គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Munoz ហាក់មិនពេញចិត្តពីទម្រង់លេង និងគុណភាពលេងរបស់ក្រុមព្រះខ័នរាជស្វាយរៀងប៉ុន្មានទេ បើទោះបីជាក្រុមតំណាងឱ្យកម្ពុជាមួយនេះ បានយកឈ្នះក្រុម Shan United ៤-២ ក្នុងការប្រកួតបញ្ចប់ពូលA នៃពានរង្វាន់ ASEAN Club Championship Shopee Cup 2024/2025 កាលពីយប់ថ្ងៃពុធ។
គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានមើលឃើញថា កូនក្រុមរបស់លោកលេងមិនសូវបានល្អ។ បើទោះបីជាពួកគេ អាចសម្រេចគោលដៅ ក្នុងការដណ្តើមបាន៣ពិន្ទុ សម្រាប់ការប្រកួតចុងក្រោយ នៅលើទឹកដីខ្លួនឯង តែលោកយល់ថា កម្រិតលេងរបស់ក្រុមស្វាយរៀង មានការធ្លាក់ចុះជាងការប្រកួតមុនៗ។
លោកបាននិយាយក្រោយការប្រកួតថា៖ «វាដូចអ្វីដែលខ្ញុំធ្លាប់បានលើកឡើង គឺយើងចង់បញ្ចប់ការប្រកួតចុងក្រោយនៃពានរង្វាន់នេះជាមួយនឹងជ័យជម្នះ ហើយយើងពិតជាធ្វើបានមែន ប៉ុន្តែជារួមការប្រកួតនេះ គឺមិនដូចអ្វីដែលយើងចង់បានទេ ព្រោះចង្វាក់លេង និងគុណភាពលេងជាក្រុម គឺមិនដូចជាកម្រិតដែលយើងធ្លាប់បានធ្វើកន្លងមក អ៊ីចឹងយើងឈ្នះការប្រកួតមែន តែយើងលេងមិនសូវបានល្អ»។
សម្រាប់ការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃពុធនោះ ខ្សែបម្រើ Ye Yint Aung អាចស៊ុតបាល់ទម្លុះសំណាញ់ទីក្រុមស្វាយរៀង បានយ៉ាងលឿន ដើម្បីជួយឱ្យក្រុម Shan United នាំមុខ ១-០ នៅត្រឹមនាទីទី៧ ប៉ុន្តែខ្សែប្រយុទ្ធប្រេស៊ីល Christian Roque បានស៊ុតតាមស្មើឱ្យក្រុមស្វាយរៀងវិញ នៅនាទីទី១៦ ហើយកីឡាករឡាវ Bounphachan Bounkong រកបាន២គ្រាប់បន្ថែមទៀត នៅនាទីទី២០ និងទី៣៣ ដើម្បីជួយឱ្យ ស្វាយរៀង នាំមុខ ៣-១ នៅតង់ទី១។
យ៉ាងណាក៏ដោយ ការទាត់បាល់ផ្តាច់ចេញយឺតពេករបស់អ្នកចាំទី សាំង ហាន់ឃុន បានបង្កទៅជាកំហុស ព្រោះការទាត់របស់គេ បែរជាទៅត្រូវជើងខ្សែប្រយុទ្ធ Moussa Paul Bakayoko ដែលរត់មានឆក់បាល់នេះ នាំឱ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រទៅឱ្យក្រុម Shan United ហើយ Moussa Paul Bakayoko ជាអ្នកស៊ុតសម្រេចដោយខ្លួន នៅនាទីទី៧៥ ប៉ុន្តែ១នាទីក្រោយមក Christian Roque បានស៊ុតបញ្ចូលទី១គ្រាប់វិញ។
ការដណ្តើមបាន៣ពិន្ទុនេះ បានជួយឱ្យក្រុមព្រះខ័នរាជស្វាយរៀង បញ្ចប់ការប្រកួតជម្រុះប្រចាំពូលAនេះ ដោយឈ្នះ២ ស្មើ១ និងចាញ់២ មាន៧ពិន្ទុ ចំណែកក្រុម BG Pathum United របស់ថៃ ជាប់លេខ១ មាន១១ពិន្ទុ បន្ទាប់ពីពួកគេបានឈ្នះក្រុម Terengganu FC របស់ម៉ាឡេស៊ី ៤-៣ កាលពីយប់ថ្ងៃពុធដែរ ហើយក្រុម PSM Makassar FC របស់ឥណ្ឌូនេស៊ី បានយកឈ្នះក្រុម Dong A Thanh Hoa របស់វៀតណាម ៣-០ ឈរនៅលេខ២ មាន១០ពិន្ទុ។
លោក Pep Munoz បានសម្តែងការអបអរដល់ក្រុម BG Pathum និង PSM Makassar FC ដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តំណាងឱ្យពូលAនេះ ហើយលោកបានរំឭកដល់ការប្រកួតចាញ់ក្រុម PSM Makassar ១-០ នៅលើទឹកដីខ្លួនឯង កាលទី៨ ខែមករា ដែលធ្វើឱ្យក្រុមស្វាយរៀង មិនមានលទ្ធភាពយកជំនួបចុងក្រោយជាមួយ Shan United កាលពីថ្ងៃពុធ ជាការប្រកួត ដើម្បីប្រជែងយកឱកាសឡើងទៅវគ្គបន្តបាន។
លោកបញ្ជាក់ថា៖ «ការប្រកួតជាមួយក្រម PSM Makassar យើងគួរតែទទួលបានលទ្ធផលប្រសើរជាងហ្នឹង យ៉ាងហោចណាស់ក៏យើងបានស្មើដែរ ដើម្បីយើងអាចមានពិន្ទុគ្រប់គ្រាន់ ហើយយកការប្រកួតចុងក្រោយនេះ ប្រជែងទៅវគ្គបន្តទៀត ប៉ុន្តែយើងមិនបានទាត់បញ្ចូលទីទេ អ៊ីចឹងអ្វីដែលយើងត្រូវធ្វើបន្ត គឺផ្តោតអារម្មណ៍ទៅលើការប្រកួតលីគកំពូល, Hun Sen Cup និង AFC»។
ពិតណាស់ក្រៅពីការប្រកួតប្រជែងក្នុងស្រុក លើក្របខ័ណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២៥ ក្រុមស្វាយរៀង នៅសល់ការប្រកួតអន្តរជាតិធំមួយទៀត គឺការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC Challenge League ដោយពួកគេ ត្រូវជួបក្រុម Shan United ដដែល។
ក្រុមទាំង២នេះ នឹងត្រូវធ្វើការប្រកួត២ជើង ដើម្បីកាត់សេចក្តីយកក្រុមឈ្នះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួតជើងទី១ នាថ្ងៃទី៦ ខែមីនា ត្រូវធ្វើនៅលើទឹកដីកម្ពុជា ហើយក្រុមស្វាយរៀង បានសម្រេចយកពហុកីឡដ្ឋានជាតិមរតកតេជោ ជាទឹកដីរបស់ខ្លួន រីឯការប្រកួតជើងទី២ នៅថ្ងៃទី១៣ ខែមីនា ក្រុមស្វាយរៀង ត្រូវធ្វើដំណើរទៅប្រកួតលើទឹកដីរបស់ក្រុម Shan United វិញ៕