
ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ ឆ្នាំ២០២៥។ រូបថត សហព័ន្ធ
មន្រ្តីជំនាញរបស់សហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានអះអាងថា ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ ឆ្នាំ២០២៥ បានក្លាយជាគោលដៅសំខាន់មួយ ក្នុងការជំរុញ ក៏ដូចជាផលិតធនធនកីឡាករ កីឡាការិនីថ្នាល សម្រាប់បន្តវេននៅក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមឆ្ពោះទៅកាន់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី លើកឡើងបែបនេះ ព្រោះលោកមើលឃើញថា ការរៀបចំការប្រកួតជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ ឆ្នាំ២០២៥ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១៥ ខែមីនានេះ មានអ្នកចូលរួមច្រើន រហូតដល់២២៨នាក់ (កុមារា១០៨នាក់ កុមារី៨២នាក់ និងប្រតិភូ គ្រូបង្វឹក៣៨នាក់) មកពី៣៥ស្ថាប័ន គឺកើនឡើងទ្វេដង ព្រោះការប្រកួតឆ្នាំមុន មានអ្នកចូលរួមក្រោម១០០នាក់ទេ។
លោកបន្ថែមថា៖ «ចំណុចសំខាន់លើការងារបច្ចេកទេស សម្រាប់កុមារា កុមារី ចាប់ពីវ័យ៧ឆ្នាំឡើងទៅ គឺជាមូលដ្ឋានគ្រឹះ ដែលឱ្យពួកគាត់ ចាប់ផ្តើមយល់ដឹងពីរបៀបរបបនៃការប្រកួត និងមានបទពិសោធន៍ប្រកួត ដើម្បីឱ្យឈានទៅរកកម្រិតខ្ពស់បន្តទៀត។ ប៉ុន្តែយើងមានកម្រិតអាយុតិចនៅឡើយ គឺយើងនឹងប្រឹងប្រែងធ្វើឱ្យមានកម្រិតអាយុកាន់តែច្រើន និងមានវិញ្ញាសាកាន់តែច្រើន ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមរបស់យើង គឺយើងត្រូវការគាំទ្រ និងឧបត្ថម្ភបន្ថែម»។
ចំពោះការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន ឆ្នាំ២០២៥នេះ ទទួលការឧបត្ថម្ភទាំងស្រុងពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធមួយចំនួន ព្រមទាំងដៃគូឧបត្ថម្ភពីវិស័យឯកជនមួយចំនួនផងដែរ។
ប៉ុន្តែចំពោះកញ្ចប់ថវិកានេះ លោក ហែម គីរី អះអាងថា នៅមានកម្រិត ដែលមិនទាន់អាចទ្រទ្រង់ដល់ការប្រកួតធំជាងនេះបានទេ ហេតុនេះលោករំពឹងថា នឹងមានក្រុមហ៊ុននានា ចាប់អារម្មណ៍ចូលរួមឧបត្ថម្ភដល់ការប្រកួតនេះថែមទៀត ដើម្បីធ្វើឱ្យការប្រកួតប្រជែងកាន់តែល្អប្រសើរ ព្រោះសហព័ន្ធ ចង់យកការប្រកួតនេះ ធ្វើជាគោលដៅមួយ ក្នុងការផលិតធនធានមនុស្ស សម្រាប់ត្រៀមការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។

ការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៧ ឆ្នាំ២០២៥។ រូបថត សហព័ន្ធ
លោក ហែម គីរី បានបញ្ជាក់ថា៖ «យើងចង់រុញឱ្យការប្រកួតនេះ ក្លាយជាការប្រកួតដ៏សំខាន់មួយ ក្នុងការត្រួតពិនិត្យសមាសភាពកីឡាករ កីឡាការិនីវ័យក្មេង ត្រៀមឆ្ពោះទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ហើយកីឡាហែលទឹក ជាប្រភេទកីឡាអូឡាំពិក គឺដាច់ខាតត្រូវមានដែរ អ៊ីចឹងយើងត្រូវចាប់ផ្តើម ដើម្បីរុញឱ្យដល់ឆ្នាំ២០២៩ ដែលសល់ពេលមិនយូរទៀតទេ»។
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានណែនាំដល់មន្ត្រីបច្ចេកទេស និងក្រុមការងារទាំងអស់របស់សហព័ន្ធ ត្រូវប្រឹងប្រែងជំរុញការប្រកួតសម្រាប់យុវជនឱ្យបានកាន់តែច្រើន។
ជាក់ស្តែង សហព័ន្ធ បានយកការប្រកួតជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន នេះ ជាការវាស់ស្ទង់បច្ចេកទេសរបស់កីឡាករ កីឡាការិនី ដើម្បីសម្រិតសម្រាំងរកអ្នកមានទេពកោសល្យ ធ្វើជាអ្នកបន្តវេន នៅក្នុងក្រុមជម្រើសជាតិ។
លោក គីរី បាននិយាយថា៖ «សហព័ន្ធបានវាស់ស្ទង់បច្ចេកទេសរបស់អត្តពលិក ដែលទទួលបានជយលាភី ក្នុងការប្រកួតនេះ សម្រាប់ត្រៀមជាកីឡាករថ្នាលបន្តវេនរបស់សហព័ន្ធ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏បានដាក់ទិសដៅឱ្យសហព័ន្ធកីឡាជាតិ ត្រូវសម្លឹងរកកីឡាករ កីឡាការិនីវ័យក្មេង ដើម្បីធ្វើការប្រមូលផ្តុំជាក្រុមជម្រើដសជាតិផងដែរ។
លោកបន្ថែមថា៖ «ដូច្នេះការប្រកួតនេះ ជារឿងដ៏ល្អ ដែលយើងអាចសម្លឹងឃើញធនធានអត្តពលិកល្អៗជាច្រើន ហើយកីឡាករ កីឡាការិនីមួយចំនួន យើងឃើញថា មុខរបស់គាត់ដូចជាកូនបរទេស ប៉ុន្តែជាក់ស្តែងគាត់មានឈាមជ័រជាខ្មែរ ដែលមានឪពុកជាជនជាតិបរទេស ម្តាយជាខ្មែរ អ៊ីចឹងយើងអាចជ្រើសរើសគាត់ជាកីឡាករតំណាងឱ្យកម្ពុជាបាន។ យើងចង់បានបែបហ្នឹង ព្រោះយើងឃើញថា អាណាព្យាបាលពួកគាត់ មានការគាំទ្រខ្លាំង ដែលនេះជាចំណុចល្អ ក្នុងការត្រៀមឆ្ពោះទៅ ឆ្នាំ២០២៩»៕