
ការប្រកួត CMAS SEA Finswimming Championship Indoor ឆ្នាំ២០២៤ ហើយកម្ពុជា ចង់ធ្វើម្ចាស់ផ្ទះការប្រកួតនេះម្តងទៀត។ រូបថត ឈន ណន
សហព័ន្ធខ្មែរកីឡាហែលទឹក បានដាក់គោលដៅដណ្តើមយកមេដាយយ៉ាងហោចឱ្យបាន១ ពីការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥នេះ ហើយក្រុមហែលទឹកពាក់ជើងទាកម្ពុជា ក៏ត្រៀមខ្លួនដើម្បីចូលរួមដណ្តើមមេដាយ ក្នុងការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (CMAS SEA Finswimming Championship Indoor) លើកទី២ ក្នុងឆ្នាំនេះដែរ។
បើទោះបីជាសហព័ន្ធខ្មែរកីឡាហែលទឹក បានបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្ត សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ដោយដណ្តើមបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៤ ប៉ុន្តែ លោក ហែម គីរី ជាអគ្គលេខាធិការសហព័ន្ធ បានអះអាងថា ការដាក់គោលដៅដណ្តើមយកមេដាយយ៉ាងហោចឱ្យបាន១ ពីការប្រកួតស៊ីហ្គេម ឆ្នាំនេះ ក៏មិនស្រួលនោះដែរ ព្រោះប្រភេទកីឡាហែលទឹកពាក់ជើងទា ដែលកម្ពុជា ធ្លាប់ដណ្តើមបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៤ នៅស៊ីហ្គេម ឆ្នាំ២០២៣ មិនត្រូវបានម្ចាស់ផ្ទះថៃ ដាក់ឱ្យមានការប្រកួតក្នុងស៊ីហ្គេម លើកនេះទេ។
លោក ហែម គីរី បាននិយាយថា៖ «ស៊ីហ្គេម លើកនេះ យើងដាក់ទិសដៅ កីឡាហែលទឹករបស់យើង ត្រូវដណ្ដើមមេដាយយ៉ាងហោចណាស់ឱ្យបាន១ ក្នុងប្រភេទវិញ្ញាសាណាក៏ដោយ ព្រោះយើងដឹងហើយថា នៅក្នុងតំបន់អាស៊ាន ប្រភេទកីឡាអូឡាំពិកមួយនេះ មានប្រទេសខ្លាំងៗច្រើន ហើយប្រទេសខ្លះ គេឈានទៅដល់កម្រិតពិភពលោកទៅហើយ អ៊ីចឹងដើម្បីឈ្នះពួកគេ យើងត្រូវប្រឹងមែនទែន»។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក រូបនេះ បានទម្លាយថា ស្ថានភាពនៃការអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជាពេលនេះ កំពុងដើរទៅមុខគួរឱ្យសម្គាល់ ប៉ុន្តែប្រទេសខ្លាំងនៅក្នុងតំបន់អាស៊ាន ដូចជាវៀតណាម ថៃ សិង្ហបុរី ហ្វីលីពីន និងឥណ្ឌូនេស៊ី ជាដើម គេបានដើរទៅមុខមុនកម្ពុជាហើយ ហើយពួកគេក៏មិនបានឈរស្ងៀមចាំយើងនោះដែរ។
លោក គីរី បញ្ជាក់ថា៖ «យើងត្រូវដេញពីក្រោយគេរហូត! ខ្ញុំចង់បង្ហាញថា មិនមែនយើងមិនមានការរីកចម្រើននោះទេ ប៉ុន្តែការរីកចម្រើនរបស់យើងទៅមុខ គេក៏រីកចម្រើនទៅមុខបន្តទៀត។ គេមានលទ្ធផលល្អប៉ុណ្ណឹងហើយ គេអត់នៅចាំយើងទេ គេត្រូវបន្តទៅមុខទៀត អ៊ីចឹងយើងក៏ត្រូវតែរត់ឱ្យលឿនតាមឱ្យទាន់គេ ដើម្បីទទួលបានលទ្ធផលជោគជ័យមួយសម្រាប់ប្រទេសជាតិ ក៏ដូចសហព័ន្ធរបស់យើង»។
លោកបន្ថែមថា៖ «ការតាំងចិត្តរបស់យើងនេះ គឺយើងផ្តោតទៅលើការរៀបចំទាំងកីឡាករក្រៅស្រុក និងក្នុងស្រុក។ យើងបានពង្រឹងគុណភាពគ្រូ ដោយបានបញ្ជូនគ្រូបង្វឹករបស់យើងទៅរៀនកម្រិតខ្ពស់បន្តទៀតនៅក្រៅប្រទេស ដើម្បីនាំយកបច្ចេកទេសថ្មីៗមកបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីរបស់យើង ព្រោះប្រទេសខ្លាំងៗ គេតែងតែចង់ខ្លាំងថែមទៀត គេអត់ចង់បកក្រាយមកចាញ់យើងទេ ហេតុនេះបើយើងចង់ឈ្នះគេ យើងត្រូវប្រឹងប្រែងមែនទែន»។
ក្រៅពីការដាក់គោលដៅដណ្តើមយកមេដាយយ៉ាងហោចឱ្យបាន១ ពីការប្រកួតស៊ីហ្គេម នៅប្រទេសថៃ សហព័ន្ធខ្មែរកីឡាហែលទឹក ក៏នឹងត្រៀមបញ្ជូនក្រុមហែលទឹកពាក់ជើងទា ទៅចូលរួមការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥នេះដែរ បន្ទាប់ពីម្ចាស់ផ្ទះកម្ពុជា បានទទួលជោគជ័យ សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ កាលពីឆ្នាំ២០២៤ ដោយដណ្តើមបានមេដាយមាស២ ប្រាក់៧ និងសំរឹទ្ធ៦ ឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងចំណោមប្រទេសចូលរួមទាំង៧។
លោក ហែម គីរី បានថ្លែងថា៖ «ទិសដៅសំខាន់ទី២ ក្នុងឆ្នាំនេះ យើងមានការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍។ យើងធ្លាប់ទទួលបានលទ្ធផលយ៉ាងត្រចេះត្រចង់ សម្រាប់ការធ្វើម្ចាស់ផ្ទះ កាលពីឆ្នាំមុន អ៊ីចឹងនៅឆ្នាំនេះ យើងកំពុងតែប្រជុំ ដើម្បីពិនិត្យមើលប្រទេស ត្រូវធ្វើជាម្ចាស់ផ្ទះបន្ត ដែលផ្តល់អាទិភាពទៅឱ្យប្រទេសឥណ្ឌូនេស៊ី និងវៀតណាម គឺបើឥណ្ឌូនេស៊ី មិនទទួល វៀតណាម នឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតនេះ»៕