លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជំរុញ​ឱ្យ​គណៈ​កម្មការ​ស្រាវជ្រាវ​គម្ពីរអាថ៌កំបាំងយុទ្ធគុន​ដូនតា​ខ្មែរ ត្រូវ​ធ្វើការ​សិក្សាស្រាវជ្រាវ​ និង​ចង​ក្រង​អត្តសញ្ញាណ​នៃ​ប្រភេទ​យុទ្ធគុន​ដូនតាខ្មែរ​នីមួយៗ​ឱ្យ​បាន​ច្បាស់​លាស់ ដោយផ្អែក​លើ​តឹក​តាង​ជា​ប្រវត្តិ​សាស្រ្ត​ជា​សំខាន់ ដើម្បី​សង្គ្រោះយុទ្ធ​គុនដូន​តាខ្មែរ ដែល​បាន​បាត់​បង់ ​ជិត​នឹង​បាត់​បង់ ក៏ដូច​ជា​អភិរក្ស​យុទ្ធ​គុន​ដូន​តាខ្មែរ ដែលកំពុង​មាន​ការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន។

លោក ហ៊ុន ម៉ាណែត ​បាន​លើក​ឡើង​បែបនេះ ក្នុង​ពេល​លោក​អនុញ្ញាត​ឱ្យ​លោក ថោង ខុន ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្ម​ការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌កំបាំង​យុទ្ធ​គុន​ដូន​តា​ខ្មែរ ចូល​ជួប​សម្ដែង​ការ​គួរ​សម និង​ពិភាក្សាការងារ នៅវិមាន​សន្ដិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភ:។

នៅ​ក្នុង​ឱកាស​នោះ លោក ថោង ខុន បាន​រាយ​ការណ៍​ជូន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពីវឌ្ឍន​ភាព​ស្តីពី​ការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធគុន​ដូន​តា​ខ្មែរ គឺ​គណៈ​កម្មការ​ដែល​ប្រមូល​ផ្តុំ​ដោយ​ថ្នាក់​ដឹកនាំ​កំពូលៗ​មួយ​នេះ បាន​សម្រេច​ការងារ​សំខាន់ៗ​មួយ​ចំនួន និង​បាន​បែងចែក​ភារកិច្ច​ដល់​ក្រុម​ជំនាញ​ស្រាវ​ជ្រាវ ទៅ​តាម​ប្រភេទ​នីមួយៗ​នៃ​ក្បាច់​គុន​ដូនតា​ខ្មែរ។

លោក ថោង ខុន ដែលជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​នោះ បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ស្រាវជ្រាវ​គម្ពីរអាថ៌​កំបាំង​យុទ្ធគុន​ដូនតាខ្មែរ គឺពឹង​ផ្អែក​លើ​ប្រភព​អរូបី ដែល​រួម​មានមរតក​មនុស្ស​រស់ សម្រាប់​ជា​មូល​ដ្ឋាន​នៃ​ការ​ស្រាវជ្រាវ និង​ប្រភព​រូបី ដែល​មាន​សាស្ត្រា​ស្លឹករឹត វត្ថុបុរាណ សិលា​ចារឹក​ដែល​មាន​ឆ្លាក់​នៅ​តាម​ប្រាសាទ​បុរាណ​នានា ព្រម​ទាំង​ប្រភព​កម្លាំង​ធម្ម​ជាតិ ដូច​ជា​ការ​ស្រាវជ្រាវ​លើ​យ័ន្ត និង​មន្ត​អាគម​ជាដើម។

