ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់គុនខ្មែរ ​នៅ​បុណ្យទន្លេ ខេត្តតាកែវ​ ត្រូវបាន​អ្នក​រៀបចំ​របស់​សង្វៀន​គ្រុឌគុនខ្មែរ នៃ​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា ​(ទទក) អះអាង​ថា ទទួលបានជោគ​ជ័យ​លើសពីការ​រំពឹង​ទុក ដោយមានការ​គាំ​ទ្រ​ច្រើនបំផុត ជាពិសេស​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ដណ្តើម​ពាន និង​ប្រាក់លាន​របស់​កីឡាករ​ថ្នាល​កម្ពុជា ជាមួយ​​ថ្នាល​លំដាប់របស់​ថៃ ដោយ​ថ្នាល​កម្ពុជា បានឈ្នះ​ពាន​ទាំង​២នាក់ ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង​។

លោក ម៉ុល នី ប្រធានផ្គូផ្គង​​ការ​ប្រកួត​ប្រចាំ​សង្វៀន​គ្រុឌគុនខ្មែរ របស់​ស្ថានីយទូរទ្សន៍ទទក បានប្រាប់​នៅ​ថ្ងៃចន្ទ​នេះ​ថា៖​ ​«​​ការ​ប្រកួត​របស់​សង្វៀន​គ្រុឌគុនខ្មែរ នៅ​បុណ្យទន្លេ​ គឺ​ទទួលបានការគាំ​ទ្រ និងអបអរសាទរខ្លាំង​ពីប្រជាពល​រដ្ឋ​នៅ​ខេត្តតាកែវ ដោយមាន​អ្នកគាំ​ទ្រ​ពេញ​តែម្តង ហើយពួកគាត់​បានស្រែកហ៊ោរ​គាំទ្រ​ដល់ការ​ប្រកួត និង​​គុន​ខ្មែរ​របស់​យើង​ខ្លាំងណាស់»។

លោក​បន្ថែម​ថា៖​ «អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ការ​ប្រកួតថ្នាល​ដណ្តើម​ពាន និង​ប្រាក់លាន​រវាងកីឡាករ​ថ្នាល​របស់យើង រិទ្ធី បូរិន និង រិទ្ធី គីងកុង ជាមួយ​កីឡាករ​ថ្នាល​របស់​ថៃ។ ថ្នាល​របស់​យើង បានឈ្នះ​ទាំង​២នាក់ ដោយមានការ​គាំ​ទ្រច្រើន​លើស​លុប និង​មានអ្នក​ទស្សនា​តាម​ការ​ផ្សាយ​ផ្ទាល់ ៦៨ K គឺ​យើងមិន​រំពឹង​ថា មានការគាំ​ទ្រ​ច្រើន​ដល់​ថ្នាក់នេះ​ទេ»។

ចំពោះការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ចំនួន​៦គូ ក្នុង​ចំណោម​ការ​ប្រកួត​សរុបចំនួន​១៤​គូ នៅបុណ្យ​ទន្លេ ក្នុងស្រុក​ដូន​កែវ ខេត្តតាកែវ កាល​ពី​យប់​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ គឺ​កីឡាករ​ជើង​ខ្លាំង ឡៅ ចន្ទ្រា, ខេម ចាន់ និង អ៊ូច ធារិទ្ធ សុទ្ធតែ​បាន​ផ្តួល​កីឡាករ​បរទេស​ឱ្យសន្លប់ ខណៈ ធន់ ផានិត បានសម្រេច​ការ​សងសឹក​លើ​​​កីឡាករ​មីយ៉ាន់ម៉ា Saw John តាម​រយៈ​ការ​យក​ឈ្នះដោយពិន្ទុ ប៉ុន្តែ​ជើង​ខ្លាំង ពេជ្រ ប៊ុនសិទ្ធ បានចាញ់ពិន្ទុ​អ្នកប្រដាល់​ថៃ ហើយ រឿម វណ្ណៈ បានសន្លប់​ទឹក​ទី​១ ក្រោម​ថ្វីដៃ​កីឡាករប៊ែលហ្ស៊ិក។​

