កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះក្នុងពូល​នៃ​ពានរង្វាន់ AFC Women’s Asian Cup Australia 2026 ជា​លើក​ដំបូង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥។ នេះ​បើ​តាមសេចក្តី​ប្រកាស​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ឱ្យ​ដឹង​ទៀត​ថា ​ការ​ប្រកួត​ជម្រុះពាន​រង្វាន់បាល់​ទាត់នារី AFC Women’s Asian Cup Australia 2026​នេះ ​មានក្រុមជម្រើសជាតិនារីតាមប្រទេស នៅ​ក្នុង​តំបន់អាស៊ី​ចូលរួមទាំងអស់​ ហើយ​ការ​ប្រកួត​នឹង​ត្រូវ​បែងចែកជា៨ពូល ចំណែក​ការចាប់ឆ្នោតចែកពូល នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ AFC នៅប្រទេសម៉ាឡេស៊ី។

ហេតុនេះ​នៅមិនទាន់​ដឹង​ថា ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវស្វាគមន៍ក្រុមមកពីប្រទេសណាខ្លះ សម្រាប់​មកប្រកួតនៅកម្ពុជានោះ​​ទេ ហើយ​វា​ក៏​ជា​លើកដំបូង​ផងដែរ ដែល​កម្ពុជា ទទួល​បានឱកាស​ធ្វើ​ជាម្ចាស់​ផ្ទះ​​ការ​ប្រកួត​បាល់​ទាត់​នារី​កម្រិត​អាស៊ី​បែបនេះ បន្ទាប់ពី​កម្ពុជា ទទួល​បាន​ជោគ​ជ័យ ចំពោះ​ការ​ស្នើ​សុំ​ទៅ​កាន់​សហព័ន្ធ​បាល់​ទាត់​អាស៊ី (AFC) កាលពី​ពេល​ថ្មីៗ​នេះ ជាមួយ​ប្រទេស​ចំនួន​៧​ទៀត។

សកម្ម​ភាព​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ពេល​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិនារី​ឥណ្ឌូនេស៊ី ៣-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ពានរង្វាន់ AFF Women’s Cup 2024។ រូប​ថត FFC

ជុំវិញ​ការ​ងារ​នេះ លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«កម្ពុជា ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន​៨ ដែលបាន​ស្នើ​សុំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​វគ្គជម្រុះពាន​​រង្វាន់ AFC Women’s Asian Cup Australia 2026​នេះ ហើយ​យើងទើប​​ទទួល​បានការ​បញ្ជាក់​ពី AFC កាលពីថ្ងៃទី​២៦ ខែកុម្ភៈ ចំពោះការ​ទទួល​បានសិទ្ធិធ្វើ​ជាម្ចាស់​ផ្ទះ​នេះ»។

បើទោះបីជា នៅមិនទាន់​ដឹង​ថា ក្រុមនារី​កម្ពុជា នឹង​ត្រូវជួបក្រុមជម្រើសជាតិ​នារី​មកពី​ប្រទេស​ណា​ខ្លះ ចំពោះ​ការ​ធ្វើ​ម្ចាស់ផ្ទះការ​ប្រកួត​ពាន​រង្វាន់ AFC Women’s Asian Cup Australia 2026 ជា​លើកដំបូងនេះ ប៉ុន្តែ​លោក កែវ សារ៉េត បានចាត់​ទុក​ការ​ប្រកួតនេះ ជា​ការ​ផ្តល់​​ឱកាស​ថ្មី​មួយ​ទៀត សម្រាប់​ក្រុម​ជម្រើសជាតិនារី​កម្ពុជា បាន​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ខ្លាំងៗ នៅ​ក្នុងតំបន់​អាស៊ី ដើម្បី​ពង្រឹង​សមត្ថភាព​លេង​របស់​ខ្លួនឱ្យបានកាន់តែ​ប្រសើរ​ថែម​ទៀត។

ជាមួយគ្នានេះ​ក្រុមជម្រើសជាតិបាល់​ទាត់នារី​កម្ពុជា ក៏ទើប​​​បង្កើត​បានសមិទ្ធផល​ថ្មី​មួយ​ទៀត គឺ​ការ​ទទួល​បាន​ចំណាត់​ថ្នាក់លេខ​២ ក្នុងការ​ប្រកួត​ពានរង្វាន់ AFF Women’s Cup 2024​ ​បន្ទាប់ពីពួកគេ បានចាញ់​ក្រុមជម្រើសជាតិនារី​ឥណ្ឌូនេស៊ី ៣-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃទី​៥ ខែធ្នូ។

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា បានចាត់​ទុកការដណ្តើម​បានតំណែង​ជើងឯក​រង ពី​ការពានរង្វាន់ AFF Women’s Cup 2024 នេះ​​ថា ជាការ​បង្កើត​ប្រវត្តិសាស្រ្ត​ថ្មី​មួយ​ទៀត របស់​ក្រុមជម្រើសជាតិនារីកម្ពុជា បន្ថែម​ទៅ​លើការ​បង្កើត​ប្រវត្តិ​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ក្រុម​​នារី​កម្ពុជា ដណ្តើម​បាន​កៅអី​ឡើង​ទៅប្រកួត​នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើកដំបូង ក្នុងនាមជា​ម្ចាស់ផ្ទះ។

លោក​ កែវ សារ៉េត បាន​បញ្ជាក់​​ថា៖ «​គោលបំណងនៃ​ការ​សុំ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFC Women’s Asian Cup Australia 2026នេះ គឺ​យើង​ចង់​លើក​ទឹក​ចិត្ត ក៏​ដូចជា​ផ្សព្វ​ផ្សាយពី​វិស័យ​បាល់​ទាត់នារីនៅ​​ក្នុងប្រទេស​យើងឱ្យ​បានកាន់​តែ​ខ្លាំង ព្រោះ​តាម​រយៈ​ការ​ប្រកួត​ប្រជែង​កន្លងមក យើង​ឃើញ​ថា ក្រុម​ជម្រើសជាតិនារី​របស់​យើង ក៏​មានសក្តានុពល​ល្អ​​ដែរ ​ហេតុ​នេះយើងត្រូវជំរុញ​បន្ថែម​ទៀត»៕