
កីឡាករថ្នាលមិនធ្លាប់ស្គាល់ការចាញ់ រិទ្ធី គីងកុង របស់កម្ពុជា នឹងត្រូវប្រកួតដណ្តើមពានជាមួយអ្នកប្រដាល់មុខឌឺរបស់ថៃ Beth Senlake។ រូប ទទក
កីឡាករជាយុវជនថ្នាលដ៏មានសមត្ថភាពរបស់កម្ពុជា គឺ រិទ្ធី បូរិន និង រិទ្ធី គីងកុង ត្រូវបានដាក់ឱ្យប្រកួតដណ្តើមពានអន្តរជាតិ ជាមួយកីឡាករថ្នាលលំដាប់ប្រទេសថៃ ក្នុងកម្មវិធី Krud Kun Khmer របស់សង្វៀនប្រដាល់ទទក ជាលើកដំបូង ដែលធ្វើនៅលើទឹកដីខេត្តតាកែវ នាថ្ងៃទី២២ និងទី២៣ ខែមីនានេះ ហើយកីឡាករលំដាប់ជួរមុខរបស់កម្ពុជា ជាច្រើននាក់ទៀត ក៏ត្រូវដាក់ឱ្យប្រកួតអន្តរជាតិក្នុងពេលនោះដែរ។
នៅក្នុងការប្រកួតនេះ រិទ្ធី បូរិន ត្រូវបានដាក់ឱ្យប្រកួតដណ្តើមពានក្នុងប្រភេទទម្ងន់៣៦គីឡូក្រាមជាមួយកីឡាករ Kongpychit K.Kolka ចំណែក រិទ្ធី គីងកុង ត្រូវដណ្តើមពានប្រភេទទម្ងន់២៤គីឡូក្រាមជាមួយអ្នកប្រដាល់ថ្នាល់របស់ថៃ Beth Senlake ដោយការប្រកួតទាំង២គូនេះ ត្រូវធ្វើនៅថ្ងៃទី២៣ ខែមីនា។
សង្វៀនប្រដាល់ទទក បានចាត់ទុកការប្រកួតដណ្តើមពានលក្ខណៈអន្តរជាតិកម្រិតថ្នាលទាំង២គូនេះថា ជាការជួបគ្នារវាង «ថ្នាលលំដាប់ប្រទេស» ព្រោះកីឡាករ Kongpychit ដែលត្រូវប្រកួតជាមួយ រិទ្ធី បូរិន ជាម្ចាស់ខ្សែក្រវាត់លំដាប់ថ្នាល និងម្ចាស់ពានរបស់ថៃ ហើយគេក៏ធ្លាប់ឈ្នះ រិទ្ធី ហុងបញ្ញា កន្លងមកផងដែរ។
ចំណែកកីឡាករ Beth Senlake បានសុំខ្លួនមកប្រកួតជំនួសមិត្តរួមជាតិរបស់គេម្នាក់ ដែលត្រូវបាន រិទ្ធី គីងកុង វាយកែងបណ្តាលឱ្យសន្លប់ធំ សម្រាប់ការប្រកួត នៅលើទឹកដីថៃ កាលពី២សប្តាហ៍មុន ហេតុនេះការមកប្រកួតលើទឹកដីកម្ពុជាលើកនេះ គឺ Beth Senlake មានបំណងសងសឹក គីងកុង ជំនួសជនរួមជាតិ ដោយ Beth Senlake បានបោះពាក្យសម្តីមកថា រូបគេនឹងធ្វើឱ្យ គីងកុង ស្គាល់រស់ជាតិចាញ់ ជាលើកដំបូង នៅលើទឹកដីខ្លួនឯង។

ជើងខ្លាំងថ្នាលរបស់កម្ពុជា រិទ្ធី បូរិន ត្រូវវ៉ៃដណ្តើមពានជាមួយម្ចាស់ខ្សែក្រវាត់វ័យក្មេងរបស់ថៃ Kongpychit K.Kolka នៅលើទឹកដីខេត្តតាកែវ។ រូប ទទក
យ៉ាងណាក៏ដោយ រិទ្ធី គីងកុង បានអះអាងថា រូបគេបានត្រៀមខ្លួនរួចហើយ ហើយគេស្គាល់កីឡាករ Beth Senlake ច្បាស់ណាស់។ «អ្នកដែលសុំមកសងសឹកជាមួយខ្ញុំនេះ ខ្ញុំស្គាល់មុខច្បាស់ណាស់! មុខរបស់គេរាងឌឺ គួរឱ្យចង់វ៉ៃណាស់ ហើយខ្ញុំពិតជាសប្បាយចិត្ត ដែលបានដាក់ឱ្យប្រកួតអន្តរជាតិ»។
