កីឡាករ​ជើង​ខ្លាំង​របស់អាហ្រ្វិកខាងត្បូង Ncedo Gomba បាន​របូត​ខ្សែ​ក្រវាត់ Krud Kun Khmer ដែល​រូបគេដណ្តើមបានពី ពេជ្រ សម្បត្តិ ហើយ បន្ទាប់ពី​រូបគេ បានបរាជ័យក្នុងការ​ប្រកួតការពារ ពីការ​ដណ្តើម​របស់​កីឡាករ​កំពុង​ឡើង​ជើង និង​ទទួលបានជោគជ័យ​ក្នុងអាជីព ហុងសុវណ្ណ ចាន់សុធី នោះ។

មុនការ​ប្រកួត​គ្នា នៅលើសង្វៀន​​គ្រុឌគុនខ្មែរ លើ​ទីតាំងដីឡូត៍ ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាល​ពី​យប់​ថ្ងៃអាទិត្យ កន្លងមកនេះ អ្នក​គាំ​ទ្រ​ភាគ​​ច្រើន មិន​រំពឹង​ថា  ហុងសុវណ្ណ ចាន់សុធី អាចទប់ Gomba ដល់​៥ទឹក​នោះ​ទេ ព្រោះ​ជើង​ខ្លាំង​រូបនេះ ​មានសមត្ថ​ភាពខ្លាំង ដោយធ្លាប់​​ដណ្តើម​បានខ្សែ​ក្រវាត់​ពី​​ម្ចាស់មេដាយមាស ឃីម ឌីម៉ា និង​ធ្លាប់​ឈ្នះ​១ និងចាញ់​១ ជាមួយ ពេជ្រ​ សម្បត្តិ បន្ទាប់ពី​រូបគេ​បានចាញ់​ដោយ​សន្លប់ ​ក្រោម​ទម្ងន់ជើង លន បញ្ញា សម្រាប់ការ​​មក​ប្រកួតជា​លើកដំបូង នៅ​ប្រទេស​កម្ពុជា។

ប៉ុន្តែ​តាម​រយៈការ​ប្រកួត​ជាក់​ស្តែង​៥ទឹក​ពេញ​នោះ ហុងសុវណ្ណ ចាន់សុធី ពិតជា​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​រូបគេ​បាន​វាយ​ចូល​គោដៅ​ពេញៗ និងមាន​ប្រៀប​ខ្លាំង នៅពេល​ចូលចាប់​ឱប ព្រោះ​​រូបគេ​អាច​ប្រើ​ជង្គង់ និង​វាយ​កែង​ទៅលើ Gomba បណ្តាល​ឱ្យ​កីឡាករ​របស់អាហ្វ្រិកខាងត្បូង​ម្នាក់នេះ មានស្នាម​បែកនៅទឹក​ទី​៥ មុនពេល​ប្រកាស​ឱ្យចាញ់​ដោយពិន្ទុ​ដាច់ ៥-០។

Gomba បាន​ទទួលស្គាល់​ថា ពិតជាបាន​​ចាញ់ ហុងសុវណ្ណ ចាន់សុធី ហើយ​រូបគេ​បាន​សរសើរ​ថា ចាន់សុធី ពិតជា​មាន​ភាព​វៃ​ឆ្លាត​ក្នុងការ​ប្រកួត ហើយថែមទាំងមានបច្ចេក​ទេស​វាយ​កែងបាន​ល្អ​ទៀត​។ «​ការ​ប្រកួតនេះ ពិតជា​ល្អមែនទែន គ្រាន់តែ​ដៃគូ​របស់​ខ្ញុំ ខ្ពស់ជាង ងាយស្រួល​ក្នុង​ការ​ចូល​ចាប់​ខ្ញុំ ហើយគាត់​មាន​ភាព​ឆ្លាត​វៃ​ក្នុងការ​វាយ​ចេញ ជាពិសេស​វាយ​កែងតែម្តង»។

