ប្រធានសហព័ន្ធ​កីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានចាត់ទុកការសម្រេច ដាក់​ឱ្យ​មាន​ការ​ប្រកួតកីឡា​ប្រដាល់សកល​ឡើងវិញ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកថា ជា​ការបើកផ្លូវឱ្យសហហព័ន្ធ​កីឡា​ប្រដាល់សកលនៅ​​គ្រប់ប្រទេស រួមទាំង​កម្ពុជា ​មានក្តីសង្ឃឹម ក្នុងការ​ទទួលបានការគាំ​ទ្រ​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ក្នុងការ​អភិវឌ្ឍ​វិស័យកីឡា​នេះ​ឱ្យមានការ​រីកចម្រើន​ទៅមុខ​ទៀត។​

ការ​លើក​ឡើង​បែបនេះ​របស់​លោក ប៊ុយ សុភ័ណ្ឌ គឺ​ដោយសារតែ​​គណៈកម្មាធិការជាតិ​អូឡាំពិក​អន្តរជាតិ (IOC) ទើបតែ​បានសម្រេចជាថ្មី ក្នុងការ​ដាក់​បញ្ចូល​​ប្រភេទ​កីឡា «ប្រដាល់​សកល» ឱ្យមានការ​ប្រកួត​នៅអូឡា​ពិក​វិញ នៅ​ក្នុងមហសន្និបាត​របស់ IOC នៅ​ប្រទេស​ក្រិក កាលពី​ថ្ងៃ​ទី​២០ ខែមីនា។

តាមការ​សម្រេច​នេះ ប្រដាល់សកល  នឹង​ត្រូវ​ដាក់​ឱ្យមានការ​ប្រកួត​ ឡើង​ជាផ្លូវការ ក្នុង​ព្រឹត្តិការណ៍​​អូឡាំពិករដូវក្ដៅ ឆ្នាំ​២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

ការសម្រេច​នេះ ក៏ដោយសារ​តែ IOC ទើប​បាន​ទទួលស្គាល់​ស្ថាប័ន​ប្រដាល់សកល​ពិភពលោក «World Boxing» ជំនួសសមាគម​កីឡាប្រដាល់​សកល​អន្តរជាតិ (IBA) ដែល​ត្រូវបាន ដក​បេក្ខភាពជាសមាជិកចេញពី IOC កាលពី​ឆ្នាំ​២០២៤ បន្ទាប់ពីបាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយចំនួន ជុំវិញ​ការ​គ្រប់គ្រងទាំងទៅលើគណនេយ្យភាព និងការ​រៀបចំ​ប្រកួត​​របស់ IBA ក្នុង​​ការ​ប្រកួត​កីឡាអូឡាពិក តាំងពី​ឆ្នាំ​២០១៦​មក។

ជាមួយគ្នានេះ សហព័ន្ធកីឡាប្រដាល់​សកល​កម្ពុជា ដែលជា​សមាជិកពេញ​សិទ្ធិ​របស់​World Boxing បានសម្តែងការ​សាទរ ចំពោះ​ការ​សម្រេចជាថ្មី​របស់​ IOC នេះ ហើយបានចាត់​ទុកលទ្ធផល​​នេះ ថាជា​ការ​បើក​ផ្លូវ ក៏​ដូចជា​ផ្តល់​ឱកាស​ឱ្យ​គ្រប់​សហព័ន្ធ​កីឡាប្រដាល់​សកល នៅ​គ្រប់​ប្រទេស មានសង្ឃឹម​ឡើង​វិញ ក្នុងការជំរុញ​ឱ្យ​ប្រភេទកីឡា​នេះមានសម្ទុះ​ឡើង​វិញ ដើម្បីចូលរួម​ប្រកួត​ប្រជែង នៅ​អូឡាំពិក​ហ្គេម ដែលជា​ព្រឹត្តិការណ៍បំផុត​របស់ពិភព​លោក។

