ក្រុម​ព្រះខ័នរាជស្វាយរៀងរបស់​កម្ពុជា ត្រូវជួបគូ​សត្រូវចាស់ Madura United របស់​ឥណ្ឌូនេស៊ី នៅ​ក្នុង​​​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ពានរង្វាន់ AFC Challenge League 2024-2025។

ក្រុម​ព្រះខ័នរាជស្វាយរៀង​មិនអាច​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន ក្នុង​ការ​​ប្រកួត​ជើង​ទី​២ នៅលើ​ទឹក​ដី​ក្រុម Shan United បាន​នោះ​ទេ ដោយពួក​គេ​បានចាញ់​ ២-១ វិញ ប៉ុន្តែ​ការ​ឈ្នះ ៦-២ នៅជើងទី​១ វា​នៅ​តែ​ជួយ​ឱ្យស្វាយ​រៀង អាច​បង្កើត​ប្រវត្តិសាស្រ្ត​របស់ក្លិប​ដដែល ដោយ​ឈាន​ដល់​វគ្គ​១/២ផ្តាច់ព្រ័ត្រ។

សម្រាប់ការ​ប្រកួតជើង​ទី​២ ​នៅ Thuwunna Stadium ទី​ក្រុង Yangond ប្រទេសមីយ៉ាន់ម៉ា កាលពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ លោក Pep Munoz បានផ្លាស់ប្តូរ​​សមាស​ភាព​កីឡាករ​នៅក្នុងជម្រើស១១នាក់ដំបូងមួយចំនួន។ ​លោក​មិនបានដាក់​កីឡាករ​​សំខាន់ Gabriel Silva និង Cristian Roque ឱ្យ​ចូល​លេងក្នុងជម្រើស១១​នាក់ដំបូង​​ទេ ហើយ​ខ្សែ​ការពារ​ជាប្រធាន​ក្រុម​ សឿយ វិសាល ក៏បានអង្គុយ​ក្នុង​កៅអីបម្រុងដែរ គឺ​​ដាក់ជំនួស​វិញ​ដោយខ្សែ​ការពារ Hikaru Mizuno។

ប៉ុន្តែ​ក្បួនថ្មី​នេះ បែរជា​ធ្វើ​ឱ្យ​ក្រុម​ព្រះខ័នរាជស្វាយរៀង ​ធ្លាក់​ទៅក្នុង​ក្តីកង្វល់ បន្ទាប់ពី​ក្រុម​ម្ចាស់​ផ្ទះ Shan United រក​បាន​២​គ្រាប់ ត្រឹម​រយៈពេល​២៦​នាទី​ ដើម្បីកាត់បន្ថយ​គ្រាប់​បាល់​នាំ​មុខ​របស់​ក្រុម​ស្វាយរៀង ពីលទ្ធផលឈ្នះ ៦-២ នៅជើង​ទី​១ មកនៅ​ត្រឹម ៦-៤ ជាបណ្តោះអាសន្ន​នោះ។

ការ​រក​បាន​គ្រាប់បាល់​យ៉ាង​លឿន​របស់កីឡាករ Khun Kyan Zin Hein នៅ​ត្រឹមនាទីទី​១ និងការ​បន្ថែម​១​គ្រាប់​ទៀត​របស់​  Ye Yint Aung នៅនាទីទី​២៦ បានធ្វើ​ឱ្យ​ក្រុម Shan United កាន់តែ​មានសម្ទុះ​ខ្លាំង ក្នុង​​​រក​គ្រាប់បាល់​បន្ថែម​។

សកម្មភាព​នេះ​បាន​​បង្ខំ​ឱ្យ​ លោក Pep Munoz សម្រេច​ដក Hikaru Mizuno និង គឹម សុខយុទ្ធ ចេញនៅ​នាទីទី​៣០ ហើយ​ដាក់​​ សឿយ វិសាល និង Cristian Roque ឱ្យ​ចូល​លេង​វិញ។ រីឯ​ខ្សែ​ប្រយុទ្ធ ​ Gabriel Silva ក៏​ត្រូវ​ដាក់​ឱ្យ​លេងជំនួស ថេឡរ ឌឿន នីកូឡាស នៅនាទីទី​៤៦​ផងដែរ។

ជាមួយការ​ផ្លាស់ប្តូរ​នេះ ​បាន​ធ្វើ​ឱ្យ​​គុណ​ភាព​លេង​របស់​ក្រុមស្វាយរៀង មាន​ភាព​ប្រសើរ​ឡើង​វិញ ហើយ​​ការ​បង្កើតកំហុស​របស់​​ក្រុម Shan United ដែល​បុក​ឱ្យ​ខ្សែ​ប្រយុទ្ធ Bounphachan Kounkong ដួល​នៅតំបន់គ្រោះថ្នាក់នោះ នាំ​ឱ្យលោក​អាជ្ញាកណ្តាល ផ្តល់​បាល់ពិន័យ​១១​ម៉ែត្រ​ឱ្យក្រុមស្វាយរៀង ហើយ​ខ្សែ​ប្រយុទ្ធ ប្រេស៊ីល Matheus Moresche ជាអ្នក​ស៊ុតបាន​សម្រេច នៅនាទីទី​៥៦។

