
ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិវៀតណាម និងក្រុមជម្រើសជាតិកម្ពុជា កាលពីយប់ថ្ងៃពុធ។ រូបថត FFC
ក្រុមជម្រើសជាតិកម្ពុជា នៅតែមិនអាចបំបែកកំណត់ត្រាយកឈ្នះលើក្រុមជម្រើសជាតិវៀតណាម បានដដែល បន្ទាប់ពីពួកគេ បានបន្តចាញ់ ដោយលទ្ធផល ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋាន Go Dau របស់ប្រទេសវៀតណាម កាលពីយប់ថ្ងៃពុធ ម្សិលមិញ។
សម្រាប់ការប្រកួតនេះ ក្រុមជម្រើសជាតិវៀតណាម រកបាន២គ្រាប់មុន ដែលគ្រាប់បាល់ទី១ ជាការទាត់បាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងស្អាតរបស់កីឡាករ Hai Long នៅនាទីទី២៦ ហើយ១គ្រាប់ទៀត ជាការស៊ុតបញ្ចូលទីរបស់ខ្សែការពារ Van Vi នៅនាទីទី៣៥។
តែទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធវ័យក្មេង បុង សាំយូអ៊េល របស់ភ្នំពេញក្រោន រកបាន១គ្រាប់វិញឱ្យក្រុមកម្ពុជា តាមរយៈការស៊ុតបាល់ចេញពីក្រៅប្រអប់ បញ្ចូលទីបានយ៉ាងល្អរបស់គេនៅនាទីទី៦៤ គឺបន្ទាប់ពីខ្សែប្រយុទ្ធ ស រតនា បានស៊ុតបាល់ដាច់នៅមុខទីខុសបាល់ ក្នុងនាទីទី៦១។
យ៉ាងណាក៏ដោយ គ្រូបង្គោលក្រុមជម្រើសជាតិវៀតណាម លោក Kim Sang-sik មិនសប្បាយចិត្តចំពោះការយកឈ្នះលើក្រុមជម្រើសជាតិកម្ពុជា ២-១ នេះទេ។
លោកបាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «នៅក្នុងតង់ទី១ យើងបានប្រើប្រាស់ទម្រង់លេង ដែលមានស្ថិរភាព ហើយកីឡាករស្ថិតក្នុងបញ្ជីឈ្មោះដំបូងរបស់យើង ធ្វើបានត្រឹមត្រូវ តាមដែលយើងបានរៀបចំ»។
«ប៉ុន្តែនៅក្នុងតង់ទី២ យើងជួបប្រទះការលំបាកខ្លះ ក្នុងការផ្លាស់ប្តូរ ហើយតួនាទីជំនួសខ្លះ ពិតជាមិនបានឆ្លើយតបទៅនឹងតម្រូវការ ដែលនេះក៏ជាហេតុធ្វើឱ្យ ក្រុមកម្ពុជា មានឱកាសរកបានគ្រាប់បាល់ផងដែរ»។ លោក Kim Sang-sik បានបន្ថែមថា៖ «និយាយតាមត្រង់ ខ្ញុំមិនពេញចិត្តទាំងស្រុងចំពោះលទ្ធផលនេះទេ»។
ចំណែកលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏មិនសូវពេញចិត្តចំពោះលទ្ធផលចាញ់ ២-១ នេះដូចគ្នា។ លោកបាននិយាយថា៖ «កីឡាករកម្ពុជាយើងធ្វើបានល្អ នៅតង់ទី២ ប៉ុន្តែបើសិនជាធៀបទៅនឹងវៀតណាម គឺខាងវៀតណាម គេធ្វើបានល្អជាង គឺវៀតណាមលេងដោយប្រុងប្រយ័ត្ន។ បើលទ្ធផលវិញ ខ្ញុំមិនសូវជាពេញចិត្តទេ ប៉ុន្តែការបង្ហាញខ្លួនរបស់កីឡាករកម្ពុជាយើង គឺមិនអន់ឡើយ»។
គ្រូបង្គោលសញ្ជាតិជប៉ុន លោក Koji បានបន្ថែមថា៖ «ចំណែកនៅតង់ទី១ យើងធ្វើមិនសូវបានល្អទេ មិនសូវមានបាល់លេង ជាពិសេសតំបន់បម្រើ ហើយនៅត្រង់ចំណុចនេះ ខ្ញុំនឹងយកទៅកែលម្អ ក៏ដូចជាពិភាក្សាជាមួយកីឡាករ នៅលើចំណុចខ្វះខាតទាំងអស់នេះ»។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិវៀតណាមនេះ គឺក្រុមគោព្រៃកម្ពុជា នឹងត្រូវវិលត្រឡប់មកផ្ទះវិញ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិមួយទៀតជាមួយក្រុមជម្រើសជាតិអារូបា (Aruba) មកពីទ្វីបអាមេរិកខាងត្បូង នៅលើទឹកដីខ្លួនឯងវិញ។
ក្រុមជម្រើសជាតិអារូបា បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃពុធ ហើយក្រុមនេះ ក៏នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមវិសាខា នៅកីឡដ្ឋានព្រីនស៍ នាព្រលប់ថ្ងៃសៅរ៍ ទី២២ ខែមីនានេះ មុនពេលប្រកួតជាមួយក្រុមជម្រើសជាតិកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២៥ ខែមីនា៕