ជាការ​ឆ្លើយតប លោក ហ៊ុន ម៉ាណែត បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេច​បាន​របស់គណៈកម្មការ​ស្រាវ​ជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធគុន​ដូន​តា​ខ្មែរ ដែល​បាន​ខិតខំនា​ពេល​កន្លង​មក ហើយ​លោក​បាន​គូស​បញ្ជាក់​ថា យុទ្ធ​គុន​ដូន​តាខ្មែរ ដែល​បាន​រក្សា​ទុក សម្រាប់កូន​ខ្មែរ​ជំនាន់​ក្រោយ​ មាន​ភាព​សម្បូរ​បែប និង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ដូច្នេះ​យើង​ត្រូវ​ខិតខំស្រាវ​ជ្រាវ ចងក្រង ផ្សព្វផ្សាយ និ​ងអនុវត្ត ដើម្បី​អភិរក្ស​មរតក​យុទ្ធគុន​ដូនតា​ខ្មែរ ឱ្យ​មាន​និរន្តរ​ភាព និង​បន្ត​ត​ជំនាន់។

ប្រមុខ​ដឹកនាំ​ប្រទេស​វ័យក្មេង​ លោក ម៉ាណែត បាន​បញ្ជាក់​ថា៖ «ការ​សិក្សាស្រាវ​ជ្រាវ​នេះ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​សុក្រឹត និង​ច្បាស់​លាស់ ដោយ​ផ្អែក​លើ​តឹក​តាង​ប្រវត្តិ​សាស្ត្រ ព្រោះនេះ​ជា​ឯកសារ​ផ្លូវ​ការ​ដ៏​មាន​សារៈ​សំខាន់​បំផុត ដែល​ចង​ក្រង​អំពី​យុទ្ធគុន​ដូន​តា​ខ្មែរ»។ 

ជាមួយ​គ្នា​នេះ​លោក​នាយក​រដ្ឋ​មន្រ្តី បាន​ជំរុញ​ឱ្យ​​គណៈកម្មការ​ស្រាវ​ជ្រាវ​គម្ពីរអាថ៌​កំបាំង​យុទ្ធ​គុន​ដូន​តាខ្មែរ «ត្រូវ​សិក្សា​ស្រាវ​ជ្រាវ និង​កំណត់​អត្តសញ្ញាណ​ឱ្យ​ច្បាស់​នូវ​ប្រភេទ​យុទ្ធគុននីមួយៗ​ ដើម្បី​សង្គ្រោះយុទ្ធ​គុន​ដូនតា​ខ្មែរ ដែលបាន​បាត់​បង់ ជិត​នឹង​បាត់​បង់ ក៏ដូច​ជា​អភិរក្សយុទ្ធគុន​ដូន​តាខ្មែរ ដែល​កំពុង​មានការ​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន»។ 

​លោក​បាន​លើក​ទឹក​ចិត្ត​ដល់​គណៈកម្មការ ឱ្យ​បង្កើន​ការផ្សព្វ​ផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​ប្រភេទ​យុទ្ធគុន​ដូនតាខ្មែរ ដ៏សម្បូណ៌​​បែប។

នៅ​ក្នុងជំនួប​នោះ​ដែរ លោក ថោង ខុន ក៏​បានជម្រាបជូន​លោក ហ៊ុន ម៉ាណែត អំពីការត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ «ពានរង្វាន់សម្ដេចធិបតី» លើកទី២ ដែលគ្រោងរៀបចំ​នៅ​ចុង​ឆ្នាំ​២០២៥ ហើយចំពោះ​រឿងនេះ លោក​នាយក​រដ្ឋ​មន្រ្តី បាន​លើក​ទឹក​ចិត្ត​ឱ្យ​គណៈកម្មការ រៀបចំ​នីតិវិធី​នៃ​ការ​ប្រកួត​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ និង​ជំរុញ​ការ​ចូល​រួម​ឱ្យ​បាន​ទូលំទូលាយ​ពី​គ្រប់​ប្រភេទ​យុទ្ធគុន​ខ្មែរ ដើម្បី​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​បាន​យល់​ដឹង​កាន់​តែ​ច្រើន​ អំពី​មរតកយុទ្ធ​គុន​ដូន​តាខ្មែរ​យើង៕