
សកម្មភាពហ្វឹកហាត់របស់ក្រុមព្រះខ័នរាជស្វាយរៀង នៅលើទឹកដីប្រទេសមីយ៉ាន់ម៉ា ដើម្បីត្រៀមជួបក្រុមShan United ល្ងាចនេះ។ រូបថត ស្វាយរៀង
ក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញមហិច្ឆតាចង់ឈ្នះក្រុម Shan United ម្តងទៀត សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ នៅ Thuwunna Stadium ទីក្រុង Yangond ប្រទេសមីយ៉ាន់ម៉ា នាល្ងាចម៉ោង ៥:៣០ ថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើឱ្យមានភាពប្រាកដប្រជា១០០ភាគរយ ចំពោះការទទួលបានកៅអីឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2024-2025 ក្នុងនាមជាក្រុមដែលមានគុណភាពលេងល្អ មកពីលីគកំពូលកម្ពុជា។
ការយកឈ្នះលើក្រុម Shan United ៦-២ សម្រាប់ការប្រកួតនៅលើទឹកដីខ្លួនឯង កាលពីថ្ងៃទី៦ ខែមីនា វាបានជួយឱ្យក្រុមព្រះខ័នរាជស្វាយរៀង មានឱកាសចូល៩០ភាគរយទៅហើយ ក្នុងការបានឡើងទៅប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រ ប៉ុន្តែគ្រូបង្គោលលោក Pep Munoz បានអះអាងថា វាជាការប្រកួត២ផ្សេងគ្នា ដែលត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំង ដើម្បីមានភាពប្រាកដប្រជាថា ស្វាយរៀង នៅតែអាចយកឈ្នះ Shan United ម្តងទៀត។
លោក Pep Munoz និយាយក្នុងសន្និសីទកាសែត នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធថា៖ «នេះជាការប្រកួត ដែលយើងចង់បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ អ៊ីចឹងយើងត្រូវលេងឱ្យបានល្អ និងឈ្នះការប្រកួតនេះ»។
គ្រូបង្គោលក្រុមស្វាយរៀង លោក Pep បានបន្ថែមថា៖ «យើងមិនបានគិតពីការប្រកួតនៅជើងទី១នោះទេ គឺយើងត្រូវគោរពដល់គូប្រកួតរបស់យើង ព្រោះនេះជាការប្រកួតនៅលើដី Shan United ដែលយើងត្រូវផ្តោតអារម្មណ៍ និងប្រមូលអារម្មណ៍គ្រប់ពេល ដើម្បីធ្វើឱ្យបានល្អ។ យើងចង់បង្ហាញពីកម្រិតលេងរបស់យើង និងឈ្នះការប្រកួតនេះ»។
យ៉ាងណាក៏ដោយ ចំពោះការប្រកួតជើងទី២នេះ លោក Ono Hiroki គ្រូបង្គោលក្រុម Shan United បានអះអាងថា ក្រុមរបស់លោកត្រៀមខ្លួនបានល្អ ហើយលោកមិនចាញ់នៅក្នុងទឹកដីខ្លួនឯងនោះទេ។

គ្រូបង្គោលក្រុម Shan United លោក Ono Hiroki បានចាប់ដៃស្វាគមន៍លោក Pep Munoz ក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធ។ រូបថត ស្វាយរៀង
លោកបានប្រាប់កូនក្រុមរបស់លោកឱ្យបំភ្លេចចោលភាពជូរចត់ ចំពោះការចាញ់ក្រុមស្វាយរៀង ៦-២ កាលពីជើងទី១ ហើយត្រូវផ្តោតរកគ្រាប់បាល់ត្រឡប់មកវិញ សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២នេះ។
លោក Ono Hiroki បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធថា៖«ត្រូវបំភ្លេចចោលនូវលទ្ធផលក្នុងប្រកួតជើងទី១ ហើយត្រូវរៀបចំខ្លួនឱ្យបានល្អបំផុត សម្រាប់ការប្រកួតកាត់ចេក្តីចុងក្រោយនេះ។ ចំណុចសំខាន់ គឺយើងរៀបចំដើម្បីរកគ្រាប់បាល់ តែមិនត្រូវរបូតគ្រាប់បាល់ នៅក្នុងទឹកដីខ្លួនឯងទេ»។
គ្រូបង្គោលជនជាតិជប៉ុនរបស់ក្រុម Shan United រូបនេះ បានបញ្ជាក់ថា៖ «កីឡាកររបស់យើង បានប្រឹងប្រែងហ្វឹកហាត់ខ្លាំង ផ្តោតសំខាន់លើការប្រកួតនេះ ហើយខ្ញុំមិនចង់ចាញ់ នៅក្នុងផ្ទះខ្លួនឯងនោះទេ»។
យ៉ាងណាក៏ដោយ ជុំវិញកម្រិតលេងរបស់ក្រុម Shan United លោក Pep Munoz បានអះអាងថា លោកបានដឹងរួចហើយ គឺជាក្រុមដែលប្រមូលផ្តុំដោយកីឡាករ មានគុណភាពលេងល្អ។
កីឡាករក្នុងស្រុកជនជាតិមីយ៉ាន់ម៉ា ពួកគេលេងបានល្អ និងមានការប៉ះទង្គិចខ្លាំង ហើយក្រុមនេះក៏មានកីឡាករបរទេស ដែលមានគុណភាពល្អ ដោយត្រូវផ្តោតយកចិត្តទុកដាក់ឱ្យបានខ្ពស់។
ប៉ុន្តែលោក Pep បញ្ជាក់ថា ក្រុមស្វាយរៀង ក៏បានត្រៀមរួចរាល់ ក្នុងការដាក់កីឡាករមានគុណភាពឱ្យចូលលេងសម្រាប់ការប្រកួតកាត់សេចក្តីជើងទី២នេះ ព្រោះលោកចង់បង្ហាញពីកម្រិតលេង ក្នុងនាមជាក្រុមតំណាងមកពីលីគកំពូលកម្ពុជា ដែលពេលនេះមានគុណភាពលេងប្រសើរជាងក្រុមលេង នៅលីគកំពូលមីយ៉ាន់ម៉ា។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep Munoz បានសង្កត់ធ្ងន់ថា៖ «គុណភាពលីគ នៅប្រទេសកម្ពុជា បានជួយឱ្យគុណភាពលេងក្រុមរបស់យើង ឈានទៅមុខមួយកម្រិតទៀត។ លីគនៅកម្ពុជា មានភាពប្រសើរជាងលីគនៅមីយ៉ាន់ម៉ា អ៊ីចឹងយើងចង់ឈ្នះការប្រកួតនេះ ព្រោះវាជាជំនួបដ៏ល្អ ដែលយើងត្រូវធ្វើឱ្យបានល្អ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»៕