
លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ពេលចូលរួមបំពាក់មេដាយ នៅក្នុងពិធីបិទការប្រកួតកីឡាគុនល្បុក្កតោជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីថ្ងៃអង្គារ។ រូបថត សហព័ន្ធ
ជាស្ថាបនិកដំបូងគេ ដែលបានចំណាយពេលស្ទើរមួយជីវិត ក្នុងការស្រាវជ្រាវ និងចងក្រងឯកសារ ដើម្បីជួយឱ្យ «គុនល្បុក្កតោ» រស់រានមានជីវិតឡើងវិញ ព្រឹទ្ធាចារ្យក្រមាមាស ស៊ាន គឹមស៊ាន មិនចង់ឃើញកីឡាអត្តសញ្ញាណជាតិនេះ បាត់បង់ម្តងទៀតទេ។
លោកបានលើកទឹកចិត្តដល់កូនខ្មែរជំនាន់ក្រោយ ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើឱ្យយ៉ាងណា ឱ្យព្រលឹងក្បាច់គុនដ៏ចំណាស់របស់ដូនតាខ្មែរនេះ អាចរស់រានមានជីវិតជាអមតៈ។
អនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោលម្ពុជា លោក សាន គឹមស៊ាន បានលើកឡើងបែបនេះ ពេលលោកចូលរួមពិធីបិទការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នៅសាលដំបូលទូកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយព្រឹត្តិការណ៍នេះ មានអ្នកចូលរួម២៤៥នាក់ ក្នុងនោះមានកីឡាករ១០៥នាក់ និងកីឡាការិនី៥៥នាក់ ដែលត្រូវប្រកួតតំណាងឱ្យសាលាគុនចំនួន២៩ មកពីរាជធានី-ខេត្ត ចំនួន១០ ក្នុងប្រទេសកម្ពុជា។
តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ រយៈពេល៣ថ្ងៃនេះ លោក សាន គឹមស៊ាន បានមើលឃើញពីភាពផុសផុលរបស់គុនល្បុក្កតោ ទាំងទៅលើចំនួនអ្នកចូលរួម និងគុណភាពនៃការប្រកួតប្រជែង ដោយលោករំពឹងថា ពួកគេនឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញ ក៏ដូចជាអភិវឌ្ឍ «គុនល្បុក្កតោ» ឱ្យមានការរីកចម្រើន និងឈានទៅទទួលបានជោគជ័យកាន់តែធំ នៅលើពិភពលោក។
ព្រឹទ្ធាចារ្យកីឡារូបនេះបានថ្លែងថា៖ «ខ្ញុំមើលឃើញថា ការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះ មានភាពជឿនលឿន ចំណែកការប្រកួតប្រជែងគ្នា ទាំងលើវិញ្ញាសាប្រយុទ្ធ និងសម្តែង មានភាពល្អប្រសើរ។ ទោះបីជាមានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែខ្ញុំពិតជាថ្លែងអំណរគុណនូវទឹកចិត្តដ៏មុតមាំរបស់កីឡាករ កីឡាការិនីទាំងអស់ ហើយយើងត្រូវប្រឹងប្រែងតស៊ូទៅមុខទៀត ដើម្បីយើងបន្តទទួលបានជោគជ័យ នៅលើពិភពលោក»។
លោក ស៊ាន គឹមស៊ាន បានបន្ថែមថា៖ «យើងនឹងបន្តរៀបចំការប្រកួតនេះ ឱ្យកាន់តែល្អប្រសើរជាងនេះទៀត នៅពេលអនាគត ដើម្បីឱ្យមានជោគជ័យ សិរីសួស្តី ជ័យមង្គលដល់គុនល្បុក្កតោនៃព្រះរាជាណាចក្រកម្ពុជាយើង។ សំខាន់កូនចៅទាំងអស់គ្នា ត្រូវនាំគ្នាថែរក្សាវប្បធម៌នេះឱ្យរស់បានជាអមតៈ នៅលើទឹកដីមហានគររបស់ដូនតាខ្មែរយើង»។
ជាមួយគ្នានេះ លោក សាន គឹមស៊ាន បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រមុខដឹកនាំប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ជួយឱ្យ «គុនល្បុក្កតោ» បានរស់ឡើងវិញ និងមានការអភិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់ ហើយមានលទ្ធភាពដណ្តើមបានមេដាយជូនជាតិជាបន្តបន្ទាប់ ជាពិសេសការដណ្តើមបានមេដាយមាស៨ ប្រាក់៨ និងសំរឹទ្ធ៣ ពីការធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោកបញ្ជាក់ថា៖ «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំវិស័យផ្សេងៗ ក៏ដូចជាវិស័យក្បាច់គុនគុនខ្មែរ បានឈានជើងទៅពង្រីកសក្តានុពលនៅលើតំបន់អាស៊ី និងពិភពលោក ហើយលោកក៏បានជំរុញ គុនល្បុក្កតោ ជាក្បាច់គុនដ៏ចំណាស់ជាងគេ នៅលើពិភពលោក បានរស់ឡើងវិញ គឺដោយសារកម្លាំងសាមគ្គី កម្លាំងចិត្ត កម្លាំងកាយ និងព្រលឹងជាតិ ស្ថិតនៅជាមួយយើងទាំងអស់គ្នា»។
ដោយឡែក ការប្រកួតកីឡាគុនល្បុក្កតោជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤នេះ មានការប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាចំនួន១៨ គឺប្រយុទ្ធនារី មាន៤វិញ្ញាសា ប្រយុទ្ធបុរស ៧វិញ្ញសា សម្ដែងឯកត្តជនមាន៦វិញ្ញាសា និងសម្ដែងក្រុម៣នាក់ មាន១វិញ្ញសា ហើយជាលទ្ធផលនៃការប្រកួត៣ថ្ងៃពេញ គឺក្រុមអត្តពលិករបស់មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ដណ្តើមបានមេដាយមាស ៥ សំរឹទ្ធ១ ឈរនៅលេខ១។
ចំណែកសាលាគុនអង្គរមានឫទ្ធិ៍ (ខេត្តសៀមរាប) ឈរនៅលេខ២ ដោយឈ្នះបានមេដាយមាស៣ ប្រាក់២ សំរឹទ្ធ២ តាមពីក្រោយដោយសាលាគុនល្បុក្កតោតារាជ ដែលឈ្នះមេដាយមាស៣ សំរឹទ្ធ១ និងសាលាគុនសាកលវិទ្យាល័យជាតិគ្រប់គ្រង់ ដណ្តើមមេដាយមាស២ សំរឹទ្ធ ២ រីឯសាលាគុនចំនួន៥ទៀត ក៏ដណ្តើមបានមេដាយមាសដែរ ហើយសាលាចំនួន៨ បានត្រឹមមេដាយប្រាក់ និង៦សាលាគុន បានត្រឹមមេដាយសំរឹទ្ធ ប៉ុន្តែសាលាគុនចំនួន៦ផ្សេងទៀត មិនដណ្តើមបានមេដាយពីការប្រកួតនេះទេ៕