ក្លិប​បាល់​ទាត់វិសាខា បានសម្រេច​ធ្វើ​សន្និសីទកាសែត​ភ្លាមៗ កាលពី​ថ្ងៃចន្ទ ដើម្បី​ស្រាយ​ចម្ងល់នៅពីក្រោយការ​ចាក​ចេញ​របស់គ្រូ​​បង្គោល លោក Kalns Jurgis ខណៈ​គ្រូ​បង្វឹក​សញ្ជាតិឡាតវី មក​ពី​ទ្វីបអឺរ៉ុប​រូបនេះ ទើប​​ដឹកនាំ​ក្រុម​វិសាខា បាន​ពាក់កណ្តាល​រដូវ​កាល បន្ទាប់ពី​​បាន​ចុះ​កិច្ច​សន្យារួម​រស់​ជាមួយគ្នា កាលពី​ខែមិថុនា ឆ្នាំ​២០២៤នោះ។

ហេតុនេះការប្រកាស​ពីការ​ចែក​ផ្លូវគ្នា​រវាង​ក្លិប​វិសាខា និង​លោក Kalns Jurgis ដែល​ត្រូវ​បាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី៣១ ខែមករា កន្លងមក​នេះ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រភាគ​ច្រើន កើតជា​មន្ទិល​សង្ស័យ​ ថាតើមានរឿង​អ្វី​ឱ្យប្រាកដ ទើប​វិសាខា សម្រេច​បញ្ចប់​កិច្ចសន្យាមុនពេលកំណត់​ជាមួយលោក Kalns Jurgis ខណៈ​បុរស​វ័យ៤២ឆ្នាំរូបនេះ កំពុង​ដឹកនាំ​ក្រុម​វិសាខា បានល្អ​ទៅ​ហើយ​នោះ។ ​ 

ជុំ​វិញបញ្ហានេះ នាយិការគ្រប់គ្រងក្លិបបាល់​ទាត់វិសាខា កញ្ញា អ៊ូ បញ្ញាសុកិត្យា បាន​លើក​ឡើង នៅក្នុង​សន្និសីទកាសែត​ថា៖ «យើង​ដឹង​ហើយ​ថា វិសាខា ជា​ក្រុមមួយ ដែល​ផ្លាស់ប្តូរគ្រូច្រើន។ ​នេះជា​រឿងពិត ប៉ុន្តែវា​មាន​ករណីផ្សេងៗ​គ្នា ចំណែកការ​ចែក​ផ្លូវ​ជាមួយ​លោក​គ្រូ​ Kalns Jurgis គឺ​ក្លិប​អត់ចង់​ចែក​ផ្លូវ​ទេ ព្រោះ​គាត់ជា​គ្រូ​បង្វឹក ដែល​ដឹកនាំ​ក្រុម​មាន​លទ្ធផល​ល្អ​ អ៊ីចឹងការ​ចាក​ចេញ​នេះ ជាការ​សម្រេច​ចិត្តទាំងស្រុង​របស់​គាត់»។

កញ្ញា អ៊ូ បញ្ញាសុកិត្យា ​បានឱ្យដឹង​ទៀត​ថា ការ​សម្រេច​ចែក​ផ្លូវគ្នា​នេះ ក៏មិនមែន​​ធ្វើ​ឡើង​ដោយ​ភ្លាមៗនោះ​ដែរ ហើយ​វារឹតតែមិនពាក់ព័ន្ធ​ទៅនឹង​លទ្ធផលការ​ប្រកួតចុង​ក្រោយ​ នៅពេល​លោក Kalns Jurgis ដឹកនាំ​​​ក្រុម​វិសាខា ប្រកួត​ចាញ់​ក្រុមម្ចាស់​ផ្ទះ​ ISI ដង្កោសែន​ជ័យ ៤-២ កាលពី​ថ្ងៃទី​២៥ ខែមករា ​នោះ​ដែរ​។

