គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានសារភាពថា ពិតជាមានការពិបាកខ្លាំង ទម្រាំអាចដណ្តើមបាន៣ពិន្ទុពីក្រុមអង្គរថាយហ្គឺរ ដើម្បីតាមប្រជែងយកទីតាំងលេខ១ជាមួយក្រុមភ្នំពេញក្រោន នៅលីគកំពូលកម្ពុជា ប៉ុន្តែក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) លែងមានឱកាសប្រជែងយកតំបន់កំពូលតារាងទាំង៦ (Top6)ហើយ បន្ទាប់ពីពួកគេ បានជួបការខកចិត្តនៅលើទឹកដីក្រុមបឹងកេត នោះ។
លោក Pep Munoz គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកការយកឈ្នះលើក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-២ លើកនេះ ជាការប្រកួតដ៏តានតឹងមួយ ព្រោះអង្គរថាយហ្គឺរ ជាក្រុមមួយដែលមានកម្រិតលេងខ្ពស់ ហើយបានដាក់សម្ពាធក្រុមស្វាយរៀងខ្លាំង ក្នុងការស្វែងរកគ្រាប់បាល់ នៅគ្រប់ស្ថានភាពទាំងអស់។
លោកបាននិយាយក្រោយការប្រកួតថា៖ «អង្គរថាយហ្គឺរ បានដាក់សម្ពាធយើងគ្រប់ពេល និងរត់គ្រប់ពេលទាំងកីឡាករក្នុងស្រុក ជាពិសេសកីឡាករបរទេស គឺពួកគាត់ខិតខំប្រឹងប្រែងខ្លាំងមែនទែនតាំងពីនាទីដំបូង ដល់នារីចុងក្រោយ»។
ជាមួយគ្នានេះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Munoz បានកោតសរសើរពីកម្រិតលេង និងឆន្ទៈប្រកួតដ៏មោះមុតរបស់ក្រុមអង្គរថាយហ្គឺរ ដែលកាន់តែមានការរីកចម្រើន ដើម្បីក្លាយជាក្រុមមួយ ដែលមានការប្រកួតប្រជែងខ្ពស់ នៅក្នុងរដូវកាល ឆ្នាំ២០២៤-២០២៥នេះ ដោយពួកគេ កំពុងឈរនៅលេខរៀងទី៤ ជាមួយការឈ្នះ១០ ស្មើ៣ និងចាញ់៥ប្រកួត មាន៣៣ពិន្ទុ។
លោក Pep បានបញ្ជាក់ថា៖ «យើងចង់អបអរ និងកោតសរសើរទៅដល់ក្រុមអង្គរថាយហ្គឺរ ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ ដោយពួកគាត់បានចាប់ផ្តើមល្អជាងក្រុមរបស់យើង ព្រោះការប្រកួតយើងនិយាយពីគុណភាព តែក៏ផ្តោតទៅលើកម្លាំងក្នុងការលេងដូចគ្នា ហើយឃើញថា អង្គរថាយហ្គឺរ ធ្វើបានល្អមែនទែន ប៉ុន្តែអ្វីដែលល្អសម្រាប់យើង គឺយើងបានទាត់បញ្ចូលទី និងឈ្នះការប្រកួតនៅយប់នេះ»។
តាមរយៈការប្រកួតប្រចាំសប្តាហ៍ទី២០ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-២ ដែល៣គ្រាប់នេះ រកបានដោយខ្សែប្រយុទ្ធ ញាណ សុស៊ីដាន នៅនាទីទី៥០, Boungkong Bounphachan នៅនាទីទី៧៩ និង Takashi Odawara នៅនាទីទី៨៨ ខណៈ២គ្រាប់របស់ក្រុមអង្គរថាយហ្គឺរ ជាការភ្លាត់ធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារជប៉ុន Takashi Odawara នៅនាទីទី៦៤ និងការស៊ុតចូល១គ្រាប់របស់ខ្សែប្រយុទ្ធជប៉ុន Nagashima Kodai នៅនាទីទី៨៩។
ការដណ្តើមបាន៣ពិន្ទុបន្ថែមនេះ វានៅតែជួយឱ្យក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរនៅលេខរៀងទី២ និងមានឱកាសពេញលេញ ក្នុងការប្រជែងយកលេខ១ពីក្រុមភ្នំពេញក្រោន ដែលបន្តយកឈ្នះលើក្រុមក្រសួងមហាផ្ទៃ ២-០ កាលពីថ្ងៃសៅរ៍នោះដែរ ធ្វើឱ្យភ្នំពេញក្រោន មាន១ពិន្ទុនាំមុខ ក្រុមស្វាយរៀង ដដែល គឺ៤៧ទល់នឹង៤៦ពិន្ទុ។
ចំណែកក្រុមវិសាខា ដែលទើបបានបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្គោល លោក Kalns Jurgis កាលពីថ្ងៃទី៣១ ខែមករា ហើយបានតែងតាំងគ្រូជំនួយលោក Tunji Ayoyinka Akeeb ឱ្យធ្វើជាគ្រូបង្គោលជាបណ្តោះអាសន្ននោះ បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-១ ទាំងលំបាក ដើម្បីបន្តឈរនៅលេខ៣ ដោយមាន៤១ពិន្ទុ ខណៈក្រុមណាហ្គាវើលដ៍ បានយកឈ្នះក្រុម ISIដង្កោសែនជ័យ ៣-១ ដើម្បីឈរនៅលេខ៥ មាន៣០ពិន្ទុ។
ដោយឡែកក្រុមទ័ព មិនអាចរក្សាគ្រាប់បាល់នាំមុខ TETSUAKI MISAWA នៅនាទីទី ៤៥+២ រហូតដល់ចប់ការប្រកួតនោះទេ ដោយក្រុមម្ចាស់ផ្ទះបឹងកេត បានតាមស្មើវិញ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេចរបស់ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ នៅនាទីទី៧៩។
ការស្មើគ្នា ១-១ នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអាទិត្យនោះ គឺ បឹងកេត នៅតែមានភាគរយខ្ពស់ ក្នុងការឈរនៅ Top6 ដើម្បីបន្តការប្រកួតប្រជែងយកពាន នៅជុំទី៣ ព្រោះពេលនេះពួកគេ ឈរនៅលេខ៦ស្រាប់ មាន២៧ពិន្ទុ ហើយតាមពីក្រោយដោយក្រុម ISI ដង្កោសែនជ័យ មាន២៤ពិន្ទុ ខណៈការប្រកួតបញ្ចប់ជុំទី២ នៅសល់២ប្រកួតទៀត។
ផ្ទុយពីនេះក្រុមទ័ព លែងមានឱកាសប្រជែងទៅលេងនៅ Top6 ហើយ ព្រោះការមានត្រឹម១៨ពិន្ទុ វាធ្វើឱ្យក្រុមនេះ ធ្លាក់ទៅលេងនៅក្រុមលេខរៀងចុងក្រោយទាំង៥ (5 Bottom) ជាស្វ័យប្រវត្តិហើយ ខណៈការប្រកួតជុំទី៣រវាងក្រុម 5 Bottom នេះ គឺមានការប្រកួត២ជុំទៀត ដូចការប្រកួតរវាងក្រុម Top6 ដែរ៕