ក្រុមចម្រុះ​ដោយ​កីឡាករ​ជម្រើសជាតិ វិសាខា ​បានបន្តចាញ់​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​ជាថ្មី​ម្តង​ទៀត ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ក្នុងព្រឹត្តិការណ៍​បាល់ទះ «តេជោលីគ» រដូវកាល​ទី​២ ឆ្នាំ​២០២៥ កាលពីយប់​​ថ្ងៃ​អាទិត្យ ដែល​ធ្វើ​ឱ្យ​ពួកគេ ទទួលបាន​ត្រឹម​ជើង​ឯក​រង​ជា​លើក​ទី​២ ខណៈ​ក្រុម​ក្រសួងមហាផ្ទៃ ទទួលបានចំណាត់ថ្នាក់លេខ​៣។

យ៉ាង​ណា​ក៏​ដោយ ស្មាត់​ធំ ជាប្រធាន​ក្រុម​វិសាខា គួន មុំ មិនបានបង្ហាញការ​ខក​ចិត្ត​អ្វី​នោះ​ទេ ព្រោះ​រូបគេ​បាន​ដឹង​រួច​ទៅ​ហើ​យពី​គុណភាព​​លេង​របស់​ក្រុម​ខ្លួន​ ជាពិសេស​កីឡាករ​ក្មេងៗមួយចំនួន ដែល​ពួកគេនៅមាន​រម្មណ៍មិនទាន់នឹងនរ សម្រាប់ការ​ប្រកួត​ប្រជែងក្នុងព្រឹត្តិការណ៍​ធំៗ​បែបនេះ។

គួន មុំ បាន​និយាយក្រោយការ​ប្រកួត​​ថា៖ ​«​យើងមិន​គិត​ថា បានឡើង​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រផង ហើយ​​យើងក៏​មិនរំពឹងខ្ពស់ ​នឹងបាន​លើក​ពាន​​នោះ​ដែរ ព្រោះ​​កីឡាករ​​របស់​យើង​មួយចំនួន នៅ​ក្មេង អ៊ីចឹង​គាត់​កាន់តែ​មាន​អារម្មណ៍​ភ័យ នៅក្នុង​ការប្រកួត ដែលមាន​អ្នកគាំ​ទ្រផ្ទាល់​​ច្រើនបែប​នេះ»។

ជាមួយគ្នា​នេះ គួន មុំ បាន​សរសើរ​ទៅដល់​ចង្វាក់​​លេង​របស់​ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ថា ពិតជា​ធ្វើបាន​ល្អ ដោយមានការ​រួមចំណែក​យ៉ាងសំខាន់​​របស់​កីឡាករ​ឥណ្ឌូនេស៊ី​ទាំង​៤​នាក់ ជាពិសេស​កីឡាករ​វាយ​ប្រយុទ្ធ Nugraha Luvi Febrian ក្រោមការ​លើក​បាល់​យ៉ាង​ល្អ​របស់​មិត្ត​រួម​ជាតិ​របស់​គេ Aditya Viko Zulfan ហើយ​គ្រូ​បង្វឹក​​ឥណ្ឌូនេស៊ី លោក Indro Wahyudi Harahap ក៏មាន​ជំនាញ​ខ្ពស់​ ក្នុងការ​ដឹកនាំ​ក្រុមបញ្ជាការដ្ឋាន​អង្គរក្ស ដើម្បី​ឱ្យបន្ត​ឈ្នះពាន «តេជោលីគ» ជា​លើក​ទី​២​នេះ។

ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាងក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស និង​វិសាខា នៅវិមានពហុកីឡដ្ឋានជាតិ​អូឡាំពិក កាលពី​ថ្ងៃអាទិត្យ។ រូប​ថត សហការី

ម្ចាស់​អាវ​លេខ​១៥ គួន មុំ បាន​បញ្ជាក់​ថា៖ «​ក្រុមបញ្ជាការដ្ឋាន​អង្គរក្ស នៅតែ​ល្អ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​បាល់​ទះនៅ​អាស៊ាន ​ឥណ្ឌូនេស៊ី​ពេល​លេង​ជាមួយ​យើង គឺ​គេ​ហើយ។ ក្បាច់​របស់​គេ​ល្អ​ និង​​លេង​លឿន​មែន​ទែន ហើយកម្រិត​កីឡាករ​ឥណ្ឌូនេស៊ីប៉ុន្មាន​នាក់នេះ មិនមែនជា​ជម្រើសជាតិ​ផង! ទម្រាំមានជម្រើសជាតិទៀត គេ​លេង​ល្អជាងហ្នឹង​ឆ្ងាយ ហេតុនេះ​ក្រុម​យើង​លេង​ទប់​ទល់​ជាមួយគេ​បាន​ប៉ុណ្ណឹង ខ្ញុំ​យល់​ថា ល្អ​ហើយ»។

