
ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ កាលពីឆ្នាំ២០២៤។ រូបថត សហព័ន្ធ
សហព័ន្ធខ្មែរកីឡាហាប់គីដូ បានកំណត់ទិសដៅក្នុងការអនុវត្តការងារ ដើម្បីពង្រីកសក្តានុពលរបស់ខ្លួនក្នុងឆ្នាំ២០២៥ បន្ថែមទៅលើសមិទ្ធផលចាស់ ដែលសម្រេចបាន កាលពីឆ្នាំ២០២៤ ប៉ុន្តែការមិនទាន់ទទួលបានកញ្ចប់ថវិកាចំណាយប្រចាំឆ្នាំ ពីក្រសួងអប់រំ យុវជន និងកីឡា វានៅតែធ្វើឱ្យសហព័ន្ធនេះ ជួបវិបត្តិ ដែលសុំឱ្យវិស័យឯកជនជួយឧបត្ថម្ភ ដើម្បីអាចបន្តសកម្មភាពទៅមុខបានលឿន។
នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃអាទិត្យ លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ បានបង្ហាញយ៉ាងលម្អិតពីលទ្ធផលការងារ ដែលសហព័ន្ធ សម្រេចបានកន្លងមក ក្រោមការសហការគ្នាយ៉ាងល្អរបស់គណៈកម្មាធិការប្រតិបត្តិ ដោយបានលះបង់ខ្ពស់ទាំងធនធាន និងពេលវេលាផ្ទាល់ខ្លួន សម្រាប់អភិវឌ្ឍន៍វិស័យកីឡាហាប់គីដូនេះ។
ចំពោះសមិទ្ធផលការងារ ឆ្នាំ២០២៤ ដែលសហព័ន្ធខ្មែរកីឡាហាប់គីដូ ចាត់ទុកថា ជាចំណុចខ្លាំងនោះ គឺទី១ ការរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ របស់ខ្លួន បានពេញមុខពេញមាត់ ទាំងការរៀបចំទូទៅ ទីលានប្រកួត ពិធីការ ព្រមទាំងការផ្តល់ប្រាក់ឧបត្ថម្ភដល់អត្តពលិកទទួលជយលាភី។
ចំណែកទី២ ការបញ្ជូនក្រុមអត្តពលិកហាប់គីដូកម្ពុជា ទៅចូលរួមប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក នៅប្រទេសថៃ ដោយទទួលលទ្ធផលយ៉ាងត្រចះត្រចង់ គឺដណ្តើមបានមេដាយសរុប៤០ ក្នុងនោះមានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារអបអរសាទរដល់ក្រុមហាប់គីដូកម្ពុជា ដែលដណ្តើមបានមេដាយយ៉ាងច្រើនជូនជាតិនាពេលនោះផងដែរ។

មហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលបានធ្វើ កាលពីថ្ងៃអាទិត្យ។ រូបថត NOCC
ប៉ុន្តែចំណុចខ្វះខាតវិញ លោក គង់ ចាន់ធីណា បញ្ជាក់ថា៖ «សហព័ន្ធត្រូវការ ការជួយជ្រោមជ្រែងបន្ថែមពីគណៈកម្មាធិការប្រតិបត្តិទាំងអស់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡាមួយនេះឱ្យកាន់តែមានសក្កានុពល ជាពិសេសការផ្សព្វផ្សាយស្វែងរកដៃគូឧបត្ថម្ភ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត និងការបញ្ជូនក្រុមអត្តពលិកទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ តាមលទ្ធដែលអាចធ្វើបាន ព្រោះនេះជាសកម្មភាពស្នូល ដែលនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា អាចសម្រេចផ្តល់កញ្ចប់ថវិការឧបតម្ភដល់សហព័ន្ធជារៀងរាល់ឆ្នាំ»។
លោកបានបន្ថែមថា៖ «បើសិនជាសហព័ន្ធខ្មែរកីឡាហាប់គីដូ លុបបំបាត់បាននូវការខ្វះខាតខាងលើនេះ សហព័ន្ធ នឹងអាចមានលទ្ធភាពធ្វើសកម្មភាព និងរៀបចំព្រឹត្តការណ៍ប្រកួតឱ្យិងរៀបចំព្រឹត្តការណ៍ប្រកួតឲើនោះន្រ្យតបានច្រើន ដើម្បីឱ្យក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្តល់កញ្ចប់ថវិការឧបតម្ភដល់សហព័ន្ធជារៀងរាល់ឆ្នាំ»។
