គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) ត្រៀមនឹង​រៀបចំមហាសន្និបាតលើកទី១៤៤ ដើម្បីជ្រើសរើសប្រធានថ្មី នាថ្ងៃទី១៨-២១ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសក្រិក ខណៈ​បេក្ខភាព ដែល​ទទួល​បានការ​គាំ​ទ្រ​ឱ្យ​ឡើង​ធ្វើ​ជា​ប្រធានថ្មី​របស់ IOC នឹងត្រូវដោះស្រាយបញ្ហា​ប្រឈម​ជា​ច្រើន ពិសេសត្រូវប្រឈមមុខជាមួយប្រធានាធិបតីរបស់​សហរដ្ឋ​អាមេរិកអាណត្តិ​ថ្មី លោក ដូណាល់ ត្រាំ ក៏ដូចជា​ការ​បញ្ចុះបញ្ចូល​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​រុស្ស៊ី អាច​វិល​ត្រឡប់​មក​ចូលរួម​ក្នុងការប្រកួតកីឡាអូឡាំពិកវិញ។

ជុំវិញ​រឿងនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាន​ប្រាប់​ប្រព័ន្ធ​ផ្សាយ​​ថា ប៉ុន្មានថ្ងៃមកនេះ ពិភពលោកបានផ្ដោតការចាប់អារម្មណ៍​ចំពោះ​ការត្រៀមផ្លាស់ប្ដូរថ្នាក់ដឹកនាំកំពូលរបស់ចលនាអូឡាំពិកពិភពលោកនេះ បន្ទាប់ពីប្រធានចាស់ លោក Thomas Bach បានចប់អាណត្តិរបស់ខ្លួន ក្រោយដឹកនាំអស់រយៈពេល​១២ឆ្នាំ។

លោក​បន្ថែម​ថា ក្នុង​អាណត្តិ​របស់ IOC មានរយៈពេល ៨ឆ្នាំ +​៤ឆ្នាំ ហើយប្រធានចាស់ មិនមាន​សិទ្ធិ​ឈរឈ្មោះ​ទៀតទេ ចំណែក​ការ​បោះ​ឆ្នោតជ្រើស​រើស​ប្រធាន​​ថ្មី នាថ្ងៃទី២០ ខែមីនាខាងមុខ មានឥស្សរជនជាន់ខ្ពស់​ចំនួន​៧រូប បានឈរឈ្មោះប្រជែងគ្នា ដោយម្នាក់ៗ​សុទ្ធតែ​មាន​សមត្ថ​ភាព និងបទពិសោធន៍​ខ្លាំង ទី​១ ព្រះអង្គម្ចាស់របស់ប្រទេស​ហ្សក់ដានី Feisal Al Hussein ប្រធាន NOC ហ្សក់ដានី និងជាសមាជិកប្រតិបត្តិក្រុមប្រឹក្សា OCA។

ចំណែក​ទី​២ លោក Juan Antonio Samaranch Jr. សមាជិក NOC អេស្ប៉ាញ និងជាកូនប្រុសអតីតប្រធាន IOC លោក Juan Antonio Samaranch។ ទី​៣ លោក Morinari Watanabe (ជប៉ុន) សមាជិក IOC និងជាប្រធានសហព័ន្ធកាយសម្ព័ន្ធអន្តរជាតិ។

ទី​៤ លោក David Lappartient ប្រធានសហភាពកីឡាទោចក្រយានអន្តរជាតិ (UCI) និងជាប្រធាន NOC បារាំង។ ទី​៥ លោកស្រី Kirsty Coventry ​ ​ជា​សមាជិក IOC និងជារដ្ឋមន្ត្រីក្រសួងយុវជន កីឡា សិល្បៈ និងទេសចរណ៍​របស់​ប្រទេស​ស៊ីមបាវ៉េ ហើយ​លោកស្រី​ក៏​ជាអតីតម្ចាស់មេដាយអូឡាំពិកប្រភេទកីឡាហែលទឹក។

រីឯ​ទី៦ លោក Johan Eliasch (ស៊ុយអែត-អង់គ្លេស) ជាសមាជិក IOC និងជាប្រធានសហព័ន្ធកីឡាស្គីអន្តរជាតិ និងទី​៧ លោក Sebastian Coe ​(​អង់គ្លេស) ​ជា​សមាជិក IOC និងជាប្រធានកីឡាអត្តពលកម្មពិភពលោក។

លោក Thomas Bach ប្រធាន IOC ពេលថតជាមួយសមាជិក IOC កន្លងមក ហើយលោកនឹងត្រូវចប់អាណត្តិ នៅខែមីនា ដើម្បីបើកផ្លូវឱ្យបេក្ខភាព៧នាក់ ធ្វើការបោះឆ្នោតប្រជែងគ្នាយកតំណែងនេះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ រូបថត IOC

លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «នេះជាប្រវត្តិសាស្ដ្រហើយ ដែលមានឥស្សរជន​កីឡាកំពូល​​៧រូប បាន​ឈរឈ្មោះប្រជែងតំណែងប្រធាន IOC  ព្រោះ​កន្លងមកមានបេក្ខជនចន្លោះពី​២ទៅ​៣នាក់​អីទេ ហើយ​បេក្ខជនទាំង​៧រូប​នេះ សុទ្ធតែ​មាន​ឧត្តមភាព ប្រជា​ប្រិយភាព និងជាអ្នកមាន​បទពិសោធន៍​​ខ្លាំង និង​យូរអង្វែង​ក្នុងការ​​គ្រប់​គ្រងចលនា​អូឡាំពិក ​ប៉ុន្ដែអ្វីៗស្ថិតលើសន្លឹកឆ្នោត ១១០សន្លឹក របស់​អ្នកមានសិទ្ធិបោះឆ្នោត ដែលជាសមាជិក IOC ក្នុងនោះក៏មានតំណាងតំបន់អាស៊ាន​២នាក់ ចូលរួមបោះឆ្នោតដែរ»។

ទន្ទឹមជាមួយគ្នា​នេះ លោក វ៉ាត់ ចំរើន បាន​បង្ហើប​ថា អ្វីដែលគួរឱ្យ​ចាប់អារម្មណ៍ ហើយបណ្ដាប្រទេសសមាជិកចង់ដឹងនោះ ​ថា​តើ​ប្រធានថ្មី IOC នឹងត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? ស្របពេលមានសមីការជាច្រើន ត្រូវបានដាក់ឱ្យ​ប្រធានថ្មី មុនការបោះឆ្នោតឈាន​ចូល​មកដល់ ជាពិសេស​ការ​ប្រាស្រ័យទាក់ទងជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការ​​រៀបចំការ​ប្រកួត​កីឡាអូឡាំពិក​ហ្គេម នៅ​ឆ្នាំ​២០២៨។

លោក ចំរើន ថ្លែង​ថា៖ «បញ្ហាប្រឈមទី១ គឺ​ប្រធានថ្មី​របស់ IOC នឹង​ការ​ធ្វើការ​ជាមួយ ដូណាល់ ត្រាំ សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៨ នៅរដ្ឋ Los Angeles អ៊ីចឹង​ចាំមើលតើប្រធានថ្មី គាត់នឹងធ្វើការជាមួយ ត្រាំ យ៉ាងម៉េច? តើ ដូណាល់ ត្រាំ គាត់នឹងមានភាពអស្ចារ្យអ្វីផ្សេងទៀត? អ៊ីចឹងប្រធានថ្មី ត្រូវប្រឈមមុខច្រើន ដើម្បីធ្វើយ៉ាងណារក្សាឱ្យ​បាននូវសមត្ថភាពរបស់ចលនាអូឡាំពិក ៤ឆ្នាំម្ដងនេះ»។

លើសពីនេះ ប្រធានថ្មី​របស់ IOC ក៏នឹងត្រូវប្រឈម​មុខ ក្នុង​ការ​ស្វែង​រក​ប្រាក់ចំណូល​ឱ្យ​បាន​ច្រើន គឺ​យ៉ាង​ហោចណាស់​ក៏បានចំណូល ៦.៧ប៊ីលានដុល្លារ ស្មើ​ទៅនឹង​គោលការណ៍ប្រាក់ចំណូល​​៤ឆ្នាំម្ដង ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៤​ផងដែរ ​ដើម្បីជួយដល់ចលនាអូឡាំពិក ក៏​ដូចជា​​ស្ដារប្រជាប្រិយភាព និងគុណភាពនៃការរៀបចំកីឡាអូឡាំពិក​ហ្គេមឡើងវិញ បន្ទាប់ពីរងវិបត្តិកូវីដ១៩ ធ្វើឱ្យ​ចលនាអូឡាំពិកមានបញ្ហា និងប៉ះពាល់ដល់ការគ្រប់គ្រងដឹកនាំ។