កីឡាករ​មកពី​អាហ្រ្វិក​ខាង​ត្បូង​រូបនេះ បានបន្ថែម​ថា៖​ «​ខ្ញុំ​ពិបាកដេញតាម​​វ៉ៃ​គាត់ ​ព្រោះ​ខ្ញុំ​ទាប​ជាង ហើយគាត់មានភាព​ឆ្លាតវៃ ក្នុងការ​រំដោះខ្លួន និង​វាយស្កាត់មក​លើ​ខ្ញុំ​វិញ តាម​រយៈការ​ទាត់ និង​បោះជង្គង់ ហើយ​ខ្ញុំមានការ​ប្រយ័ត្នបំផុត​​ទៅលើការ​​ប្រើ​កែង​របស់​គាត់ ដោយសារ​គាត់មានកែង​ល្អ និងអាច​​​ផ្លាស់ប្តូរចលនា​វាយ​បាន​លឿន​រហ័សទៀត»។

ជាមួយគ្នា​នេះ Gomba បាន​ទម្លាយ​ថា រូបគេ​បានដឹង​​រួច​ទៅហើយ​ថា ការជួប ហុងសុវណ្ណ ចាន់សុធី នឹងមានការពិបាក​។ «ពេលមើល​វីដេអូ​នៃ​ការ​ប្រកួត ខ្ញុំ​ឃើញ​គាត់​វែង​ជាងខ្ញុំ ហើយគាត់ពិតជា​ល្អ​មែនទែន។ ខ្ញុំប្រយ័ត្នបំផុត​នោះ គឺ​កែង​របស់​គាត់ ប៉ុន្តែ​មិនអ្វី​ទេ គាត់ស្វាគមន៍​ខ្ញុំ ដូច ពេជ្រ សម្បត្តិ ដែរ ដោយគាត់​មាន​ភាព​ឆ្លាតវៃ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​របៀប​វាយ​របស់ ពេជ្រ​​ សម្បត្តិ ជាង​ គឺ​ព្យាយាម​បុក និង​មានកម្លាំងខ្លាំង​ជាង»។

ចំណែក​កីឡាករ ហុងសុវណ្ណ ចាន់សុធី ក៏បានសារភាព​ថា មានការពិបាក ក្នុងការ​យក​ឈ្នះ Gomba។ គេ​បាន​និយាយ​​ថា៖ ​«​ការ​ប្រកួត​៥ទឹក​នេះ ពិតជា​តឹង ព្រោះ​គាត់​ល្អ ហើយ​កម្លាំង​របស់​គាត់​ពេញ​ល្អ តែ​គាត់ខ្លីជាង​យើង អ៊ីចឹង​គាត់រាងពិបាក​ក្នុងការ​ចូលវាយមក​លើ​យើង ព្រោះ​វាយ​អត់សូវដល់​គោលដៅ។

ហុងសុវណ្ណ ចាន់សុធី ដែល​ទើបបានឈ្នះឡានថ្មី ពីការ​ប្រកួត កាលពី​កញ្ញា និង​ឈ្នះបាន​ខ្សែ​ក្រវាត់ ​ការប្រកួតម៉ាតុង កាលពីខែតុលា ឆ្នាំ​២០២៤​នោះ បានបន្ថែម​ថា៖ «ខ្ញុំត្រៀម​ខ្លួនបាន​ល្អ ហើយខ្ញុំចាប់​ក្បាច់ Gomba ​បាន បន្ទាប់ពីការ​ធ្វើ​តេស្ត​រកចំណុចសំខាន់ នៅក្នុងទឹក​ទី​១។ ​ខ្ញុំវាយកែងចូល​គាត់​ច្រើន តែ​គាត់ពិត​ជាស្វិត និង​ធន់ ហើយ​​គាត់​ក៏​បាន​ម៉ាត់​ចូលខ្ញុំ​​ច្រើនដែរ គឺ​ទម្ងន់ដៃ​របស់​គាត់​ធ្ងន់»៕