
លោក សែម ផល្លា និងលោក វ៉ាត់ ចំរើន បានថតជាមួយតំណាងម្ចាស់ឧបត្ថម្ភ ដែលបានជួយគាំទ្រដល់ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុ លើកទី១០ ឆ្នាំ២០២៥។ រូបថត ឈន ណន
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាមហាជន និងជនបរទេស សូមចុះឈ្មោះចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុ លើកទី១០ ឆ្នាំ២០២៥ នៅថ្ងៃទី៣០ ខែមីនា ឱ្យបានច្រើន ដើម្បីរួមចំណែកលើកកម្ពស់ដល់វិស័យទេសចរណ៍នៅខេត្តនេះ និងធ្វើឱ្យព្រឹត្តិការណ៍របស់យើង ទទួលបានជោគជ័យដូចព្រឹត្តិការណ៍ម៉ារ៉ាតុង នៅតាមបណ្តាប្រទេសក្នុងតំបន់។
ការអំពាវនាវបែបនេះ ដោយសារតែការខិតខំប្រឹងប្រែងរៀបចំ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុ របស់ NOCC និងដៃគូសហការ អស់រយៈពេលជាច្រើនឆ្នាំ មកនេះ នៅមិនទាន់ទទួលបានជោគជ័យ គឺមានអ្នកចូលរួមតិចនៅឡើយ មិនអាចប្រមូលបានថវិកាយកទៅជួយដល់ការងារសប្បុរសធម៌ ដូចការរៀបចំទិវាពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តសៀមរាប និងនៅភ្នំពេញ។
លោក វ៉ាត់ ចំរើន បានថ្លែង ក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា៖ «នេះជាខួបទី១០ ដែលយើងបានរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុ ប៉ុន្តែយើងដឹងថា នៅព្រះសីហនុ មិនទាន់ទទួលបានជោគជ័យទេ ដោយមានអ្នកចូលរួមត្រឹម២ពាន់ទៅ៣ពាន់នាក់ គឺខុសពីការរៀបចំនៅកន្លែងផ្សេង ដែលយើងទទួលបានជោគជ័យច្រើន ដូចជាខេត្តសៀមរាប និងនៅរាជធានីភ្នំពេញ»។
តាមការប្រកាស ក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃអង្គារនោះ គឺទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង ខេត្តព្រះសីហនុ លើកទី១០ ឆ្នាំ២០២៥ នៅថ្ងៃទី៣០ ខែមីនា ខាងមុខនេះ ទើបមានអ្នកចុះឈ្មោះចូលរួមបានជាង១៥០០នាក់ទេ ក្នុងនោះមានជនបរទេសប្រមាណ២០០នាក់ ហើយគណៈកម្មការរៀបចំ រំពឹងថា នឹងអាចមានអ្នកចូលរួមជាង ២០០០នាក់នៅឆ្នាំនេះ។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន នៅតែបន្ដឆន្ទៈខិតខំរៀបចំព្រឹត្តិការណ៍នេះ ដោយលោកសង្ឃឹមថា ខេត្តព្រះសីហនុ នឹងក្លាយជាខេត្តគោលដៅទេសចរណ៍ និងជាទីតាំងមួយ ដែលមានលក្ខណៈពិសេសក្នុងការរៀបចំរត់ប្រណាំងនេះ គឺដូចគ្នាទៅនឹងព្រឹត្តិការណ៍រត់ប្រណាំងតាមតំបន់ឆ្នេរនៅក្នុងតំបន់ ដូចជាភូកេតម៉ារ៉ាតុងនៅប្រទេសថៃ និងដាណាងម៉ារ៉ាតុងនៅប្រទេសវៀតណាម ដែលគេទទួលបានជោគជ័យ មានអ្នកចូលរួមរាប់ម៉ឺននាក់។
