
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានអះអាងថា លោកស្រី Kirsty Coventry អតីតម្ចាស់មេដាយមាសចំនួន៧ ពីការប្រកួតកីឡាអូឡាំពិក នឹងក្លាយជានិមិត្តរូបនៃការផ្លាស់ប្ដូរ និងការរីកចម្រើនថ្មីរបស់ចលនាអូឡាំពិក បន្ទាប់ពីលោកស្រី បានជាប់ឆ្នោតជាប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ទី១០ និងជាស្ត្រីទី១ លើលោកដែលបានកាន់តំណែងដ៏ធំមួយនេះ។
សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្នុងមហាសន្និបាត លើកទី១៤៤ នៅប្រទេសក្រិច កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ មានបេក្ខភាពឈរឈ្មោះចំនួន៧នាក់ ប៉ុន្តែជាលទ្ធផលបេក្ខភាពជាស្រ្តីតែម្នាក់គេ គឺលោកស្រី Kirsty Coventry ទទួលបានសំឡេងគាំទ្រច្រើនជាងបេក្ខភាពជាបុរសចំនួន៦នាក់ផ្សេងទៀត។
អតីតម្ចាស់មេដាយមាសអូឡាំពិកលើប្រភេទកីឡាហែលទឹក របស់ប្រទេសហ្ស៊ីមបាវ៉េ លោកស្រី Kirsty Coventry ទទួលបានសំឡេងគាំទ្រ ៤៩ លើ៩៧ ពីការបោះឆ្នោតនោះ ដើម្បីក្លាយជាប្រធានថ្មីរបស់ IOC ជំនួសប្រធានចាស់លោក Thomas Bach ដែលត្រូវបានអង្គមហាសន្និបាត គាំទ្រឱ្យធ្វើជាប្រធានកិត្តិយសរបស់ IOC វិញ។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានបង្ហាញការសាទរយ៉ាងពេញទំហឹង ចំពោះការជាប់ឆ្នោតជាប្រធាន IOC របស់លោកស្រី Kirsty Coventry។ «គាត់បានក្លាយជាប្រធាន IOC ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តនៃចលនាអូឡាំពិក ហើយក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមអបអរសាទរយ៉ាងកក់ក្ដៅ និងចូលរួមទំនាក់ទំនងសហការ ការងារបន្តទៀតជាមួយលោកស្រីឱ្យបានល្អ»។
ទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកកីឡារបស់កម្ពុជា លោក វ៉ាត់ ចំរើន បានមើលឃើញថា ស្រ្តីដំបូង ដែលបានក្លាយជាប្រធាន IOC រូបនេះ នឹងក្លាយជានិមិត្តរូបនេះនៃការផ្លាស់ប្តូរ ក្នុងចលនាអូឡាំពិក នៅលើពិភពលោក ដើម្បីឈានទៅរកការទទួលបានភាពជោគជ័យ និងរីកចម្រើនថែមទៀត នៅថ្ងៃអនាគត។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖ «យើងសង្ឃឹមថា គាត់ (លោកស្រី Kirsty Coventry) ដែលជាអតីតម្ចាស់មេដាយមាសអូឡាំពិក ឆ្នាំ២០០៤ គឺជានិមិត្តរូបនៃការផ្លាស់ប្ដូរ និងរីកចម្រើនថ្មី នៃចលនាអូឡាំពិក បន្ទាប់ពីផ្លាស់ប្ដូរតំណែងពីបុរស មកជាស្ត្រី»។
អគ្គលេខាធិការ NOCC រូបនេះ បានបន្ថែមថា៖ «នេះជាអ្វីដែលយើងសង្ឃឹម និងជឿជាក់ថា ចលនាអូឡាំពិកដែលកាន់តំណែងជាស្ត្រីនេះ នឹងបង្កើតនូវប្រសិទ្ធភាពការងាររបស់សមភាពស្ត្រីនៅក្នុងចលនាកីឡាបន្ថែមទៀត»។
គួររំឭកថា លោកស្រី Kirsty Coventry មានវ័យ ៤១ឆ្នាំ ហើយគាត់ធ្លាប់ជាអត្តពលិកដ៏ឆ្នើមប្រចាំប្រទេសហ្ស៊ីមបាវ៉េ និងស្ថិតក្នុងចំណោមអត្តពលិកឆ្នើមៗនៅទ្វីបអាហ្វ្រិក។
ស្នាដៃធំបំផុតរបស់លោកស្រី គឺធ្លាប់ដណ្តើមបានមេដាយមាសចំនួន៧ ពីការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០០៤ និងឆ្នាំ២០០៨ ខណៈបច្ចុប្បន្ន លោកស្រី Kirsty Coventry ជារដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសហ្ស៊ីមបាវ៉េ។
បន្ទាប់ពីបានជាប់ជាប្រធាន IOC ក្នុងការបោះឆ្នោត កាលពីថ្ងៃទី២០ ខែមីនានោះ លោកស្រី Kirsty Coventry បានសម្តែងការដឹងគុណ និងក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅរបស់នាង នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ដោយបាននិយាយថា៖ «ដំណើរថ្មីមួយបានចាប់ផ្តើមនៅថ្ងៃនេះ ហើយយើងនឹងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សមធម៌ បរិយាប័ន្ន និងឧត្តមភាពក្នុងកីឡា»។
សេចក្តីថ្លែងការណ៍របស់លោកស្រី Kirsty Coventry បានបង្ហាញពីចក្ខុវិស័យរបស់លោកស្រី សម្រាប់ IOC ក្នុងគោលបំណងពង្រឹងតួនាទីរបស់គណៈកម្មាធិការក្នុងការជំរុញបរិយាកាសកីឡាដែលរួមបញ្ចូលកាន់តែច្រើន។
លោកស្រីបានបន្ថែមថា៖ «ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលបានក្លាយជាស្ត្រីដំបូងគេ ក្នុងការដឹកនាំ IOC ហើយសង្ឃឹមថា នឹងជំរុញស្ត្រីនៅក្នុងវិស័យកីឡាជំនាន់ក្រោយ នៅទូទាំងពិភពលោក»។
ការបង្ហាញពីមនោសញ្ចេតនាបែបនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់លោកស្រូប៉ុណ្ណោះទេ ថែមទាំងការយល់ដឹងរបស់លោកស្រី អំពីសារៈសំខាន់នៃការតំណាងនៅក្នុងភាពជាអ្នកដឹកនាំកីឡារបស់ IOC ផងដែរ៕