តាម​រយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅក្នុង​វិមានពហុកីឡដ្ឋានជាតិ​អូឡាំពិក ដែល​ណែន​តាន់តាប់ដោយ​អ្នកទស្សនា កាលពី​ព្រលប់​ថ្ងៃអាទិត្យ​នោះ ក្រុមបញ្ជាការ​ដ្ឋាន​អង្គររក្ស បាន​យក​ឈ្នះ​​ក្រុមវិសាខា ៣-០ ជាមួយ​គ្រាប់បាល់ ២៥-២០ ២៥-២០ និង ២៥-១៨  ដើម្បី​ក្លាយជា​ម្ចាស់​ជើងឯក អម​ដោយប្រាក់រង្វាន់៦០លានរៀល រីឯ​ក្រុម​លេខ​២ វិសាខា បាន​១២លាន​រៀល ហើយក្រុម​ក្រសួងមហាផ្ទៃ ​បាន​យក​ឈ្នះក្រុម​ស្នងការនគរ​បាល​ខេត្ត​ស្វាយរៀង ៣-១ ដើម្បី​បាន​លេខ​៣​ និង​ប្រាក់រង្វាន់​​១០​លាន​រៀល។

បន្ថែម​លើ​ចំណាត់​ថ្នាក់ជា​ក្រុម​នេះ ស្មាត់ធំ Nugraha Luvi Febrian ទទួលបាន​ពានឯកត្តជនចំនួន​២​តែម្នាក់ឯង គឺ​ពានកីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ និង​ពាន​កីឡាករ​វាយប្រយុទ្ធស្តាំ​ល្អជាង​គេ រីឯមិត្ត​រួមជាតិ​របស់​គេ Aditya Viko Zulfan ទទួល​បានពានជា​កីឡាករ​លើក​បាល់​ល្អជាងគេ។

ចំណែក​កីឡាករ មឿន ម៉េងឡាយ ​របស់​ក្រសួងមហាផ្ទៃ ក៏បាន​ពានជា​​កីឡាករ​វាយប្រយុទ្ធស្តាំ​ល្អជាងគេ​ផងដែរ ហើយ​មិត្ត​រួម​ក្រុម​របស់ ធី ម៉េងហួង បាន​ពានជា​កីឡាករ​វាយប្រយុទ្ធ​ឆ្វេងល្អជាង​គេ ខណៈ​ពាន​កីឡាករ​ការពារ​ល្អជាង​គេ បាន​ទៅលើ សេង គីមហាប់ របស់​ក្រុម​វិសាខា ហើយ​កីឡាករ​ឥណ្ឌា Sherigar Praful របស់​ក្រុមស្វាយរៀង និង​កីឡាករ ឈាង ជីវែង របស់​បញ្ជាការ​ដ្ឋាន​អង្គរក្ស បានពាន​ជា​កីឡាករ​ធ្វើរនាំង​ល្អជាង​គេដូចគ្នា។

ជុំវិញការ​ប្រកួត​ «តេជោលីគ» លើក​ទី​២ ឆ្នាំ​២០២៥នេះ ស្មាតិធំ Nugraha Luvi Febrian បាន​និយាយ​ថា៖ ​«​ការ​ប្រកួត​តេជោលីគ លើក​នេះ មានការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង ដោយ​​ខ្ញុំ​អាច​និយាយ​បាន​ថា ​ក្រុម​ទាំង​៦ ដែល​ឡើងមក​ដល់ជុំទី​២ សុទ្ធតែ​មានសមត្ថភាព អាច​ទទួល​បានពាន​ដូចគ្នា គ្រាន់តែ​ថា ពួកគាត់​នៅមានចំណុច​ខ្វះ​ខាតបន្តិច​បន្តួច​ប៉ុណ្ណោះ ទើប​ធ្វើ​ឱ្យក្រុម​របស់​យើង​ទទួលបាន​ពាន»៕