លោក ចំរើន ថ្លែងថា៖ «បើយើងខិតខំប្រឹងប្រែងក្នុងការរៀបចំឱ្យមានគុណភាព យើងនឹងជោគជ័យនៅថ្ងៃណាមួយ។ នេះជាគោលដៅរបស់យើង ហើយអ្វីដែលនឹងកើតឡើងនៅថ្ងៃក្រោយ គឺការរីកចម្រើន និងការខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ ដែលជាឱកាសផ្ដល់នូវការងារធ្វើ ជាឱកាសជំរុញខាងផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងធុរកិច្ច ក៏ដូចជាជួយដល់អ្នករកទទួលទានតូចតាចជាដើម ហេតុនេះទើបយើងខិតខំប្រឹងប្រែងរៀបចំកន្លងមក»។
លោកបន្ថែមថា៖ «បច្ចុប្បន្ន ខេត្តព្រះសីហនុ មានសុវត្ថិភាពល្អប្រសើរ មានសន្ដិសុខសណ្ដាប់ធ្នាប់ល្អ និងមានហេដ្ឋានចនាសម្ព័ន្ធថ្មី ដែលយើងតែងនិយាយថា យើងទៅផ្សព្វផ្សាយពីភាពវិជ្ជមាននៃហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ខេត្ត។ អ្វីដែលថ្មី គឺយើងនឹងធ្វើឱ្យពិភពលោក និងប្រជាពលរដ្ឋកម្ពុជាយើង មើលឃើញពីភាពរីកចម្រើន ការអភិវឌ្ឍន៍ និងសក្ដានុពលរបស់ខេត្តព្រះសីហនុ ដូច្នេះព្រឹត្តិការណ៍កីឡារបស់យើង មានអត្ថប្រយោជន៍សំខាន់ ក្នុងការផ្សព្វផ្សាយអប់រំឱ្យពលរដ្ឋយល់ពីសក្ដានុពលនៅទីនោះ»។
ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ លើកទី១០ ឆ្នាំ២០២៥នេះ មាន៤វិញ្ញាសា រួមមានរត់ចម្ងាយ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងរត់កម្សាន្ដ៣គីឡូម៉ែត្រ ហើយវិញ្ញាសានីមួយៗ នឹងចេញដំណើរជាបន្តបន្ទាប់គ្នាចាប់ពីព្រឹកម៉ោង ៥:១០ រហូតដល់ម៉ោង ៥:៥០ នាព្រឹកថ្ងៃទី៣០ ខែមីនានោះ។
ជាមួយគ្នាលោក ផល្លា បានទទូចសុំឱ្យមានការបំផុសការផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យបានខ្លាំង ដើម្បីទាញអ្នកចូលរួមឱ្យបានច្រើន ព្រោះលោកមើលឃើញថា ខេត្តព្រះសីហនុ មានស្ថានភាពអំណោយផលខ្លាំងណាស់ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ គ្រាន់តែការផ្សព្វផ្សាយ មិនទាន់បានទូលំទូលាយ ដើម្បីទាញការចាប់អារម្មណ៍ពីអ្នករត់ទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកចូលរួមព្រឹត្តិការណ៍នេះបានច្រើន។
លោកបញ្ជាក់ថា៖ «ស្ថានភាពផ្លូវរត់ និងបរិយាកាសនៅខេត្តព្រះសីហនុ ល្អខ្លាំងណាស់ ជាពិសេសការរត់ចម្ងាយ២១គីឡូម៉ែត្រ ដោយត្រូវរត់តាមឆ្នេរសមុទ្រជាង១០គីឡូម៉ែត្រ គឺកម្រមានណាស់នៅអាស៊ីយើងនេះ ប៉ុន្តែការផ្សព្វផ្សាយរបស់យើង នៅមានកង្វះខាតច្រើនទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។
បើយើងខិតខំខ្លាំងជាងហ្នឹងទៀត គឺ២ទៅ៣ឆ្នាំខាងមុខទៀត មិនខ្វះអ្នកចូលរួមរត់ទេ អាចកើនឡើងចន្លោះពី៥ពាន់ទៅ១ម៉ឺននាក់»៕