ការ​ប្រកួត​រវាង​កីឡាករថ្នាល​កម្ពុជា រិទ្ធី គីងកុង និង​កីឡាករ​ថ្នាល​របស់ថៃ Beth Senlake នៅ​ខេត្ត​តាកែវ កាលពី​ថ្ងៃអាទិត្យ។ រូប​ថត ទទក

ដោយឡែក ការ​ប្រកួតដណ្តើមពាន និង​ប្រាក់លាន​វិញ កីឡាករថ្នាល​​របស់​កម្ពុជា រិទ្ធី គីងកុង និង រិទ្ធី បូរិន សុទ្ធតែ​បាន​​បង្ហាញពីសមត្ថភាព​ប្រកួតយ៉ាង​ល្អបំផុត ក្នុងការ​យក​ឈ្នះ​ដោយពិន្ទុ និង​ផ្តួល​ឱ្យ​សន្លប់ លើ​កីឡាករ​ថ្នាល​លំដាប់ប្រទេសរបស់​​ថៃ ដើម្បី​ទទួលបាន​ពាន​ និង​​ប្រាក់រង្វាន់ចំនួន​១លាន​រៀលដូច​គ្នា។

តាម​រយៈការ​ប្រកួត​កាលពី​យប់​ថ្ងៃអាទិត្យនោះ រិទ្ធី គីងកុង ពិតជា​ធ្វើបាន​​ល្អ​បំផុត ដោយ​បាន​វាយ​កែង​​ផ្តួល​កីឡាករ​ថ្នាល​របស់​ថៃ Beth Senlake ឱ្យ​សន្លប់​ធំ នៅ​ក្នុងទឹក​ទី​២ បន្ទាប់ពី​វាយឱ្យអាជ្ញាកណ្តាល​រាប់​១​លើក នៅ​ចុងទឹក​ទី​១ ហើយនេះជាផ្តួល​ដៃគូ​ឱ្យ​សន្លប់ជា​លើក​ទី​៦ ក្នុងជ័យជម្នះលើក​ទី​​១១របស់ គីងកុង គឺរូបគេ​មិន​ដែល​ចាញ់​ឡើយ។

ការ​ផ្តួល Beth Senlake ឱ្យ​សន្លប់ក្នុងទឹក​ទី​២ នៅលើ​ទឹកដីកំណើតក្នុងខេត្តតាកែវ​នេះ បាន​ធ្វើ​ឱ្យ​កីឡាករ​ទម្ងន់២៤​គីឡូក្រាម រិទ្ធី គីងកុង កាន់តែមាន​ឈ្មោះ​បោះសំឡេង​ខ្លាំង។

ចំណែក​កីឡាករ​ថ្នាល​ទម្ងន់​៣៦គីឡូក្រាម រិទ្ធី បូរិន ​បាន​យក​ឈ្នះ​​​កីឡាករថ្នាល​លំដាប់ប្រទេស​របស់​ថៃ​ Kongpychit K.Kolka ដោយពិន្ទុ។

យ៉ាង​ណា​ក៏​ដោយ ជ័យជម្នះ និងការ​ឈ្នះ​​ពាន​របស់ រិទ្ធី បូរិន គឺ​ទទួលបានទាំងលំបាក ព្រោះ​នៅក្នុងការ​ប្រកួត​៥ទឹក​ពេញ​នោះ បូរិន ត្រូវបាន Kongpychit វាយកែងបណ្តាល​ឱ្យមាន​របួស​​ក្តោងច្រមុះ មាន​ឈាម​ហូរស្រក់មិន​ដាច់​តាំងពី​ទឹក​ទី​៣ ប៉ុន្តែ បូរិន ពិតជា​បានស៊ូ​ទ្រាំ​ខ្លាំង ដើម្បី​ទទួលបានជ័យជម្នះ​ដោយពិន្ទុ ហើយ​នេះ​ក៏​​ជា​ការសងសឹក​ទៅឱ្យ​មិត្ត​រួមជាតិ រិទ្ធី ហុង​បញ្ញា ដែល​ធ្លាប់​ចាញ់ Kongpychit កន្លងមក​ផងដែរ។