បន្ថែម​លើ​នេះ ក្រុមស្វាយរៀង ក៏បានបង្កើតឱកាស​ល្អ ២ទៅ​៣​ដង​ទៀត​ផងដែរ ប៉ុន្តែ​ស៊ុត​មិ​ន​បានសម្រេច នាំ​ឱ្យ​ពួកគេ​​ចាញ់​ក្រុម Shan United ២-១ នៅជើង​ទី​២​នេះ។

តែទោះ​យ៉ាង​ណា បើ​គិត​ពី​លទ្ធផល​​ការ​ប្រកួតទាំង​២ជើង គឺ​ក្រុមស្វាយរៀង នៅតែ​ឈ្នះ​ក្រុម Shan United ៧-៤  ដើម្បី​បន្តដំណើរ​ឡើង​ទៅ​កាន់ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ជាប្រវត្តិសាស្រ្ត​លើកដំបូង​របស់​ក្លិប​មួយ​នេះ ហើយ​ពួកគេ ក៏​ទទួលបានប្រាក់រង្វាន់បន្ថែម​ចំនួន​១២​ម៉ឺនដុល្លារ ចំពោះ​ការ​ឡើង​ទៅវគ្គបន្ត​​នេះ​ដែរ។

ក្រុមស្វាយរៀង ត្រូវ​ឡើង​ទៅជួបក្រុម Madura United បន្ទាប់ពី​ក្រុម​មកពី​លីគ​កំពូល​​ឥណ្ឌូនេស៊ី មួយនេះ បាន​យក​ឈ្នះក្រុម Tainan City របស់ឆាយនីសតៃប៉ិ ៣-០ ក្នុង​ការ​ប្រកួត​ជើង​ទី​២ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ដែរ ដើម្បី​លុប​ចោល​ការ​ស្មើ​គ្នា ០-០ សម្រាប់ការ​ប្រកួត​ជើង​ទី​១ នៅលើ​ទឹក​ដី​ក្រុម Tainan City កាលពី​ថ្ងៃទី​៦ ខែមីនា។

រំឭក​ទៅ​ដល់​ក្រុម Madura United នេះ​គឺ​ពួកគេធ្លាប់​បាន​យក​ឈ្នះក្រុម​ព្រះខ័នរាជស្វាយរៀង ២-១ សម្រាប់ការ​ជួបគ្នា ក្នុង​វគ្គចែកពូល ចំណែក​ការជួបគ្នាជា​ថ្មី ក្នុង​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​នេះ ក្រុមទាំង​២ ត្រូវ​ប្រកួតគ្នា​២​ជើង គឺ​ជើង​ទី​១ ​ថ្ងៃទី​១០ ខែមេសា ត្រូវធ្វើ​នៅលើ​ទឹក​ដីកម្ពុជា និង​ជើង​ទី​២ ថ្ងៃទី​១៧ មេសា ធ្វើ​នៅ​ទឹកដី​ឥណ្ឌូនេស៊ី ហើយក្រុម​ឈ្នះ នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែលអាចជួប​ក្រុម Al-Arabi របស់កូវ៉ែត ឬ ក្រុម Arkadag របស់​ប្រទេស​តួកមេនីស្ថាន។

សម្រាប់ការ​ឡើង​មកជួបក្រុម Madura United របស់ឥណ្ឌូនេស៊ី នៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ​នេះ លោក Pep Munoz  បាន​គិតទុក​មុន​រួច​មក​ហើយ បន្ទាប់ពី​ក្រុម​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម Shan United ៦-២ នៅពហុកីឡដ្ឋានជាតិ​មរតកតេជោ កាលពី​ថ្ងៃទី​៦ ខែមីនា ហើយនេះ​ជា​អ្វី​ដែល​លោក​បានជំរុញ​កូន​ក្រុម​របស់លោក ត្រូវ​ធ្វើ​ការ​ឱ្យបាន​ខ្លាំង​ថែម​ទៀត ទើប​អាច​ឈាន​ទៅដល់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​បាន។

«​បើ​យើង​ចង់​លេង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ គឺ​យើង​ត្រូវ​ធ្វើ​ម៉េច​ឱ្យ​ការ​ប្រកួតប្រជែង​របស់​យើង​​ខ្លាំងជាងនេះ​ទៀត»។ លោក Pep បានបញ្ជាក់បែប​នេះ ​ក្រោយ​យក​ឈ្នះក្រុម Shan United ៦-២ ហើយការចាញ់ Shan United ២-១ វិញ នៅ​ជើង​ទី​២នេះ វា​បានក្លាយ​ជា​បទពិសោធន៍មួយ​ទៀត សម្រាប់​លោក Pep ក្នុងការ​​ពង្រឹង​ចំណុច​ខ្វះខាត​របស់​ក្រុមស្វាយរៀង មុន​ជួបក្រុម Madura United នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ៕