
កីឡាករជើងខ្លាំងរបស់កម្ពុជា បឺត សង្ឃឹម និង ពេជ្រ សម្បត្តិ រួមទាំងជើងថ្មីកំពុងល្បីឈ្មោះ ពេជ្រ សឹង្ហៈ និង ហាន់ ពី ត្រូវបានដាក់ឱ្យប្រកួតការពារ និងដណ្តើមខ្សែក្រវាត់មាស ក្នុងពេលតែមួយ ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ X Treme Cambodia Kun Khmer Fight of The Year នៅសង្វៀនVIPម៉ាស៊ីនត្រជាក់របស់ស្ថានីយទូរទស្សន៍ហង្សមាស (ព្រែកឯង) នាថ្ងៃសៅរ៍នេះ ចាប់ពីរសៀលម៉ោង៣តទៅ។
ប្រធានផ្គូផ្គងប្រចាំសង្វៀនប្រដាល់ហង្សមាស និងជាពិធីករដ៏មានថ្វីមាត់ លោក គ្រី ពីឡុត បានប្រាប់ឱ្យដឹងថា X Treme Cambodia Kun Khmer Fight of The Year គឺជាកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលប្រមូលផ្តុំទៅដោយកីឡាករខ្លាំងៗ ដើម្បីធ្វើការប្រកួតគ្នា គឺប្រកួតការពារខ្សែក្រវាត់ចំនួន៣គូ ប្រកួតដណ្តើមខ្សែក្រវាត់១គូ និងប្រកួតមិត្តភាពអន្តរជាតិរវាងកីឡាករកម្ពុជា និងបរទេសចំនួន៣គូ សរុបចំនួន៧គូ។
លោក គ្រី ពីឡុត បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «គ្រប់ការប្រកួតទាំង៧គូនេះ សុទ្ធតែជាការប្រកួតដ៏ពិសេស គ្រាន់តែយើងផ្តោតអារម្មណ៍ខ្លាំងទៅបេក្ខភាព៤នាក់ ដែលត្រូវប្រកួតការពារ និងដណ្តើមខ្សែក្រវាត់ គឺវាជាការប្រកួតដ៏តានតឹង និងស្វិតស្វាញបំផុត ព្រោះអ្នកមកដណ្តើម និងអ្នកត្រូវការពារខ្សែក្រវាត់ សុទ្ធតែជាកីឡាករ ដែលមានបទពិសោធន៍ មានប្រវត្តិល្អ និងសមត្ថភាពខ្លាំង»។
នៅក្នុងការប្រកួតនេះ ជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាលរបស់កម្ពុជា បឺត សង្ឃឹម ត្រូវប្រកួតការពារខ្សែក្រវាត់មាស X Treme Gold ទម្ងន់៥៩គីឡូក្រាមរបស់គេ ជាលើកទី២ ពីការឡើងមកដណ្តើមរបស់អ្នកប្រយុទ្ធរុស្ស៊ី Aslanbek Zikreev ដែលមានបទពិសោធន៍ប្រកួតយ៉ាងជោគជាំ នៅលើសង្វៀនធំៗ នៅក្រៅប្រទេស ហើយគេក៏ធ្លាប់ឈ្នះបានមេដាយមាស ពីការប្រកួតជើងឯកពិភពលោកចំនួន៤ផងដែរ។
ជាមួយគ្នានេះកីឡាករ Aslanbek Zikreev ក៏ទើបបានប្រកួតជាមួយជើងខ្លាំងរបស់ថៃ Yothin ដែលជាគូសត្រូវចាស់របស់ បឺត សង្ឃឹម ដែរ គឺការប្រកួតនៅលើសង្វៀន ONE កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងមកនេះ Aslanbek Zikreev បានដេញវាយ Yothin ៣ទឹកពេញ មុនពេលសម្រេចឱ្យចាញ់ពិន្ទុ Yothin ហេតុនេះការប្រកួតការពារខ្សែក្រវាត់មាសជាលើកទី២នេះ បឺត សង្ឃឹម អាចនឹងត្រូវធ្វើការធ្ងន់ជាងសព្វដង។
ប៉ុន្តែ បឺត សង្ឃឹម ពិតជាចង់ឈ្នះកីឡាកររុស្ស៊ីម្នាក់នេះខ្លាំងណាស់ ដើម្បីលាងជម្រះភាពឈឺចាប់បានខ្លះមកវិញ ចំពោះការចាញ់ Yothin ដោយសារបែកចិញ្ចើមខាងឆ្វេង ហើយត្រូវបានគ្រូពេទ្យបញ្ឈប់ត្រឹមទឹកទី១ ទាំងមិនអស់ចិត្ត នៅលើទឹកដីប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។