ចំណុច​សំខាន់មួយទៀត គឺការស្វែងរកសុខសន្ដិភាពរបស់ពិភពលោក ស្របតាមទ្រឹស្ដីអូឡាំពិក «កីឡានាំមកនូវសន្ដិភាព» ព្រោះ​ក្នុងនាមដៃគូរបស់អង្គការសហប្រជាជាតិ IOC តែងគាំទ្រនូវចលនាស្វែងរកសន្ដិភាពពិភពលោក ដោះស្រាយវិវាទ និងជម្លោះផ្សេងៗ អ៊ីចឹង​នេះជាកាតព្វកិច្ចរបស់ប្រធានថ្មី​របស់ IOC ដែល​ត្រូវប្រកួតប្រជែង ហើយត្រូវបំពេញការងារនេះឱ្យ​បានល្អ ដើម្បីធានាការលុបបំបាត់ចោល​នូវការរើសអើង ក៏ដូចជាបញ្ហាសង្គ្រាម ហើយអូសទាញប្រទេសធំៗ ឱ្យ​ចូលរួមការប្រកួតកីឡាអូឡាំពិកវិញ ជា​ពិសេសគឺប្រទេសរុស្ស៊ីតែម្ដង។

លោក វ៉ាត់ ចំរើន ពេលថ្លែងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាពេលកន្លងមក។ រូបថត NOCC

នៅ​ត្រង់​ចំណុចនេះ លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា «គេបានដាក់សមីការឱ្យ​ប្រធានថ្មី ត្រូវតែធ្វើម៉េចទាញរុស្ស៊ីចូលវិញ? ដូច្នេះសមីការហ្នឹង គាត់ត្រូវតែធ្វើម៉េចបញ្ចុះបញ្ចូល ឬរៀបចំ​ស្ថានភាពយ៉ាងម៉េចឱ្យ​ខាងកីឡារុស្ស៊ី ដែលជាប្រទេសមួយ​មានកីឡាល្បីល្បាញ មានបច្ចេក​ទេស​ល្អ ខ្លាំងពូកែ ចូលមកក្នុងការប្រកួតកីឡាអូឡាំពិកជាផ្លូវការវិញ»។

លោក​បន្ថែម​ថា៖ «ការប្រកួតអូឡាំពិក ៣លើកចុងក្រោយ តាំងពីឆ្នាំ២០១៦ និងឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ រុស្ស៊ី អត់បានចូលរួមទេ គឺចូលបានតែកីឡាករឯកត្ដជនជាលក្ខណៈ​ឯករាជ្យ មិនចូលចំណុះរបស់ប្រទេស ដោយសារតែបញ្ហារឿង Doping និងបញ្ហានយោបាយអ៊ីចឹងប្រធានថ្មី គេប្រាប់គាត់ថា បើជាប់ហើយ ត្រូវធ្វើការងារហ្នឹងឱ្យ​បាន»។

ទោះបីជា ប្រធានថ្មី​របស់ IOC នឹង​ត្រូវប្រឈម​នឹងការបំពេញ​​ការងារដ៏​លំបាកក៏ពិតមែន ប៉ុន្តែ​ក្នុងនាមប្រទេសជាសមាជិក លោក វ៉ាត់ ចំរើន សង្ឃឹមថា ចលនាអូឡាំពិក នៅតែជាចលនាមួយ ដែលស្អាតស្អំ ជាចលនាមួយដែលប្រជាជាតិទាំងអស់លើពិភពលោកត្រូវការ ក្នុងការរួមគ្នាចង់បាននូវសុខដុមរមនារបស់មនុស្សជាតិលើពិភពលោក ព្រោះចលនាអូឡាំពិក ឬកីឡាអូឡាំពិក មិនមែនផ្ដោតតែ​លើរឿងប្រកួតប្រជែង ឬ​រឿង​សុខភាពប្រជាពលរដ្ឋ​ប៉ុណ្ណោះទេ តែក៏ផ្ដោតសំខាន់លើរឿងបរិយាកាសសង្គម ជួយដល់សុខដុមរមនាសង្គម ការអភិវឌ្ឍសង្គម និងរឿងជាច្រើនទៀត។

មន្រ្តីជំនាញ លោក វ៉ាត់ ចំរើន បញ្ជាក់​ថា៖ «យើងសង្ឃឹម និងជឿជាក់ថា បេក្ខជនដែលជាប់ជា​ប្រធាន​ថ្មី​របស់ IOC នឹងក្លាយទៅជាអ្នកដឹកនាំកំពូលរបស់ចលនាអូឡាំពិក ៨ឆ្នាំទៅមុខទៀត ហើយសង្ឃឹមថា NOCC ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន នឹងជំរុញនូវកិច្ចសហការជាមួយប្រធាន IOC ថ្មីឱ្យ​បានកាន់តែល្អប្រសើរ ហើយយើងក៏អាចមានដំណើរទស្សនកិច្ចទៅអបអរសាទរ និងជួបប្រធានថ្មី បន្ទាប់ពីការជាប់ឆ្នោត នៅក្នុងឆ្នាំនេះផងដែរ»៕