
ការប្រកួតរវាងកីឡាករកម្ពុជា បឺត សង្ឃឹម និងអ្នកប្រដាល់របស់រុស្ស៊ី Aslanbek Zikreev កាលពីថ្ងៃសៅរ៍។ រូបថត ហង្សមាស
ការចាញ់ដោយសន្លប់ធំរបស់ជើងខ្លាំង បឺត សង្ឃឹម នៅតែជាប្រធានបទក្តៅ ព្រោះមានអ្នករិះគន់ថា ការរៀបចំបែបនេះ បំបាក់មុខ «គុនខ្មែរ» តែអ្នកនាំកីឡាករបរទេសមកប្រកួត អះអាងថា អ្វីដែលបានរៀបចំនេះ គឺដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់គុនខ្មែរដ៏ពិតប្រាកដមួយ។
បឺត សង្ឃឹម បានចាញ់ដោយសន្លប់ធំនៅក្នុងការប្រកួតការពារខ្សែក្រវាត់មាស X Treme Gold ទម្ងន់៥៩គីឡូក្រាម ក្នុងព្រឹត្តិការណ៍ X Treme Cambodia Kun Khmer Fight of The Year នៅលើសង្វៀនប្រដាល់ហង្សមាស កាលពីថ្ងៃទី១៥ ខែមីនា កន្លងមកនេះ។
ប៉ុន្តែ ការប្រកួតខ្សែក្រវាត់ចំនួន៣ គឺមានតែ បឺត សង្ឃឹម ម្នាក់ទេ ដែលរបូតខ្សែក្រវាត់ បន្ទាប់ពីរូបគេត្រូវបានអ្នកប្រដាល់របស់រុស្ស៊ី Aslanbek Zikreev ម៉ាត់ឱ្យសន្លប់ធំ នៅទឹកទី៣ រីឯ ពេជ្រ សម្បត្តិ បានយកឈ្នះម្ចាស់ខ្សែក្រវាត់ WBC ២ស្ថាប័នរបស់អូស្រ្តាលី Josh Mcculloch ដោយពិន្ទុ។
ចំណែក កីឡាករ ហាន់ ពី ក៏ទទួលបានជោគជ័យ ចំពោះការការពារខ្សែក្រវាត់មាសទម្ងន់៥៧គីឡូក្រាម ពីការដណ្តើមរបស់កីឡាករ ពេជ្រ សុខឃីម ផងដែរ តាមរយៈការយកឈ្នះដោយពិន្ទុដែរ។
ដោយឡែកការប្រកួតដណ្តើមខ្សែក្រវាត់មាស X Treme Super Gold ទម្ងន់៥១គីឡូក្រាមវិញ គឺកីឡាករកម្ពុជា ពេជ្រ សឹង្ហៈ បានចាញ់អ្នកប្រដាល់អាហ្វហ្គានីស្ថាន Penkak Mohammad ដោយពិន្ទុ។
យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតការពារ និងដណ្តើមខ្សែក្រវាត់ទាំង៤គូនេះ អ្នកទស្សនា ដក់អារម្មណ៍ខ្លាំងទៅលើការចាញ់សន្លប់របស់ជើងខ្លាំង បឺត សង្ឃឹម ព្រោះនេះជាការបរាជ័យដ៏ជូរចត់បំផុតរបស់ បឺត សង្ឃឹម នៅលើទឹកដីខ្លួនឯង បន្ទាប់ពីរូបគេ ចាញ់ជើងខ្លាំង Yothin របស់ថៃ ទាំងមិនអស់ចិត្ត ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ WBC នៅលើទឹកដីអូស្រ្តាលី កាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២៤ ខណៈកីឡាករ Aslanbek Zikreev នេះ ក៏ទើបចាញ់ពិន្ទុ Yothin កាលពីថ្ងៃទី១៥ កុម្ភៈ ទៅទៀត។

