ការ​បរាជ័យ​​ដោយ​លទ្ធផល ៤-០ សម្រាប់ការ​ប្រកួតជើង​ទី​១ ក្រោម​ថ្វី​ដៃ​ក្រុម​ភ្នំពេញ​ក្រោន វាស្ទើរ​តែ​បិទ​ផ្លូវសម្រាប់​ក្រុម​ណាហ្គាវើលដ៍ ក្នុង​ការ​​ប្រជែង​ឡើង​ទៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៃពាន​រង្វាន់​សម្តេច ហ៊ុន សែន រួច​ទៅ​ហើយ ព្រោះ​គេ​មិនរំពឹង​ថា ណាហ្គា អាច​វាយ​បក​យក​ឈ្នះ​ក្រុម​ភ្នំពេញក្រោន បាន​៤គ្រាប់វិញ សម្រាប់ការ​ប្រកួតកាត់សេចក្តី​ជើង​ទី​២ នៅថ្ងៃទី​១៤ ខែមីនា នោះទេ។

ជាមួយគ្នានេះ​គ្រូ​បង្គោល​ក្រុម​ណាហ្គាវើលដ៍ លោក ឃីម បូរី បាន​ទទួលស្គាល់​ថា ក្រុម​របស់​លោក ពិតជា​សល់​ឱកាស​តិច​តួច​បំផុត ក្នុងការ​ប្រជែង​ជាមួយក្រុម​ភ្នំពេញក្រោន ខណៈ​ការ​ប្រកួត​ជើ​ងទី​២ ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន​ Smart RSN របស់​​ភ្នំពេញ​ក្រោន ទៅទៀត ប៉ុន្តែ​លោក បូរី​យល់​ថា នៅក្នុង​បាល់​ទាត់​អ្វីៗក៏អាច​កើតមាន​ឡើង​​ដែរ ដរាប​ណា​ការ​ប្រកួត​មិនទាន់បញ្ចប់​ជា​ផ្លូវការ។

«ការ​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន ៤-០ នៅជើង​ទី​១ យើងគិតថា ឱកាសតិចតួចបំផុតសម្រាប់​យើង​ឡើងទៅវគ្គបន្ត ប៉ុន្តែ​ក្នុងបាល់ទាត់ អ្វីៗក៏អាចកើតឡើងបានដែរ»។ លោក ឃីម បូរី បានប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ហើយ​លោក​បានអះអាង​ថា ក្រុម​របស់លោក​គ្មានសម្ពាធ​អ្វី​នោះ​ទេ សម្រាប់ការ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុមភ្នំពេញក្រោន នា​ថ្ងៃទី​១៤ ខែមីនា​ ខា​ងមុខ​នេះ។

អតីត​កីឡាករជម្រើសជាតិ​កម្ពុជា​រូប​នេះ បាន​បញ្ជាក់​ថា៖ «ក្រុមរបស់​យើង មិនមានសម្ពាធអ្វីខ្លាំងនោះទេ ទោះលេងនៅក្រៅដី ព្រោះ​ខ្ញុំ​បានដឹងអំពីសមត្ថភាពរបស់ភ្នំពេញក្រោនរួចទៅហើយ ប៉ុន្តែ​អ្វីដែលត្រូវធ្វើ គឺរៀបចំក្រុមឱ្យបានល្អ និងពង្រឹងស្មារតីក្រុមឱ្យបានល្អមកវិញ សម្រាប់ការប្រកួតនាថ្ងៃទី១៤ មីនា ខាងមុខ»។

ជាមួយគ្នា​នេះ លោក ឃីម បូរី បានរំឭក​ទៅ​ដល់​​ការ​ប្រកួត​ជើង​ទី​១ វគ្គ​៨​ក្រុមចុង​ក្រោយ ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ដោយលោក​កត់​សម្គាល់​ថា ការចាញ់ ៤-០ នេះ វាកើត​ឡើង​ដោយ​សារ​​ក្រុម​របស់​លោក ​ប្រមូល​អារម្មណ៍មិនសូវ​បាន​ល្អ ទាំងការការពារ និងការ​បញ្ចប់ទី។