ការ​ប្រកួត​រវាងក្រុម​វិសាខា (ពណ៌ស) និងក្រុម ISI ដង្កោសែន​ជ័យ កាលពីថ្ងៃទី​២៥ ខែមករា គឺ​ពេលដែល ​វិសាខា ចាញ់​ ៤-២ ក្រោមការ​ដឹកនាំ​ចុង​ក្រោយ​របស់​លោក Kalns Jurgis។ រូប​ថត វិសាខា

«តាម​ពិតគំនិត​នៃ​ការ​ចង់​ចាក​ចេញ​​របស់​លោក​គ្រូ Kalns Jurgis ​មាន​១ដង​ទៅ​២​ដង​ហើយ គ្រាន់​តែ​ក្លិប​បាន​ព្យាយាម​សម្របសម្រួល​​រក្សា​គាត់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​អ្វី​ផ្សេងៗ​ទៀត​ អ៊ីចឹង​​វា​មិនមែន​ជា​ការសម្រេច​ចិត្ត​របស់​ក្លិប ក្នុងការ​បណ្តេញ​គ្រូ​នោះ​ទេ គឺ​គាត់ជា​អ្នកស្នើ​សុំ​ចេញ​ដោយ​ខ្លួនឯង ចំពោះការចែក​ផ្លូវគ្នា​នេះ»។ កញ្ញា បញ្ញាសុកិត្យា ​ បានបញ្ជាក់។

ជាមួយគ្នា​នេះ មានការ​លើក​ឡើង​ថា ការ​ចេញ​របស់​លោក​គ្រូ Kalns Jurgis ទំនង​​មកពី​ថ្នាក់​ដឹកនាំ​ក្លិបវិសាខា ​​មានការ​លូក​ដៃ​ដល់​ការងារ​បច្ចេក​ទេស​របស់​​គ្រូ​បង្វឹក ធ្វើ​ឱ្យ​គាត់មិនពេញ​ចិត្ត រួច​ក៏​សម្រេច​ចិត្តចាក​ចេញ ប៉ុន្តែកញ្ញា អ៊ូ បញ្ញាសុកិត្យា បានច្រាន​ចោលចំពោះ​ការ​ចោទប្រកាន់នេះ។

កញ្ញា បញ្ជាក់​ថា៖​ «​ខ្ញុំ​សូមធានា គឺ​យើងមិន​បាន​លូក​ដៃ​ខាង​បច្ចេក​ទេស​នោះ​ទេ! ការ​ងារ​ទាំងអស់ជា​បច្ចេក​ទេស​សុទ្ធសាធ​។ ការ​ដាក់​កីឡាករ ឬ​ប្តូរ​កីឡាករ គឺ​អាស្រ័យ​ទៅលើ​គ្រូ​ទាំងស្រុង​ អ៊ីចឹង​លទ្ធផល​ល្អ ឬមិន​ល្អ ក៏​អាស្រ័យ​ទៅលើ​គ្រូ​បង្វឹក​ដូចគ្នា»។

ទន្ទឹម​នឹងនេះ នាយិការគ្រប់គ្រងក្លិបវិសាខារូបនេះ បាន​ទម្លាយ​មូល​ហេតុ​ពិតនៃ​ការ​សម្រេច​ចាក​ចាញ​របស់​លោក Kalns Jurgis ​ដោយនិយាយ​ថា៖ «ហេតុ​ផល​ធំទី​១ គឺ​គាត់បាន​បញ្ចេញ​ជា​មតិយោបល់​ថា លីគ​របស់យើង​នៅមានកម្រិត​ ដែល​មិនទាន់ត្រូវ​តាមស្តង់ដា​របស់​ពួកគាត់ទេ អ៊ីចឹងគាត់​ពិបាក​ធ្វើការ​»។