កីឡាករ Aslanbek Zikreev បានក្លាយជាម្ចាស់ខ្សែក្រវាត់មាស ទម្ងន់៥៩គីឡូក្រាម ក្រោយរូបគេផ្តួល បឺត សង្ឃឹម ឱ្យសន្លប់ នៅក្នុងទឹកទី៣។ រូបថត ហង្សមាស
ចំពោះការចាញ់សន្លប់នេះ បឺត សង្ឃឹម បានបង្ហោះសារទម្លាយពីអារម្មណ៍បែបនេះថា៖«ខ្ញុំធ្លាប់បរាជ័យច្រើនមកហើយ ហើយការបរាជ័យលើកនេះ វាមិនមែនជាលើកទី១សម្រាប់ខ្ញុំទេ។ ខ្ញុំ នឹងខំប្រឹងដើរទៅមុខបន្តទៀត ព្រោះមានមនុស្សច្រើនណាស់ ដែលគេចាំសើចចំអកពេលដែលខ្ញុំដួល។ អរគុណសម្រាប់ការគាំទ្រ និងក្ដីស្រលាញ់ពីបងប្អូន»។
ចំណែកប្រធានផ្គូផ្គងប្រចាំសង្វៀនប្រដាល់ហង្សមាស និងជាពិធីករដ៏មានថ្វីមាត់ លោក គ្រី ពីឡុត បានលើកឡើងថា៖ «សម្រាប់ខ្ញុំ បឺត សង្ឃឹម ជាកីឡាគុនខ្មែរ ដែលពោរពេញដោយក្បាច់ពិសេសៗ ជាធនធានដ៏កម្រ តែពាក្យថា កីឡា គឺតែងតែមានឈ្នះ និងចាញ់ជារឿងធម្មតា។ សូមកុំបោះបង់ បរាជ័យថ្ងៃនេះ ជាបទពិសោធន៍សម្រាប់ថ្ងៃស្អែក»។
ស្រដៀងគ្នានេះ លោក សេន ប៊ុនថេន ជាគ្រូបង្វឹក បឺត សង្ឃឹម ក៏បានបង្ហោះសារលើកទឹកចិត្តដល់ បឺត សង្ឃឹម បែបនេះថា៖ «បើកូនដើរកាត់ភ្លៀង កូននឹងសើមជារឿងធម្មតា! ជ្រុលជាធ្វើជាអ្នកប្រយុទ្ធ ខ្លាចអីការបរាជ័យ។ កូនជោគជ័យច្រើនហើយ បរាជ័យម្តងក៏មិនអីដែរ សម្រាកមួយរយៈ ខិតខំបន្តទៅមុខទៀត»។
ជាមួយគ្នានេះ អ្នកគាំទ្រមួយចំនួនតូច បានប្រតិកម្មខឹង និងជេរប្រមាថទៅដល់អ្នកផ្គូផ្គង និងអ្នកនាំកីឡាករបរទេសមកប្រកួតថា មានចេតនាចង់បំផ្លាញ និងបំបាក់មុខ «គុនខ្មែរ» ទើបយកអ្នកខ្លាំងៗមកប្រកួតបែបនេះ ធ្វើឱ្យកីឡាករលំដាប់ខ្លាំងរបស់កម្ពុជា បឺត សង្ឃឹម ចាញ់ដោយសន្លប់ ហើយ ពេជ្រ សម្បត្តិ ក៏ឈ្នះទាំងវេទនា។