ចំណែកអ្នកលេងកណ្តាប់ដៃ ពេជ្រ សម្បត្តិ ក៏ត្រូវឡើងប្រកួតការពារខ្សែក្រវាត់មាស X Treme Super Gold ទម្ងន់៦០គីឡូក្រាមរបស់គេ ជាលើកទី២ផងដែរ ពីការដណ្តើមរបស់ជើងខ្លាំងអូស្រ្តាលី Josh Mcculloch ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក WBC ចំនួន២ស្ថាប័ន។
ដោយឡែកសិស្សប្អូនរបស់ ពេជ្រ សម្បត្តិ គឺ ពេជ្រ សុខឃីម ត្រូវឡើងប្រកួតដណ្តើមខ្សែក្រវាត់ X Treme Gold ទម្ងន់៥៧គីឡូក្រាម ពីជនរួមជាតិ ហាន់ ពី ហើយការទទួលបានឱកាសឡើងមកដណ្តើមខ្សែក្រវាត់នេះ ដោយសារ សុខឃីម ទើបឈ្នះបានពានមាស ពីការប្រកួតម៉ារ៉ាតុង ក្នុងកម្មវិធី X Treme Cambodia Kun Khmer។
ទន្ទឹមនឹងនេះកីឡាករកំពុងសាងបានភាពល្បីខ្លាំង ពេជ្រ សឹង្ហៈ ដែលជាសិស្សប្អូនរបស់ ពេជ្រ សម្បត្តិ ត្រូវបានដាក់ឱ្យប្រកួតដណ្តើមខ្សែក្រវាត់ X Treme Super Gold ក្នុងប្រភេទទម្ងន់៥១គីឡូក្រាមជាមួយអ្នកប្រដាល់ Penkak Mohammad ហើយនេះក៏ជាការប្រកួតសងសឹកផងដែរ ព្រោះ សឹង្ហៈ ធ្លាប់ចាញ់កីឡាកររបស់អាហ្វហ្គានីស្ថានម្នាក់នេះម្តងហើយ។
យ៉ាងណាក៏ដោយ លោក ពេជ្រ សុផាន់ គ្រូបង្វឹក ពេជ្រ សឹង្ហៈ បាននិយាយថា៖«ទោះបីជា សឹង្ហៈ រាងចាញ់ប្រៀប Penkak Mohammad ព្រោះគាត់ធ្លាប់ចាញ់ ហើយ Mohammad មានភាពអំណោយផលជាកីឡាករខ្ពស់ បុក និងវាយសម្រុកមែន ប៉ុន្តែការជួបគ្នាលើកនេះ សឹង្ហៈ អាចនឹងធ្វើឱ្យពុកម៉ែបងប្អូននឹកស្មានមិនដល់ ហើយការប្រកួតគូនេះ អាចនឹងមិនបញ្ចប់ទឹកទេ ព្រោះជាប្រភេទកីឡាករវាយបុកជាមួយអាវុធកាចៗដូចគ្នា»។
ចំណែកកូនសិស្សរបស់លោកគ្រូឆ្នើម ពេជ្រ សុផាន់ ចំនួន៣នាក់ទៀត រួមមាន ពេជ្រ ប៊ុនសិទ្ធ, ពេជ្រ កក្កដា និង ពេជ្រ កងចក្រ ត្រូវដាក់ឱ្យប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករមកពីម៉ាឡេស៊ី អ៊ូសបេគីស្ថាន និងអាហ្វហ្គានីស្ថាន ក្នុងព្រឹត្តិការណ៍ X Treme Cambodia Kun Khmer Fight of The Year ផងដែរ។
ជុំវិញការរៀបចំឱ្យមានការប្រកួតប្រចាំឆ្នាំដ៏ធំនេះ លោក គ្រី ពីឡុត បានទម្លាយថា គ្រាន់តែការប្រកួតការពារ និងដណ្តើមខ្សែក្រវាត់ ចំនួន៤គូនេះ ត្រូវចំណាយប្រាក់រង្វាន់សរុបអស់៦០លានរៀល ដោយមិនទាន់គិតបញ្ចូលពីតម្លៃខ្លួនកីឡាករ និងការចំណាយផ្សេងៗទៀតផង។
ចំពោះការហ៊ានចំណាយយ៉ាងច្រើននេះ លោក ពីឡុត បញ្ជាក់ថា៖ «គោលបំណងធំរបស់ស្ថានីយទូរទស្សន៍ហង្សមាស និងម្ចាស់ឧបត្ថម្ភ គឺចង់រុញគុនខ្មែររបស់យើងឱ្យដល់កម្រិតពិភពលោក ព្រោះយើងបានអញ្ជើញកីឡាករបរទេស ដែលធ្លាប់ឈ្នះបានខ្សែក្រវាត់ WBC និងកីឡាករធ្លាប់ប្រកួតនៅលើសង្វៀនធំៗ នៅក្រៅប្រទេសមកប្រកួតនៅយើង ដើម្បីយើងអាចបញ្ជ្រាបគុនខ្មែរ និងធ្វើឱ្យកម្មវិធី X Treme Cambodia Kun Khmer របស់យើងកាន់តែល្បី»៕