
លោកស្រី ដាំ ដារីនី បានបង្ហាញពីលទ្ធផលចាប់ឆ្នោតនៃការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥។ រូបថត ឈន ណន
ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានោះ បានប្រកាសពីការរៀបចំការប្រកួតលើកទី១០ ប្រចាំឆ្នាំ២០២៥របស់ខ្លួន ដោយមានចំនួនក្រុមចូលរួមរហូតដល់៣៥ គឺបានបំបែកកំណត់ត្រាចំនួនក្រុម សម្រាប់ការប្រកួតចំនួន៩លើកកន្លងមក។
លោក សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន បានថ្លែង ក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យថា៖ «នេះជាខួប១០ឆ្នាំនៃការបង្កើតពានរបស់យើង ដោយចាប់ផ្តើមតាំងមានក្រុមចូលរួមត្រឹម៩ កាលពីឆ្នាំ២០១៣ ហើយឆ្នាំទី១០នេះ ចំនួនក្រុមចូលរួមបានកើតឡើងដល់៣៥ក្រុម គឺយើងបានបំបែកកំណត់ត្រាថ្មី កាលពីឆ្នាំ២០២៤ ដែលមាន៣៤ក្រុមចូលរួម»។
ជាមួយគ្នានេះ លោក សប្បាយណា បានអបអរដល់ក្រុមក្រសួងអធិការកិច្ច ក្រុមអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមក្រសួងកិច្ចការនារី ដែលបានវិលត្រឡប់មកប្រកួតនៅឆ្នាំនេះវិញ ហើយលោកក៏បានសរសើរដល់ក្រុមតំណាងឱ្យក្រសួង និងស្ថាប័នមួយចំនួនទៀត ដែលនៅតែបន្តចូលរួម ទោះមិនសូវមានកីឡាករ និងបានចាញ់ច្រើនៗគ្រាប់ គឺបានឆ្លុះបញ្ជាំងឱ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាព និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមក្រសួង-ស្ថាប័នរដ្ឋ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់មន្ដ្រីរាជការ ស្របតាមគោលដៅនៃព្រឹត្តិការណ៍នេះ។

តំណាងក្រុមទាំង៣៥ ដែលបានចូលរួមក្នុងសន្និសីទកាសែត និងចាប់ពូលការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥។ រូបថត ឈន ណន
លោកបញ្ជាក់ថា៖ «ទោះបីជាលទ្ធផលប្រកួតបែបណា ប៉ុន្តែការបង្កើតឱ្យមានទំនាក់ទំនងគ្នានៃការជួបជុំប្រកបដោយមិត្តភាព សាមគ្គីភាព និងការពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងយុវជននៅតាមក្រសួង-ស្ថាប័នរដ្ឋ គឺជាគោលបំណងធំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការបង្កើតឱ្យមានពានរង្វាន់នេះឡើង អ៊ីចឹងវាជោគជ័យមួយនៃការខិតខំប្រឹងប្រែងរបស់យើងក្នុងរយៈពេល១០ឆ្នាំនេះ»។
ចំណែកលោកស្រី ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសម្តែងការអបអរសាទរ ចំពោះគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ដែលបានប្រឹងប្រែងរៀបចំការប្រកួតនេះតាំងពីមានក្រុមចូលរួមតិច រហូតមានក្រុមចូលរួមកើនឡើងដល់៣៥ក្រុម ដោយលោកស្រី បានសង្កត់ធ្ងន់ថា «ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្ទើរទាំងអស់ទៅហើយ បានចូលរួមការប្រកួតក្នុងពានមួយនេះ។
យ៉ាងណាក៏ដោយលោកស្រី ដាំ ដារីនី បានលើកទឹកចិត្តឱ្យគ្រប់ក្រុមទាំងអស់ ត្រូវប្រកាន់ភ្ជាប់ឱ្យបាននៅការប្រកួតដោយយុត្តិធម៌ ដែលឆ្លុះបញ្ជាំងឱ្យឃើញពីការរឹតចំណងមិត្តភាព និងសាមគ្គីភាព គឺមិនមែនជាការប្រកួតស៊ីសាច់ហុតឈាមគ្នា ដើម្បីតែដណ្តើមយកជ័យជម្នះនោះទេ។
លោកស្រីបញ្ជាក់ថា៖ «យើងឃើញថា ក្រសួង-ស្ថាប័ននីមួយៗ ចង់ឈ្នះចាញ់គ្នាណាស់ ក៏ប៉ុន្តែនៅក្នុងការប្រកួតនេះ គឺទោះបីជាចាញ់ឬឈ្នះ យើងនៅតែជាក្រុមគ្រួសារតែមួយ ដែលផ្តោតខ្លាំងទៅលើការរឹតចំណងមិត្តភាព សាមគ្គីភាព និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ហើយគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក្នុងការបង្កើតឱ្យមានពានរង្វាន់នេះ គឺដើម្បីអត្ថប្រយោជន៍ទាំងអស់នេះឯង»។
តាមការប្រកាស នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យនោះ គឺក្រុមទាំង៣៥ ដែលបានចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០នេះ ត្រូវបានបែងចែកការប្រកួតជា៨ពូល ដោយក្នុងនោះពូលA, B, C, D និងពូលE មាន៤ក្រុមដូចគ្នា ចំណែកពូលF G និងពូលH មាន៥ក្រុមដូចគ្នា ដោយក្រុមទាំងនេះ ត្រូវប្រកួតគ្នា នៅកីឡដ្ឋានស្តាតចាស់ ចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា៕