បន្ថែម​លើនេះ ​ការ​កាត់​សេចក្តី​នានា រួមទាំងការ​រៀបចំ​មុនការ​ប្រកួត ក្រោយ​ការ​ប្រកួត និង​លទ្ធផល​នៃ​ការ​ប្រកួត​ផ្សេងៗ ក៏ជា​មូល​ហេតុមួយ ជំរុញ​ឱ្យ​លោក Kalns Jurgis សម្រេចចាក​ចេញ​ពីកម្ពុជា​ផងដែរ ហើយបញ្ហាចម្បង​មួយ​ទៀត គឺ​ដោយសារ​លោក Kalns Jurgis និងក្រុមការងារ ចង់​វិលត្រឡប់​ទៅធ្វើការ​នៅ​ស្រុកកំណើត​វិញ ដើម្បី​ងាយស្រួល​ជួបជុំគ្នា​គ្រួសារ។​​ 

កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិបវិសាខា ពេលថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ ដើម្បីជម្រះភាពមន្ទិលចំពោះការចាកចេញរបស់គ្រូបង្គោល លោក Kalns Jurgis។ រូបថត វិសាខា

កញ្ញា បញ្ញាសុកិត្យា បញ្ជាក់ថា៖ «ការ​កាត់​សេចក្តីនានា ជា​ហេតុ​ផលចម្បងមួយ​ដែរ ដែល​គាត់​មិនអាច​នៅ​បន្ត​ទៀតបាន​ ព្រោះ​វា​អត់​ដូចអ្វី​ដែលគាត់​ធ្លាប់បាន​ឆ្លងកាត់​ពី​មុនៗ​មក។ ​

ទី​៣​​លោក​គ្រូ​ទាំង​អស់​ ​សុទ្ធតែ​មាន​ប្រពន្ធ​កូន តែ​គ្រួសារ​របស់​គាត់ អត់បាន​ផ្លាស់ប្តូរ​ទីតាំង​មក​រស់​នៅ​ជាមួយ​យើង​ទេ ដោយ​ពួកគាត់ត្រូវជិះ​យន្ត​ហោះ​ទៅមកៗ ដើម្បី​ទៅលេងគ្រួសារ គឺ​​មានការ​ពិបាក ហើយនេះ​ក៏​ជា​កត្តា​មួយ​ធ្វើ​ឱ្យគាត់ សម្រេច​ចាកចេញ​ពីយើង​ដែរ»។

គួរ​បញ្ជាក់ថា ក្រោមការ​ដឹកនាំ​របស់​លោក Kalns Jurgis បានជួយ​ឱ្យ​ក្រុម​វិសាខា បង្កើតបានកំណត់​ត្រា​ឈ្នះ​ចំនួន​៨លើកជាប់ៗ​គ្នា នៅ​ក្នុងចំណោមការ​ដឹកនាំ​ទាំង១៨​លើក​របស់​គាត់ ដោយ​ឈ្នះ​​១២ ស្មើ​២ ចាញ់​៤ ហើយក្រោយ​ការ​​ចាកចេញពី​ក្លិប​វិសាខា លោក  Kalns Jurgis គ្រោង​​ទៅ​ចុះ​កិច្ចសន្យា​ជា​គ្រូ​បង្គោល​ជាមួយ​ក្លិប FK Auda​ នៃលីគកំពូលឡាតវី​ ដែល​ជាស្រុកកំណើតរបស់លោក។

ចំណែក​ក្លិប​វិសាខា បានសម្រេច​តែងតែង​គ្រូជំនួយ​លោក ​ Tunji Ayoyinka Akeeb ឱ្យ​ធ្វើជា​គ្រូ​បង្គោល​ជាបណ្តោះអាសន្ន ដើម្បី​ដឹកនាំ​ក្រុមបន្ត​ទៅមុខ​ទៀត ដោយពេលនេះ វិសាខា កំពុង​ឈរ​នៅលេខ​រៀងទី​៣ នៃ​លីគកំពូល​កម្ពុជា ដោយមាន​៤១ពិន្ទុ តិចជា​ក្រុម​ឈរ​នៅកំពូល​តារាង ភ្នំពេញ​ក្រោន ដែលមាន​៤៧ពិន្ទុ និងក្រុម​ឈរ​នៅលេខ​២ ព្រះខ័នរាជស្វាយរៀង ដែលមាន​៤៦ពិន្ទុ៕