គីងកុង ដែលធ្លាប់ប្រកួត១០ដង ឈ្នះទាំង១០ និងផ្តួលគូប្រកួតឱ្យសន្លប់៥ដងនោះ បានបន្ថែមថា៖ «ខ្ញុំធ្លាប់បានមើលការប្រកួតរបស់គេ គឺគេជាកីឡាករល្អក្បាច់ ចំណែកខ្ញុំចូលចិត្តប្រើដៃ ហើយខ្ញុំអត់ភ័យនោះទេ ព្រោះនេះជាការប្រកួតនៅលើទឹកដីកម្ពុជា ហើយក្នុងខេត្តតាកែវ ជាស្រុកកំណើតរបស់ខ្ញុំទៅទៀត។ ខ្ញុំមានសង្ឃឹម៧០ភាគរយ ក្នុងការបន្តកំណត់ត្រាឈ្នះរបស់ខ្ញុំ»។
ចំណែកកីឡាករវ័យក្មេង រិទ្ធី បូរិន ដែលជាសិស្សច្បងរបស់ រិទ្ធី គីងកុង បានគិតទុករួចទៅហើយថា ការជួបកីឡាករថៃ Kongpychit លើកនេះ អាចជាការប្រកួតដ៏តានតឹងមួយ ព្រោះដៃគូរបស់គេម្នាក់នេះ មានសមត្ថភាពល្អ ប៉ុន្តែ បូរិន ដែលមានភាពលេចធ្លោខ្លាំង ដោយធ្លាប់ឈ្នះទាំងខ្សែក្រវាត់ និងពានកម្រិតថ្នាលនោះ បានតាំងចិត្តប្រកួតឱ្យបានល្អ ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ។
រិទ្ធី បូរិន បាននិយាយថា៖ «គាត់ល្អក្បាច់ ទាត់ និងការចូលចាប់បុកជង្គង់ ដែលខ្ញុំរាងបារម្ភខ្លះដែរ ប៉ុន្តែខ្ញុំក៏ធ្លាប់ជួបកីឡាករថៃ ដែលល្អខាងចាប់ដែរ ហើយខ្ញុំហ្វឹកហាត់ត្រៀមបានល្អ។ ខ្ញុំចង់ឱ្យការប្រកួតនេះ ចប់មុន៥ទឹកដែរ ប៉ុន្តែគេល្អ អ៊ីចឹងខ្ញុំសង្ឃឹមត្រឹម៥០ភាគរយសិនបានហើយ»។
ជាមួយគ្នានេះកីឡាករមានសមត្ថភាពខ្លាំងៗរបស់កម្ពុជាមួយចំនួនទៀតដូចជា ឡៅ ចន្ទ្រា, ពេជ្រ ប៊ុនសិទ្ធ, ធន់ ផានិត, ខេម ចាន់ និង អ៊ូច ធារិទ្ធ ជាដើម ក៏ត្រូវដាក់ឱ្យប្រកួតអន្តរជាតិជាមួយអ្នកប្រដាល់ថៃ មីយ៉ាន់ម៉ា និងចិន នៅទីតាំងទល់មុខមន្ទីរអប់រំយុវជន និងកីឡា ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី២២ និងទី២៣ ខែមីនានេះដែរ ហើយក៏មានការប្រកួតផ្នែកនារី១គូដែរ។
ជុំវិញការដាក់ឱ្យមានការប្រកួតថ្នាល និងការប្រកួតផ្នែកនារីនេះ សង្វៀនប្រដាល់ទទក បានបញ្ជាក់នៅលើផេចហ្វេសប៊ុកផ្លូវការរបស់ខ្លួនបែបនេះថា៖ «TVK នៅតែរក្សាគោលជំហរពង្រឹងការប្រកួតកម្រិតថ្នាល និងការប្រកួតផ្នែកនារី ដើម្បីទិសដៅយូរអង្វែង លើកកម្ពស់គុនខ្មែរឱ្យប្រកួតប្រជែងជាមួយប្រទេសផ្សេងៗនាថ្ងៃអនាគត»៕