លោក ប៊ុយ សុភ័ណ្ឌ បាន​ថ្លែង​ថា៖​ «ការសម្រេច​ដាក់ឱ្យមានការ​ប្រកួត​ប្រដាល់​សកល នៅ​អូឡាំពិកឡើងវិញនេះ ពិតជារឿងដ៏សំខាន់ណាស់ សម្រាប់​សហព័ន្ធកីឡាប្រដាល់សកល នៅ​គ្រប់​ប្រទេសទាំងអស់ ព្រោះ​ការប្រកួតនៅអូឡាំពិក គឺជាក្ដីស្រមៃសំខាន់​របស់ កីឡាករ កីឡាការិនី​ទាំងអស់ នៅទូទាំងពិភពលោក ក្នុងការចូលរួម ក៏ដូចជា​ដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ដែលជាការប្រកួតកម្រិតកំពូលរបស់ពិភពលោកនេះ»។

បន្ថែម​លើនេះ ការ​សម្រេច​ដាក់បញ្ចូល​ប្រដាល់​សកល ទៅក្នុង​ការ​ប្រកួតអូឡាំពិក​ ឆ្នាំ​២០២៨វិញនេះ ក៏បានផ្តល់​ផលចំណេញ​ដល់​សហព័ន្ធ​កីឡា​ប្រដាល់​សកល​​ នៅ​គ្រប់​ប្រទេស​ទាំង​អស់ ឱ្យ​ទទួលបានការគាំ​ទ្រ និងជំរុញការ​ផ្សព្វ​ផ្សាយពី​អាជ្ញាធរកីឡា​ នៅតាមប្រទេស​នីមួយៗ ក៏ដូចជា​ទទួលបានការ​ជួយគាំ​ទ្រ​ពីស្ថាប័ន​អន្តរជាតិ សម្រាប់ទ្រទ្រង់​ដល់ការ​អភិវឌ្ឍ​កីឡា​ប្រដាល់​សក​ផងដែរ។

នៅត្រង់ចំណុច​នេះ លោក ប៊ុយ សុភ័ណ្ឌ បាន​លើក​យក​ស្ថានភាព​ជាក់​ស្តែង​ពីការ​គ្រប់​គ្រង​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា មក​បញ្ជាក់​បែបនេះ​ថា៖ «ជាក់ស្ដែងនៅកម្ពុជា ពេលយើង​កំណត់ក្របខណ្ឌជា​សហព័ន្ធកីឡាអូឡាំពិក គឺ​យើងទទួលបានការគាំទ្រ ក៏ដូចជា​ផ្ដោតយកចិត្តទុកដាក់ជា​អាទិភាព សម្រាប់ប្រភេទកីឡាអូឡាំពិក​ពី​ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា»។

លោក​បានបន្ថែម​ថា៖ «ចំណែក​សហព័ន្ធអន្តរជាតិ ក៏មានការគាំទ្រច្រើនពាក់ព័ន្ធទៅនឹងសហព័ន្ធកីឡាជាតិផ្ទាល់ ហើយសហព័ន្ធកីឡាជាតិទាំងនោះ នឹងទទួលបានថវិកាជាគម្រោងគាំទ្រឧបត្ថម្ភពី​គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ទៅលើការគាំទ្រប្រភេទកីឡាប្រដាល់សកល លើពិភពលោក ហើយ​នេះក៏ជាយុទ្ធសាស្ត្រសំខាន់របស់​សហព័ន្ធ ក្នុងការផ្ដោត​ក៏ដូចជា​លើកកម្ពស់ប្រភេទកីឡាអូឡាំពិក ដែលនៅ​​ទូទាំង​ពិភព​លោក​មាន​ការ​ផ្តោតសំខាន់»។

ប្រធានសហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុជា លោក សុភ័ណ្ឌ បញ្ជាក់ថា៖ «អ៊ីចឹងនេះជា​រឿងសំខាន់​របស់សហព័ន្ធកីឡាជាតិ​របស់​ប្រទេស​នីមួយៗ ក្នុងការ​លើក​កម្ពស់​ និងអភិវឌ្ឍ​វិស័យកីឡា​ប្រដាល់សកល នៅតាមប្រទេស​របស់ពួកគាត់​ ក៏ដូចជា​ទាក់ទាញ​កីឡាករ កីឡាការិនី​ទាំង​សកលអាជីព និងសកលស្ម័គ្រ​ចិត្ត​​ ដើម្បី​ចូលរួម​លើកកម្ពស់​ការ​អភិវឌ្ឍ​នូវគុណ​ផល​ និងគុណវុឌ្ឍិ​របស់ពួកគេ​ផងដែរ»៕