អ្នកប្រដាល់​ទាំង​៥​រូប​របស់​អាមេរិក រួម​ទាំង​គ្រូ​បង្វឹក និង​ប្រតិភូ​ បាន​ធ្វើដំណើរ​មកដល់ប្រទេស​កម្ពុជា​ហើយ ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ និង​ប្រកួត​មិត្ត​ភាព​អន្តរជាតិជាមួយ​អ្នក​ស្នង​មរតក​ក្បាច់គុន​បុរាណ​ខ្មែរចំនួន៥នាក់ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ផ្លូវ៦០ម៉ែត្រ ក្រុងសៀម​រាប ខេត្តសៀម​រាប នា​យប់​ថ្ងៃសុក្រ ទី​២៨ ខែមីនា ​ខាងមុខ​នេះ។

សម្រាប់ការ​ប្រកួត​ជា​លក្ខណៈប្រទេស និងប្រទេស​នេះ ​ជើងខ្លាំង ធឿន ធារ៉ា ដែល​បាន​ខកខាន​ឡើង​ប្រកួតជាង​៣ខែ ដោយសារ​បញ្ហា​របួស​នោះ ត្រូវបានដាក់​ឱ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម​​ជាមួយ​អ្នកប្រដាល់​របស់​អាមេរិក  Max Crus ដែល​គេ​​គឺជាជើងខ្លាំង​ម្នាក់ មានខ្សែ​ក្រវាត់នៅក្នុង​ដៃ។

សម្រាប់ការ​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃចន្ទ ម្ចាស់​ខ្សែ​ក្រវាត់​មកពីអាមេរិក Max Crus មិន​បាន​បង្ហាញការ​ខ្លាចរអាពីសមត្ថ​ភាព​របស់ ធឿន ធារ៉ា នោះ​ទេ គឺ​គេ​បាន​ដាក់​គោល​ដៅ​ខ្ពស់បំផុត ក្នុងការ​ដណ្តើម​យកជ័យជម្នះ ដើម្បី​នាំ​យក​​ខ្សែ​ក្រវាត់​នេះ​ត្រឡប់​ទៅស្រុក​​វិញ។

«​ខ្ញុំ​មក​​ប្រទេស​​កម្ពុជាលើក​​នេះ ដើម្បី​ឈ្នះការ​ប្រកួត គឺ​ខ្ញុំ​មានសង្ឃឹមឈ្នះ​​រហូត​ដល់​១០០​ភាគ​រយ»។ Max Crus បានបញ្ជាក់ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ នៅពេល​ធ្វើដំណើរ​ដល់​ព្រលាន​យន្ត​ហោះអន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃ​ចន្ទ ហើយរូបគេ​ក៏បាន​បង្ហើបពី​មហិច្ឆតា ក្នុងការ​ចង់​ផ្តួល ធឿន ធារ៉ា ឱ្យ​សន្លប់​ផងដែរ បើសិនជា​មានឱកាស។

យ៉ាង​ណា​ក៏​ដោយ ចំពោះ ធឿន ធារ៉ា ក៏​កំពុង​ទន្ទឹង​រង់ចាំ​ការ​ប្រកួតនេះ​ផងដែរ ដើម្បី​បង្ហាញការ​ប្រកួត​ដ៏​ទាក់ទាញ​មួយ បំពេញ​ទឹក​ចិត្ត​ដល់អ្នក​គាំ​ទ្រ បន្ទាប់ពី​រូបគេ បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​ខក​ចិត្ត ចំពោះ​ការមិនបាន​ឡើង​ប្រកួតម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់ (Kun Khmer Tournment) កាល​ពី​​ថ្ងៃទី​៧ ខែមករា តាម​ការកំណត់ ដោយ​កាល​នោះ​ជើងខ្លាំង​​របស់​ថៃ Tawanchai PK Saenchai ដែលជា​ដៃគូ​សងសឹក​របស់ ធារ៉ា បាន​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ ក្រោយ​ឈ្នះ​ទាំង​២​ប្រកួត។

ធឿន ធារ៉ា បាន​​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ថា៖​ «​ដៃគូ​​របស់ខ្ញុំ​ ដែលជាជនអាមរិកលើក​​នេះ រាង​ធំដែរ ហើយ​គាត់​ហាត់នៅ​ថៃ ប៉ុន្តែ​សម្រាប់ខ្ញុំ​​វា​ធម្មតា​ទេ ព្រោះ​ដល់​ដំណាក់កាលនេះ​ហើយ បើ​យើង​ខ្លាច​គេ ក៏មិន​កើត​នោះ​ដែរ»។

យ៉ាងណាក៏​ដោយ ការខកខានឡើង​ប្រកួត​ជាង​៣​ខែមក​នេះ ធឿន ធារ៉ា គិត​ថា អាច​នឹងធ្វើ​ឱ្យការ​ប្រកួត​របស់គេ​ មិនលះ​ល្អ​ដូច​មុនទេ។ «ខាង​ឡើង​ប្រកួត​យូរ ពេល​ឡើង​ទៅ​អាច​នៅគាំង​តិច​តួច ប៉ុន្តែ​ខ្ញុំ​ដាក់​ចិត្ត​ថា ​ទោះ​ចាញ់ ឬឈ្នះ ខ្ញុំ​ត្រូវខំប្រឹង​ប្រកួត​ឱ្យ​អស់ពី​លទ្ធភាព ​មិនឱ្យបង​ប្អូន​ខកបំណងទៀត​នោះ​ទេ»។