ការ​ប្រកួត​រវាង​កីឡាករ​ថ្នាល រិទ្ធី បូរិន និងអ្នក​ប្រដាល់​ថ្នាល​របស់ថៃ Kongpychit K.Kolka។ រូប​ថត ទទក

ជាមួយការ​ដាក់ឱ្យមាន​ការ​ប្រកួត​ថ្នាលដណ្តើម​ពាន និងប្រាក់លាន​នេះ លោក ម៉ុល នី បានអះអាង​ថា វាជា​ការ​បណ្តុះ​ថ្នាល ឬទំពាំងស្នងឫស្សី ជាមួយ​គោលដៅ និងទស្សនវិស័យឆ្ងាយ​ដ៏​ត្រឹម​ត្រូវ​មួយ ​ក្រោមការជំរុញ​របស់​លោក ឃឹម វុទ្ធី អគ្គនាយក​ស្ថានីយទូរទស្សន៍ជាតិ​កម្ពុជា និង​លោក សំអាង វឌ្ឍនៈ ដែលជាអ្នក​ឧបត្ថម្ភធំ​ប្រចាំសង្វៀន​គ្រុឌគុនខ្មែរ នេះ ហើយ​តែងតែ​រៀបចំ​ឱ្យ​មានការ​ប្រកួតផ្នែកនារីជាប្រចាំ​ផងដែរ។

លោក​បាន​បញ្ជាក់ថា៖ «សង្វៀន​គ្រុឌគុនខ្មែរ តែងតែ​ផ្តល់ឱកាស​ឱ្យមានការ​ប្រកួត​ថ្នាល និង​​ប្រកួត​ផ្នែកនារី ព្រោះ​យើង​មើលឃើញ​ជ្រៅ​ក្នុងការ​បណ្តុះបណ្តាល​។ បើ​យើងមិន​មានការ​បណ្តុះ​ថ្នាល​ទេ យើង​នឹង​មិនមានអ្នក​បន្ត​វេន​គុនខ្មែរ​របស់​យើង​ឡើយ!»។

លោក ម៉ុល នី បន្ថែម​ថា៖ «យើងមិន​អាច​ពឹង​ផ្អែកតែ​លើ​កីឡាករ​លំដាប់ A ជួរ​មុខ​របស់​យើង​ប៉ុន្មាន​នាក់ហ្នឹង​បាន​ទេ ហេតុ​នេះ​​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក​ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ​តែ​ង​តែប្រាប់ និងចង្អុល​បង្ហាញដល់​ក្រុមការងារ​របស់យើង ​ឱ្យ​ផ្តោត​ខ្លាំង​ទៅ​លើ​ការបណ្តុះថ្នាល ដែលជា​ទំពាំងស្នងឫស្សី។ យើង​បានធ្វើ​ការងារ​នេះ​យ៉ាងសកម្ម​បំផុត​ ដែល​មហាជន​ទទួលស្គាល់​ថា ពិតជា​ការ​បណ្តុះបណ្តាល​ចំគោល​ដៅ»។

«មិនតែប៉ុណ្ណោះ​យើងបាន​ដាក់​កីឡាករគីឡូ​ស្រាល​ជាថ្នាល​របស់យើង បាន​ប្រកួតមិត្ត​ភាព​អន្តរជាតិ ពិសេស​​ប្រកួត​ពានរង្វាន់​ដណ្តើម​ប្រាក់លាន ដើម្បី​រុញ​ច្រានដល់​ថ្នាល​ផ្សេងៗ​ទៀត បាន​មើលឃើញពី​ភាព​អស្ចារ្យ​ហ្នឹង រួចចាប់ផ្តើម​​ស្រឡាញ់​ និង​ចូល​រួម​ហាត់គុនខ្មែរ​ឱ្យបានកាន់តែ​ច្រើន ហើយនេះទើប​ជាទស្សនវិស័យ​វែង​ឆ្ងាយ​ក្នុងការ​លើកកម្ពស់ និង​ផ្សព្វ​ផ្សាយគុនខ្មែរ​របស់​យើង​ដ៏ពិតប្រាកដ»។ លោក ម៉ុល នី បានបញ្ជាក់​បន្ថែម៕