ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីស្វាគមន៍ក្រុម Shan United របស់មីយ៉ាន់ម៉ា នៅយប់ម៉ោង ៧:៣០ ថ្ងៃពុធនេះ ហើយវាក៏ជាការប្រកួតចុងក្រោយប្រចាំពូលA ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ប្រចាំពូលនេះ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2024/2025ផងដែរ។
យ៉ាងណាក៏ដោយ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Shan United បានធ្លាក់ចេញពីការប្រកួតនេះដោយស្វ័យប្រវត្តិរួចហើយ បន្ទាប់ពីក្រុមទាំង២នេះ ធ្វើមិនសូវបានល្អ ជាពិសេសក្រុម Shan United ដែលបានចាញ់ទាំង៤ប្រកួត គ្មានពិន្ទុរាប់ទេ ខណៈក្រុមស្វាយរៀង បានឈ្នះ១ ស្មើ១ និងចាញ់២ដង ឈរនៅលេខ៥ មាន៤ពិន្ទុ។
ចំណែកក្រុម BG Pathum United របស់ថៃ កំពុងឈរនៅលេខ១ប្រចាំពូលAនេះ មាន៨ពិន្ទុ តាមពីក្រោយដោយក្រុម Terengganu FC របស់ម៉ាឡេស៊ី និងក្រុម PSM Makassar FC របស់ឥណ្ឌូនេស៊ី ដែលមាន៧ពិន្ទុស្មើគ្នា និងក្រុម Dong A Thanh Hoa របស់វៀតណាម មាន៦ពិន្ទុ។
ក្រុមទាំង៤នេះ នឹងត្រូវប្រកួតប្រជែងគ្នាយកឱកាសឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ ក្នុងជំនួបកាត់សេចក្តីនៅយប់ថ្ងៃពុធនេះដែរ ដោយ BG Pathum ត្រូវជួប Terengganu ហើយ PSM Makassar ត្រូវប៉ះ Dong A Thanh Hoa។
តែទោះបីជាយ៉ាងណា គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz មិនបានទម្លាក់ការផ្តោតវអារម្មណ៍ ចំពោះការប្រកួតបង្រ្គប់កិច្ចជាមួយក្រុម Shan United នៅយប់នេះទេ ដោយលោកបានដាក់គោលដៅដណ្តើមយកឱ្យបាន៣ពិន្ទុ។
លោក Pep បាននិយាយ ក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារថា៖ «នេះជាការប្រកួតដ៏សំខាន់ ហើយវាក៏ជាការប្រកួតចុងក្រោយរបស់យើង ក្នុងពាន ASEAN Club Championship Shopee Cup ដែរ អ៊ីចឹងយើងចង់បង្ហាញពីគុណភាពលេងរបស់ក្រុមទាំងមូល យើងដោយត្រូវការឈ្នះ៣ពិន្ទុ»។
ស្រដៀងគ្នានេះ ខ្សែប្រយុទ្ធជើងចាស់ ប្រាក់ មុន្នីឧត្តម បានបញ្ជាក់ថា៖ «ទោះដឹងថា យើងលែងមានឱកាសទៅវគ្គបន្ត ប៉ុន្តែការប្រកួតជាមួយ Shan United ចុងក្រោយនេះ ពួកយើងត្រូវតែព្យាយាមរក៣ពិន្ទុឱ្យបាន ដើម្បីរក្សាចំណាត់ថ្នាក់ល្អនៅក្នុងពូល អ៊ីចឹងយើងនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីរក្សាទម្រង់លេងរបស់យើងឱ្យល្អ ដូចអ្វីដែលយើងបានខំប្រឹងធ្វើ តាំងពីដើមទីមក»។
ជាមួយគ្នានេះ គ្រូបង្គោលក្រុម Shan United លោក Ono Hiroki ក៏ហាក់មិនបានជឿជាក់ ក្នុងការប្រកួតប្រជែងជាមួយក្រុមព្រះខ័នរាជស្វាយរៀង នោះដែរ ដោយបានកត់សម្គាល់ថា ក្រុមរបស់លោក អាចនឹងរបូតគ្រាប់បាល់ច្រើន បើសិនជាមិនអាចបិទខ្សែប្រយុទ្ធរបស់ស្វាយរៀង បានទេនោះ។
លោក Ono Hiroki បាននិយាយថា៖ «ខ្ញុំគិតថា ការប្រកួតនេះ ជាការប្រកួតដ៏លំបាកមួយ ព្រោះស្វាយរៀង ជាក្រុមដែលមានខ្សែប្រយុទ្ធល្អៗ ជាពិសេសកីឡាករប្រេស៊ីល និងកីឡាករក្នុងស្រុកមួយចំនួន អ៊ីចឹងបើសិនក្រុមរបស់យើង មិនធ្វើការងារធ្ងន់ទេ គឺអាចនឹងរបូតគ្រាប់បាល់ច្រើន»។
ចំណែកកីឡាករ Nanda Kyaw របស់ក្រុម Shan United ក៏បានសរសើរពីគុណភាពលេងរបស់ក្រុមស្វាយរៀង ដោយនិយាយថា៖ «ក្រុមស្វាយរៀង មានកីឡាករមានគុណភាពលេងបានល្អៗច្រើន ហេតុនេះវានឹងក្លាយជាការប្រកួតដ៏ល្អមួយ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ហើយយើងបានត្រៀមរួចរាល់ទាំងការការពារ និងប្រយុទ្ធ ដើម្បីប្រកួតជាមួយស្វាយរៀង»។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា នៅយប់ថ្ងៃពុធនេះ លោក Pep Munoz បានបង្ហើបថា កីឡាករសំខាន់របស់លោកដល់ទៅ៨នាក់ មានរបួស ក្នុងនោះក៏មានខ្សែប្រយុទ្ធឆ្នើមមកពីប្រេស៊ីល Pablo Agusto និងកីឡាករជប៉ុន Ryo Fuji ផងដែរ។
លោក Pep មិនទាន់ប្រាកដថា អ្នកទាំង២នេះ នឹងអាចចូលលេងបានឬយ៉ាងណានោះទេ ព្រោះរបួសមិនទាន់ជាសះស្បើយ១០០ភាគរយ ខណៈខ្សែប្រយុទ្ធកំពុងបង្ហាញទម្រង់លេខល្អ ណារ៉ុង កក្កដា មានរបួសដាច់សរសៃ ACL ចំណែកកីឡាករ៦នាក់ទៀត មិនទាន់បានចុះឈ្មោះក្នុងការប្រកួតពានមួយនេះទេ។
លោកបានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតនេះ យើងអាចមានកីឡាករ១៣ទៅ១៤នាក់ មិនអាចចូលលេងបាន ព្រោះ៨នាក់មានបញ្ហារបួស និង៦នាក់នាក់ទៀត មិនទាន់បានចុះឈ្មោះ អ៊ីចឹងយើងរំពឹងថា អ្នកដែលបានចូលលេង នឹងប្រឹងប្រែងព្យាយាមលេង១០០ភាគរយ ដើម្បីស្វែងរកជ័យជម្នះក្នុងការប្រកួតនេះ»៕