
លោក ប៊់យ សុភ័ណ្ឌ បានក្លាយជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។ រូបថត Broad Sports
លោក ប៊ុយ សុភ័ណ្ឌ ត្រូវបានអង្គមហាសន្និបាតរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា អនុម័តគាំទ្រ១០០ភាគរយ ឱ្យឡើងធ្វើជាប្រធានសហព័ន្ធ ក្នុងអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ ជំនួសតំណែងចាស់របស់លោក ដែលជាអគ្គលេខាធិការ ក្នុងអាណត្តិទី៧។
ការអនុម័តនេះ ត្រូវបានធ្វើឡើង នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ថ្មី នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានសហព័ន្ធចាស់លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានលាលែងពីតំណែង។ តែអង្គមហាសន្និបាត បានគាំទ្រឱ្យលោក យ៉ៅយ៉េន ធ្វើជាប្រធានកិត្តិយសសហព័ន្ធវិញ ហើយលោកវេជ្ជបណ្ឌិត មាស វុទ្ឍី ជាអនុប្រធានកិត្តិយសរបស់សហព័ន្ធ។
ជាមួយគ្នានេះ អង្គមហាសន្និបាត បានបោះឆ្នោតគាំទ្រលោក Casey Barnett ឱ្យធ្វើជាអនុប្រធានទី១សហព័ន្ធ រីឯលោក ពេជ្រ សូផែន និងលោក តាវ ម៉េងហួរ ជាអនុប្រធាន ចំណែកលោក ជា លីម៉ីញ ត្រូវបានបោះឆ្នោតគាំទ្រឱ្យធ្វើជាអគ្គលេខាធិការ ហើយលោក ឆឹង ចាន់រិទ្ធីវុឌ្ឍ និងលោក ច័ន្ទ សុទ្ធ ជាអគ្គលេខាធិការរង ខណៈលោក សំ ពិសិដ្ឋ បន្តធ្វើជាអគ្គហេរញ្ញិក រីឯលោក មាស សារ៉ាវុឌ្ឍ លោកស្រី ប៉ឹង សំអាង និងលោក ជ័យ ណារ៉ា ជាសមាជិក។
ចំពោះការឡើងមកធ្វើជាប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងអាណត្តិទី៨នេះ លោក សុភ័ណ្ឌ បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការដឹកនាំសហព័ន្ធនេះ ឆ្ពោះទៅរកការដណ្តើមបានសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត។
លោក ប៊ុយ សុភ័ណ្ឌ បាននិយាយថា៖ «នៅក្នុងអាណត្តិទី៧ យើងទទួលបានសមិទ្ធភាពជាប្រវត្តិសាស្រ្តច្រើន ជាពិសេសការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងបានរៀបចំការប្រកួតប្រដាល់សកល តាមស្តង់ដាអន្តរជាតិបានល្អ ហើយក៏ជាប្រវត្តិសាស្រ្ត ដែលក្រុមប្រដាល់សកលរបស់យើង ដណ្តើមបានមេដាយច្រើន រួមទាំងមេដាយពីការប្រកួតកម្រិតជើងឯកផ្សេងៗទៀត ចំណែកអាណត្តិថ្មីទី៨នេះ យើងក៏មានគោលដៅ និងការងារច្រើន ដែលត្រូវធ្វើ ដើម្បីស្វែងរកជោគជ័យបន្ថែមទៀត»។
ជាមួយគ្នានេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏បានដាក់ចេញនូវទិសដៅការងារ និងគោលដៅយុទ្ធសាស្ត្រសំខាន់ៗចំនួន៧ ដើម្បីអភិវឌ្ឍវិស័យកីឡាប្រដាល់សកលឱ្យមានការរីកចម្រើនទៅមុខដូចគ្នា។
ទី១ រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប ក្រោមចក្ខុវិស័យ “អភិវឌ្ឍកីឡាប្រដាល់សកលឱ្យក្លាយជាប្រភេទកីឡាសក្តានុពល និងមានប្រជាប្រិយភាព នៅកម្ពុជា” ក្នុងទិសដៅដណ្តើមមេដាយក្នុងការប្រកួតកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក ពិសេសឈាន ទៅដណ្តើមមេដាយយ៉ាងតិច ១គ្រឿង ក្នុងការប្រកួតកីឡាយុវជនអាស៊ីហ្គេម "Asian Youth Games" លើកទី៤ ឆ្នាំ២០២៩ នៅកម្ពុជា។
ទី២ ពង្រឹងយន្តការរដ្ឋបាល និងគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារដឹកនាំ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ របស់សហព័ន្ធអន្តរជាតិ “IF” និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។ ទី៣ ស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតថ្នាល និងយុវជនផ្ទាល់របស់សហព័ន្ធ ក៏ដូចជាបន្តឧបត្ថម្ភគាំទ្រដល់ក្លិបជាសមាជិកក្នុងទិសដៅ “ពង្រឹងគុណភាព និងបរិមាណក្លិប”។
ទី៤ អភិវឌ្ឍធនធានមនុស្សសហព័ន្ធ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ក្នុងទិសដៅអភិវឌ្ឍមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ ដើម្បីធានានូវការបង្វឹកប្រកបដោយគុណភាព ក៏ដូចជាសុក្រឹតភាព និងយុត្តិធម៌នៃការវិនិច្ឆ័យ។
ទី៥ អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់ និងផ្តល់ឱកាសចូលរួមប្រកួតកម្រិតជាតិ អន្តរជាតិជាប្រចាំ ដើម្បីពង្រឹងគុណផលត្រៀមការប្រកួតជើងឯកប្រចាំទ្វីប និងពិភពលោក ការប្រកួតពហុកីឡា រួមមាន ស៊ីហ្គេម អាស៊ីហ្គេម និងអូឡាំពិកហ្គេម។
ទី៦ បង្កើតបណ្ឌិតសភាប្រដាល់សកល (Boxing Academy) និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម (Talent Identification Program) សម្រាប់អភិវឌ្ឍអត្តពលិកផ្ទាល់ និងយុវជនកម្រិតខ្ពស់ ដើម្បីធ្វើការប្រមូលផ្តុំក្នុង ក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៤ ឆ្នាំ២០២៩ នៅកម្ពុជា។
ទី៧ អភិវឌ្ឍប្រដាល់សកលអាជីព (Professional Boxing) តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងបណ្តាសហព័ន្ធប្រដាល់សកលអាជីពពិភពលោកក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់សកលអាជីពកម្រិតជាតិ-អន្តរជាតិ និងការបញ្ជូនអត្តពលិកចូលរួមការប្រកួត ប្រដាល់សកលអាជីពនៅក្រៅប្រទេស ដើម្បីពង្រឹងគុណផល និងបង្កើនប្រាក់ចំណូលបន្ថែមដល់អត្តពលិក៕