តាមខ្លឹមសារនេះ បានបញ្ជាក់ថា ការបំពេញការងារ តាំងពីអាណត្តិទី១ មកដល់អាណត្តិទី៨ ដែលមានរយៈពេលចូល៣០ឆ្នាំមកនេះ សហព័ន្ធខ្មែរកីឡាហាប់គីដូ នៅមិនទាន់ទទួលបានកញ្ចប់ថវិកាចំណាយប្រចាំឆ្នាំពីក្រសួងអប់រំ នោះទេ គឺរាល់ការចំណាយលើការបបំពេញការងារ ក្នុងការអភិវឌ្ឍកីឡាហាប់គីដូ មកដល់ពេលនេះ សហព័ន្ធបានប្រឹងប្រែងរស់ដោយខ្លួនឯង តាមរយៈការរៃអង្គាសថវិកាពីជួរគណៈកម្មាធិការប្រតិបត្តិពី១អាណត្តិទៅ១អាណត្តិ រួមទាំងថវិកាមួយចំនួនទៀត ទទួលបានពីសប្បុរសជន និងវិស័យឯកជន។
តែទោះបីជាយ៉ាងណា សហព័ន្ធខ្មែរកីឡាហាប់គីដូ មិនបានបង្ហាញការរាថយនោះទេ ហើយនៅក្នុងឆ្នាំ២០២៥នេះ សហព័ន្ធ បានដាក់ទិសដៅកាន់តែច្រើន ក្នុងការអនុវត្តបន្ត ដើម្បីពង្រឹងសក្តានុពលកីឡាហាប់គីដូ ទី១ រៀបចំផែនការអភិវឌ្ឍក្លិបគណ ដើម្បីពង្រឹងសមត្ថភាពសិស្ស ឈានទៅដណ្តើមជើងឯកថ្នាក់តំបន់ ឬអន្តរជាតិ ទី២ ពង្រៀងផែនការចងក្រងឯកសារស្តីពីប្រវត្តិក្បាច់គុនហាប់គីដូ ទី៣ រៀបចំផែនការ កញ្ចប់ថវិកា និងកៀរគរចំណូលបន្ថែមសម្រាប់ដំណើរការសហព័ន្ធ និងកម្មវិធីផ្សេងៗ។
ចំណែកទី៤ រៀបចំគូបង្គោល គ្រូជំនួយ និងក្រុមការងារប្រត្តិបតិ ដើម្បីឈានទៅរកការបង្កើតទីតាំងក្លិបបន្ថែម ទី៥ បន្តកិច្ចសហការណ៍ល្អជាមួយប្រភេទកីឡាផ្សេងៗ ក្នុងសហព័ន្ធកីឡាជាតិ និងអន្តរជាតិ ទី៦ រៀបចំផែនការ ថវិកា និងការហ្វឹកហាត់ពិសេស សម្រាប់សិស្សគណទៅប្រកួតជើងឯកអន្តរជាតិ នៅប្រទេសឥណ្ឌូនេស៊ី នាពេលឆាប់ៗខាងមុខ ទី៧ ពង្រឹងវិន័យផ្ទៃក្នុង និងការទទួលខុសត្រូវ សម្រាប់ការងារហ្វឹកហាត់ និងការងារផ្សេងៗ ដែលលោកគ្រូ និងប្រធានសហព័ន្ធ ដាក់ជូន ហើយសហព័ន្ធ ក៏បានដាក់គោលដៅរៀបចំការប្រកួតថ្នាក់ជាតិ ជាលើកទី៣ នៅឆ្នាំនេះឱ្យកាន់តែបានល្អផងដែរ។
ជុំវិញការងារនេះ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងថា៖ «នៅឆ្នាំ២០២៥នេះ យើងនឹងបញ្ចូនក្រុមហាប់គីដូរបស់យើង ទៅចូលរួមការប្រកួតអន្តរជាតិមួយ នៅប្រទេសឥណ្ឌូនេស៊ី ដោយយើងបានទទួលយកការអញ្ជើញរបស់ម្ចាស់ផ្ទះហើយ ហើយនៅចុងឆ្នាំនេះ យើងក៏នឹងរៀបចំការប្រកួតថ្នាក់ជាតិ ជាលើកទី៣ ដោយយើងនឹងព្យាយាមពង្រឹងទៅលើបច្ចេកទេស និងការវាយតម្លៃការប្រកួតពីគណៈកម្មការបន្ថែមទៀត ដើម្បីឱ្យល្អជាងឆ្នាំចាស់»។
យ៉ាងណាក៏ដោយ ចំពោះការអនុវត្តការងារទៅតាមទិសដៅដែលបានដាក់ចេញនេះ លោក គួច ហុងជៀក បានទម្លាយថា សហព័ន្ធ នៅតែប្រឈមនឹងការចំណាយ ជាពិសេសការត្រៀមរៀបចំការប្រកួតថ្នាក់ជាតិ និងការបញ្ជួនក្រុមអត្តពលិកទៅប្រកួតនៅឥណ្ឌូនេស៊ី ដែលសុំឱ្យមានការជួយបន្ថែមពីវិស័យឯកជន ដើម្បីសហព័ន្ធ មានលទ្ធភាព បញ្ជូនអត្តពលិកទៅប្រកួតបានច្រើន ក៏ដូចជាជួយទំនុកបម្រុងការហ្វឹកហាត់របស់ពួកគាត់បានល្អ ដើម្បីយើងមានលទ្ធភាពដណ្តើមយកមេដាយជូនជាតិ។
លោកបញ្ជាក់ថា៖ «ចំពោះផែនការថវិកានេះ យើងនៅតែមានភាពតានតឹង មិនទាន់មានភាពធូរស្រាលទេ ហើយយើងនឹងប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត ដោយសារការត្រៀមខ្លួនរបស់យើង នៅរយៈពេលវែងដែរ។ តែទោះយ៉ាងណា ខ្ញុំសូមអំពាវនាវដល់សប្បុរសជន អ្នកស្នេហាវិស័យកីឡា ជាពិសេសក្រុមហ៊ុនឯកជន សូមងាកមកជួយគាំទ្រ និងឧបត្ថម្ភដល់វិស័យកីឡាហាប់គីដូមួយចំណែកផង ដើម្បីឱ្យហាប់គីដូ មានដង្ហើម និងពន្លកដុះនៅក្នុងសង្គមនឹងគេបន្តទៅមុខទៀត»៕