«ខ្ញុំបាទកីឡាករ បឺត សង្ឃឹម សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលលោកតែងតែគិតគូរដល់ខ្ញុំបាទ រហូតមានក្របខ័ណ្ឌដូចក្តីស្រមៃ»។ នេះជាសារស័ព្ទរបស់អ្នកប្រដាល់ជើងខ្លាំង បឺត សង្ឃឹម បានបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន បន្ទាប់ពីរូបគេ ទទួលបានក្របខ័ណ្ឌជាមន្រ្តីនគរបាលរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
កីឡាករលំដាប់លេខ១របស់កម្ពុជា បឺត សង្ឃឹម បានឱ្យដឹងថា ការទទួលបានក្របខ័ណ្ឌជាមន្រ្តីនគរបាលនៅពេលនេះ បានកើតមានឡើងតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការសាងបានស្នាដៃជូនជាតិ ក្នុងនាមជាកីឡាករប្រដាល់របស់ក្រសួងមហាផ្ទៃ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ការដណ្តើមបានមេដាយមាសស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលពីឆ្នាំ២០២២ លើវិញ្ញាប្រដាល់ឃីកបុកស៊ីង ត្រូវបាន បឺត សង្ឃឹម អះអាងថា ជាស្នាដៃធំដំបូងគេ ដែលរូបគេបាននាំមកជូនជាតិ ហើយក៏ជាពេលដែលរូបគេមានរំពឹងក្នុងការទទួលបានក្របខ័ណ្ឌដែរ។
បឺត សង្ឃឹម បានធ្វើឱ្យក្តីស្រមៃរបស់ខ្លួន កាន់តែមានពន្លឺឡើង បន្ទាប់ពីរូបគេបានបន្តឈ្នះមេដាយមាស ជាលើកទី២ ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក៏ដូចជាការដណ្តើមបានមេដាយមាស ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ និងការប្រកួតកីឡាជាតិជាតិ ជាបន្តបន្ទាប់ជូនក្រសួងមហាផ្ទៃ។
តាមរយៈក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បឺត សង្ឃឹម បាននិយាយថា៖ «ការទទួលបានក្របខ័ណ្ឌជាមន្រ្តីនគរបាលនេះ វាជាការសម្រេចក្តីស្រមៃ ដែលខ្ញុំចង់ក្លាយជាកងកម្លាំង។ វាជាការខំប្រឹងប្រែងជាច្រើនឆ្នាំរបស់ខ្ញុំ ហើយខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ ដែលបានផ្តល់ក្របខ័ណ្ឌដល់ខ្ញុំ។ ខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែន ហើយក្រុមគ្រួសារ និងសាច់ញ្ញាតិរបស់ខ្ញុំក៏រីករាយដូចគ្នា»។
គួរបញ្ជាក់ថា មិនមែនតែកីឡាករ បឺត សង្ឃឹម ម្នាក់ទេ ដែលទទួលបានក្របខ័ណ្ឌជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ប៉ុន្តែកន្លងមក កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្រ្តីកីឡាប្រភេទកីឡាផ្សេងៗរាប់រយនាក់ទៀត ក៏ទទួលបានក្របខ័ណ្ឌផងដែរ បន្ទាប់ពីអ្នកទាំងនោះ បានសាងស្នាដៃជូនជាតិ និងជូនអង្គភាពកីឡារបស់ក្រសួងមហាផ្ទៃ។
ការផ្តល់ក្របខ័ណ្ឌជាមន្រ្តីនគរបាលជូនដល់អ្នកកីឡានេះ គឺបានបង្កើតឱ្យមានឡើងតាំងពីជំនាន់លោកឧបនាយករដ្ឋមន្រ្តី ស ខេង នៅជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយក្នុងរាជកាលកូនប្រុសរបស់គាត់ គឺលោក ស សុខា ក៏នៅតែបន្តផ្តល់ក្របខ័ណ្ឌដល់អ្នកកីឡា។
ទង្វើនេះបានធ្វើឱ្យអត្តពលិកជំនាន់ក្រោយ កាន់តែមានទឹកចិត្តហ្វឹកហាត់ពង្រឹងសមត្ថភាព ក្នុងការប្រជែងយកមេដាយជូនជាតិ ព្រោះបញ្ជីឈ្មោះរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅតែបើកជំហរ សម្រាប់អ្នកមានស្នាដៃ ដើម្បីផ្តល់ជូនក្របខ័ណ្ឌជាបន្តបន្ទាប់ទៀត។
កីឡាករ បឺត សង្ឃឹម បានសម្តែងការដឹងគុណដល់ថ្នាក់ដឹកនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃទាំងអស់ ដែលបានជួយទំនុកបម្រុង និងឱ្យតម្លៃដល់ការខិតខំប្រឹងប្រែងរបស់អ្នកកីឡា តាមរយៈការផ្តល់ជាក្របខ័ណ្ឌនេះ ដោយវានឹងធ្វើឱ្យកីឡាករ កីឡាការិនីកម្ពុជា កាន់តែមានការប្រឹងប្រែងថែមទៀត ក្នុងការដណ្តើមយកមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិ។
បឺត សង្ឃឹម បញ្ជាក់ថា៖ «ខ្ញុំបាទ បឺត សង្ឃឹម សូមគោរពសម្តែងការដឹងគុណដ៏ខ្ពង់ខ្ពស់ដល់សម្តេចក្រឡាហោម ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលផ្តល់ឱ្យខ្ញុំនូវក្របខ័ណ្ឌនគរបាលជាតិ។ នេះជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតខ្ញុំនៅពេលនេះ ហើយខ្ញុំប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងធ្វើឱ្យបានល្អ ដើម្បីនាំយកស្នាដៃបន្តទៀតជូនជាតិ និងជូនដល់អង្គភាព»៕