គ្រូ​បង្វឹក​រូបនេះ បានអះអាង​ថា ​បន្ទាប់​ពីខ្សែ​ប្រយុទ្ធ Ofufu Ibeh រក​បាន​គ្រាប់បាល់​នាំមុខ​ភ្នំពេញ​ក្រោន ១-០ នៅនាទីទី​៤​នោះ គឺ​ក្រុមរបស់លោកបានបង្កើតឱកាសរកគ្រាប់បាល់តាមស្មើច្រើនដង ជាពិសេស Marcio Marques និង Hugo Kametani ដោយ​​សុទ្ធតែ​មាន​ឱកាស៣ទៅ៤ដង ប៉ុន្តែពួកគេ​ធ្វើមិនបានសម្រេច ហើយ​ត្រូវ​បាន​​ ភ្នំពេញ​ក្រោន វាយបក​រក​បាន​៣​គ្រាប់​បន្ថែម​ទៀត​ គឺ​គ្រាប់បាល់​ធ្វើ​ឱ្យ​ចូលទី​ខ្លួនឯង​របស់ Yuta Kikuchi នៅនាទីទី​៧១  ហើយ លឹម ពិសុទ្ធ និង យ៉ែម ដេវិត បានបន្ថែម​ម្នាក់​១​គ្រាប់ទៀត នៅនាទីទី​៨៩ និង​ទី ៩០+៤។

គ្រូបង្គោល​ក្រុម​ណាហ្គាវើលដ៍ លោក ឃីម បូរី បាន​សង្កត់ធ្ងន់ថា ៖«ពេលយើងមានឱកាស​​ហើយ យើងបាត់បង់ការប្រមូលអារម្មណ៍ការពារ ជាហេតុដែលយើងរបូត​ដល់​៣គ្រាប់បន្ថែមទៀត។ ចំណុចនេះ យើងត្រូវពង្រឹងជើងទី២ ឱ្យបានខ្លាំងក្លាមកវិញ ទាំងការបញ្ចប់ទី និងការការពារឱ្យបានល្អជាងជើងទី១»។

យ៉ាង​ណាក៏​ដោយ តាម​ស្ថាន​ភាព​ប្រកួត​ប្រជែង​រវាង​ក្រុម​ភ្នំពេញ​ក្រោន និង​ក្រុមណាហ្គាវើលដ៍  ពេលនេះ​គេមិន​រំពឹង​ថា នឹង​មានគ្រាប់​បាល់​កើត​ឡើង​ច្រើន​នោះ​ទេ ហើយ​គេ​ក៏មិនរំពឹង​ថា ណាហ្គា អាច​យក​ឈ្នះ​ភ្នំពេញ​ក្រោន ដូចគ្នា ព្រោះ​លោក Oleg Starynskyi គ្រូ​បង្វឹក​ក្រុម​ភ្នំពេញ​ក្រោន បានដឹងពី​យុទ្ធសាស្រ្ត និងគុណ​ភាព​លេង​របស់​ក្រុម​ណាហ្គា ច្បាស់ដូចគ្នា ហេតុនេះ​ហើយ​ទើប​លោក អាច​ដឹកនាំ​ភ្នំពេញ​ក្រោន បានយក​ឈ្នះ​ក្រុម​ណាហ្គា ១-០ នាជំនួប​នៅលីគកំពូល​កម្ពុជា កាលពី​ថ្ងៃទី​៩ មីនា។

យោង​តាមគុណ​ភាព​លេ​ង និងលទ្ធផល​នៃ​ការ​ចាញ់ ៤-០ កាលពី​ជើង​ទី​១ វា​សឹង​តែ​បានបញ្ជាក់ច្បាស់​រួចទៅ​ហើយ​ថា ណាហ្គា នឹង​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​៨​ក្រុម​ចុងក្រោយ​នេះ រីឯ​ភ្នំពេញ​ក្រោន នឹង​បន្ត​ឡើង​ទៅ​ប្រកួតវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រជាមួយ​ក្រុម​ខ្លាំងចំនួន​៣​ទៀត ដែលអាច​ជា​ក្រុម​ព្រះខ័នរាជស្វាយរៀង បឹងកេត និង​វិសាខា ព្រោះការ​ប្រកួត​ជើង​ទី​១​កន្លងមកនេះ ក្រុមស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ គិរីវង់សុខសែនជ័យ ២-០។

ចំណែក​ក្រុម​បឹងកេត បានយក​ឈ្នះក្រុម ISI ដង្កោសែន​ជ័យ ២-០ នៅ​ក្រៅ​ទឹក​ដី​ដូចគ្នា ខណៈ​ក្រុម​វិសាខា បានស្មើ ២-២ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​កងយោធពល​ខេមរភូមិន្ទ ហេតុនេះ​ វិសាខា​ អាច​មានប្រៀប​វិញ សម្រាប់​ការ​ប្រកួតកាត់​សេចក្តី​ជើង​ទី​២ នៅលើ​ទឹក​ដី​ខ្លួនឯង ដោយ​ការ​ប្រកួតជើង​ទី​២​រវាង​​ក្រុមទាំង​៦​នេះ នឹង​ត្រូវ​ធ្វើ​នៅ​​ថ្ងៃទី​២ ខែមេសាដូចគ្នា៕