ក្រុម​ប្រដាល់គុនខ្មែរ ប្រដាល់​មួយ​ថៃ និង​ក្រុមតារាតំណាង​ឱ្យ​ប្រទេស​កម្ពុជា និង​ថៃ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​​បាល់​ទាត់​មិត្ត​ភាព ក្នុង​ពានរង្វាន់ «សតវត្សរ៍នៃព្រះធម៌» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នា​ថ្ងៃទី​៨ ខែមីនា ខាង​មុខ​នេះ ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង កម្ពុជា និងថៃ ក៏​ដូចជា​ពង្រឹង​ទំនាក់​ទំនងការ​ទូត​របស់​ប្រទេស​ទាំង​២​បន្ថែម​ទៀត។

តាម​ខ្លឹម​សារ ដែលបានប្រកាស​នៅ​ក្នុងសន្និសីទកាសែត កាលពីថ្ងៃ​ចន្ទ បាន​ឱ្យដឹង​ថា ​ក្រុម​ប្រដាល់​គុនខ្មែរ នឹង​ត្រូវ​ធ្វើការ​ប្រកួត​បាល់​ទាត់​ជាមួយ​ក្រុម​ប្រដាល់​មួយ​ថៃ ចំណែក​ក្រុមតារាង​បាល់​ទាត់​កម្ពុជា នឹង​ត្រូវប្រកួត​ជាមួយក្រុម​តារាបាល់​ទាត់​ថៃ ដែល​មានការ​ចូលរួម​​ទាំង​តារាសម្តែង តារាចម្រៀង តារាម៉ូដែល YouTuber, Vlogger, តារា TikTok ​របស់​ប្រទេស​ទាំង​២។

លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកសម្របសម្រួល​បង្កើត​ឱ្យមានការ​ប្រកួតពានរង្វាន់ «សតវត្សរ៍នៃព្រះធម៌»​នេះ បាន​​​​ឱ្យ​ដឹង ព្រឹត្តិការណ៍​នេះ ត្រូវបាន​រៀបចំ​ឱ្យមាន​ឡើង ជា​លើកដំបូង ដើម្បីផ្សារភ្ជាប់នូវវប្បធម៌សន្តិភាព ដែលជាការបន្ថែមនូវ​ចំពោះការរឹតចំណងមិត្ត​ភាព និង​សាមគ្គីភាព រវាងប្រទេសកម្ពុជា និងថៃ ក៏​ដូចជា​ប្រទេស​នៅជាប់​ដងទន្លេមេគង្គ​ផ្សេង​ទៀត ដែល​សុទ្ធតែ​អ្នកកាន់ព្រះពុទ្ធសាសនា។

ភាគី​តំណាង​ឱ្យប្រទេស​កម្ពុជា និង​ថៃ បាននាំ​គ្នា​លើក​ដៃសំពះសូត្រ​ព្រះធម៌​ពុទ្ធសាសនា នៅ​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​ចន្ទ។ រូប​ថត ឈន ណន

លោក ស៊ុផាឆៃ ​បាន​បញ្ជាក់​ថា៖​ «យើងទាំងអស់គ្នា​​មាន​កម្ពុជា ថៃ ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា ​មាន​ប្រជាជនកាន់ព្រះពុទ្ធសាសនា​ប្រមាណ​៨៥​ភាគ​រយ គឺ​មានន័យ​ថា យើងមាន​ឪពុកតែមួយ ហើយយើង​ក៏​មានម្តាយតែមួយ ព្រោះ​ជា​ប្រទេសនៅតាមដងទន្លេមេគង្គជាមួយគ្នា អ៊ីចឹង​ដើម្បីឱ្យមាន​​ទឹក​ដី​សុវណ្ណភូមិពិតប្រាកដ​ យើងត្រូវដាក់​បញ្ចូល​នូវ​ព្រះធម៌​ ទៅក្នុងជំនឿ​​របស់​សិស្សនិស្សិតទាំង​៥ប្រទេស សម្រាប់​ធ្វើជាមាគ៌ា​ក្នុងការអប់រំស្មារតីស្រឡាញ់រាប់អានគ្នា ក្នុងនាមជា​ប្រទេស​នៅក្នុង​សហគមន៍​ជាមួយគ្នា»។

ចំណែក​លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់​គុនខ្មែរ បាន​ចាត់​ទុក​ការ​ប្រកួត​​បាល់​ទាត់មិត្ត​ភាព​នេះថា ជា​ឱកាស​ឱ្យយើង​ទាំង​អស់​គ្នា បានស្វែង​យល់​ពី​វប្បធម៌​នៃ​ការ​រស់​នៅ​ប្រកប​ដោយសុខសន្តិភាព​​រវាង​ប្រទេស​​កម្ពុជា និង​ថៃ ក៏ដូចជា​ប្រទេស​នៅ​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ទាំងអស់ ដែលគួរ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ដើម្បី​បង្កើត​បាន​វប្បធម៌​រស់​នៅ​ដោយ​សន្តិភាព ចៀសវាង​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់សេចក្តី​សុខ និងសុភមង្គម​​នៃ​សង្គម​គ្រួសារ​របស់​ប្រទេសនីមួយៗ។

