត្តពលិកមានសមត្ថភាព សម្រាប់ចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ។
លោក ដួង មាសចំរើន បាននិយាយក្រោយពិធីបំពាក់មេដាយថា៖ «វិទ្យាស្ថានខេមអេដ បានរៀបចំការប្រកួតជើងឯកកីឡាអត្តពលកម្មបែបនេះជារាល់ឆ្នាំ តែឆ្នាំនេះមានក្រុមនិស្សិតចូលរួមកាន់តែច្រើន ហើយចំនួនចូលរួមច្រើននេះ វាអាចរកធនធានកីឡាករ កីឡាការិនី សម្រាប់ប្រកួតតំណាងឱ្យសាលារបស់គាត់ផង ក៏ដូចជាបណ្តុះធនធានសម្រាប់ក្រុមជម្រើសជាតិរបស់យើងផងដែរ»។
ជាមួយគ្នានេះ លោក មាសចំរើន បានអះអាងថា សហព័ន្ធ តែងតែបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ក្នុងការជំរុញឱ្យគ្រប់ស្ថានប័នទាំងអស់ ចូលរួមលេងកីឡា តាមរយៈការបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាអត្តពលកម្ម នៅតាមស្ថាប័នរបស់ខ្លួន។

ការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថានខេមអេដ ប្រចាំឆ្នាំ២០២៥ ដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃអាទិត្យ។ រូបថត ឈន ណន
លោកបញ្ជាក់ថា៖ «មិនមែនតែតាមសាលានោះទេ ដែលសហព័ន្ធ បានស្នើឱ្យមានរៀបចំព្រឹត្តិការណ៍កីឡាអត្តពលកម្ម គឺគ្រប់ក្រសួង និងស្ថាប័នទាំងអស់ ក៏ត្រូវចូលរួមលេងកីឡាដែរ ដើម្បីសុខភាពរបស់ពួកគាត់ ហើយបើគាត់ចូលរួមលេងហើយ អាចលេងទៅមុខទៀតបាន គឺគាត់អាចចាប់យកជំនាញកីឡានេះបាន ដើម្បីចូលរួមប្រកួតកម្រិតថ្នាក់ជាតិ និងអន្តរជាតិ»។
សម្រាប់ការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថានខេមអេដ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ពេញមួយព្រឹកកាលពីថ្ងៃអាទិត្យនោះ មាននិស្សិតចូលរួមរហូតដល់៣៥៣នាក់ ដែលភាគច្រើនជាស្រ្តី ហើយនេះជាចំនួនដ៏ច្រើនមិនធ្លាប់មាន ដែលកើតចេញពីការកៀរគររបស់លោក Casey Barnett ព្រោះនាយកវិទ្យាស្ថានខេមអេដរូបនេះ មើលឃើញថា ការលេងកីឡា បានផ្តល់អត្ថប្រយោជន៍ជោគជ័យសម្រាប់ក្រុមនិស្សិត ពេលពួកគេបញ្ចប់ការសិក្សា ចេញទៅបើកអាជីវកម្ម ឬទៅធ្វើការងារអ្វីមួយ។
តាមរយៈការរៀបចំឱ្យមានការប្រកួតកីឡាអត្តពលកម្ម ជារៀលរាល់ឆ្នាំនេះ វាក៏បានបង្ហាញឱ្យឃើញពីការវិវឌ្ឍន៍មួយជំហានទៀតរបស់វិទ្យាស្ថានខេមអេដ ដើម្បីសម្រិតសម្រាំងយកអត្តពលិកឆ្នើមៗ សម្រាប់ប្រកួតតំណាងឱ្យសាលា ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ឬការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ប្រចាំឆ្នាំ២០២៥ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ខណៈការប្រកួតកន្លងមកនេះ ខេមអេដ តែងតែមានភាពលេចធ្លោ ក្នុងការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៅក្នុងតួលេខខ្ពស់មួយ។
ជុំវិញការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិនេះដែរ លោក ដួង មាសចំរើន ដែលជាអគ្គនាយករងនៃអគ្គនាយកកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡាផងនោះ បានអះអាងថា ជាគោលការណ៍របស់ក្រសួង គឺបានអញ្ជើញគ្រប់សាកលវិទ្យាល័យទាំងអស់ ឱ្យចូលរួមការប្រកួតឧត្តមសិក្សា និងមធ្យមសិក្សា ហើយប្រភេទកីឡាអត្តពលកម្មនេះ វាគួរតែមាននៅតាមសាលានីមួយៗ អ៊ីចឹងសាលានីមួយៗគួររកគ្រូសម្រាប់បង្ហាត់បង្រៀនទៅដល់កីឡាករ កីឡាការិនី ដែលគាត់ចង់លេងលើប្រភេទកីឡានេះ។
លោកបានថ្លែងថា៖ «ខ្ញុំសូមអបអរសាទរទៅដល់វិទ្យាស្ថានខេមអេដ ដែលបានរៀបចំការប្រកួតជើងឯកកីឡាអត្តពលកម្មប្រចាំលាសា កាន់តែផុសផុល ហើយខ្ញុំសង្ឃឹមថា សាលាដទៃទៀត នឹងរៀបចំឱ្យមានការប្រកួតជ្រើសរើសជើងប្រចាំសាលា ដូចវិទ្យាស្ថានខេមអេដដែរ ដើម្បីត្រៀមចូលរួមការប្រកួតឧត្តមសិក្សា និងមធ្យមសិក្សារបស់យើង ឱ្យកាន់តែមានភាពផុសផុល នៅឆ្នាំនេះ»។
លោកបន្ថែមថា៖ «យើងតែងតែមានការផ្សព្វផ្សាយ និងអំពាវនាវជារៀងរាល់ឆ្នាំលើការងារនេះ ប៉ុន្តែសាលានីមួយៗ នៅមិនទាន់សហការគ្នាបានល្អ ដោយសាលាខ្លះខ្វះគ្រូបង្ហាត់ រីឯសាលាខ្លះទៀត និស្សិតរបស់គាត់ មិនសូវចាប់អារម្មណ៍លើការលេងកីឡា ប៉ុន្តែចំពោះផែនការរបស់សហព័ន្ធ ក៏ដូចជាក្រសួងអប់រំ គឺមានការបំផុសមិនមែនតែត្រឹមក្របខ័ណ្ឌសិស្សនិស្សិតនោះទេ ប៉ុន្តែទាំងមហាជនផងដែរ គឺទាមទារឱ្យគាត់ចូលរួមលេងកីឡាទាំងអស់គ្នា»៕