កំណត់ត្រាមិន​ធ្លាប់​ចាញ់​ នៅលើ​ទឹក​ដីខ្លួនឯង​​តាំងពី​ខែធ្នូ ឆ្នាំ​២០២៣​ ​របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង ត្រូវបាន​បញ្ចប់​ហើយ បន្ទាប់ពី​ពួកគេ​បានចាញ់​ក្រុមវិសាខា ២-១ កាលពី​ថ្ងៃអាទិត្យ ហើយ​លទ្ធផល​នេះ ក៏​​បានជួយ​ឱ្យ​ វិសាខា ​កាន់តែ​មានឱកាសក្នុងការ​​ប្រជែង​យក​តំណែង​ជើងឯក​លីគកំពូល​កម្ពុជា ជាមួយ​ក្រុមស្វាយរៀង និង​ភ្នំពេញ​ក្រោន វិញ​​ផងដែរ។

ចំពោះការ​ចាញ់​ នៅកីឡដ្ឋាន​ខេត្តស្វាយរៀង ជា​ទឹក​​ដី​ខ្លួនឯង ជា​លើកដំបូង ក្នុង​រយៈពេលជាង​១​ឆ្នាំ​នេះ គ្រូ​បង្គោល​ក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បាន​​អះអាង​​ថា លោក​គ្មាន​លេស​ដោះសារ​អ្វី​ទេ ចំពោះ​ការ​ប្រកួតចាញ់​ក្រុម​វិសាខា ២-១ ​នេះ ព្រោះ្យលើ​ទឹក​ដី​ខ្លួនយ នៅកើ​ទឹក​ដីលពួកគេ​ពិតជា​លេង​បាន​ល្អ​ជាង​ក្រុមស្វាយរៀង។

លោក Pep Munoz បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖​ «​ជា​ដំបូង​សូមអបអរ​សាទរ​ដល់​ក្រុម​វិសាខា គឺពួកគេ​ពិតជា​លេង​បាន​ល្អ។ យើងមិនមាន​លេស​អ្វី​ទាំង​អស់ ព្រោះ​ការ​ប្រកួត​ថ្ងៃនេះវិសាខា ពិតជា​លេង​បានល្អជាង​យើងមែន»។

តាម​រយៈការ​ប្រកួតនៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង កាលពី​ថ្ងៃអាទិត្យ​​នោះ ខ្សែ​ប្រយុទ្ធប្រេស៊ីល De Andrade Souza Ramon ជា​អ្នក​រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឱ្យក្រុម​វិសាខា តាម​រយៈការ​ឈូស​បាល់​ធ្លាក់ចេញ​ពី​ដៃ​របស់អ្នកចាំទី វីរៈ ដារ៉ា បញ្ចូល​ទី នៅនាទីទី​​១៩។

ប៉ុន្តែ​ការ​ព្យាយាម​ចេញ​ទៅ​សង្រ្គោះ​បាល់​របស់​អ្នកចាំទី កែវ សុខសិលា បានបង្កជា​កំហុស​នាំ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល   Matheus Moresche ដួល​នៅ​ក្នុងតំបន់​គ្រោះ​ថ្នាក់។

ខ្សែប្រយុទ្ធ Gayoso Javier Augustine បាន​បង្ហាញ​ក្តីរំភើប​រហូតស្រក់ទឹក​ភ្នែក ចំពោះការ​រកបាន​គ្រាប់​ជួយ​ឱ្យ​ក្រុម​ភ្នំពេញក្រោន យក​ឈ្នះ​ក្រុមណាហ្គាវើលដ៍ ១-០ នៅនាទីទី​៩០+១។ រូប​ថត CPL

លោកអាជ្ញាកណ្តាល បាន​ផ្តល់បាល់ពិន័យ​១១​ម៉ែ​ត្រ​ទៅ​ឱ្យក្រុម​ស្វាយ​រៀង ហើយ Matheus ជា​អ្នក​ស៊ុត​បាន​សម្រេច​ដោយ​ខ្លួនឯង នៅនាទីទី​២៣។

តែទោះបីជា​យ៉ាងណា គ្រាប់​បាល់​របស់ ឡេង ណូរ៉ា នៅនាទីទី​៨១ បានជួយ​ឱ្យ​ក្រុមវិសាខា ឈ្នះក្រុមស្វាយរៀង ២-១ យ៉ាងរំភើប​បំផុត។

ជ័យជម្នះ​នេះ ក៏ជា​ការ​បញ្ចប់កំណត់​ត្រា មិន​ធ្លាប់ចាញ់​នៅលើ​ទឹក​ដី​ខ្លួនឯង ក្នុង​រយៈពេល​១ឆ្នាំ និង៣​ខែ​របស់​ក្រុម​ស្វាយរៀង​ផងដែរ បន្ទាប់ពី​ពួកគេ​បានចាញ់ក្រុម​ ISI ដង្កោសែន​ជ័យ ២-១ ចុងក្រោយបង្អស់ នៅ​លើ​ទឹក​ដី កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២៣។

