ក្រុមបាល់​ទាត់នារី​របស់វិសាខា បានបង្ហាញការ​តាំងចិត្តខ្ពស់ ចំពោះការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម​នារី​ភ្នំពេញ​ក្រោន នៅកីឡដ្ឋានស្តាតចាស់ នា​រសៀលម៉ោង​៤ ថ្ងៃសៅរ៍នេះ ដោយ​​ពួកគេ​រំពឹង​ថា នឹង​ដណ្តើម​បានជ័យជម្នះ ដើម្បីលើក​ពាន​​លីគ​នារី (Cambodian Women’s League) ជា​លើកដំបូង។

ការវិលនមកជួបគ្នា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​រវាងក្រុមទាំង​២នេះ ក៏ជាពេលវេលា​ដ៏​ល្អ ដើម្បី​ជម្រះ​ភាពមន្ទិល ចំពោះការ​ឈ្នះចាញ់​គ្នា​ម្តង​១​ដង ក្នុងការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ផងដែរ ដោយក្នុង​នោះ ​ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​យក​ឈ្នះក្រុមនារី​វិសាខា ៤-០ ​សម្រាប់​ការ​ប្រកួត​​ជើងទី​២ នៅលើ​ទឹក​ដី​ខ្លួនឯង បន្ទាប់ពីបានចាញ់ ២-១ ​ក្នុងការ​ជើងទី​១ នៅកីឡដ្ឋាន​ព្រីនស៍ ជា​ទឹក​ដី​របស់​វិសាខា។

កីឡាការិនីជា​​ប្រធាន​ក្រុម​បាល់​ទាត់នារី​វិសាខា ហ៊ា ស្រីឡាស់ បានបានចាត់ទុកការ​ដណ្តើម​បានឱកាស​ឡើង​មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ វាជាសមិទ្ធផល​ដ៏គួរ​ឱ្យរំភើប​ដែល​ក្រុមទាំងមូល​បាន​ព្យាយាម​បង្កើត​ឱ្យមាន​ឡើង បន្ទាប់ពីបាន​ឆ្លងកាត់​ការ​ប្រកួត​ប្រជែង​យ៉ាងលំបាក​ពី​មួយ​​ប្រកួត​ទៅ​មួយប្រកួត ហេតុនេះពួកគេ នឹង​ប្រឹង​ប្រែង​​កាន់តែ​ខ្លាំង ដើម្បី​ទទួលបានជ័យជម្នះ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រនេះ។

​តាមរយៈ​ក្លិប​វិសាខា ខ្សែ​ការពារ​កណ្តាល ហ៊ា ស្រីឡាស់ បាន​និយាយ​ថា៖ «​យើង​ដឹង​ហើយ​ថា ការ​ប្រកួត​នីមួយៗ វាមិនស្រួល​ក្នុងការ​ឡើងមក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រនេះទេ អ៊ីចឹង​នេះជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់ពួក​យើង។ ពួក​យើង​ប្តេជ្ញា​ចិត្ត​​ថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពី​​លទ្ធភាព ដើម្បី​ទទួល​​បានជ័យជម្នះ​ជូនក្រុម»។

ចំណែក​អ្នកចាំទីដៃទី​១​របស់​ក្រុមនារី​វិសាខា ពេញ បូរ៉ាវី ក៏បាន​បង្ហាញ​ការ​តាំងខ្ពស់ ក្នុងការ​រក្សា​សំណាញ់​ទី​របស់​ក្រុម ខណៈការ​ប្រកួត​កន្លងមក​នេះ បូរ៉ាវី បានបំពេញ​តួនាទី​​យ៉ាង​ល្អ ជាពិសេស​ការ​ប្រកួតវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រជាមួយក្រុម​នារី​ណាហ្គាវើលដ៍ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ គឺ​អ្នក​ចាំទី​រូបនេះ ត្រូវ​បាន​ជ្រើស​រើសជា​កីឡាការិនី​ល្អប្រចាំ​ការ​ប្រកួត បន្ទាប់ពី​បាន​ជួយ​ក្រុម​វិសាខា ឱ្យ​ឈ្នះ ណាហ្គាវើលដ៍ ៤-៣ ក្នុងការ​ទាត់បាល់ប៉េណាល់​ទី​កាត់សេចក្តី ក្រោយក្រុមទាំង​២ បាន​ស្មើ​គ្នា ០-០។​

ពេញ បូរ៉ាវី ​បាន​និយាយ​ថា៖ ​«​​ខ្ញុំ និង​មិត្តរួម​ក្រុម បាន​ត្រៀម​ខ្លួន​ជា​និច្ច សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រនេះ ហើយ​យើង​ទាំង​អស់​គ្នា​ប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើ​ឱ្យបាន​ល្អ និងអស់ពីសមត្ថ​ភាព សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រនេះ»។

យ៉ាង​ណាក៏​ដោយ គេ​នៅ​មិនទាន់​ប្រាកដ​ថា ក្រុមនារី​វិសាខា នឹង​អាច​​យក​ឈ្នះក្រុមនារី​ភ្នំពេញ​ក្រោន ដើម្បីសម្រេច​ក្តី​ស្រមៃបាន​​លើកពាន​លីគនារី ជា​លើក​ដំបូង ឬ​យ៉ាង​ណា​ទេ ព្រោះជាលទ្ធផល​រួម ​សម្រាប់​ការ​ប្រកួតលីគនារី រដូវ​កាល​ឆ្នាំ​២០២៤/២០២៥នេះ គឺ​ក្រុមការពារ​តំណែង​ជើង​ឯក​ភ្នំពេញ​ក្រោន ធ្វើបាន​ល្អជាង​ក្រុម​វិសាខា។

ក្រុម​ភ្នំពេញ​ក្រោន បានបញ្ចប់ការ​ប្រកួតសន្សំពិន្ទុ​ទាំង​២ជើង​ ដោយការ​ឈ្នះ​១៦ ស្មើ​១ ចាញ់​១​ប្រកួត មាន​៤៩ពិន្ទុ ​ឈរ​នៅលេខ​១ ខណៈ​ក្រុមនារី​វិសាខា ឈរ​នៅលេខ​២ មាន​៤៣ពិន្ទុ ដោយ​ឈ្នះ​១៤ ស្មើ​២ និងចាញ់​២​ប្រកួត ចំណែក​ក្រុម​នារី​ណាហ្គាវើលដ៍ ឈរ​នៅលេខ​៣ មាន​៤០ពិន្ទុ និង​ក្រុម​ព្រះខ័នរាជស្វាយរៀង ឈរ​នៅលេខ​៤ មាន​៣៩​ពិន្ទុ។

សម្រាប់ការ​ឈរចាំប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ត្រូវ​ប៉ះ​ក្រុមនារី​វិសាខា ជា​លើក​ទី​៣​នេះ ក្រុម​នារី​ភ្នំពេញ​ក្រោន បានបង្ហោះ​សារ​ខ្លីៗ នៅលើផេច​ហ្វេសប៊ុក​របស់​ខ្លួន​ ដោយ​បង្ហាញ​ថា ពួកគេ​បាន​ត្រៀម​ខ្លួន​រួចរាល់ សម្រាប់ការ​ប្រកួត​ផ្តាច់ព្រ័ត្រនេះ​ហើយ ហើយ​រំពឹង​ថា ពួកគេ​នឹង​ធ្វើបាន​ល្អ​ម្តង​ទៀត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ៕