ជាមួយគ្នា​នេះ លោក ខូវ ឆាយ បានស្នើ​ឱ្យក្រុមប្រដាល់គុនខ្មែរ ក្រុមប្រដាល់មួយ​ថៃ ព្រមទាំង​ក្រុម​តារា​បាល់​ទាត់​តំណាង​ឱ្យ​ប្រទេស​កម្ពុជា-ថៃ គួរ​​ប្រើ​ការ​ប្រកួតបាល់​ទាត់​មិត្តភាព​នេះបង្ហាញពី​ភាព​គំរូ​ល្អ ដើម្បី​​​លុបបំបាត់​ចោល​នូវ​​បញ្ហា និង​ការ​វិវាទ​មួយចំនួន ដែល​​បង្កើតឱ្យ​មាន​​ឡើង​ដោយការ​យល់​ខុស​របស់​​ក្រុម​យុវជនមួយ​ចំនួនតូច សម្រាប់​​បម្រើ​​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ។

លោក​បញ្ជាក់​ថា៖ «​ក្នុងនាមយើង​ជា​តារា និងជា​កីឡាករ ដែលមាន​អ្នកគាំ​ទ្រ​​រាប់សែននាក់ សូម​​ប្រើ​​ការ​ប្រកួត​បាល់​ទាត់​មិត្ត​ភាពនេះ ដើម្បី​បង្ហាញពី​ភាពគំរូ​ល្អ​ដល់​យុវជនជំនាន់​ក្រោយ​។ ទោះ​កន្លងមក​មានព័ត៌មាន​ប៉ះអង្គិច​គ្នា​មួយចំនួន ប៉ុន្តែ​យើង​ចង់​ប្រាប់​ទៅ​យុវជន​របស់​យើង​ថា យើង​នៅតែ​អាចងាក​មក​​ចាប់​ដៃគ្នា ធ្វើ​ការជាមួយគ្នា និង​ប្រកួត​បាល់​ទាត់ជាមួយគ្នា ​នៅលើ​វាល​ស្មៅ​ប្រកប​ដោយស្នាម​ញញឹម មិត្ត​ភាព និង​សាមគ្គី​ភាព ក្នុងនាមជា​អ្នកភូមិ​ផង​របង​ជាប់​គ្នា»។

ជាមួយគ្នានេះ អ្នកតំណាង​ឱ្យក្រុមប្រដាល់គុនខ្មែរ ប្រដាល់​មួយ​ថៃ ក្រុម​​តារា​បាល់​ទាត់​ថៃ និង​ក្រុមតារា​បាល់​ទាត់​កម្ពុជា​ សុទ្ធតែ​​បានបង្ហាញ​ភាព​រីក​រាយ សម្រាប់​ការ​ត្រៀម​ប្រកួត​គ្នាក្នុង​ពានរង្វាន់ «សតវត្សរ៍នៃព្រះធម៌» ខាងមុខ​នេះ ព្រោះជា​ការ​ប្រកួត​ដើម្បី​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត​របស់​ប្រទេស​ទាំង​២ ក៏​ដូចជាការ​រឹត​ចំណង​មិត្តភាព សាមគ្គី​ភាព​​​រវាង​កម្ពុជា និង​ថៃ ឱ្យ​បានកាន់តែ​ល្អ​ថែម​ទៀត។

តារា​ចម្រៀង ខេម ជា​ប្រធាន​ក្រុម​តារាបាល់​ទាត់​កម្ពុជា បាន​និយាយ​ថា៖ ​«បើទោះបីជា​យើង​ឃើញ​ថា នៅតាមបណ្តាញ​សង្គម​ ប្រទេស​យើង និង​ប្រទេស​ថៃ មាន​បញ្ហា​បន្តិច​បន្តួច​មែន ប៉ុន្តែ​ក្នុងនាមយើងជា​តារា យើង​មិនគួរ​បង្កើត​ព័ត៌មានញុះញុង ឬព័ត៌មាន​អ្វី​ផ្សេង​នោះ​ទេ គឺ​យើង​គប្បី​​ចូលរួមបង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​បង្កើតទំនាក់ទំនង​ល្អជាមួយ​គ្នា ក្នុ​ង​នាម​យើងជា​ប្រទេស​ជិត​ខាង»៕