កីឡាករ​មានរហស្សនាម «អ្នក​លេងពូថៅដៃ» ធឿន ធារ៉ា បាន​បន្ថែម​ថា៖ «​ខ្ញុំ​​បានខក​ខាន​ការ​ប្រកួត​មួយ​ហើយ អ៊ីចឹង​ខ្ញុំ​មិនឱ្យអ្នកគាំទ្រ​​បារម្ភ​ទៀត​នោះ​ទេ គឺ​ខ្ញុំ​នឹងប្រឹង​ឱ្យអស់ពី​លទ្ធ​ភាព។ ​ខ្ញុំ​ក៏បានទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​ឡើង​វិញ​នេះដូចគ្នា ព្រោះ​​ពេល​ឃើញ​គេ​ប្រកួត​ទាំង​ក្នុងស្រុក និងក្រៅ​ប្រទេស ធ្វើ​ឱ្យ​ខ្ញុំមានអារម្មណ៍នឹក​ការ​ប្រកួត​​​កាន់តែ​ខ្លាំង គឺ​ពេល​ខ្លះ​ដេកមិនចង់​លក់​ផង»។

ដោយឡែក​កីឡាករ​របស់កម្ពុជា​៤នាក់​ទៀត នឹង​ត្រូវដាក់​ឱ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នកប្រដាល់​របស់​អាមេរិក ដោយក្នុង​នោះ ផល សោភ័ណ្ឌ ត្រូវប្រកួតទម្ងន់​៦៥គីឡូក្រាម​ជាមួយ​កីឡាករ Wilson Ha រីឯ សោម វិច្ឆ័យ ត្រូវ​ជួប Boulton Even ក្នុងទម្ងន់​៦៥គីឡូក្រាម​ដូចគ្នា ចំណែក មាស ប៊ុនថេន ត្រូវ​ប៉ះ​កីឡាករ Joke Ramirez ក្នុង​ទម្ងន់​៦០គីឡូក្រាម ហើយ ចក់សាវិន គុនខ្មែរ ត្រូវ​ប្រកួតទម្ងន់​៦១,៥​គីឡូក្រាម​ជាមួយ​អ្នកប្រដាល់ Souleya Duangsay។

ចំពោះ​បេក្ខភាព​កីឡាករ​មកពីអាមេរិកទាំង​៤នាក់នេះ សុទ្ធតែ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ ជាពិសេស​កីឡាករ Joke Ramirez ដែលមាន​ខ្សែ​ក្រវាត់​ចំនួន​៨​ស្ថាប័ន ហើយ​អ្នក​ទាំង​អស់​នេះ ត្រូវបានជ្រើសរើស​ដោយ​ផ្ទាល់ពីស្ថាប័ន​ពិភពលោក WCK សម្រាប់​ការ​មក​ប្រកួត​នៅ​កម្ពុជា លើកនេះ។

បន្ថែមលើ​នេះ WCK ក៏បាននាំ​យក​ពិធីករ​លំដាប់ពិភពលោក Chris Cregory មក​ធ្វើ​ជា​អ្នកអត្ថាធិប្បាយ សម្រាប់​ការ​ប្រកួតរវាង​ក្រុមកីឡាករ​ប្រដាល់​អាមេរិក និ​ង​ក្រុម​ប្រដាល់គុនខ្មែរ​លើកនេះ​ដែរ។

លោក Tommy Kim ទីប្រឹក្សា​ស្ថានីយទូរទស្សន៍​ថោន និងជា​ប្រធានស្ថាប័ន IPCC ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​សារ​បែបនេះ​ថា៖​ «មេធំ​ WCK (លោក Dennis Paul Warner) ដឹកនាំកងទ័ពរបស់គាត់មកដោយផ្ទាល់​ ហើយ​ក៏មានពិធីករប្រចាំកម្មវិធីរបស់គាត់មកដែរ​ រួមទាំងក្រុមបច្ចេកទេសរបស់​ WCK ចុះមកធ្វើ​ការផ្សាយបន្តផ្ទាល់កម្មវិធីប្រកួតនេះ ទៅកាន់សហរដ្ឋអាមេរិក»។

លោក Tommy បានបន្ថែម​ថា៖​ «ក្នុងនាមរូបខ្ញុំ ជាអ្នករៀបចំមួយរូប​ សង្ឃឹមថា បងប្អូននឹង​ចូលរួម​ជាមួយស្ថានីយទូរទស្សន៍​ Town ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា​ ក្បាច់គុនរបស់យើង​​ និងទេសចរណ៍របស់យើង ​ទៅ​កាន់​ពិភពលោក​ទាំងអស់គ្នា»៕