យ៉ាងណា​ក៏ដោយ លោក Pep បានមើល​ឃើញ​ថា ការដាក់ចិត្ត​របស់​ក្រុម​វិសាខា សម​នឹង​ទទួលបាន​ជ័យជម្នះនេះ​ហើយ។ គ្រូ​បង្វឹក​ក្រុមស្វាយរៀង​រូបនេះ បានបញ្ជាក់ថា៖​ «យើង​បាន​ឈ្នះ​ច្រើនសប្តាហ៍​មក​ហើយ តែ​សប្តាហ៍នេះ យើងមិន​ទទួលបាន​ជ័យជម្នះ​ទេ ហើយ​យើង​មិន​មាន​លេស​អ្វី​ឡើយ ព្រោះ​ការ​ប្រកួតនេះ វិសាខា ចាប់​ផ្តើមបាន​​ល្អ​ជាង និងមានមហិច្ឆតា​ខ្លាំង​ជាង​យើង ហើយចុងក្រោយពួកគេ ទទួលបានជោគ​ជ័យ»។

លោក Pep បានបន្ថែម​ថា៖ «វិសាខា មានទំនុក​ចិត្ត​ក្នុងការលេង ជាមួយ​កីឡាករ​របស់គាត់ ដែល​មានគុណ​ភាព​ទាំង​អ្នក​លេង​នៅក្នុងជម្រើស​១១​នាក់ដំបូង និង​កីឡាករ​បម្រុង ហើយ​វាស័ក្តិសម​ហើយ ដែល​វិសាខា ពេលនេះ​កំពុង​មាន​លទ្ធភាព​ប្រកួត​ប្រជែង​យក​ពាន​ជាមួយ​ពួក​យើង»។

តាម​រយៈ​ការដណ្តើម​បាន៣​ពិន្ទុ​​ដ៏​មានន័យពីក្រុម​ស្វាយរៀង កាលពី​ថ្ងៃអាទិត្យ​នោះ បានជួយ​ឱ្យក្រុម​វិសាខា មាន​ភាគរយ​​កាន់​តែ​ខ្ពស់ ក្នុងការ​​ដណ្តើម​យក​ពានជាមួយ​ក្រុម​ស្វាយ​រៀង និងក្រុម​​ភ្នំពេ​ញក្រោន ដែល​បាន​យក​ឈ្នះ​ក្រុម​ណាហ្គាវើលដ៍ ១-០ ទាំងលំបាកបំផុត។

ខ្សែ​ប្រយុទ្ធ Gayoso Javier Augustine របស់​ភ្នំពេញ​ក្រោន បាន​សម្រក់​ទឹក​ភ្នែក​បង្ហាញ​ក្តីរំភើបជាមួយ​មិត្ត​រួម​ក្រុម បន្ទាប់ពីរូបគេ បាន​​ផ្សព្វគ្រោះ​ថ្នាក់​ទៅ​ទាត់បាល់​បញ្ចូល​ទី ​​នៅនាទីទី ៩០+១។

ចំណែក​ក្រុមបឹងកេត បាន​វាយ​បក​យក​ឈ្នះ​ក្រុម​អង្គរ​ថាយហ្គឺរ ២-១ កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ ហើយ​តាម​លទ្ធផល​ប្រកួត​ប្រជែង​រវាងក្រុម​កំពូល​តារាង​ទាំង​៦ (Top6) នេះ គឺ​ក្រុមស្វាយរៀង បន្ត​ឈរ​នៅកំពូល​តារាង ដោយមាន៥៨ពិន្ទុ តាមពីក្រោយ​ដោយ​ក្រុម​​ភ្នំពេញ​ក្រោន មាន​៥៧​ពិន្ទុ និង​ក្រុម​វិសាខា មាន​៥៣ពិន្ទុ។

ក្រុមទាំង​៣​នេះ បានក្លាយជា​គូប្រជែង​យ៉ាងស្វិត​ស្វាញ ក្នុងការ​ដណ្តើម​គ្នា​យក​ពាន​លីគកំពូលកម្ពុជា រដូវកាលនេះ ខណៈ​ក្រុម​អង្គរ​ថាយហ្គឺរ ឈរ​នៅលេខ​៤ មាន​៤០ពិន្ទុ ក្រុមណាហ្គាវើលដ៍ ឈរ​នៅលេខ​៥ មាន​៣៦ពិន្ទុ និងក្រុមបឹងកេត ឈរ​នៅលេខ​៦​ក្រោយ​គេ​ក្នុង Top6 នេះ ដោយ​មាន៣៣ពិន្ទុ៕