តែទោះបីជាយ៉ាងណា ជុំវិញការរិះគន់ទាំងអស់នេះ គ្រូតូច ធីម សៀងហៃ ដែលរស់នៅប្រទេសបារាំង និងជាអ្នកទំនាក់ទំនងនាំយកកីឡាករជនជាតិរុស្ស៊ី និងអូស្ត្រាលី មកប្រកួតជាមួយ បឺត សង្ឃឹម និង ពេជ្រ សម្បត្តិ បានចេញមុខឆ្លើយតបថា ការនាំយកកីឡាករបរទេសល្អៗមកប្រកួតនេះ គឺធ្វើឡើងតាមការចង់បានរបស់អ្នកគាំទ្រភាគច្រើន ក៏ដូចជាពង្រឹងគុនខ្មែរ ព្រមទាំងចង់ផ្សព្វផ្សាយគុនខ្មែរតាមរយៈកីឡាបរទេសល្អៗ មិនមែនមានបំណងជាន់ពន្លិចគុនខ្មែរ ដូចការរិះគន់មួយចំនួននោះទេ។
សៀងហៃ បានបញ្ជាក់តាមវីដេអូខ្លីរបស់ខ្លួនថា៖ «ការយកកីឡាករបរទេសលំដាប់ៗ ទៅប្រកួតនៅកម្ពុជានេះ គឺយើងចំណេញច្រើនមែនទែន។ បើយើងឈ្នះ យើងចំណេញអស្ចារ្យបំផុត តែបើយើងចាញ់ យើងឱ្យខ្សែក្រវាត់គេទៅ ព្រោះនៅពេលគេឈ្នះ គេច្បាស់ជាបង្ហោះរូបភាព អ៊ីចឹងនឹងធ្វើឱ្យបរទេស បានឃើញពាក្យគុនខ្មែរ និងឈ្មោះកម្មវិធីរបស់យើង ដែលជាផលចំណេញក្នុងការផ្សព្វផ្សាយដូចគ្នា»។
ជាមួយគ្នានេះ សៀងហៃ បានបញ្ជាក់ថា ជ័យជម្នះរបស់ ពេជ្រ សម្បត្តិ លើកីឡាករលំដាប់លេខ១របស់អូស្រ្តាលី Josh Mcculloch ពិតជាចំណេញខ្លាំងដល់គុនខ្មែរ។ «នៅអូស្រ្តាលី ពេលនេះ គេមានការភ្ញាក់ផ្អើលជាមួយគុនខ្មែរ និង ពេជ្រ សម្បត្តិ ខ្លាំងណាស់ គឺយើងចំណេញច្រើនមែនទែន អ៊ីចឹងក្នុងនាមខ្ញុំជាអ្នកផ្សព្វផ្សាយគុនខ្មែរ គឺខ្ញុំធ្វើអ្វី ចង់បានផលចំណេញទៅឱ្យគុនខ្មែរ និងម្ចាស់កម្មវិធី ព្រោះកីឡាករបរទេសល្អៗខ្លះ យកទៅ មិនប្រាកដថា ឈ្នះគុនខ្មែរនោះទេ គឺកីឡាតែងមានឈ្នះ មានចាញ់»។
ចំណែកអតីតកីឡាករជើងខ្លាំង នួន សូរិយា ដែលកំពុងរស់នៅក្រៅប្រទេស ក៏បានបង្ហាញការគាំទ្រ ចំពោះការរៀបចំឱ្យមានការប្រកួតកម្រិតខ្លាំងៗបែបនេះ ហើយលោកបានកោតសរសើរដល់សង្វៀនប្រដាល់ហង្សមាស ជាពិសេសលោក គ្រី ពីឡុត ដែលផ្គូផ្គងកីឡាករបានល្អបំផុត នៅក្នុងព្រឹត្តិការណ៍ X Treme Cambodia Kun Khmer Fight of The Year នេះ ធ្វើឱ្យការប្រកួតមានការទាក់ទាញ និងល្អមើល។
លោក សូរិយា បាននិយាយតាមវីដេអូខ្លីរបស់ខ្លួនថា៖ «ការចាប់គូក្នុងកម្មវិធីហ្នឹង គឺស្មើគ្នាល្អមែនទែន ទាំងកម្ពស់ និងសមត្ថភាព ស័ក្តិសមគ្នា គឺមិនងាយមានការចាប់គូបានល្អបែបនេះទេ។ ខ្ញុំមានអារម្មណ៍រំភើប ពេលបានមើលការប្រកួតហ្នឹង ហើយខ្ញុំសរសើរទៅដល់លោក គ្រី ពីឡុត មែនទែន គឺរៀបចំបានល្អណាស់»៕